ថៃ រិទ្ធី៖«​​​ខ្ញុំ​​មាន​ឈ្មោះ​​បោះ​សំឡេង​នៅ ​ONE កូន​សិស្ស​ចង់​ហាត់​ជា​មួយ​ខ្ញុំ»

អ្នក​លេង​គុន​ចម្រុះ​​ ថៃ រិទ្ធី​ ​​ដែល​ចាប់​ផ្ដើម​ហាត់​​​តាំង​ពី​ឆ្នាំ​​ ​២០១៣​​ បាន​លើក​​​ឡើង​អំពី​ផល​ចំណេញ​នៃ​កេរ្តិ៍​​ឈ្មោះ​កាល​​ទៅ​ប្រកួត​​នៅ​ ONE Championship ​កន្លង​ទៅ​ថា​ ​មាន​កូន​សិស្ស​ជា​ច្រើន​ចង់​ហាត់​​ជា​មួយ​ខ្លួន​ដ្បិត​ធ្លាប់​ឡើង​សង្វៀន​​កម្រិត​ពិភព​លោក​​ ONE ​​ធ្លាប់​ឈ្នះ​​ជើង​​ឯក​ផ្នែក​គុន​ចម្រុះ​ និង​​ ​ឈ្នះ​មេដាយ​មាស​​​​ពី​ការ​ប្រកួត​​ជើង​​ឯក​ថ្នាក់​ជាតិ​កីឡា​ល្បុក្កតោ។ ​​ថៃ រិទ្ធី ​កំពុង​បង្ហាត់​​​​​គុន​ខ្មែរ​នៅ​ក្លិប​ប្រដាល់​ «​MrLy Gym and Boxing»​​ ​ ​​នៅ​​ទឹក​​​ដី​ខេត្ត​ខេត្ត​សៀមរាប​ យ៉ាង​ពេញ​ចិត្ត​​ពេញ​ថ្លើម​ និង​ ទទួល​បាន​ប្រាក់​កម្រៃ​គួរ​សម​ដែល​អាច​ទ្រទ្រង់​ជីវិត​ចាយ​វាយ​ប្រចាំ​ថ្ងៃ​បាន។​

ម្ចាស់​ជើង​​​​​​ឯក​គុន​ចម្រុះ​​ក្នុង​ស្រុក​ Khmer Warrior Challenge ​រដូវ​​កាល​ទី​៣​​បាន​​​​ថ្លែង​ដូច្នេះ ៖«​​​ខ្ញុំ​បែប​ឈប់​ឡើង​វ៉ៃ​ហើយ​បង​ ប៉ុន្តែ​ខ្ញុំ​​នឹង​ចាប់​អាជីព​​បង្ហាត់​សិស្ស​វិញ​ ព្រោះ​រក​កម្រៃ​បាន​គួរ​សម​​អាច​រស់​បាន​នៅ​សៀមរាប។ ​​ពេល​​យើង​ហាត់​ឲ្យ​ល្អ​​ ច្បាស់​លាស់​កាល​នៅ​ជា​កីឡាករ​ គឺ​​មិន​អត់​ប្រយោជន៍​ទេ។ ដូច​ខ្ញុំ​អីចឹង​ ​បរទេស​គេ​ស្គាល់​ខ្ញុំ​ វ៉ៃ​នៅ​ ONE ​ធ្លាប់​​ឡើង​​សង្វៀន​អន្តរជាតិ គេ​ឃើញ​មេដាយ​ខ្ញុំ​​ គេ​ចង់​ហាត់​ជា​មួយ​ខ្ញុំ​ណាស់​ ហើយ​ខ្ញុំ​ក៏​បាន​​ថ្លៃ​ឈ្នួល​ច្រើន​តាម​ហ្នឹង​ដែរ។ ​អីចឹង​បាន​ថា ការ​ប្រឹង​​ប្រែង​របស់​ខ្ញុំ​ពី​មុន​មិន​អត់​​ប្រយោជន៍​ទេ។ ​ខ្ញុំ​សូម​​ឲ្យ​កីឡាករ​គ្រប់រូប​ខំ​ប្រឹង​ មិន​ថា​គុន​ខ្មែរ​ ​ឬ គុន​ចម្រុះ​ទេ»។

