៣​ ចំណុច​ដែល​​គុន​ចម្រុះ​​កម្ពុជា​កំពុង​ដើរ​លើ​​ផ្លូវ​ត្រូវ ​និង​មាន​ទីផ្សារ

​ក្បាច់​គុន​ចម្រុះ ឬ ​MMA កំពុង​តែ​ចាក់​ឫស​យ៉ាង​ជ្រៅ​​នៅ​ក្នុង​ស្រទាប់​ក្បាច់​គុន​ទាំង​ឡាយ​​នៅ​ព្រះរាជា​ណា​ច​ក្រ​​កម្ពុជា​ ហើយ​កីឡាករ​-កីឡាការិនី​កម្ពុជា​ក៏​ដើរ​តួនាទី​យ៉ាង​សំខាន់​ដើម្បី​លើក​កម្ពស់​​វិស័យ​ក្បាច់​គុន​ដែល​គេ​ទទួល​ស្គាល់​ជា​អន្តរជាតិ​មួយ​នេះ។​ សហព័ន្ធ​កីឡា​យុទ្ធគុន​ចម្រុះ​​​កម្ពុជា ឬ ​ហៅ​ថា ​CMMAF ​​​ត្រូវ​បាន​បង្កើត​​ឡើង​​ជា​ផ្លូវ​ការ​នា​​ខែ​ តុលា​ ឆ្នាំ​ ២០១៨ ដែល​មាន​​​ឯកឧត្ដម​ វ៉ាត់ ចំរើន ​អគ្គ​លេខា​ធិការ​​នៃ​គណៈកម្មាធិការ​​អូឡាំពិក​កម្ពុជា​ជា​ប្រធាន។ ​​ជា​មួយ​គ្នា​​នេះ​​ មាន​ ៣​ចំណុច​ ដែល​គេ​មើល​ឃើញ​ថា​ គុន​ចម្រុះ​កំពុង​​តែ​ដើរ​លើ​ផ្លូវ​ត្រូវ​ ​និង ​មាន​ទីផ្សារ​ប្រកួត​ប្រជែង​ខ្ពស់​ដូច​ជា​​ ​ទី១​ មាន​ រចនា​សម្ព័ន្ធ​ថ្នាក់​ដឹក​នាំ​ត្រឹម​ត្រូវ​ និង​ ក្លិប​ចុះ​ឈ្មោះ​ជា​ហូរហែ​ ​ទី២​ ​មាន​ទីផ្សារ​ប្រកួត​​កម្រិត​អន្តរជាតិ​ញឹកញាប់ ​ ​​និង​ ​ទី៣​ការ​ផ្សព្វផ្សាយបាន​ទូលំ​​ទូលាយ។​

