ម្ចាស់​ខ្សែ​ក្រវាត់​៣​ ផល សោភ័ណ្ឌ​ ​បង្ហើប​បំណង​​ទៅ​ប្រកួត​នៅ​​សង្វៀន​ ONE នា​​ថ្ងៃ​ណា​មួយ

ម្ចាស់​ខ្សែ​ក្រវាត់​៣​ ​និង​ ​​ជា​​​ម្ចាស់​មេដាយ​មាស​ថ្នាក់​ជាតិ​​ច្រើន​ដង​ទាំង​ប្រដាល់​​​សេរី​ និង​សកល​ ​ផល សោភ័ណ្ឌ​ បង្ហើប​អំពី​​បំណង​​​​ទៅ​ប្រកួត​សង្វៀន​កម្រិត​ពិភព​លោក​ ONE Championship នៅ​ថ្ងៃ​​ណា​មួយ។​ ​ការ​បង្ហាញ​ជំហរ​បែប​នេះ​​ព្រោះ​ចង់​សាក​​​ល្បង​​សមត្ថភាព​ ចង់​​​ដឹង​​បច្ចេកទេស​ថ្មីៗ​ និង​ ចង់​យក​ពិសោធន៍​បន្ថែម​ទៀត​អំពី​ការ​រៀប​ចំ​កម្រិត​ពិភព​លោក​​​និង​អន្តរជាតិ​ បន្ទាប់​ពី​ប្រឡូក​​នៅ​​សង្វៀន​​​ក្នុង​ស្រុក​​តាំង​ពី​​ប្រភេទ​ទម្ងន់​ ៣០ ​គីឡូក្រាម​មក​ម៉្លេះ។

ម្ចាស់​ខ្សែ​ក្រវាត់​​ខារ៉ាបាវ​ពីរ​ឆ្នាំ​ជាប់​គ្នា​​បាន​ថ្លែង​​យ៉ាង​ដូច្នេះ៖ «​​ខ្ញុំ​ចង់​បង្ហាញ​សមត្ថភាព​នៅ​សង្វៀន ONE នា​ថ្ងៃ​ណា​មួយ​ទោះ​លទ្ធផល​យ៉ាង​ណា​ ខ្ញុំ​​នឹង​​ប្រឹង​ឲ្យ​អស់​អំពី​សមត្ថភាព​​បើ​សិន​ជា​​​គេ​ផ្ដល់​​ឱកាស​​ឲ្យ។ ​ពេល​កីឡាករ​​ខ្មែរ​​​យើង​ចេញ​ទៅ​ប្រកួត​ ខ្ញុំ​តែង​តែ​តាម​ដាន​មិន​បង​ ចាន់ រតនា, ​កាកា និង​ ឡៅ ​ចិត្រា​ នា​ពេល​កន្លង​មក​ទេ។ពេល​ខ្ញុំ​បាន​តាម​ដាន​ ខ្ញុំ​ឃើញ​នៅ​សង្វៀន​ ONE ​កីឡាករ​គូ​ប្រជែង​នឹង​កីឡាករ​ខ្មែរ​ គេ​​ជំហរ​រឹងៗ ហើយ​រហ័ស​ៗ ណាស់​ដូច​ Rodtang និង​ Superlek Kiatmoo9​ ​ជា​ដើម។ ​កីឡាករ​ថៃ​ទាំង​ពីរ​នេះ​រហ័សរហួន​លើ​​បម្លាស់ទី​​ ​និង​ ការ​វ៉ៃ​ចេញ​របស់​គេ​ក៏​ល្អ​ដែរ​រួម​ទាំង​ការ​ទាត់​ផង»។

ដ្បិត​មើល​​ឃើញ​គូ​ប្រកួត​របស់​ខ្មែរ​​កន្លង​មក​ខ្លាំងៗ​ ​​កីឡាករ​មក​ពី​ក្លិប​តាឡី​ដំរី​មាន​រិទ្ធិ​រូប​នេះ​រៀប​រាប់​​ទៀត​ថា​ ​ពេល​ខ្លះ​​​ត្រូវ​ស្វែង​រក​អ្វី​ដែល​​ជា​បទ​ពិសោធន៍​ថ្មី​ និង​ រៀន​យល់​ដឹង​អំពី​ការ​រៀប​ចំ​​​នៅ​មជ្ឈដ្ឋាន​អន្តរជាតិ​ ហើយ ​វា​ក៏​ជា​ការ​វាស់​ស្ទង់​​មួយ​​ដែរ​ដើម្បី​យក​មក​អភិវឌ្ឍ​ខ្លួន។ ​កីឡាករ​ដែល​ហាត់​ប្រដាល់​តាំង​ពី​អាយុ​ ១៣ ឆ្នាំ​​​បាន​ខំ​ប្រឹងប្រែង​ហ្វឹកហាត់​ជា​ប្រចាំ​ព្រោះ​ទីផ្សារ​ប្រកួត​នៅ​​ក្នុង​ស្រុក​ក៏​ច្រើន​ដែរ​ ​​ហើយ​វា​​​ជា​ស្ពាន​មួយ​ដើម្បី​ចម្លង​ទៅ​ប្រកួត​​កម្រិត​អន្តរជាតិ។​ ​ប្អូន​ប្រុស​របស់​ ផល​ សុផាត​ ​បាន​ត្រៀម​ខ្លួន​ជា​ហូរហែ​ ព្រោះ​រូប​គេ​​ក៏​កំពុង​វាយ​ដណ្ដើម​ខ្សែ​ក្រវាត់​គូបូតា​ទម្ងន់​ ៦៣,៥ គីឡូក្រាម​​ នៅ​សង្វៀន​បាយ័ន​ ដែល​មាន​សមាសភាព​​កីឡាករ ​ថៃ​ និង​ ខ្មែរ​ចំនួន​ ៨ ​រូប។ ​​​​​​កន្លង​មក​កីឡាករ​វ័យ​ ២៧ ឆ្នាំ​រូប​នេះ​​បាន​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​ខ្សែ​ក្រវាត់​នេះ​ដែរ​ ប៉ុន្តែ​បាន​ត្រឹម​លេខ​២​ ដោយ​សារ​ចាញ់​​ជើង​ខ្លាំង​មក​ពី​ក្លិប​ប្រដាល់​ទ័ព​ឆត្រ​យោង​៩១១​ ឡៅ ចន្ទ្រា​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​កាល​ ៣ ឆ្នាំ​មុន។

