ក្លិប​​ «អាណា​ចក្រ​​ប្រយុទ្ធ​»​ ​កំពុង​​បណ្ដុះបណ្ដាល​កីឡាករ​ឲ្យ​កាន់​តែ​មាន​គុណ​ភាព​ដើម្បី​​អាច​ប្រកួត​ប្រជែង​លើ​សង្វៀន​ ONE និង​ កម្មវិធី​អន្តរជាតិ​នានា

ក្លិប​ «អាណា​ចក្រ​ប្រយុទ្ធ» ឬ ​ហៅ​ Kingdom Fight Gym (KFG) ​​​ស្ថិត​នៅ​ខេត្ត​សៀមរាប។ ​​ក្លិប​នេះ​កំពុង​តែ​បណ្ដុះបណ្ដាល​កីឡាករ​វ័យ​ក្មេង​ជា​ច្រើន​នាក់​​នៅ​​ឯ​ខេត្ត​សៀមរាប​ ​​ដើម្បី​​ឲ្យ​ពួក​គេ​មាន​​សមត្ថភាព​អាច​ប្រកួត​ប្រជែង​លើ​សង្វៀន​​កម្រិត​ពិភព​លោក ​ONE និង​ កម្មវិធី​អន្តរជាតិ​នានា។ ​ គង់ សំបូរ ដែល​​ជា​​កីឡាករ​លេច​ធ្លោ​ម្នាក់​នៅ​ក្លិប​នេះ​​ក៏​​បាន​ប្រឡូក​លើ​សង្វៀនONE ​ដែរ​កាល​ខែ​ កុម្ភៈ​ ​កន្លង​ទៅ។ ONE បាន​ជួប​សម្ភាសន៍​លោក Kwok Leung Tsang ដែល​ជា​សហ​ស្ថាបនិក​ ​របស់​ក្លិប​ «អាណា​ចក្រ​ប្រយុទ្ធ» ដូច​ខាង​ក្រោម៖​​

ONE: ​ជម្រាប​សួរ​លោក! តើ​ក្លិប​ «អាណា​ចក្រ​ប្រយុទ្ធ» ដំណើរ​ការ​​បាន​រយៈ​ ​ពេល​ ប៉ុន្មាន​​​ឆ្នាំ​ហើយ? ​​តើ​មាន​កីឡាករ​អាជីព​ច្រើន​ទេ​នា​ពេល​បច្ចុប្បន្ន​នេះ?

Kwok Leung Tsang: KFG ​បាន​​បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ៣១​ ខែ មីនា​ ឆ្នាំ​ ២០១៨ ពោល​​ទទួល​កូន​សិស្ស​ហ្វឹកហាត់​ជាង​ ១ ឆ្នាំ​មក​ហើយ។​ ​​ក្រៅ​ពី​កូន​សិស្ស​ខ្មែរ​ ឬ បរទេស​​ ​ចង់​ចេះ​ក្បាច់​គុន​ និង ​ហាត់​​ដើម្បី​សុខភាព​ ​យើង​មាន​កូន​សិស្ស​ហាត់​អាជីព​ចំនួន ៤​ រូប។​ ​ហើយ​ក៏​មាន​កូន​សិស្ស​​​ចូល​រួម​ចុះ​ឈ្មោះ​ជា​ហូរហែ​ដែរ។​ ​យើង​​រំពឹង​ថា​ ទទួល​បាន​កូន​សិស្ស​អាជីព​ជា​បន្ត​ទៀត។

ONE: ជើង​ខ្លាំង​ក្នុង​ស្រុក​ គង់ សំបូរ និង​ ឫទ្ធ សាស្ត្រាវុធ ​សុទ្ធ​តែ​ទទួល​ការ​ហ្វឹកហាត់​នៅ​ទី​នោះ។ ​តើ​អ្វី​ជា​គម្រោង​បន្ទាប់​សម្រាប់​​បណ្ដុះ​បាន​កីឡាករ​ថ្មីៗ​បន្ថែម​ទៀត?

