CTT ជួល​សេវា​កម្ម​គ្រូ​បង្វឹក​ផ្នែក​កម្លាំង​និង​កាយសម្បទា​ម្នាក់​ដើម្បី​ឲ្យ​កីឡាករ​មាន​កម្លាំង​ស៊ុហ្វ​​កាន់​តែ​​ល្អ​​ប្រសើរ​​

ក្លិប​ប្រដាល់​សម្បូរ​ដោយ​កីឡាករ​គុន​ចម្រុះ​ចម្រុះ​ Cambodian Top Team (CTT) ​បាន​ជួល​សេវា​កម្ម​គ្រូ​បង្វឹក​​ម្នាក់​ផ្នែក​​កម្លាំង​ និង ​កាយ​សម្បទា​ម្នាក់​ដើម្បី​បង្វឹក​កម្លាំង​ស៊ុហ្វ​ដល់​កីឡាករ​ឲ្យ​កាន់​តែ​​ខ្លាំងក្លា​​ និង​ ឆ្ពោះ​ទៅ​​រក​កម្រិត​អន្តរជាតិ។ ​នេះ​ជា​ការ​​ប្រាប់​ឲ្យ​​ដឹង​របស់​​លោក​ ហ៊ុន ច័ន្ទរាជ្យ​ គ្រូ​បង្វឹក​ និង​​ជា​​​​​ម្ចាស់​​ក្លិប​ CTT។​ ​ក្លិប​ប្រដាល់​កំពុង​តែ​ទទួល​បាន​ប្រជា​ប្រិយភាព​ មួយ​នេះ​បាន​ជួល​សេវា​កម្ម​របស់​​​លោក​ Mark Chen ដែល​ជា​គ្រូ​បង្វឹក​​ជំនាញ​​ផ្នែក​​កម្លាំង​ និង​ ​កាយសម្បទា​​ ​ហើយ ​បច្ចុប្បន្ន​នេះ​​លោក​ក៏​ជា​​អ្នក​ជំនាញ​បង្វឹក​ផ្នែក​កម្លាំង ​និង​​ ​​កាយ​សម្បទា​​​នៅ​ក្លិប​បាល់ទាត់​​ព្រះខ័នរាជ​ស្វាយរៀង​​ផង​ដែរ។​

គ្រូ​បង្វឹក​ ​ហ៊ុន ច័ន្ទរាជ្យ ​​​បាន​គូស​បញ្ជាក់​យ៉ាង​ដូច្នេះ​ ៖«​​​​និយាយ​រួម​​បង​​…ពេល​កូន​សិស្ស​ខ្ញុំ​ហាត់​​ជា​មួយ​គ្រូ Fitness ហ្នឹង​​មាន​អត្ថប្រយោជន៍​ច្រើន​ ​​ហើយ​មិន​ថា​តែ​កីឡាករ​​​ខ្ញុំ​ទេ​ ​កីឡាករ​ផ្សេង​​​ស៊ុហ្វ​​​ក៏​ហាត់​អត់​ដល់​ ឆាប់​អស់​កម្លាំង​ ល្បឿន​យឺត​​​ ការ​វ៉ៃ​ចេញ​អី​ហ្នឹង​ក៏​យឺត ​។ យើង​មិន​ត្រូវ​ហ្វឹកហាត់​តែ​វ៉ៃ​សាក់ វ៉ៃ​ស៊ីប​ ​​បច្ចេកទេស​​វ៉ៃ​ និង​ ឡាំ​គ្នា​​នោះ​ទេ​ តែ​​យើង​ត្រូវ​ដើរ​​ឲ្យ​ទាន់​សម័យ​​បច្ចុប្បន្ន។ គ្រូ​ Mark Chen ជួយ​ឲ្យ​កីឡាករ​របស់​ខ្ញុំ​​​មាន​ល្បឿន​លឿន​ ​ជំហរ​រឹង​ ​​គេច​រហ័សរហួន​ និង ​ស៊ុហ្វ​ល្អ​ជាង​មុន​ ហើយ​ក៏​​អត់​ឆាប់​អស់​ដៃ​ អស់​ជើង​ដែរ។ ​អ្នក​ខ្លះ​ឃើញ​វ៉ៃ​ទៅ​​ឆាប់​អស់​ ព្រោះ​អត់​បាន​​​ហាត់​កម្លាំង​ ​​ហើយ​​ហាត់​តែ​បច្ចេកទេស។ ​ខ្ញុំ​ធានា​ថា​កីឡាករ​​របស់​ខ្ញុំ​​មាន​ស៊ុហ្វ​ល្អ​ជាង​មុន​ឆ្ងាយ​ណាស់​​ ​និង​ មាន​​កម្លាំង​​វ៉ៃ​​ចេញ​ក៏​លឿន​ជាង​មុន​ដែរ»។

ម្ចាស់​ក្លិប​ CTT ​​បាន​បន្ត​​ថា​ ការ​​ជួល​គ្រូ​បង្វឹក​ខាង​លើ​នេះ​​គឺ​​មិន​មាន​កិច្ច​សន្យា​អ្វី​នោះ​ទេ​ ពោល​​ បង់​ថ្លៃ​សេវា​ប្រចាំ​ខែ​​​តែ​ប៉ុណ្ណោះ​ ហើយ​​បើ​គិត​រហូត​​ដល់​ពេល​​នេះ​ កូន​សិស្ស​​​របស់​ CTT ​​​​​​ទទួល​ការ​បង្វឹក​រយៈ​ពេល​ប្រមាណ​ជា​ ៣ ​ខែ​មក​ហើយ។​

