កីឡាករ ខុន ស៊ីចាន់ ដែលចាប់ផ្ដើមប្រឡូកលើសង្វៀនគុនចម្រុះកាលឆ្នាំ ២០១៣ មកនោះបង្ហើបអំពីរឿងល្អៗ និង ចំណុចមិនអាចបំភ្លេចបានមួយចំនួន ដូចជាការប្រកួតដែលចង់ចាំក្នុងជីវិតបំផុត ការបានទៅប្រកួតនៅក្រៅប្រទេសមិននឹកស្មានដល់ និង មានមនុស្សសំខាន់ៗជួយរូបគេជាដើម។
ខុន ស៊ីចាន់ រំលឹកបែបនេះ ៖«អារម្មណ៍ខ្ញុំចងចាំមិនភ្លេចបាន គឺ ឈ្នះខ្សែក្រវាត់ Khmer Warriors Challenge លើកដំបូងនៅកម្ពុជាឆ្នាំ ២០១៣ក្នុងទម្ងន់ ៥៧ គីឡូក្រាម។ វាជាអនុស្សាវរីយ៍ល្អព្រោះកីឡាករហាត់ជុំគ្នាច្រើន។ ជាពិសេសខ្ញុំមិនបំភ្លេចគុណសពលោកពូ ម៉ា សេរី និងគ្រូ ឡោ វុទ្ធី គ្រូខ្ញុំ ដែលបានរៀបចំ និង ផ្គត់ផ្គង់ឲ្យខ្ញុំមានមុខមានមាត់ក្នុងក្បាច់គុនចម្រុះ»។
បើងាកមកឆាកអន្តរជាតិប្រចាំសង្វៀន ONE វិញកីឡាករជើងចាស់ដដែលនេះបញ្ជាក់អំពីចំណុចដែលនៅដិតដានអារម្មណ៍ដូច្នេះ៖«ខ្ញុំមិននឹកស្មានថា បានទៅប្រកួតនៅក្រៅប្រទេសលើសង្វៀន ONE។ ខ្ញុំបានទៅ ម៉ាឡេស៊ី សិង្ហបុរី និងបានដើរលេងទីកន្លែងកម្សាន្តមួយចំនួនទៀតផង។ អរគុណ ONE និង គ្រូ Alan Mccune ដែលតែងតែជួយជ្រោមជ្រែងនាពេលកន្លងមក»។
អ្នកលេងគុនចម្រុះរូបនេះសង្កត់ធ្ងន់ទៀតថា ៖«ខ្ញុំចាំមិនភ្លេចមួយទៀត គឺប្រកួតនៅសិង្ហបុរីកាលខែ កុម្ភៈ ពេលចាញ់ កីឡាករឥណ្ឌូណេស៊ី Rudy។ ខ្ញុំស្ដាយណាស់។ បច្ចេកទេសខ្ញុំ និង គេមិនលើសខ្វះគ្នាទេ ប៉ុន្តែ ខ្ញុំភ្លាត់ និង ភ្លេចខ្លួនបន្តិចធ្វើឲ្យចូលឃ្លេគេតែម្ដង»។
ក្រៅពីសង្វៀនក្នុងស្រុកដែលរៀបចំដោយ ស៊ីធីអិន និង MyTV ខុន ស៊ីចាន់ ចាញ់ Rudy Agustian ត្រឹមទឹកទី១ បន្ទាប់ពីឈ្នះ Riski Umar ដោយពិន្ទុនៅឆ្នាំ ២០១៨ នៅម៉ាឡេស៊ី។ ស៊ីចាន់ ឈ្នះចាញ់ការប្រកួតដំបូងនៅសង្វៀនអន្តរជាតិ ONE ដោយថ្វីដៃ មិត្តរួមជាតិ សឹម ប៊ុនស្រ៊ន់ កាលឆ្នាំ ២០១៥ នៅកម្ពុជា។
គួរដឹងដែរថា ខុន ស៊ីចាន់ ដែលមានវ័យ ៣១ ឆ្នាំនាពេលបច្ចុប្បន្ន បានផ្ដើមអាជីពហ្វឹកហាត់ប្រដាល់គុនខ្មែរនៅ កងពលធំអន្តរាគមន៍ខេត្តព្រះវិហារ ដោយមានគ្រូបង្វឹក លោក ឡោ វុទ្ធី។ បន្ទាប់មករូបគេបាន ចូលខ្លួនប្រមូលផ្ដុំហ្វឹកហាត់ក្បាច់គុនចម្រុះ ប្រកួតជើងឯក Khmer Warriors Challenge ដែលរៀបចំឡើងដោយ ស៊ីធីអិន និង MyTV នៅឆ្នាំ ២០១៣ និងបានរៀនក្បាច់គុនជាច្រើនដូចជា យូដូ តេក្វាន់ដូ និង គុនខ្មែរជាដើម។ ស៊ីចាន់ ឈ្នះខ្សែក្រវាត់ ឬ ជើងឯក Khmer Warriors Challenge ជាលើកដំបូងក្នុងព្រឹត្តិការណ៍មិនធ្លាប់មាន និង ការប្រមូលផ្ដុំប្រកួតគុនចម្រុះលើកដំបូងនេះនៅកម្ពុជាមុនរំសាយទៅវិញ។ កីឡាករមកពីក្លឹប Phnom Penh MMA រូបនេះ បានចូលប្រឡូកក្នុងវិស័យគុនចម្រុះចំនួន ៦ ដងក្នុងនោះ ឈ្នះ ៣ ដង និង ចាញ់ ៣ ដង។ នៅលើសង្វៀន ONE កូនសិស្សរបស់លោក ឡោ វុទ្ធី ឡើងប្រកួតនៅសង្វៀនអន្តរជាតិនេះបានចំនួន ៣ លើក ដែលក្នុងនោះឈ្នះ១ លើក និង ចាញ់៕
អត្ថបទ៖ ស៊ីធី