វី ស្រីខួច ខំ​ប្រឹង​ហ្វឹកហាត់​​​ត្រៀម​ប្រកួត​ស៊ី​ហ្គេម​ ប៉ុន្តែ​​​​​​ស្ទើរ​​អត់​បាន​ឡើង​រេញ​​ប្រកួត​ផ្នែក​ប្រដាល់​សកល​

កីឡាការិនី​ប្រដាល់​ វី ស្រីខួច​​ ​ដែល​ជា​​​កីឡាកា​រិនី​លេច​ធ្លោ​ម្នាក់​​​នៅ​ក្នុង​ស្រុក​បាន​ខិត​ខំ​ប្រឹង​​ហ្វឹកហាត់​ប្រដាល់​សកល​​​ត្រៀម​ប្រកួត​តំណាង​ឲ្យ​ជាតិ​នា​ចុង​​ឆ្នាំ​​នេះ​ក្នុង​​​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣០ ​​ដោយ​​រៀប​ចំ​នៅ​ប្រទេស​ហ្វីលីពីន​​​ចាប់​ពី​​​​ថ្ងៃ​ទី​ ៣០​ ខែ​ វិច្ឆិកា​ រហូត​ដល់​ ​ថ្ងៃ​ទី​ ១០​ ខែ​ ធ្នូ ឆ្នាំ ២០១៩​ ខាង​​មុខ​ ប៉ុន្តែ​​​អ្វី​​ដែល​ជា​បញ្ហា​ប្រឈម​នោះ​គឺ​ ​​ស្ទើរ​តែ​មិន​បាន​ឡើង​រេញ​ប្រកួត​ដើម្បី​វាស់​ស្ទង់​សមត្ថភាព​ មុន​ចេញ​ទៅ​ប្រកួត​​​​​កម្រិត​​តំបន់​អាស៊ាន​មួយ​នេះ។​

កីឡាការិនី​​វ័យ​ ២៥ ​ឆ្នាំ​បាន​លើក​ឡើង​ថា ៖«​​ខ្ញុំ​​ចូល​ប្រមូល​ផ្ដុំ​​ហ្វឹកហាត់​ក្នុង​​ក្រុម​ជម្រើស​ជាតិ​​ជិត​ ៣ ខែ​មក​ហើយ។​ ​​ខ្ញុំ​ត្រូវ​តែ​ខំ​ប្រឹង​ហ្វឹកហាត់​ខ្លាំង​ក្លា​តាម​តែ​អាច​ធ្វើ​​ទៅ​បាន។ ​ប៉ុន្តែ​បញ្ហា​ប្រឈម​​​​របស់​ខ្ញុំ​គឺ​ស្ទើរ​អត់​បាន​ឡើង​រេញ​ប្រកួត​ទាល់​តែ​សោះ។ ​ពេល​ហ្វឹកហាត់​រាល់​ថ្ងៃ​នេះ ​ខ្ញុំ​ឡាំ​ ឬ ​​​វ៉ៃ​ពេល​ហាត់​តែ​ជា​មួយ​កីឡាករប្រុសៗ​ ប៉ុណ្ណោះ។​ ​​ដល់​អីចឹង​ យើង​មិន​​ដឹង​ថា​​សមត្ថភាព​យើង​​កម្រិត​ណា​ទេ។​ បើ​មាន​គូ​វ៉ៃ​ទៅ​ទើប​​យើង​អាច​សុំា​នឹង​ស្ថានភាព។ ពេល​ហ្វឹកហាត់​​ជម្រើស​ជាតិ​ហ្នឹង ​ខ្ញុំ​វ៉ៃ​បាន​ម្ដង​គត់​​ពេល​ជម្រុះ​ប្រដាល់​សកល​នៅ​ទ្វីប​អាស៊ី​ ​នា​ក្រុង​បាង​​ក​ប្រទេស​​​ថៃ​កាល​ចុង​ខែ​ កុម្ភៈ​ កន្លង​ទៅ។ មួយ​ទៀត​ យើង​ហាត់​ត្រៀម​​វ៉ៃ​សកល​ ប៉ុន្តែ​​​បើ​មាន​សង្វៀន​គេ​ចាប់​គូ​ឲ្យ ​វ៉ៃ​​ក៏​វ៉ៃ​​ប្រដាល់​សេរី​ដែរ​ភាគ​ច្រើន​ព្រោះ​អត់​សូវ​មាន​គូ​កីឡាការិនី​​លើ​សង្វៀន​នីមួយៗ»។