លោក​​​​​សង្កត់​ធ្ងន់​ថា​៖«​ខ្ញុំ​ជួល​គាត់​ [Chen] ​តាម​លទ្ធភាព​​អាច​ចំណាយ​ខ្លួន​​ឯង​បាន​ ហើយ​បើ​ខ្ញុំ​នៅ​តែ​មាន​​លទ្ធភាព​​ ​ខ្ញុំ​នៅ​តែ​ជួល​រហូត​ដល់​ធ្វើ​ឲ្យ​កីឡាករ​របស់​ខ្ញុំ​ខ្លាំង​ស៊ុហ្វ។ ​ទាល់​តែ​ខ្ញុំ​​​អស់​លុយ​ជួល​ ឬ​ ​ទៅ​លែង​រួច​បាន​ឈប់។ ​​​ក្រៅ​ពី​បន្ទុក​នេះ​ខ្ញុំ​មាន​កូន​សិស្ស​ស្នាក់​នៅ​ហូប​ចុក និង​ ត្រូវ​ជួល​គ្រូ​ផ្សេងៗ​ផង​ដែរ​​ និង ជួល​គ្រូ​មក​ពី​ក្រៅ​​ប្រទេស​ផ្នែក MMA ទៀត​ផង។ ​​​តាម​ពិត​ទៅ​​បើ​ខ្ញុំ​រក​លុយ​ទិញ​ដី​ទិញ​ផ្ទះ​អី​ហ្នឹង​ក៏​រស់​នៅ​ស្រួល​ដែរ​ ប៉ុន្តែ​គោល​បំណង​គឺ​ជួយ​កីឡាករ​ខ្មែរ​យើង​មួយ​ចំណែក​ឲ្យ​ខ្លាំង​ និង មាន​អាជីព​ប្រាកដ​»។

គ្រូ​បង្វឹក​ដដែល​​​​​រៀបរាប់​​ថា​ ​លោក​ហ៊ាន​ចំណាយ​បែប​​នេះ​ព្រោះ​​លោក​ចង់​បណ្ដុះបណ្ដាល​ឲ្យ​​​កីឡាករ​​ខ្មែរ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ទាំង​ស៊ុហ្វ​​រួម​ទាំង​បច្ចេកទេស​មិន​ចាញ់​បរទេស​​ និង​ ការ​វ៉ៃ​មាន​កម្រិត​កាន់​តែ​ខ្ពស់​ទៅៗ​ ហើយ​ក្លិប​នៅ​ក្នុង​ស្រុក​ភាគ​ច្រើន​​មិន​សូវ​បាន​យក​ចិត្ត​ទុក​ដាក់​លើ​គ្រូ​ផ្នែក​កាយ​​​សម្បទា​​នេះ​ឡើយ។

ក្លិប​ Cambodian Top Team ​ត្រូវ​បាន​​បង្កើត​ឡើង​យ​​ដោយ​លោក ហ៊ុន ច័ន្ទរាជ្យ ​នៅ​ឆ្នាំ​ ២០១៣ នៅ​ម្ដុំ​ទួល​ទំពូង​ ​ហើយ​ប្ដូរ​​មក​ម្ដុំ​ អូរឫស្សី ​វិញ​​​មុន​​​ផ្លាស់​​មក​​ម្ដុំ​ទួល​ទំពូង​​ម្ដង​ទៀត​​​​នៅ​ផ្ទះ​លេខ​ #2s ផ្លូវ​លេខ​ ​៤៦៨​ សង្កាត់​​ទួល​ទំពូង​១ ​ខណ្ឌ​​ ចំការ​មន​រាជធានី​ភ្នំពេញ។ ​ក្លិប​នេះ​បង្កើត​បាន​កីឡាករ​គុន​ចម្រុះ (MMA) ​​មាន​ឈ្មោះ​បោះ​​សំឡេង​ជា​ច្រើន​​ប្រឡូក​នៅ​សង្វៀន ONE Championship ដូច​ជា​ ស សី, មាស ម៉ើ,​ ថៃ រិទ្ធ, ​ ចាន់ សំអាត, រិន សារ័ត្ន, និង ​ស៊ឹម ប៊ុនស្រ៊ន់ ​ជា​​ដើម។ ក្រៅ​ពី​បង្ហាត់​កីឡាករ​អាជីព​ ក្លិប​ក៏​​ទទួល​បង្ហាត់​សិស្ស​ដើម្បី​សុខភាព​ដែរ។​ បើ​ចាប់​អារម្មណ៍​ហាត់​​​ដើម្បី​សុខភាព ឬ ​ចង់​ចេះ​ក្បាច់​ប្រដាល់​ អាច​ទាក់ទង​បាន​តាម​រយៈ​លេខ​ទូរសព្ទ​​​ជា​​ភាសា​ខ្មែរ ​012 282 282 ​និង ​និយាយ​ជា​ភាសា​អង់គ្លេស​តាម​រយៈ​លេខ​ 089 333 705៕ ​

អត្ថបទ៖ ស៊ីធី

Leave a Reply