Agilan Thani ភ្ញាក់​ផ្អើល​ពេល​ឡើង​ប្រកួត​ប៉ះ​ជើង​​ចាស់​ ​Akiyama ​នៅ​សង្វៀន​ ONE

ជើង​ខ្លាំង​​​ម៉ាឡេស៊ី​ Agilan “Alligator” Thani ​ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ពេល​ជួប​​ Yoshihiro “Sexy Yama” Akiyama ដែល​គេ​ចាត់​ទុក​ជា​​កីឡាករ​គុន​ចម្រុះ​ស្ថិត​​​​ចំណោម​កីឡាករ​ខ្លាំង​​ទាំង​១០​​​​​ក្នុង​​តំបន់​អាស៊ី​ នៅ​សង្វៀន​ ONE: LEGENDARY QUEST នា​​​ក្រុង​សៀងហៃ​ប្រទេស​ចិន​​​នៅ​ថ្ងៃ​ទី​ ១៥ ​ខែ ​មិថុនា​ ឆ្នាំ​ ២០១៩ ខាង​មុខ​នេះ។ ​​នា​ពេល​កន្លង​ទៅ​ ស៊ុប​ពើ​ស្តារ​របស់​​ម៉ាឡេស៊ី​ ​តែង​តែ​ជួប​​កីឡាករ​ដែល​មាន​កម្រិត​ទាប​ជាង ឬ ​ប្រហាក់​ប្រហែល​គ្នា។ ​ឥឡូវ​​​នេះ​​ជើង​ខ្លាំង​គុន​ចម្រុះ​វ័យ​ទើប​ ២៣​ឆ្នាំ​រូប​នេះ​ត្រូវ​ ONE Championship ​ដាក់​​ឲ្យ​ជួប​​តារា​ជើង​ចាស់​ជប៉ុន​​លំដាប់​ពិភព​លោក​ដែល​ទើប​បង្ហាញ​ខ្លួន​ដំបូង​នៅ​សង្វៀន​អន្តរជាតិ​ ONE ​ដើម្បី​​ឲ្យ​ការ​ប្រកួត​កាន់​​កក្រើក​និង​អស្ចារ្យ។

Thani បាន​​​​ថ្លែង​ថា ៖«​​ដំបូង​ខ្ញុំ​ពិត​ជា​ភ្ញាក់​ផ្អើល​ និង​ ភ័យខ្លាច​ ​ប៉ុន្តែ​បើ​​មើល​ការ​រៀប​ចំ​របស់​ខ្ញុំ​ដែល​បោះ​ជំរំ​​ហ្វឹកហាត់ គឺ ខ្ញុំ​ត្រៀម​រួច​រាល់​ទៅ​ហើយ។​ ខ្ញុំ​​នឹង​ធ្វើ​​ឲ្យ​គេ​​ស្គាល់​​រសជាតិ​លើ​សង្វៀន​នេះ»។

Agilan Thani

កីឡាករ​ដែល​មាន​ដើម​កំណើត​នៅ​ Kuala Lumpur ​សារភាព​ថា ​គេ​ធ្វើ​មិន​បាន​ល្អ​សោះ​​ក្នុង​ពីរ​ប្រកួត​ចុង​ក្រោយ​ ប៉ុន្តែ​រូប​គេ​នឹង​​កាន់​តែ​ខ្លាំង​ជាង​មុន​តាម​រយៈ​ការ​ហ្វឹកហាត់​ខ្លាំង​​ បន្ទាប់​ពី​​​​​​ធ្វើ​ការ​វះកាត់​ និង​ ជា​សះ​ស្បើយ​​រួច​មក។

​អ្នក​លេង​គុន​ចម្រុះ​វ័យ​២៣ ឆ្នាំ​​ បញ្ជាក់​ថា​ ៖«​ខ្ញុំ​បាន​រៀន​​រឿង​រ៉ាវ​ជា​ច្រើន​​ពេល​​ខ្ញុំ​សម្រាក។ ​បើ​សិន​ខ្ញុំ​​ព្យាយាម​សួរ​អ្នក​ដទៃ។ ពួក​គេ​នឹង​និយាយ​ថា​​ អ្នក​មិន​ទាន់​រួចរាល់​នោះ​ឡើយ​ ហើយ​អ្នក​មិន​អាច​ឈ្នះ​ Akiyama ​នោះ​ដែរ។ ខ្ញុំ​ភ្ញាក់​ឡើង​រៀងរាល់​ព្រឹក​ ​ហើយ​ខ្ញុំ​ប្រាប់​ខ្លួន​​ខ្ញុំ​ផ្ទាល់។ ​ខ្ញុំ​ត្រូវ​តែ​យក​ឈ្នះ​ Akiyama។​ ខ្ញុំ​សន្យា​នឹង​ខ្លួន​​ឯង​​រាល់​ថ្ងៃ។​ បើ​មិន​​ឈ្នះ​ យ៉ាង​ហោច​​ក៏​ឲ្យ​រូប​គេ​ភ្លក្ស​រស់​ជាតិ​ក្បាច់​គុន​របស់​ខ្ញុំ​ដែរ។ ​​ហើយ​បើ​ខ្ញុំ​​វ៉ៃ​មិន​ឈ្នះ​ ខ្ញុំ​​នឹង​​ព្យាយាម​ម្ដង​ទៀត»។