ពេល​ចូល​ហ្វឹកហាត់​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​​​ដែល​ប្រមូល​ផ្ដុំ​ដោយ​​ក្រសួង​អប់​រំ​ យុវជន និង​ កីឡា​​នៅ​​ពហុកីឡដ្ឋាន​ជាតិ​ជិត​ ៣ ​ខែ​​មក​នេះ​ ​​ស្រីខួច​​ ហ្វឹកហាត់​ជា​មួយ​គ្រូ​ប្រដាល់​​ជម្រើស​ជាតិ​ Rolando Castellano Rodriquez ជន​ជាតិ​គុយបា​ ​លោក ​វ៉ែន សុផល, ​​លោក​ ជ័យ ណារ៉ា, ​និង​ ​លោក ឡុង សាលីន។ ​ពេល​វេលា​នៃ​ការ​ហ្វឹកហាត់​គឺ​ ព្រឹក​ និង​ ល្ងាច​ ជា​ប្រចាំ​រាល់​ថ្ងៃ។

កីឡាការិនី​ដែល​ធ្លាប់​ឡើង​សង្វៀន​​អន្តរជាតិ​ ONE Championship ចំនួន​ ៤ ​លើក​រូប​​នេះ​បាន​រៀបរាប់​បន្ត​ថា​ ៖«​ខ្ញុំ​ធ្លាប់​​ចូល​រួម​ស៊ីហ្គេម​​ឆ្នាំ​ ២០១៧ ​ម្ដង​​នៅ​ម៉ាឡេស៊ី​ តែ​ខ្ញុំ​ចាប់​គូ​ប៉ះ​កីឡាការិនី​ថៃ​ចាញ់​ជុំ​ទី១ តែ​ម្ដង​ដោយ​ពិន្ទុ។ ​នោះ​ជា​លើក​ទី១​​ពេល​វ៉ៃ​នៅ​ស៊ីហ្គេម​ ហើយ​ពេល​ខ្លះ​​ប៊ិះ​ច្រលំៗ​​វ៉ៃ​​សេរី​ ​រួម​ទាំង​ការ​ភ័យ​តិចៗ​​ខ្លះ​ផង។ ​ប៉ុន្តែ​ពេល​នេះ​​​ខ្ញុំ​អាច​គ្រប់គ្រង​អារម្មណ៍​បាន​ល្អ​មិន​ចាញ់​ច្រាប​ដូច​មុន​ទេ។ ​អ្វី​ដែល​ផ្លាស់​ប្ដូរ​នោះ​ខ្ញុំ​វ៉ៃ​គីឡូ​ ៦០ ​​ដែល​ខុស​ពី​ពីរ​ឆ្នាំ​មុន​វ៉ៃ​គីឡូ ៥៧។ ​​​​ក្នុង​វិញ្ញាសា​ ​​៦០ គីឡូក្រាម​ ខ្ញុំ​គិត​ថា​អាច​ល្អ​ជាង​មុន​ព្រោះ​អត់​សូវ​​មាន​អ្នក​លេង​គីឡូ​នេះ​ច្រើន​ទេ។ បើ​គីឡូ​ ៥៧ ​មាន​គេ​លេង​ច្រើន​ ហើយ​​សម្បូរ​កីឡាការិនី​ល្អៗ​​ទៀត​ផង។ ​ខ្ញុំ​រំពឹង​​បាន​លទ្ធផល​ល្អ​ពី​​ការ​ប្រកួត​​ទម្ងន់​​ ៦០ គីឡូក្រាម​ ​នៅ​ស៊ីហ្គេម​ចុង​ឆ្នាំ​នេះ»។​ ​​

​គួរ​ដឹង​ដែរ​ថា​​​ ​វី ស្រីខួច ​បាន​ចូល​ហ្វឹកហាត់​ប្រដាល់​​​​​ ជាមួយ​បង​ប្រុស​បង្កើត​ឈ្មោះ​ វី សាវុធ ​នៅ​ក្លិប​ឥន្ទ្រី​កីឡា​ ​ដែល​មាន​​គ្រូ​បង្វឹក​លោក​ ដួង បូរី ។ ​ក្លិប​​ប្រដាល់​នេះ​​​​ស្ថិត​នៅ​ ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ​ខេត្ត​កណ្តាល ​ដែល​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​របស់​របស់​គេ។ ក្រៅ​ពី​ប្រកួត​​ប្រដាល់​សេរី​ជា​ហូរហែ​នៅ​លើ​សង្វៀន​​​តាម​ទូរទស្សន៍​នា​ពេល​កន្លង​មក ​ស្រីខួច​ ​ក៏​ចូល​រួម​ប្រកួត​​ក្នុង​​ព្រឹត្តិការណ៍​​គុន​ចម្រុះ​លំដាប់​អន្តរជាតិ​​ ONE Championship ​​បាន​ចំនួន ​៤ ​ដង​​ក្នុង​នោះ​ឈ្នះ​ ២​​ដង​ និង ​ចាញ់​ ២​ ដង៕

អត្ថបទ៖ ស៊ីធី ​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s