អ្នក​ជំនាញ​ ថា​ ​កីឡាករ​ណា​ក៏​ហ្វឹកហាត់​ខ្លាំង​បាន​ ប៉ុន្តែ​ ការ​ហ្វឹកហាត់​ឲ្យ​ត្រឹម​ត្រូវ​​តាម​បច្ចេកទេស​ កុំ​ឲ្យ​ប៉ះ​ពាល់​ដល់​​សុខភាព​ទើប​លំបាក

ការ​ហ្វឹកហាត់​ផ្នែក​កម្លាំង​បាន​ដើរ​តួ​នាទី​សំខាន់​ក្នុង​ការ​​ទប់​កុំ​ឲ្យ​​កីឡាករ​អស់​​​ស៊ុហ្វ ​និង​ មិន​ងាយ​​​​រង​របួស​ងាយៗ។​ ​គ្រូ​បង្វឹក​ ហ៊ុន ច័ន្ទរាជ្យ នៃ​​ក្លិប​ប្រដាល់​ Cambodian Top Team (CTT) បាន​ជួល​សេវាកម្ម​អ្នក​ជំនាញ​ផ្នែក​កម្លាំង​នេះ​ គឺ​លោក​ Mark Chen សញ្ជាតិ​ហុល្លង់។ ការ​ហ្វឹកហាត់​ខ្លាំង​ កីឡាករ​ណា​ក៏​អាច​ធ្វើ​បាន​ ប៉ុន្តែ​ការ​ហ្វឹកហាត់​ត្រឹម​​ត្រូវ​បាន​បច្ចេកទេស​ទើប​លំបាក។ ​ឆ្លង​កាត់​​​ការ​​បង្វឹក​ផ្នែក​កាយសម្បទា​ដល់​កូន​សិស្ស​នៅ CTT ​រយៈ​ពេល​ប្រមាណ​ជា​ ៣​ ខែ ​គ្រូ​បង្វឹក​រូប​នេះ​​​បង្ហើប​អំពី​អត្ថប្រយោជន៍ ​និង​ ចំណុច​សំខាន់ៗ​នានា​ ​តាម​រយៈ​​ផ្ដល់​បទ​សម្ភាសន៍​ដល់​ ONE ដូច​ខាង​ក្រោម។

ONE: ជម្រាប​សួរ​លោក​ Mark តើ​រយៈ​ពេល​ប៉ុន្មាន​​ឆ្នាំ​ហើយ​ដែល​លោក​​មក​ធ្វើ​ការ​នៅ​​ព្រះរាជាណា​​ចក្រ​កម្ពុជា?

