សាន សៅយ៉ាន់ ​ទម្លាយ​រឿងរ៉ាវ​​ឈឺ​ចាប់​និង​សប្បាយ​ចិត្ត​​​ខ្លះ​ពេល​នាំ​សុខ​ ធី ​​ទៅ​ប្រកួត​នៅ​​ ONE

គ្រូ​បង្វឹក​​​ សាន សៅយ៉ាន់​​ ​ដែល​បាន​ដឹក​នាំ​​ជើង​ខ្លាំង​ សុខ ធី ​ទៅ​ប្រកួត​ចំនួន​ ៣​ ​​ដង​​​លើ​សង្វៀន​ផ្សេង​គ្នា​នៅ​​ម៉ាកាវ ឥណ្ឌូណេស៊ី និង ថៃ​ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​ម្ចាស់​ក្លិប​ Cambodian Top Team លោក​ ហ៊ុន ច័ន្ទរាជ្យ នោះ​បាន​រៀប​រាប់​អំពី​​រឿង​រ៉ាវ​ឈឺ​ចាប់ និង ​សប្បាយ​ចិត្ត​​មួយ​ចំនួន​កន្លង​មក។​

គ្រូ​បង្វឹក​វ័យ​ ៤០​ ​ឆ្នាំ​​មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​​​បាន​ប្រាប់​អំពី​រឿង​​ឈឺ​ចាប់​ថា​ ៖«​​ខ្ញុំ​សោក​ស្ដាយ​ដែល​គេ​សុទ្ធ​ខ្លាំងៗ ​​និង ​ឈ្នះ​ខ្សែ​ក្រវាត់​នៅ​ថៃ​ជា​ច្រើន​ ហើយ ​យើង​មិន​ទាន់​ឈ្នះ​ ១ ​ប្រកួត​សោះ​ក្នុង​ ៣ ​លើក​ចុង​ក្រោយ​នៅ​ ONE។​ ​​ខ្ញុំ​តូច​ចិត្ត​​ខ្លាំង​ យើង​ចង់​បាន​លុយ​ ​និង​ កិត្តិយស ​មិន​មែន​​ទៅ​​វ៉ៃ​លំៗ​​យក​តែ​លុយ​ទេ។​ ​​​ខ្ញុំ​ក៏​ឈឺ​ចាប់​ បង​ប្អូន​អ្នកគាំទ្រ​មួយ​ចំនួន​ក៏​​ឈឺ​ចាប់​ដូច​គ្នា។​ ​​ប៉ុន្តែ​មាន​រឿង​ពីរ​​​ត្រូវ​យោគយល់​ ទី​១ ​យើង​មាន​កិច្ច​សន្យា​ជា​មួយ​គេ​រួច​ហើយ ​ដែល​យើង​មិន​អាច​ប្រកែក​បាន​​ពេល​គេ​ចាប់គូ​​ត្រូវ​តែ​ទៅ​វ៉ៃ។ ​ទី២​ ​​គីឡូ​ សុខ ធី ត្រឹម​ ៥៦,៧ ​គីឡូក្រាម​ ​​​ហើយ​គេ​អត់​មាន​គីឡូ​ស្រាល​ដូច​​យើង​ទេ​​ក្នុង​ការ​ប្រកួត​ Kickboxing គេ​មាន​តែ​​គីឡូ​លើ​​យើង​។​ ប៉ុន្តែ​បើ​​ប្រកួត​ MMA ទើប​មាន​គីឡូ​ស្រាល​ ដូច្នេះ​យើង​​មាន​តែ​​ដំឡើង​ទៅ​វ៉ៃ​គីឡូ​គេ។ ​​វា​ជា​រឿង​លំបាក​ពេល​គីឡូ​តូច​​ត្រូវ​ដំឡើង​ទៅ​​វ៉ៃ​ដូច​គីឡូ​​ធំ ​រាង​យ៉ាប់​ណាស់។ ​សូម្បី​យើង​គិត​ក៏​​ពិបាក​ហើយ​ព្រោះ​យក​អា​តូច​​ទៅ​វ៉ៃ​អា​ធំ​មិន​ងាយ​ទេ។​ ​មួយ​ទៀត​ពេល​ដំឡើង​ទៅ​​យើង​តូច​ជាង​គេ​និង​ទាប​ជាង​។ ​ពេល​ខ្លះ​អា​រឿង​នាំ​ទៅ​វ៉ៃ​ អត់​សង្ឃឹម​ឈ្នះ​ ក៏​រឹត​តែ​ឈឺ​ចាប់ ​ប៉ុន្តែ​យើង​ជា​ទឹក​ចិត្ត​កីឡាករ​ត្រូវ​តែ​ប្រឹង​ឲ្យ​អស់​កម្លាំង​កាយ​ចិត្ត»។