ទី១ ​រចនា​សម្ព័ន្ធ​ថ្នាក់​ដឹក​នាំ​ ​ត្រឹម​ត្រូវ​ និង​ ក្លិប​ចុះ​ឈ្មោះ​ជា​ហូរហែ​៖

​សហព័ន្ធ​មាន​ថ្នាក់​ដឹក​នាំ​ដែល​ស្រលាញ់​កីឡា​ពិត​ប្រាកដ​ជា​ពិសេស​​ឯកឧត្ដម​ វ៉ាត់ ចំរើន​ ​អគ្គលេខា​ធិការ​ NOCC និង​ជា​ប្រធាន​សហព័ន្ធ​​​​​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា។ ​​​លោក​មាន​ផែន​ការ​ និង​​ រចនា​សម្ព័ន្ធ​​ច្បាស់​លាស់​​ដើម្បី​អភិវឌ្ឍ​​ក្បាច់​គុន​នេះ​ ហើយ​បច្ចុប្បន្ន​នេះ​មាន​ ៥ ​ក្លិប​​​បាន​ចុះ​ឈ្មោះ​ជា​សមាជិក​​ផ្លូវ​ការ​​ដូច​ជា​​ក្លិប​ សិល្បៈ Cambodian Top Team, Prodal , Monster Factory ​និង​ ​ក្លិប​តា​ដំបង​ដែក។ ហើយ​​សហព័ន្ធ​​​ទាក់ទង​ក្លិប​ជា​ច្រើន​ទៀត។​​ ​​នា​ដើម​ខែ​ ​មិថុនា​នេះ​ ​សហព័ន្ធ​បាន​បញ្ជូន​​​ទម្រង់​ចុះ​ឈ្មោះ​ផ្លូវ​ការ​ដើម្បី​​​ឲ្យ​ក្លិប​ក្រោម​​ឱវាទ​ចុះ​ឈ្មោះ​សម្រាប់​កីឡាករ​ និង ​គ្រូ​បង្វឹក។ ​អគ្គ​លេខា​ធិការ​​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​ ​​​និង​ជា​ប្រធាន​ក្លិប Cambodian Top Team ​លោក​ ​ហ៊ុន ច័ន្ទរាជ្យ ​​​បាន​បញ្ជាក់​ថា ​៖«​ សហព័ន្ធ​តែង​​តែ​យក​ចិត្ត​​ដាក់ និង ដុត​ដៃ​ដុត​ជើង​ដើម្បី​ជួយ​ជ្រោមជ្រែង​​ ក្លិប​ ដូច​ជា​កីឡាករ​​នៅ​ក្រោម​​សហព័ន្ធ​ឲ្យ​មាន​ទីផ្សារ​ទៅ​ប្រកួត​នៅ​​លើ​ឆាក​អន្តជាតិ​ និង ONE Championship ​​​។​ ​សហព័ន្ធ​​នឹង​​អភិវឌ្ឍ​ខ្លួន​ និង ពង្រីក​ទំនាក់ទំនង​​​ឲ្យ​បាន​កាន់​តែ​ច្រើន​ដើម្បី​ទីផ្សារ​កីឡាករ​កម្ពុជា​លើ​ឆាក​អន្តរជាតិ»។ ​​នា​ខែ​ មិថុនា​ ឆ្នាំ​ ២០១៩ ​នេះ​លោក លោក​ កែ ប៊ិនសូរស្មី ​​​​អនុប្រធាន​សហព័ន្ធ​កំពុង​​បំពេញ​បេសកកម្ម​នៅ​ប្រទេស​បារាំង និង​ ​​បង្កើត​ទំនាក់​ទំនង​ល្អ​​ជា​មួយ​ក្លិប​ MMA នៅ​ប្រទេស​​បារាំង​ក្នុង​ន័យ​ទាញ​កីឡាករ​កូន​កាត់​ឲ្យ​មក​ចុះ​ឈ្មោះ​ជា​មួយ​​​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា និង ​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​ ​ជា​ដើម។ ​មិន​ត្រឹម​តែ​ក្រៅ​ស្រុក ប៉ុន្តែ​ សហព័ន្ធ​ក៏​ធ្វើ​ការ​ផ្នែក​បណ្ដុះ​បណ្ដាល​កីឡាករ​វ័យ​ក្មេង​នៅ​ក្នុង​ស្រុក​ឲ្យ​បាន​ល្អ​ប្រសើរ​ដែរ។

ទី២ ​មាន​​ទីផ្សារ​ប្រកួត​​អន្តរជាតិ​ញឹកញាប់៖

ដ្បិត​សហព័ន្ធ​​ស្ថិត​​ក្រោម​ស្លាក​កីឡា​ ឬ ក្បាច់​គុន​ចម្រុះ​ ប៉ុន្តែ​​ សហព័ន្ធ​ក៏​បាន​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​​ទៅ​សង្វៀន​ក្រៅ​ប្រទេស​ជា​ច្រើន​ដូច​ជា​ សង្វៀន​​ល្អ​ផ្ដាច់​គេ​ប្រចាំ​ទ្វីប​អាស៊ី ONE Championship ​សង្វៀន​នៅ​ប្រទេស​ថៃ និង សង្វៀន​អន្តរជាតិ​នៅ​មីយ៉ាន់ម៉ា​​ដែល​អាច​​នាំ​យក​កីឡាករ​គុន​ខ្មែរ​ទៅ​ប្រកួត​តំណាង​ឲ្យ​ជាតិ​បាន។​ ​​កីឡាករ​ដែល​លេច​ធ្លោ​កន្លង​ទៅ​ប្រកួត​នៅ​សង្វៀន ONE ​ផ្នែក​ MMA ​ដូច​ជា​ ចាន់ រតនា , ​នៅ ស្រីពៅ, វី ស្រីខួច,​ ​ថៃ រិទ្ធី, ​ស៊ឹម ប៊ុនស៊្រន់, ​រិន សារ័ត្ន, ​​ខុន ស៊ីចាន់, មាស ម៉ើ និង សរ​ សី​ ជា​ដើម។ ​ក្នុង​នោះ​កីឡាករ​គុន​ខ្មែរ​ក៏​មាន​វត្តមាន​បន្តបន្ទាប់​នៅ​ ONE ដូច​ជា គង់ សំបូរ , ​សុខ ធី, និង ឡៅ ចិត្រា ជា​ដើម។ អ្នក​​លេង​គុន​ចម្រុះ​ ជើង​ចាស់​ ស សី និង ថៃ រិទ្ធី ​សុទ្ធ​តែ​​ផ្ញើ​សារ​ស្រដៀង​គ្នា​ដល់​យុវជន​ជំនាន់​ក្រោយ​​ឲ្យ​ខិត​ខំ​ប្រឹង​ហ្វឹកហាត់​ដើម្បី​ទទួល​​បាន​ឈ្មោះ​​បោះ​សំឡេង​ទៅ​ប្រកួត​នៅ​​សង្វៀន ​ONE ​និង ​ក្រៅ​ប្រទេស ​​រួម​​នឹង​ការ​ទទួល​បាន​កម្រៃ​ខ្លួន​​ថ្លៃ​​ច្រើន​សន្ធឹក។