ចម្លើយ៖ ​ខ្ញុំ​​បាន​មក​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​ ២០១៤។ ខ្ញុំ​ទទួល​ការងារ​នៅ​មន្ទីរ​ព្យាបាល​ឯក​​ជន​មួយ​កន្លែង។ ​​នៅ​ទី​នោះ ​​យើង​បាន​ផ្ដល់​ឲ្យ​ពលរដ្ឋ​នូវ​សេវា​កម្ម​ជា​ច្រើន ​ដូច​ជា​​ការ​ព្យាបាល​ឆ្អឹង​ខ្នង​ ​ជំងឹ​ផ្សេងៗ និង​ ការ​វះ​កាត់​នានា។ ​ការងារ​របស់​ខ្ញុំ​គឺ​ជួយ​ឲ្យ​​​អ្នក​ជំងឺ​​ត្រលប់​ទៅ​​សភាព​ដើម​វិញ​ក្នុង​​ការ​រស់​នៅ​​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ និង ​ជួយ​​សម្រួល​សកម្មភាព​ហាត់​ ឬ ​ហាត់​កីឡា​ជា​​ដើម។ ​ដល់​ឆ្នាំ​ ២០១៧​ ខ្ញុំ​បាន​​ចាក​ចេញ​ពី​មន្ទីរ​ព្យាបាល​​ឯក​ជន​នោះ​ មក​បើក​របរ​រក​ស៊ី​ខ្លួន​​ឯង​ ​ឈ្មោះ​ថា​ «Banteay Center» ដែល​ខ្ញុំ​អាច​ផ្ដោត​លើ​​ផ្នែក​កម្លាំង​ និង​ ​ផ្ដោត​លើ​ការ​ងារ​បង្វឹក​កីឡាករ។ ​បន្ទាប់​មក​ទៀត​យើង​បាន​បើក​ធ្វើ​​តេស្ត​​សម្រាប់​កីឡាករ​ ព្រះខ័នរាជ​ស្វាយរៀង ​ដែល​ជា​គម្រោង​ដំបូង។ ​ក្រោយ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​ផ្នែក​កម្លាំង​ ទើប​​ថ្នាក់​ដឹក​នាំ​ក្លិប​ព្រះខ័នរាជ​ស្វាយរៀង​ផ្ដល់​​​ឱកាស​ការងារ​ជា​​ប្រធាន​ផ្នែក​បង្វឹក​កម្លាំង និង​ កាយសម្បទា​នៅ​ក្លិប។ ​ដោយ​សារ​ភាព​រីកចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ឥឡូវ​នេះ​យើង​មាន​គ្រូ​បង្វឹក​ចំនួន ​៣ រូប​ដឹក​នាំ​​បង្វឹក​ Gym ​និង ​មើល​ថែ​ទាំង​​​​កីឡាករ។ ​

ONE មុន​ផ្លាស់​មក​ធ្វើ​ការ​នៅ​កម្ពុជា​ តើ​លោក​មាន​ប្រវត្តិ​ការងារ​យ៉ាង​ណា​ដែរ?

ចម្លើយ៖ ​ខ្ញុំ​បាន​ធ្វើ​​ការ​ជា​អ្នក​បង្វឹក​ផ្នែក​កម្លាំង, ​និង​ ជំនាញ​ផ្នែក​​អាហារូបត្ថម្ភ​តាំង​ពី​ឆ្នាំ​ ២០០៩​ មក។ ​ អំឡុង​ពេល​ខ្ញុំ​សិក្សា​ខ្ញុំ​បាន​ធ្វើ​ការ​នៅ​កន្លែង​ Gym មួយ​ដោយ​មិន​ទទួល​បាន​ប្រាក់​ខែ ប៉ុន្តែ ​ខ្ញុំ​បាន​រៀន​ និង​ទទួល​បាន​កាត​សមាជិក​​ឥត​បង់​ថ្លៃ។ ​អំឡុង​​ពេល​នោះ ​​ខ្ញុំ​អនុវត្តន៍​នូវ​អ្វី​ដែល​ខ្ញុំ​បាន​រៀន។ ​បន្ទាប់​មក​ទៀត​ខ្ញុំ​បាន​ធ្វើ​ការ​នៅ​កន្លែង​ Gym ធំ​មួយ​នៅ​ប្រទេស​ហុល្លង់​ ​ក្នុង​នាម​​ជា​​អ្នក​ជំនាញ​ស្តារ​នីតិសម្បទា។

ONE បន្ទាប់​ពី​បង្ហាត់​ដល់​កូន​សិស្ស​នៅ CTT រយៈ​ពេល​ប្រមាណ​ ៣ ខែតើ​លោក​យល់​យ៉ាង​ណា​ចំពោះ​ភាព​រីក​ចម្រើន​របស់​ពួក​គេ?