​ក្នុង​​ការ​បង្ហាញ​ខ្លួន​ ៣​ លើក​នៅ​សង្វៀន​លំដាប់​ពិភព​លោក​ ONE​ សុខ ធី​ ​ចាញ់​​ជើង​ខ្លាំង​​ម្ចាស់​ខ្សែ​ក្រវាត់​​ជា​ច្រើន​នៅ​ថៃ​ Leardsila ​ចំនួន​ ២ ​លើក​ និង ​​ចុង​ក្រោយ​​ចាញ់​​កីឡាករ​ម្ចាស់​ផ្ទះ​ថៃ​ Rodtang Jitmuangnon ​នៅ​សង្វៀន​ ONE: WARRIORS OF LIGHT ​​​កាល​ថ្ងៃ​ទី​​​ ១០ ​ខែ​ ឧសភា ​​នៅ​ក្រុង​បាងកក។ ​គ្រូ​បង្វឹក​វ័យ​ ៤០​​ ​​ឆ្នាំ​ដដែល​រំពឹង​​ថា​ ខាង​ ONE អាច​ចាប់​គូ​ឲ្យ​ស្របាក់ស្របាល​គ្នា​ក្នុង​ការ​ប្រកួត​លើក​ក្រោយ ​ពោល​ កុំ​ឲ្យ​​​​ល្អ​លើស​បែប​នេះ​ពេក។​ ​ ​បន្ទាប់​ពី​ប្រកួត​ចប់​ បច្ចុប្បន្ន​ សុខ ធី ​ទើប​ចាប់​ផ្ដើម​ ហ្វឹកហាត់ រត់​​បាន​តិចៗ​​ ដោយ​សារ​របួស​ជើង​ឆ្វេង​ កាល​​ប្រកួត​​ទល់​នឹង Rodtang។​ ​​គ្រូ​បង្វឹក​បន្ត​ថា​ ការ​ត្រៀម​ខ្លួន​ទៅ​ប្រកួត​នៅ​សង្វៀន​មួយ​​នៅ​ថៃ​ គឺ​ អត់​ទេ​ ព្រោះ​គេ​ដាក់​ឈ្មោះ​កូន​សិស្ស​របស់​លោក​ដោយ​មិន​បាន​ប្រាប់​មុន​ ដូច្នេះ​ ​លោក​បាន​ដក​ខ្លួន​ ទាំង​សុខ ធី និង ប៉េប៉េ។

យ៉ាង​ណា​ក្ដី​ ​អតីត​​ម្ចាស់​ខ្សែ​ក្រវាត់​ទម្ងន់​ ៥៧ គីឡូក្រាម​កាល​ឆ្នាំ​ ២០០២​​​​សរសើរ​ស្ញប់ស្ញែង​ទៅ​កាន់ ONE ថា ៖«​ ONE រៀប​ចំ​បាន​ល្អ ​​ការ​ស្នាក់​សណ្ឋាគារ​ល្អៗ ​ហូប​ចុក​គ្រប់គ្រាន់ ​ការ​ធ្វើ​ដំណើរ​ និង​ ការ​ចំណាយ​ផ្សេងៗ​ គឺ​​មិន​មាន​បញ្ហា។ ​​ហើយ​​មុន​ការ​ប្រកួត​មាន​ការ​ពិនិត្យ​សុខភាព​​តឹង​តែង​ណាស់។ ​បើ​សិន​ជា​ពិនិត្យ​សុខភាព​ធ្លាក់ ឬ ​មាន​បញ្ហា​តិចតួច​​ក៏​គេ​មិន​ឲ្យ​ឡើង​ប្រកួត​ដែរ​»។

គ្រូ​បង្វឹក​​​ សាន សៅយ៉ាន់​ បច្ចុប្បន្ន​ជា​គ្រូ​បង្វឹក​នៅ​ក្លិប​​របស់​ខ្លួន​ឈ្មោះ «សៅយ៉ាន់​នាគា​»​ ស្ថិត​នៅ​ខេត្តបន្ទាយ​មាន​ជ័យ។​ លោក​បាន​ចូល​ហ្វឹកហាត់​ប្រដាល់​តាំង​ពី​រៀន​ថ្នាក់​ទី ៨ ​ជា​មួយ​គ្រូ ដុន ផូ​ ​និង ពូ​របស់​ខ្លួន​ មុន​បន្ត​ទៅ​ហ្វឹកហាត់​ជា​មួយ​ គ្រូ​ ឈុត សេរី ​នៅ​ខេត្ត​បាត់​ដំបង។​ ​លោក​​ហក់​ល្បី​ខ្លាំង​ជំនាន់​ហ្វឹកហាត់​ជា​មួយ​គ្រូ​ឈុត​សេរី។​ ​​កាល​នៅ​ជា​កីឡាករ​លោក​​​ធ្លាប់​ខ្សែ​ក្រវាត់​ M150 ​ទម្ងន់​ ៥៧ ​គីឡូក្រាម​ នៅ​ឆ្នាំ ២០០២។​ ​អំឡុង​ឆ្នាំ​ ​២០០៣ និង​ ២០០៤​ លោក​ធ្លាប់​វ៉ៃ​ជា​មួយ​ជើង​ខ្លាំង​ ជ័យ​ កុសល​ ចំនួន​ ៣​ ដែរ ហើយ​លទ្ធផល​ ឈ្នះ​១ ស្មើ ១ និង​ ចាញ់ ១​ ដង។​ ​លោក​​រំលឹក​ថា​​ ពេល​​ប្រកួត​ជា​មួយ​ជ័យ​ កុសល​ ​លោក​ប្រើ​កម្លាំង​រហូត​ដល់​ បាក់​ដៃ​ចំនួន​ ២​លើក ​ដែល​​កាល​នោះ​មាន​បាក់​ប្រអប់​ដៃ និង ​ម្រាម​ដៃ​ខាង​ស្ដាំ។​ ​បន្ទាប់​មក​លោក​​ឈប់​​ឡើង​ប្រកួត​ដោយ​សារ​មាន​របួស​ ​មុន​​​ចូល​រោងការ​បង្កើត​គ្រួសារ​នៅ​ឆ្នាំ​ ២០០៥៕

អត្ថបទ៖ ស៊ីធី

Leave a Reply