Kwok Leung Tsang: ​យើង​មាន​កីឡាករ​មាន​ទេពកោសល្យ​ម្នាក់​​​អាយុ​ត្រឹម​ ១៨ ឆ្នាំ​​​ ដែល​​គេ​កំពុង​ទទួល​បាន​ការ​​​ចាប់​​អារម្មណ៍​ខ្លាំង។​ ​​ហើយ​​​យើង​ក៏​មាន​កីឡាករ​ក្មេង​ៗ​ពីរ​បី​នាក់​ទៀត​ដែរ​ ដែល​ពួក​គេ​ហាត់​​ដើម្បី​ចង់​ប្រកួត។ ​​​ជា​គំនិត​ ខ្ញុំ​ចង់​បង្កើត​ឲ្យ​មាន​កម្មវិធី​បណ្ដុះបណ្ដាល​កីឡាករ​វ័យ​ក្មេង​ជា​ច្រើន​ទៀត​ ប៉ុន្តែ​ភាព​រាំង​ស្ទះ​គឺ ដោយ​សារ​ថវិកា​​មាន​កម្រិត។ ​ប៉ុន្តែ​​​យើង​បាន​បង្កើត​កម្មវិធី​​មួយ​នៅ​ ហុល្លង់​ ​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​ថវិកា ​និង​យក​មក​អភិវឌ្ឍ​កម្មវិធី​​ថ្នាល​កីឡាករ​របស់​យើង។ ​កីឡាករ​ និង ​ក្មេងៗ​នៅ KFG ទទួល​បាន​ការ​ស្នាក់​នៅ​ ​ញុំា​អាហារ​ ការ​ហ្វឹកហាត់​ និង ការ​សិក្សា​ភាសា​អង់គ្លេស​​ឥត​គិត​ថ្លៃ។ ​យើង​ត្រូវ​ការ​​ជ្រើស​រើស​កីឡាករ​​ក្មេងៗ​ជា​ច្រើន​ទៀត​ ប៉ុន្តែ​ជំហាន​ដំបូង​​យើង​​ត្រូវ​ឲ្យ​មនុស្ស​ស្គាល់​​កន្លែង​ហ្វឹកហាត់​​របស់​យើង​សិន។

ONE: គុន​ខ្មែរ​​មាន​រូប​ចម្លាក់​លើ​​ជញ្ជាំង​ប្រាសាទ​អង្គរ​វត្ត​ជា​ភស្តុតាង​​នៅ​​ខេត្ត​សៀមរាប ប៉ុន្តែ​បែរ​មិន​សូវ​មាន​សកម្មភាព​ផុសផុល​នៅ​ខេត្ត​វ័យ​ចំណាស់​មួយ​នេះ។ តើ​​លោក​យល់​យ៉ាង​ណា?

​ Kwok Leung Tsang: ដោយ​មាន​​ការ​រៀប​ចំ​​​សង្វៀន​​ប្រកួត​​នៅ​​​ខេត្ត​សៀមរាប ​ខ្ញុំ​សង្ឃឹម​ថា​​​នឹង​មាន​ការ​ប្រកួត​​​យ៉ាង​​​ផុលផុស​ឡើង​វិញ​នៅ​​ខេត្ត​នេះ។ ​ប៉ុន្តែ​រឿង​តែ​មួយ​គត់​គឺ ​កម្រិត​ថវិកា។ ​មួយ​ទៀត​ ​កីឡាករ​ត្រូវ​តែ​​រស់​នៅ​បាន​ល្អ។ ពួក​គេ​ត្រូវ​ការ​ទទួល​ប្រាក់​​ឧបត្ថម្ភ​​ទៀង​ទាត់ ទើប​ពួក​គេ​មិន​ទៅ​ធ្វើ​ការ​ផ្សេង ក្រៅ​ពី​ហ្វឹកហាត់ និង ឡើង​​ប្រកួត។ ​នេះ​ជា​ចំណុច​ដែល​​យើង​ព្យាយាម​ធ្វើ​ ដោយ​ផ្ដល់​​ឱកាស​​ដល់​កីឡាករ ​វា​មិន​ងាយ​ស្រួល​ទេ ​វា​ជា​ការងារ​លំបាក​ និង ​​ត្រូវ​ហ្វឹកហាត់​​ឲ្យ​ខ្លាំង។ ​​​ធ្វើ​បែប​នេះ​​ ទើប​​យើង​អាច​នាំ​ពួក​គេ​ទៅ​​យក​បទ​ពិសោធន៍​កម្រិត​​ពិភព​លោក​បាន​។

ONE: ក្រៅ​ពី​ការ​បង្វឹក​គុន​ខ្មែរ ​តើ​មាន​បើក​បង្ហាត់​ គុន​ចម្រុះ​ (MMA) ឬ នៅ? ​​តើ​​រយៈ​ពេល​ប៉ុន្មាន​ដែល​កីឡាករ MMA របស់​លោក​អាច​ប្រកួត​ប្រជែង​បាន​នៅ​សង្វៀន​អន្តរជាតិ​ដូច​ជា​ ONE?