ចម្លើយ៖ ការ​វាយ​តម្លៃ​កីឡាករ​មាន​ពីរ​ប្រភេទ​​ គឺ​ ​ «អត្តនោម័តិ ​» និង «សត្យានុម័ត»​។ អត្តនោម័តិ ​មាន​ភាព​ងាយ​ស្រួល​បំផុត​ដោយ​គ្រាន់​តែ​សួរ​កីឡាករ​ ​អារម្មណ៍​យ៉ាង​ណា​ក្រោយ​ហ្វឹកហាត់​ ហើយ​ ​យើង​ទទួល​បាន​​​ភាព​កែ​តម្រូវ​ត្រលប់​មក​វិញ។ ​​​មើល​ទៅ​ពួក​គេ​មាន​ការ​​បម្លាស់ទី​​ល្អ​ជាង​មុន ​រាង​កាយ​មើល​ល្អ​ជាង​មុន​ ​និង ​មើល​ទៅ​សប្បាយ​ចិត្ត។ នេះ​ជា​ការ​វាស់​ស្ទង់​ខាង​ក្រៅ។​ ​ប៉ុន្តែ​ «សត្យានុម័ត» ​វិញ​យើង​ត្រូវ​​ធ្វើ​តេស្ដ​តាម​កម្មវិធី​របស់​យើង។ ​​ការ​ធ្វើ​​តេស្ដ​គឺ​ជា​ការ​វាយ​តម្លៃ​ចំពោះ​កម្លាំង​របស់​ពួក​គេ សន្ទុះ ​ភាព​អំណត់ ​ភាព​រហ័សរហួន​ និង ភាព​បត់បែន។ ពេល​​នេះ​យើង​កំពុង​តែ​​ព្យាយាម​​រៀប​ចំ​ថ្ងៃ​​ខែ​ដើម្បី​​ធ្វើ​តេស្ដ​ឡើង​វិញ​ ថា​​តើ​ពួក​គេ​នឹង​រីកចម្រើន​កម្រិត​ណា​ដែរ​​ផ្នែក​​កម្លាំង​ស៊ុហ្វ​ បន្ទាប់​ពី​ហ្វឹកហាត់។

ONE អ្វី​ជា​​កត្តា​សំខាន់​ដែល​ជួយ​ឲ្យ​កម្លាំង​​កាន់​តែ​ល្អ​ឡើង​សម្រាប់​កូន​សិស្ស​ ឬ ​កីឡាករ​នៅ CTT? ចម្លើយ៖ ​​ការ​ហ្វឹកហាត់​​​ផ្នែក​កម្លាំង​ នឹង​ធ្វើ​ឲ្យ​ការ​​ប្រកួត​កាន់​តែ​ល្អ​ប្រសើរ​ឡើង​នៅ​​លើ​សង្វៀន។ ​​យើង​ត្រូវ​តែ​ផ្លាស់​ប្ដូរ​ទម្លាប់​ចាស់(Old School) ​ពោល​ «train hard or go home» ឬ ​ន័យ​ថា «​ហ្វឹកហាត់​ខ្លាំង ឬ​ ​ត្រលប់​ទៅ​ផ្ទះ​វិញ»។ វា​មិន​មែន​ជា​ការ​ស្រាវជ្រាវ​សម័យ​ទំនើប​នោះ​ទេ​ ​ហើយ​វា​ធ្វើ​ឲ្យ​កីឡាករ​ឆាប់​រង​របួស។ ​​យើង​ត្រូវ​ ​គោរព​តាម​ប្រព័ន្ធ​ចលនា​របស់​មនុស្ស ​ដូច​ជា​ អំណត់ កម្លាំង សន្ទុះ ភាព​បត់បែន និង បម្លាស់ទី។ ​នេះ​ជា​ចំណុច​ចាំ​បាច់​បំផុត​សម្រាប់​កីឡាករ​គ្រប់រូប ប៉ុន្តែ​ពួក​គេ​តែង​តែ​មើល​រំលង។ ចំណុច​សំខាន់​ខ្លាំង​នោះ​គឺ អំណត់ ​ដែល​​ត្រូវ​ឆ្លើយ​សំណួរ​ថា​ ​កីឡាករ​អាច​ស៊ូ​បាន​ប៉ុន្មាន​ទឹក​នៅ​លើ​សង្វៀន។ ​ភាព​បន់​បែន​សំដៅ​លើ​ការ​វ៉ៃ​ចេញ​ និង ទាត់​​ជា​ដើម។ ​សន្ទុះ​ គឺ​សំដៅ​​​លើ​ចលនា​នៃ​​កម្លាំង ទាត់​និង​វ៉ៃ​ចេញ ​ល្បឿន​ ​បម្លាស់ទី និង​ ​ភាព​​រហ័ស (Speed, Agility, Quickness)។ ​កម្លាំង​ ​មាន​ន័យ​ថា ​ស្ថានភាព​ទូទៅ​ដែល​​​ទ្រទ្រង់​ដល់​សាច់​ដុំ​ និង​ឆ្អឹង។​ បើ​​មាន​ទាំង​អស់​នេះ​ យើង​អាច​គ្រប់គ្រង​ស្ថានការណ៍​លើ​សង្វៀន​បាន​ល្អ។