ម្ចាស់​ខ្សែ​ក្រវាត់​ស្រាបៀរ​កម្ពុជា​ ដែល​ដណ្ដើម​បាន​ពី វង្ស ណយ ទទួល​​ស្គាល់​ថា៖«​កម្លាំង​ស៊ុហ្វ​ ជា​បញ្ហា​ប្រឈម​មួយ​​សម្រាប់​កីឡាករ​ខ្មែរ​នៅ​សង្វៀន​ ONE ​ក្រៅ​ពី​បច្ចេកទេស។ ​ជាក់​ស្ដែង​ខ្ញុំ​ខ្លួន​​ឯង​ក៏​ស៊ុហ្វ​ធ្លាក់​ចុះ​​ខ្លះ​ដែរ​មួយ​រយៈ​នេះ​ ប៉ុន្តែ​​នៅ​ខំប្រឹង​រាល់​ថ្ងៃ​ដើម្បី​​កុំ​ឲ្យ​ចាញ់​ស៊ុហ្វ​គេ​ និង​​ វ៉ៃ​ដណ្ដើម​ខ្សែ​ក្រវាត់​​នៅ​កម្ពុជា។​ ​​ខ្ញុំ​ជឿ​ថា​ ​កម្លាំង​ស៊ុហ្វ​របស់​ខ្ញុំ​នឹង​ល្អ​ប្រសើរ​ឡើង»។

គួរ​ដឹង​ថា​ ផល​ សោភ័ណ្ឌ កើត​នៅ​ឆ្នាំ​ ១៩៩២។ គេ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​​ ខារ៉ាបាវ​ ពីរ​ឆ្នាំ​ជាប់​គ្នា​ នៅ​ឆ្នាំ​ ២០១២ និង​ ​២០១៣​ ហើយ​ ដណ្ដើម​ខ្សែ​ក្រវាត់​ស្រាបៀរ​កម្ពុជា​បាន​ពី​ វង្ស ណយ​ នៅ​ឆ្នាំ​ ២០១១។ ក្រៅ​ពី​​នោះ​​​​កូន​សិស្ស​លោក​​តា​ញ៉ូវ ម៉ាក និង ​លោក​ ម៉ាក​ សាខន ​ធ្លាប់​ឈ្នះ​​មេដាយ​​មាស​ទូទាំង​ប្រទេស​ក្នុង​វិញ្ញាសា​​ប្រកួត​​សាកល​ និង​ ​ឈ្នះ​មេដាយ​មាស​ថ្នាក់​ជាតិ​ក្នុង​វិញ្ញាសា​ប្រកួត​ប្រដាល់​សេរី​ជា​ច្រើន​ទៀត​ផង។ កំណត់​​ប្រកួត​របស់ សោភ័ណ្ឌ ​ប្រហែល​​ឡើង​សង្វៀន​​បាន​​ជាង​ ១២០ ​ដង​មក​​ហើយ​ បើ​រាប់​បញ្ចូល​ទាំង​ ​ប្រដាល់​​គុន​ខ្មែរ​ និង​ ​សកល។ រឿង​ដែល​គួរ​ឲ្យ​ចង​ចាំ​មួយ​ទៀត គឺ ​ឡើង​រេញ​​លើក​ដំបូង​នៅ​ប៉ុស្តិ៍​លេខ៥ ​ក្នុង​ប្រភេទ​​ទម្ងន់​ ​៣០ ទៅ ​៣៥​ គីឡូ ដែល​​ពេល​នោះ​ប៉ះ​ ផន ប៊ុនម៉ៅ​ ​​ដោយ​ទទួល​បាន​តម្លៃ​ខ្លួន​ ប្រហែល​ ៨ ម៉ឺន​រៀល៕ ​

អត្ថបទ៖ ស៊ីធី

Leave a Reply