ងាក​មក​ Akiyama ​បាន​ប្រឡូក​ក្នុង​ការ​ប្រកួត​គុន​ចម្រុះ​លំដាប់​ពិភព​លោក​​​ជា​ច្រើន​​ដោយ​ប្រកួត​ទល់​នឹង​កីឡាករ​​គុន​ចម្រុះ​ល្បីៗ​​លំដាប់​ពិភព​លោក​​ទៀត​ផង ហើយ​​ក្បាច់​គោល​របស់​គេ​គឺ​​​ជំនាញ​ផ្នែក​ យូដូ និង​ បញ្ចប់​ការ​ប្រកួត​បាន​យ៉ាង​ល្អ។ ​បែប​ណា​ក្ដី​ Thani ​មិន​បង្ហាញ​អំពី​បារម្ភ​ច្រើន​ឡើយ។ គេ​​​នឹង​​ធ្វើ​ឲ្យ​ការ​ប្រកួត​អស្ចារ្យ​ និង​ជម្នះ​ឲ្យ​បាន​​នៅ​​ Baoshan Arena ​ថ្ងៃ​សៅរ៍​ទី​ ១៥​ មិថុនា។

«​គេ​ជា​​កីឡាករ​ដ៏​ខ្លាំង​ម្នាក់​ដែល​មាន​ផ្នត់​គំនិត​​​​ជន​ជាតិ​ប៉ុន​ …​ ​មាន​ស្មារតី​រឹង​មាំ​​ណាស់។​ ​គេ​មាន​កម្លាំង​ចិត្ត​រួម​ទាំង​បទ​ពិសោធន៍​ជោកជាំ​ដែល​ធ្លាប់​ជួប​គូ​ប្រកួត​គ្រប់​កម្រិត​ជា​យូរ​មក​ហើយ។​ ​​គាត់​វៃ​ជំហរ​ដេក​ក៏​បាន​ ជំហរ​ឈរ​ក៏​បាន។ ក្បាច់​យូដូ​ជា​គ្រឹះ​របស់​គាត់​ក្នុង​ការ​ប្រកួត​នេះ ប៉ុន្តែ​​ ខ្ញុំ​ជឿជាក់​ក្បាច់​ ជីជិតស៊ូ របស់​ខ្ញុំ​​នឹង​​​ធ្វើ​បាន​ល្អ​ជាង។ ខ្ញុំ​មិន​គិត​ថា​ឈ្នះ​ដោយ​ពិន្ទុ ឬ ​វាយ​ឲ្យ​ចុះ​ចាញ់​​ទេ។​​​ តែ​​​ជ័យជម្នះ​ជា​​កម្លាំង​ចិត្ត​របស់​ខ្ញុំ»។ ​​អ្នក​លេង​គុន​ចម្រុះ​សញ្ជាតិ​ម៉ាឡេស៊ី​ពន្យល់​បែប​នេះ។

កីឡាករ​ដែល​មាន​​រហស្សនាម​ថា​ “Sexy Yama” បង​ “Thani” ​​រហូត​ដល់​ ​២០ ឆ្នាំ ប៉ុន្តែ​​បើ​មើល​លើ​ការ​ប្រកួត​គេ​មិន​អាច​ស្មាន​ថា​ ខាង​ណា​ល្អ​ជាង​​​​ខាង​ណា​ឡើយ។ Thani ឬ “Alligator” ​ស្គាល់​អំពី​គូ​ប្រជែង​ច្បាស់​ ហើយ​អាយុ​គ្រាន់​តែ​ជា​លេខ​ប៉ុណ្ណោះ។ Thani ​សើច​ហើយ​​និយាយ​បែប​នេះ ៖« គាត់​អាយុ​​៤៣ ​ឆ្នាំ​​ប៉ុន្តែ ​សាច់​ដុំ​របស់​គាត់​ល្អ​ជាង​ខ្ញុំ​ទៅ​ទៀត​​»។

Akiyama

Thani ​​រំលឹក​ថា​ កីឡាករ​ដែល​​​ប្រកួត​ជា​មួយ​​​គេ​​នៅ​ ONE Championship ​​ភាគ​ច្រើន​​​មាន​អាយុ​បង​ ហើយ​ពួក​គេ​​ប្រកួត​បាន​​យ៉ាង​ល្អ​ទល់​នឹង​ខ្លួន។ ​​​ជើង​ខ្លាំង​ម៉ាឡេស៊ី​​​ថា​ Akiyama ​នឹង​​មិន​ខុស​ពី​គូ​ប្រកួត​មុនៗ​ឡើយ​​​ពោល​គេ​​នឹង​​​ផ្ដល់​ការ​ប្រកួត​ដ៏​ទាក់ទាញ​ដល់​អ្នក​តាម​ដាន​ជាក់​ជា​មិន​ខាន។

Agilan Thani ជា​តារា​ប្រចាំ​សង្វៀន​ ONE ដែល​មាន​កំណត់​ត្រា​ឡើង​សង្វៀន​​គុន​ចម្រុះ​បាន​ចំនួន​ ១៧​ដង​ ​ក្នុង​នោះ​ឈ្នះ​ ១៤ ដង​ និង​ចាញ់​ ៣​ ដង។ ចំណែក ​Yoshihiro Akiyama ​ ដែល​មាន​វ័យ​រហូត​ដល់​ ៤៣ ​ឆ្នាំ​នោះ​ ឡើង​សង្វៀន​​គុន​ចម្រុះ​​រហូត​ដល់​ ២០ ​ដង​ក្នុង​នោះ​ឈ្នះ​ ​១៤​ ​ដង​និង​ចាញ់​ ៦​ដង៕ ​

អត្ថបទ៖ ស៊ីធី

Leave a Reply