ONE ឆ្លង​តាម​បទ​ពិសោធន៍​របស់​លោក​ ​​តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​​ផ្ដល់​កម្លាំង​ស៊ុហ្វ​ដល់​កីឡាករ​ឲ្យ​កាន់​តែ​ខ្លាំង​ក្លា​ថែម​ទៀត?

ចម្លើយ៖ ​នេះ​​វិធី​សាស្ត្រ​ល្អ​ក្នុង​​ការ​បង្កើន​កម្លាំង​​ស៊ុហ្វ។ ​អ្នក​រាល់​គ្នា​អាច​ហ្វឹកហាត់​ខ្លាំង វា​ជា​ការ​ងាយ​ស្រួល​ទេ។ ប៉ុន្តែ​វិធី​ហ្វឹកហាត់​ខ្លាំង​ស្រប​តាម​បច្ចេកទេស​​​​ដែល​ធ្វើ​មិន​ឲ្យ​​ប៉ះ​ពាល់​ដល់​សុខភាព​ទើប​លំបាក។ ​នេះ​​​តម្រូវ​ឲ្យ​មាន​ចំណេះ​ដឹង ផែនការ​ ការ​បង្កើត​កំហុស​ និង ​ការ​រៀន​អំពី​​កំហុស​ទាំង​នោះ។ ​កីឡាករ​ត្រូវ​តែ​នៅ​ជា​មួយ​អ្នក​ជំនាញ។ ការ​តម​អាហារ​ និង ​ការ​ហាត់​កម្លាំង​បាន​ល្អ​ធ្វើ​ឲ្យ​យើង​ជៀស​ផុត​ពី​បញ្ហា​របួស​នានា។ ​​បើ​​មើល​អត្តពលិក​ល្បីៗ​ក្នុង​​លោក​ ពួក​គេ​សុទ្ធ​តែ​មាន​អ្នក​ជំនាញៗ​នៅ​ក្បែរ​ខ្លួន​ជា​និច្ច​ និង ​ទទួល​ការ​ហ្វឹកហាត់​តាម​បច្ចេកទេស​​ផ្សេងៗគ្នា។ ​កីឡាករ​ត្រូវ​ទទួល​យក​ចំណេះ​ដឹង​ពី​គ្រប់​អ្នក​ជំនាញ ​ជា​មួយ​ការ​អត់ធ្មត់​​ខ្ពស់ និង​ ​​ទទួល​តុល្យភាព​​ការ​ហ្វឹកហាត់ និង​ ​​ការ​ថែ​​​ទាំ​​រាង​កាយ​ឲ្យ​ល្អ​ប្រសើរ(Body Recover)។

ONE ៖ ​មុន​នឹង​បញ្ចប់​​​ តើ​លោក​មាន​សារ​​ផ្ដាំ​ផ្ញើ​អ្វី​ដែល​ខ្ញុំ​មិន​បាន​សួរ​ខាង​លើ?