Kwok Leung Tsang: យើង​​អត់​ទាន់​មាន​ការ​បង្ហាត់​កីឡាករ MMA នៅ​ឡើយ​ទេ​នៅ​ក្លិប​របស់​យើង ប៉ុន្តែ​​យើង​កំពុង​តែ​​ស្វែង​រក​គ្រូ​បង្វឹក​​​ដែល​មាន​ជំនាញ​ ជីជិតស៊ូ ​និង ​​គុន​ចម្រុះ។ ​ពេល​​​មាន​គ្រូ​បង្វឹក​ត្រឹម​ត្រូវ​​ក្លិប​​នឹង​រៀប​ចំ​ឲ្យ​​មាន​កូន​សិស្ស​ផ្នែក​នេះ។

ONE: តើ​​មាន​​ចំណុច​អ្វី​បន្ថែម​ទៀត​ចំពោះ​​សំណួរ​​​ខ្ញុំ​មិន​​បាន​សាកសួរ​ពី​​​ខាង​លើ​?

Kwok Leung Tsang: ​យើង​កំពុង​ពង្រឹង​កីឡាករ​គុន​ខ្មែរ​​​ឲ្យ​ដល់​ចំណុច​ខ្លាំង​​មួយ​ទៀត​ ដែល​គេ​ឲ្យ​ឈ្មោះ​ថា Kun Khmer 2.0។ ​យើង​បង្ហាត់​​​លាយ​ជា​មួយ​ស្ទិល​ប្រដាល់ K1 Kickboxing ​ដើម្បី​​ឲ្យ​ពួក​គេ​អាច​ប្រកួត​ប្រជែង​នៅ​កម្រិត​អន្តរជាតិ។ ​យើង​អាច​ឃើញ​ការ​​អភិវឌ្ឍន៍​​​ឆាប់​រហ័ស​របស់​ «មួយ​ថៃ»​​ប្រមាណ​មួយ​ទសវត្ស​​ចុង​ក្រោយ​នេះ​ ហើយ​ដ្បិត​គុន​​ខ្មែរ​ជា​ក្បាច់​គុន​យូរយារ​​របស់​ដូន​​តា​ខ្មែរ​ ​ប៉ុន្តែ​​នៅ​ដើរ​ពី​ក្រោយ​ មួយថៃ។ ​យ៉ាង​ណា​ក្ដី​ យើង​អាច​រៀន​អំពី​បទ​ពិសោធន៍​ថ្មីៗ​ដែល​ជោគជ័យ​របស់​គេ​ ​លើក​ឆាក​អន្តរជាតិ​ ខណៈ​ដែល​យើង​មាន​ក្បាច់​គ្រឹះ​រួច​ស្រាប់​ទៅ​ហើយ។ ​ដោយ​សារ​តែ​ភាព​វឹកវរ និង ប្រវត្តិសាស្ត្រ​ខ្មៅ​ងងឹត​របស់​កម្ពុជា​ ទើប​ធ្វើ​ឲ្យ​ យើង​ដើរ​ក្រោយ​​គេ​ប្រើ​ប្រៀបធៀប​ប្រទេស​ផ្សេង។ ​​បែប​ណា​​ក៏​ដោយ​ ​ខ្ញុំ​នៅ​តែ​ជឿជាក់​ថា​ ព្រលឹង​របស់​ខ្មែរ ​​​យើង​រួម​ទាំង​ឆន្ទៈ​​ផង​ ​នឹង​អាច​នាំ​កីឡាករ​​កំពូល​ៗ​ របស់​កម្ពុជា​ទៅ​ប្រកួត​កម្រិត​ពិភព​លោក​បាន៕

អត្ថបទ៖ ស៊ីធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s