CTT ​សហការ​ជា​មួយ​អង្គការ​ Tiny Toones ​ដើម្បី​រៃ​អង្គាស​ថវិកា​​ឧបត្ថម្ភ​​កូន​សិស្ស​ក្រីក្រ​ និង ​ផ្សារ​ភ្ជាប់​ MMA

ក្លិប​ប្រដាល់​ Cambodian Top Team ឬ CTT ​​បាន​ចូល​រួម​សហការ​ជា​មួយ​នឹង​អង្គការ​ Tiny​ Toones​ ដើម្បី​បង្កើត​កម្មវិធី​​​វិធី​សប្បុរសធម៌​មួយ​​​​​រៃ​អង្គាស​ថវិកា​​​ជួយ​ដល់​កុមារ​ក្រីក្រ​ដែល​មាន​ជីវភាព​ខ្វះខាត​ក្នុង​ការ​សិក្សា​​ឲ្យ​​ទទួល​បាន​ឱកាស​សិក្សា​ដូច​កុមារ​ផ្សេងៗ​ទៀត ​និង​ ​ជា​​ការ​ផ្សព្វផ្សាយ​ក្បាច់​គុន​ចម្រុះ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ។ ​កម្មវិធី​នេះ​​​បាន​រៀប​ចំ​ឡើង​​​នៅ​ថ្ងៃ​ទី​ ​១២​ ខែ​ មិថុនា​ ឆ្នាំ ​២០១៩​​ ​ថ្មីៗ​នេះ​នៅ​ក្លិប​ Cambodian Top​ Team ​មាន​​អាសយដ្ឋាន​ផ្ទះ​លេខ​ #2s ផ្លូវ​លេខ​ ​៤៦៨​ សង្កាត់​​ទួល​ទំពូង​១ ​ខណ្ឌ​​ ចំការ​មាន​រាជធានី​ភ្នំពេញ។

គ្រូ​បង្វឹក​​ ​ហ៊ុន ច័ន្ទរាជ្យ ​បាន​ថ្លែង​​បែប​នេះ៖«​នេះ​ជា​ការ​រួម​ចំណែក​មួយ​សម្រាប់​ក្មេងៗ​ក្រីក្រ​នៅ​អង្គការ​ Tiny Toones ​ហើយ មួយ​​វិញ​ទៀត​វា​ជា​ការ​ផ្សព្វផ្សាយ​មួយ​អំពី​ក្បាច់​គុន MMA ផង​ដែរ ​ព្រោះ​ក្មេងៗ​ទាំង​​​​បាន​មក​ហ្វឹកហាត់​ក្បាច់​គុន​ចម្រុះ​ជា​មួយ​ពួក​យើង​ច្រើន​ដង​នា​ពេល​កន្លង​មក។​ ការ​​រៀប​ចំ​កម្មវិធី​រៃអង្គាស​នេះ​មិន​មែន​ត្រឹម​​ម្ដង​​នេះ​ យើង​បាន​ធ្វើ​​ច្រើន​ដង​កន្លង​មក​ហើយ និង​បន្ត​ធ្វើ​វា​ទៀត​ក្នុង​បុព្វហេតុ​ជួយ​កុមារ​ក្រខ្សត្រ»។

​កម្មវិធី​រៃ​អង្គាស​ថវិកា​ដែល​ចាប់​ផ្ដើម​ពី​ ម៉ោង​ ​៣ ​រសៀល​ដល់​ម៉ោង​​ ១០ យប់​ថ្ងៃ​កាល​ថ្ងៃ​ទី ១២ ​មិថុនា នោះ​មាន​កម្មវិធី​ជា​ច្រើន​ដូច​ជា​ការ​​សម្ដែង​សិល្បៈ​ពី​ប្អូន​កុមារ​​ ការ​ប្រលង​​ចម្រៀង​រ៉េប​បែប​ Free Style (​រ៉េប​ភ្លាមៗ​មិន​រៀប​ចំ​ទុក) ​ ​​ការ​ច្រើន​ពី​តារា​​ចម្រៀង​កិត្តិយស​ ​ការ​លក់​អាវ​​អនុស្សាវរីយ៍​​​ពី​អង្គការ​​ និង​ ជា​ពិសេស​​មាន​ការ​បង្ហាញ​ក្បាច់​រាំ​ Break Dance របស់​កុមារ​តូចៗ​មក​ពី​អង្គការ​ Tiny Toones ​ ​ទៀត​ផង។ ​​​

អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​រូប​នេះ​​​សង្កត់​ធ្ងន់​ថា ៖«​​ថវិកា​ដែល​បាន​នេះ​​យើង​អត់​បាន​រាប់​ទេ​បង​ ប៉ុន្តែ​មើល​ក្រែល​ដែរ​ ព្រោះ​គេ​រៃ​ដាក់​ធុង​ហើយ​ក៏​យក​ទៅ​អង្គការ​តែ​ម្ដង។ ​ក្រុម​ការងារ​របស់​ខ្ញុំ​ ​និង ខ្ញុំ​ផ្ទាល់​ក៏​បាន​ទាក់ទង​​សប្បុរស​ជន​​នានា​​ឲ្យ​ជួយ​ច្រើន​ដែរ​ ហើយ ​គេ​ប្រគល់​ឲ្យ​​អង្គការ​​ Tiny Toones ​​នៅ​ច្បារ​អំពៅ​ផ្ទាល់ៗ​តែ​ម្ដង​ៗ​មិន​ឆ្លង​កាត់​ខ្ញុំ​នោះ​ទេ។ ​កុមារ​តូចៗ​​​អាយុ​ចន្លោះ​ពី​ ៤ ទៅ​ ១៦ ឆ្នាំ​ ​​មក​ចូល​រួម​យ៉ាង​ច្រើន​កុះករ»។

ក្មេង​តូចៗ​ របស់​​អង្គការ​ខាង​លើ​តែង​តែ​ទទួល​​បាន​ការ​ហ្វឹកហាត់​ និង ស្វែង​យល់​អំពី​គុន​ចម្រុះ​ពី​ក្រុម​គ្រូ​បង្វឹក​នៅ ​CTT និង​ លោក​ ហ៊ុន ច័ន្ទរាជ្យ​ ​ដោយ​​​ឥត​គិត​ថ្លៃ​​ជា​រឿយៗ​ អាស្រ័យ​លើ​ការ​រៀប​ចំ​កម្មវិធី​ហ្វឹកហាត់​របស់​ក្លិប។​ ​នេះ​ជា​សកម្មភាព​សប្បុរស​​ធម៌​ ប៉ុន្តែ​ វា​ជា​​ឱកាស​ផ្សព្វផ្សាយ​​ដល់​ក្មេង​​ឲ្យ​យល់​ក្បាច់​គុន​ចម្រុះ​ និង​បណ្ដុះ​ស្មារតី​ឲ្យ​ស្រលាញ់​​ក្បាច់​គុន​ដើម្បី​សុខភាព​ដែរ។

ក្លិប​ CTT ​តែង​តែ​ផ្សារ​ភ្ជាប់​ទៅ​នឹង​​ការងារ​សប្បុរស​​ធម៌​​ជា​ច្រើន​នា​ពេល​​កន្លង​មក​ ​មិន​ត្រឹម​តែ​អង្គការ​ជួយ​កុមារ​កំព្រា​ ​ឬ កុមារ​ក្រីក្រ​ប៉ុន្តែ​ ក៏​ជួយ​ដល់​អង្គ​ស្ត្រី​មួយ​ចំនួន​ដែល​រង​អំពើ​ហិង្សា​ ​និង រង​ការ​បំពាន​ផ្លូវ​ភេទ​ផង​ដែរ ហើយ​ ​ក្លិប​ក៏​បាន​បង្ហាត់​​ក្បាច់​ MMA ​ដល់​​ស្ត្រី​​ទាំង​នោះ​ផង​​​ដើម្បី​ការពារ​ខ្លួន។

គ្រូ​បង្វឹក​ដែល​តែងតែ​នាំ​កីឡាករ​ទៅ​ប្រកួត​នៅ​សង្វៀន​អន្តរជាតិ​ ONE ​​​រូប​​នេះ​​​នឹង​បង្កើត​​​​កម្មវិធី​ថ្មី​មួយ​​ដើម្បី​រៃ​អង្គាស​ថវិកា​ពី​សប្បុរស​ជន​ ឬ អ្នក​ដែល​ស្រលាញ់​​កីឡា​ប្រដាល់​​ក្នុង​បំណង​​យក​ថវិកា​ទាំង​នេះ​ទៅ​ជូន​កីឡាករ​ចាស់ៗ​​វ៉ៃ​លែង​កើត​ ឬ ​ពួក​គេ​មាន​របួស​​ដោយ​សារ​ប្រកួត​​ជា​ដើម៕

អត្ថបទ៖ ស៊ីធី

Leave a Reply