ចម្លើយ៖ ដូច​ខ្ញុំ​មាន​ផ្ដោត​ខាង​លើ​អីចឹង កីឡាករ​និង​គ្រូ​បង្វឹក ដែល​ខ្ញុំ​បាន​ឃើញ​គឺ​ធ្វើ​ការងារ​ខ្លាំង​ណាស់​​ដោយ​​ក្ដី​ស្រលាញ់​ មើល​ទៅ​អស្ចារ្យ​ ទោះ​មិន​ទាន់​​ដល់​កម្រិត​កំពូល​​​​​ក្ដី។ ​ដើម្បី​ធ្វើ​ឲ្យ​ប្លែក ​យើង​​មាន​សមាសភាព​ ៣ សំខាន់៖ ទី១ ត្រូវ​ទទួល​ស្គាល់​ថា​ការ​​ហ្វឹកហាត់​នេះ​មិន​ទាន់​គ្រប់គ្រាន់​និង​ត្រូវ​មាន​ភាព​វៃ​ឆ្លាត។ នេះ​មាន​ន័យ​ថា ​យើង​ត្រូវ​ការ​ពេល​​វេលា​​ហ្វឹកហាត់​ជា​ប្រចាំ​​ផ្ដោត​លើ​​កម្លាំង​ដើម្បី​ឈាន​ដល់​គោល​ដៅ សមត្ថភាព​ និង​ ​ត្រូវ​ការ​អ្នក​ជំនាញ​នៅ​ក្បែរ​ជា​និច្ច។ ​ទី២៖ ​របប​អាហារ​ ​​ជា​ការ​រួម​ចំណែក​​​សំខាន់​រហូត​ដល់​ ៥០%។ ​របប​អាហារ​អាច​នាំ​ឲ្យ​រាងកាយ​​បញ្ចេញ​កម្លាំង​ និង​ ​សន្ទុះ​ល្អ​​ក្រៅ​ពី​ការ​ហ្វឹកហាត់។ ​ បើ​ការ​បរិភោគ​អាហារ​មិន​ត្រឹមត្រូវ ​អ្នក​នឹង​មិន​អាច​ទទួល​បាន​ផល​ល្អ​ពី​ការ​ហ្វឹកហាត់​ឡើយ។ ទី​៣៖ ​ការ​អប់​រំ/ការ​ធ្វើ​ការ​​រួម​គ្នា​នៅ​កម្ពុជា​​ ខ្ញុំ​បាន​ជួប​មនុស្ស​ដែល​មាន​ឆន្ទៈ​ជា​ច្រើន។ ​អ្នក​ទាំង​អស់​មាន​ទេពកោសល្យ​ផ្សេង​គ្នា​និង​ ​មាន​ជំនាញ ​​ប៉ុន្តែ ​ពួក​គេ​​​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា។ ​យើង​ត្រូវ​តែ​ព្យាយាម​ និង រក​វិធី​ដើម្បី​ចូល​រួម​​ជា​មួយ​គ្នា និង​ជំរុញ​ស្ថានភាព​បច្ចុប្បន្ន និង​ យុវជន​ជំនាញ​ក្រោយ​ឲ្យ​ទៅ​កម្រិត​​ខ្ពស់​ឡើងៗ។ ​​កីឡាករ​កម្ពុជា​កំពុង​តែ​ដើរ​ទៅ​មុខ​ហើយ​ ប៉ុន្តែ​ផ្នត់​គំនិត​ល្អ​​ត្រូវ​តែ​នៅ​ជា​មួយ​គ្នា ​​នោះ​យើង​អាច​កែ​ប្រែ​​​​​ភាព​កម្សោយ​របស់​យើង​ទៅ​​ក្លាយ​ជា​ការ​ប្រកួត​ប្រជែង​ដ៏​អស្ចារ្យ​លើក​ឆាក​អន្តរជាតិ​នា​ពេល​ខាង​មុខ៕

អត្ថបទ៖ ស៊ីធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s