ទី៣​. ការ​ផ្សព្វផ្សាយ ​បាន​ទូលំ​​ទូលាយ​៖​​

​​​មិន​ត្រឹម​តែ​ សហព័ន្ធ​​ទេ​ដែល​​​ដើរ​តួនាទី​បំផុស​ការ​ផ្សព្វផ្សាយ​​កីឡា​គុន​ចម្រុះ​នេះ​ ប៉ុន្តែ​ ONE ​​ក៏​បាន​​ផ្សាយ​​​ច្រើន​សន្ធឹក​លើ​វិបសាយ​របស់​ខ្លួន​​ដែល​មាន​អ្នក​​អាន​រាប់​លាន​នាក់​ពេល​មាន​​កីឡាករ​​ខ្មែរ​ទៅ​ប្រកួត​ម្ដងៗ។ ​ចំណែក​វិបសាយ​ក្នុង​ស្រុក​ដែល​ជា​ដៃ​គូ​របស់​ ONE ​និង វិបសាយ​ផ្សេង​ទៀត​ក៏​​ចូល​រួម​ក្នុង​ការ​ផ្សព្វផ្សាយ​នេះ​ដែរ។ នេះ​​ជា​ការ​រួម​ចំណែក​បង្កើន​ទីផ្សារ​​របស់​កីឡាករ​​ឲ្យ​កាន់​តែ​ទូលាយ​ និង លើក​កម្ពស់​​កីឡា​គុន​ចម្រុះ​​របស់​កម្ពុជា។​ ដើម្បី​បំផុស​​សកម្មភាព​ MMA ​នៅ​កម្ពុជា ​ឬ ​សកម្មភាព​នានា​របស់​កីឡាករ​ ឬ​​ ប្រវត្តិ​កីឡាករ​ ​សហព័ន្ធ​បាន​​​ដាក់​​ឲ្យ​ប្រើ​ប្រាស់​​ វិបសាយ​ផ្លូវ​ការ​ www.cambodian-mma-federation.com នា​ពេល​ថ្មីៗ។

គួរ​រំលឹក​ថា​ ការ​ប្រកួត​ក្បាច់​គុន​ចម្រុះ​ ឬ​ចាប់​ផ្ដើម​​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ Khmer Warriors Challenge បាន​បាច់​ផ្ដើម​​កាល​ឆ្នាំ​ ២០១៣ ​ដែល​ផ្ដួច​ផ្ដើម​​ដោយ​​ស្ថានីយ​ទូរ​ទស្សន៍​ ស៊ីធីអិន និង MyTV ​​ដោយ​មាន​​សព​លោក​ ម៉ា សេរី​ អតីត​ប្រធាន​​ផ្នែក​កីឡា​ ជា​បង្គោល។ ​បន្ទាប់​មក​ ការ​ប្រកួត​វាយ​ដាក់​ទ្រុង​ ឬ ​ហៅ​ថា​ គុន​ចម្រុះ​នេះ​​មាន​ទីផ្សារ​​ជា​រៀង​​រហូត​មក​ ​ហើយ​ ស្ថាប័ន​ ONE Championship ​ក៏​​ធ្លាប់​មក​រៀប​ចំ​ការ​ប្រកួត​​ធំ​នៅ​ កម្ពុជា​អំឡុង​ឆ្នាំ​ ​២០១៤ និង​ ២០១៥​ ផង​ដែរ៕

អត្ថបទ៖ ស៊ីធី

Leave a Reply