Christian Lee ​ដាក់​គោល​ដៅ​ប្រជែង​ខ្សែ​ក្រវាត់ ​ONE ​Featherweight Gold ​

ជើង​ខ្លាំង​​គុន​ចម្រុះ​វ័យ​ក្មេង​​ជនជាតិ​សិង្ហបុរី​ Christian Lee ​ទើប​តែ​ឈ្នះ​​ខ្សែ​ក្រវាត់​ ONE Lightweight World Champion​ ថ្មីៗ​នេះ ​​ក្រោយ​យក​ឈ្នះ​​កីឡាករ​ជើង​​ខ្លាំង​សញ្ជាតិ​ជប៉ុន​ Shinya Aoki ​ហើយ​ រូប​គេ​​​​បង្ហាញ​គោល​ដៅ​​​ចង់​ទទួល​​សមិទ្ធផល​​​ជា​ច្រើន​​ទៀត​ និង​ ​ចង់​ប្រជែង​យក​ខ្សែ​ក្រវាត់​កម្រិត​ខ្ពស់​ ONE ​Featherweight Gold នៅ​ថ្ងៃ​ដ៏​ខ្លី​ខាង​មុខ​នេះ។ ស៊ុប​ពើ​ស្តារ​​សញ្ជាតិ​​សិង្ហបុរី​ ​បាន​ធ្វើ​ឲ្យ​​ភ្ញាក់​ផ្អើល​នៅ​សង្វៀន​​ ONE: ENTER THE DRAGON ​នា​ពាក់​កណ្ដាល​ខែ​ ឧសភា​ នេះ​នៅ​សិង្ហបុរី​​ ​ពេល​រូប​គេ​វាយ​ Shinya “Tobikan Judan” Aoki ​ឲ្យ​​ចុះ​ចាញ់​​ដើម្បីគ្រង​​ខ្សែ​ក្រវាត់ និង​ ក្លាយ​ជា​កីឡាករ​​ក្មេង​បំផុត​ដែល​ឈ្នះ​ខ្សែ​ក្រវាត់​​គុន​ចម្រុះ​កម្រិត​ពិភព​លោក​​ក្នុង​ប្រវត្តិសាស្ត្រ។

អ្នក​លេង​គុន​ចម្រុះ​ Lee ដែល​មាន​វ័យ​ទើប​តែ​ ២០ ឆ្នាំ​ ​បាន​ធ្វើ​​ឲ្យ​ទស្សនិកជន​​ម្ចាស់​ស្រុក​របស់​ខ្លួន​​ហ៊ោ​​កញ្ជ្រៀវ​​​ ពេល​ប្រើ​ក្បាច់​​យ៉ាង​ល្អ​ដើម្បី​​បញ្ចប់​អ្នក​លេង​គុន​ចម្រុះ​អាជីព​​ជប៉ុន​ Aoki ​ ​ត្រឹម​ទឹក​ទី២​ ទោះ​បី​មាន​ការ​តាំង​ចិត្ត​​វាយ​​បំបាក់​​ត្រឹម​ទឹក​ទី១​ ក្ដី។​ ​​បែប​ណា​ក៏​ដោយ​នេះ​ជា​​ជ័យជម្នះ​ដ៏​ត្រចះត្រចង់​​សម្រាប់​កីឡាករ​​គុន​ចម្រុះ​វ័យ​ក្មេង​រូប​នេះ​ និង ការ​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​លើ​សង្វៀន​ ONE និង ពិភព​លោក​ ដែល​បាន​គ្រង​ខ្សែ​ក្រវាត់ ONE Lightweight World Champion។ ​Aoki ​ធ្វើ​បាន​ល្អ​នៅ​ទឹក​ទី១​ ដោយ​ប្រើ​ក្បាច់​​​ផ្ដួល​ Lee ​​​ទៅ​នឹង​ក្ដារ​រេញ​​ដើម្បី​ប្រើ​ដៃ​ជើង​​គាប​ក្នុង​គោល​​បំណង​​ឲ្យ​តដៃ​លែង​​រួច។ ប៉ុន្តែ​ ​កីឡាករ​វ័យ​ឆ្លាត​របស់​សិង្ហបុរី​ ​បាន​គេច​ផុត​ពី​​​ក្បាច់​គាប​សម្លាប់​​របស់​ Aoki។ ​​បន្ទាប់​មក​ទៀត​ Lee ​ប្រើ​កណ្ដាប់​ដៃ​មហា​ទម្ងន់​ឆ្វេង​ស្ដាំ​យ៉ាង​ញាប់​ចំ​គោល​ដៅ​​​​ដើម្បី​បញ្ចប់​ កីឡាករ​​ម្ចាស់​ខ្សែ​ក្រវាត់​ជប៉ុន​ឲ្យ​ដេក​​ត្រឹម​ទឹក​ទី២​តែ​ម្ដង​ មុន​អាជ្ញា​កណ្ដាល​​លោក Olivier Coste បញ្ឈប់​ការ​ប្រកួត។

Lee ​បាន​រៀប​ថា​ ​អ្វី​ដែល​ខ្លួន​ខ្លាច​​នោះ​គឺ​​​ការ​ចាប់​​បោក​ផ្ដួល​របស់​​គូ​​ប្រកួត​សញ្ជាតិ​ជប៉ុន ​ហើយ​ ​​​ការ​ទទួល​ជ័យជម្នះ​នេះ​​ក៏​មាន​ចំណែក​យ៉ាង​ធំធេង​ពី​ឪ​ពុក​បង្កើត​របស់​ខ្លួន​​​ពេល​សម្រាក​​ឲ្យ​ទឹក​ហើយ​លោក​បាន​ប្រាប់​​បច្ចេកទេស​​ត្រូវ​ផ្ដួល​​ Aoki នៅ​ត្រឹម​ទឹក​ទី២​​នោះ។ ​ក្រោយ​​បញ្ចប់​ការ​ប្រកួត​ Shinya បាន​ថ្លែង​ថា Lee គឺ​ជា​កីឡាករ​ជំនាន់​ក្រោយ​ល្អ​បំផុត​​ក្នុង​ពិភព​​គុន​ជម្រុះ (MMA) ​​របស់​ ​ទ្វីប​អាស៊ី ។