​កីឡាករ​សម្បុរ​ស្រអែម​បន្ត​ថា​ គុន​ចម្រុះ​ពិបាក​រក​សង្វៀន​វ៉ៃ​បន្តិច​នៅ​ក្នុង​ស្រុក​ ព្រោះ​គេ​មិន​ទាន់​រៀប​ចំ​ឡើង​វិញ​ ប៉ុន្តែ​ ពេល​​ហាត់​​កាន់​តែ​ខ្លាំង ​មាន​​សមត្ថភាព​ល្អ ​នោះ​អាច​​​ឡើង​សង្វៀន​ ONE ​​ដោយ​ប្រកួត​ម្ដងៗ​អាច​ទទួល​បាន​​តម្លៃ​ខ្លួន​ច្រើន។​

ដ្បិត​ទៅ​បង្ហាត់​នៅ​សៀម​រាប់​​មិន​ទាន់​បាន​ ១​ ខែ ​ស្រួល​បួល​ ប៉ុន្តែ​កូន​សិស្ស​បរទេស​ជា​ច្រើន​មាន​ការ​ពេញ​ចិត្ត​​ពេញ​ថ្លើម​​ និង ​ចង់​ហាត់​ជា​មួយ​ រិទ្ធី ជា​ហូរហែ​ ​ព្រោះ​តែ​កេរ្តិ៍​ល្បី​រន្ទឺ​​នៅ​លើ​សង្វៀន​កម្រិត​អន្តរជាតិ​កន្លង​មក ​រួម​ទាំង​ការ​ប្រកួត​ថ្នាក់​ជាតិ​ជា​ច្រើន​ផង​ដែរ។​ ​ក្បាច់គុន​បាន​ដើរ​តួ​យ៉ាង​សំខាន់​សម្រាប់​ជីវិត​ ​របស់​​​​កីឡាករ​មក​ពី​ខេត្ត​កណ្ដាល​មួយ​នេះ។

អ្នក​លេង​ក្បាច់​គុន​​៣​ប្រភេទ​ ​ល្បុក្កតោ​ គុន​ខ្មែរ​ និង ​គុន​ចម្រុះ​សង្កត់​ធ្ងន់​ថា៖«​​​ខ្ញុំ​គ្មាន​អ្វី​ក្រៅ​ពី​លើក​ទឹក​ចិត្ត​ទេ។​ ​​បើ​យើង​ខំ​ប្រឹង​ឲ្យ​មាន​ឈ្មោះ​កាល​នៅ​សិស្ស ​នោះ​​យើង​នឹង​​​មាន​ឈ្មោះ​ពេល​យើង​​​ក្លាយ​ជា​គ្រូ​គេ​ដែរ។ ​​ក្នុង​នាម​ជា​​កីឡាករ​ យើង​ត្រូវ​​ស្ដាប់​តាម​គ្រូ​ ទី១​ ហ្វឹកហាត់​ឲ្យ​ខ្លាំង​ជា​ប្រចាំ ​មិន​មែន​ហាត់​ឈប់​ហាត់​​​ឈប់​នោះ​ទេ ទី​២​​ ព្យាម​គេង​​ឲ្យ​បាន​គ្រប់គ្រាន់​ និង​ញុំា​គ្រប់គ្រាន់ ​និង​​ ទី៣​​​​ កុំ​សេព​​អំពើ​អបាយមុខ​ដែល​សង្គម​ស្អប់​ ​​កុំ​សេព​គ្រឿង​​ស្រវឹង​ ជា​ពិសេស​​ត្រូវ​ដើរ​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន។​ ​ខ្ញុំ​ដឹង​ថា​​ អ្នក​ខ្លះ​ខ្លួន​ជា​កីឡាករ​តែ​បែរ​ទៅ​ដើរ​សាក​​ជក់​គ្រឿង​ញៀន​ជា​មួយ​មិត្តភ័ក្ដិ​ទៅ​វិញ។ ​​វា​ជា​អំពើ​ខុស​ឆ្គង។ ​ទាំង​នេះ​ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ»។ ​