Shinya ​សង្កត់​ធ្ងន់​ថា ៖«​អ្នក​​ពិត​ជា​​អស្ចារ្យ ​​សម្រាប់​ទ្វីប​អាស៊ី។ ខ្ញុំ​សប្បាយ​រីករាយ​ដែល​​ឃើញ​អ្នក (Lee) ​អាច​ដណ្ដើម​ខ្សែ​ក្រវាត់​របស់​ខ្ញុំ​ក្នុង​អាជីព»។

កីឡាករ​ដែល​មាន​រហស្សនាម​ថា “The Warrior” ​របស់​សិង្ហបុរី​ បាន​ផ្ដល់​​បទ​សម្ភាសន៍​​​ដល់​​ ONE ​បែប​នេះ៖«​ការ​ឈ្នះ​​ខ្សែ​ក្រវាត់​លំដាប់​ពិភព​លោក​ជា​​ក្ដី​សុបិន​របស់​ខ្ញុំ​ជា​យូរ​មក​ហើយ។ នេះ​ជា​រឿង​អស្ចារ្យ​បំផុត​របស់​ខ្ញុំ។​ ​ខ្ញុំ​​ឮ​ច្បាស់​នឹង​ត្រចៀក​ពី​​ពិធីករ​ប្រកាស ​ហើយ​វា​​ជា​​បទ​ពិសោធន៍​មិន​អាច​បំភ្លេច​បាន។ Shinya ​ជា​​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់​​ គេ​ពូកែ​ក្បាច់ ​ជីជិតស៊ូ(jiu-jitsu ) ប៉ុន្ដែ​ខ្ញុំ​ក៏​​ខ្លាំង​ខាង​ការពារ​ និង​ ចាប់​ដែរ។ ខ្ញុំ​ដឹង​ថា​ខ្ញុំ​អាច​គេច​ផុត​ពី​ការ​​ប៉ុនប៉ង​គាប​របស់​គេ»។

ម្ចាស់​ខ្សែ​ក្រវាត់ ONE Lightweight World Champion​ ​គូស​បញ្ជាក់​ថា​៖«ខ្ញុំ​ស្រេក​ឃ្លាន​នឹង​ការ​ប្រកួត។ ​ការ​ប្រកួត​​លើក​ក្រោយ​​គឺ​​អាច​ជា​ខ្សែ​ក្រវាត់ World Grand Prix បើ​សិន​ ONE ផ្ដល់​​ឱកាស។ ​ខ្ញុំ​​ចង់​ប្រកួត​ណាស់ ​ហើយ​ត្រៀម​​ជា​និច្ច​សម្រាប់​ឡើង​សង្វៀន​ ONE ​ទោះ​ជួប​នរណា​ក៏​ដោយ។ ​ខ្ញុំ​ជា​គូ​ប្រជែង​​កំពូល​ម្នាក់​នា​ពេល​បច្ចុប្បន្ន ​សម្រាប់​ប្រភេទ​គីឡូ Featherweight ហើយ​គ្មាន​អ្នក​ណា​​ក្រៅ​ពី​​ខ្ញុំ​ទេ។ ​ខ្ញុំ​នឹង​​ដណ្ដើម​យក​ខ្សែ​ក្រវាត់ ​Featherweight ​​ World Champion មួយ​ទៀត។ ​ខ្ញុំ​រង់​ចាំ​ប្រកួត​ជា​មួយ​ជើង​ខ្លាំង​ ​ប្រភេទ​ទម្ងន់​ Lightweight ​និង​ Featherweight ​ហើយ​ខ្ញុំ​​ជា​អ្នក​​​គ្រង​តំណែង​ល្អ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ ONE Championship»។

ជើង​ខ្លាំង​​គុន​ចម្រុះ​ Christian Lee ​មាន​វ័យ​ ទើប​២០​ ឆ្នាំ​ ហ្វឹកហាត់​ហាត់​នៅ​ក្លិប​ប្រដាល់​ Evolve MMA ​របស់​សិង្ហបុរី។​ គេ​ជា​តារា​លេច​ធ្លោ​ម្នាក់​ប្រចាំ​សង្វៀន ONE Championship តាំង​ ពី​ឆ្នាំ ​២០១៥​ មក​ម៉្លេះ។ គេ​ឡើង​សង្វៀន​ ONE​បាន​ចំនួន​ ១៥​ ​ដង​ក្នុង​នោះ​ឈ្នះ​រហូត​ដល់​ ១៣ និង ចាញ់​តែ​ ២ ដង​ប៉ុណ្ណោះ។​ ​Lee ឈ្នះ ៣​ ប្រកួត​ជាប់​គ្នា​នៅ​សង្វៀន​ ONE ​ដោយ​ផ្ដួល​កីឡាករ​ជប៉ុន​​ Kazuki Tokudome ត្រឹម​ទឹក​ទី១, ​ផ្ដួល​កីឡាករ​ហ្វីលីពីន​ Edward Kelly ​នៅ​ទឹក​​ទី១​ និង ​​វាយ​​ឲ្យ​​​ជើង​ខ្លាំង​ជប៉ុន​ Aoki ​នៅ​ទឹក​ទី២៕


អត្ថបទ៖ ស៊ីធី ​

Leave a Reply