​​គ្រូ​បង្វឹក​វ័យ​​ត្រឹម​ ២១​ ឆ្នាំ​​រូប​នេះ​មាន​កូន​សិស្ស​​អាជីព​ឡើង​សង្វៀន​ញឹក​ញាប់​ចំនួន​ ៥​ នាក់​ ​ហើយ​រូប​គេ​បាន​ឡើង​​មក​ភ្នំពេញ​ជា​រឿយៗ​ ដើម្បី​ឲ្យ​ទឹក​​សិស្ស​ពេល​ឡើង​វ៉ៃ​​តាម​​ប៉ុស្តិ៍​ទូរទស្សន៍​នានា។ ​នៅ​សប្ដាហ៍​នេះ​​អាច​នឹង​នាំ​កូន​សិស្ស​ទៅ​វ៉ៃ​នៅ​​សង្វៀន​​ ​ឯក​ភ្នំ​​​នៅ​ខេត្ត​បាត់​ដំបង​ ​មុន​​នឹង​មក​ភ្នំពេញ​ម្ដង​ទៀត​​នៅ​ថ្ងៃ​ទី​ ២១​ មិថុនា ​ដើម្បី​នាំ​ លី រិទ្ធី ទៅ​វ៉ៃ​នៅ​សង្វៀន​បាយ័ន។

​​គួរ​ដឹង​ថា​ថៃ រិទ្ធ ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​​ក្នុង​កម្មវិធី​ Khmer Warriors Challenges ​រដូវ​កាល​ទី៣​ ដែល​រៀប​ចំ​ដោយ​ ស៊ីធីអិន​ និង MyTV ​ ​និង​​ជា​ម្ចាស់​មេដាយ​មាស​ជើង​ឯក​ការ​ប្រកួត​​ល្បុក្កតោ​​ថ្នាក់​ជាតិ​ឆ្នាំ​ ២០១៥។​ គេ​នៅ​ចាំ​​កំណត់​ត្រា​ប្រកួត​គុន​ខ្មែរ​ចំនួន ​៣៧​ ដង ​ក្នុង​នោះ​ឈ្នះ ​៣០ ​ដង។ ​​អតីត​កូន​សិស្ស​លោក​ ទេព ស៊ីវុត្ថា​ និង ប៉ាន់ ស៊ីថៃ​ ធ្លាប់​​​ប្រកួត​នៅ​សង្វៀន​ ONE Championship ​បាន​ចំនួន​ ២ ដង​ ពោល ​ឈ្នះ ១ ​ដង និង​ ចាញ់ ១ដង។ ​​​​ម្ចាស់​មេដាយ​មាស​ល្បុក្កតោ​រូប​នេះ​​ ឈ្នះ ​Jerome S.Paye ដោយ​វ៉ៃ​ឲ្យ​ចុះ​ចាញ់​​ត្រឹម​ទឹក​ទី២​ ​នា​ខែ​ ​កញ្ញា​ ឆ្នាំ​ ២០១៧ និង​ ​​កីឡាករ​ចិន​ Zhao Zhi Kang ​​​ក្នុង​ការ​ប្រកួត​លើក​ទី​២​នៅ​ វិច្ឆិកា​​ ឆ្នាំ​ ២០១៨​ នា​ ​ប្រទេស​ហ្វីលីពីន។ លើស​ពី​នេះ​ ​​កីឡាករ​មក​ពី​ ភូមិ​ព្រែក​ថោង ​ឃុំ​ព្រែក​លួង​ ស្រុក​ខ្សាច់​កណ្ដាល​ ខេត្ត​កណ្ដាល​​ ប្រលូក​​លើ​សង្វៀន​អន្តរជាតិ​ FULL METAL DOJO ជា​ញឹក​ញាប់​នៅ​ប្រទេសថៃ៕ ​​​

អត្ថបទ៖ ស៊ីធី

Leave a Reply