​ថៃ រិទ្ធី ​​ទៅ​បង្ហាត់​ប្រដាល់​​​​នៅ​​​ខេត្ត​​សៀមរាប​ទទួល​​កម្រៃ​​​ល្អ​ប្រសើរ​ជាង​​នៅ​ភ្នំពេញ

​​កីឡាករ​ ថៃ រិទ្ធី​ ​ដែល​ចាប់​ផ្ដើម​ប្រឡូក​​ក្បាច់​គុន​ចម្រុះ​តាំង​ពី​ឆ្នាំ​ ​២០១៣​ មក​នោះ​​បាន​សម្រេច​ចិត្ត​ទៅ​បង្ហាត់​​​គុន​ខ្មែរ​នៅ​ក្លិប​ប្រដាល់​ឈ្មោះ​​ថា «​MrLy Gym and Boxing»​​ ​នៅ​​ខេត្ត​សៀមរាប ​ដោយ​ផ្អែក​លើ​ហេតុ​ផល​​ទទួល​បាន​​ប្រាក់​កម្រៃ​ល្អ​ប្រសើរ​​ភ្នំពេញ​​ទោះ​ឆ្ងាយ​ពី​​គ្រួសារ​​បន្តិច​ក្ដី។​

អ្នក​លេង​គុន​ចម្រុះ​​រូប​នេះ​បញ្ជាក់​ថា៖«​ខ្ញុំ​​ផ្លាស់​មក​ធ្វើ​ការ​នៅ​ទី​នេះ​ប្រហែល​ ២​សប្ដាហ៍​នៅ​ក្លិប​ MrLy Gym and Boxing។ ​​​​ខ្ញុំ​បង្ហាត់​កូន​សិស្ស​វ៉ៃ​ អាជីព​ ៥ ​ទៅ​៦​នាក់​ ​​ហើយ​ផ្សេង​ទៀត​អ្នក​ហាត់​គុន​ខ្មែរ​ដើម្បី​សុខភាព ​មាន​ខ្មែរ​ និង ​​ជន​បរទេស​​​​​ជា​ច្រើន​នាក់។ ​ខ្ញុំ​បង្ហាត់​​​ទី​នេះ​​អត់​មាន​កុង​ត្រា​ទេ​ ​ប៉ុន្តែ​បង្ហាត់​ស៊ី​ម៉ោង។ ​ខ្ញុំ​ទទួល​បាន​​តម្លៃ​ពី​ម៉ោង​បង្ហាត់​គួរ​សម។ ​​វា​នៅ​​ឆ្ងាយ​ពី​ ប្រពន្ធ​កូន​បន្តិច​ ប៉ុន្តែ​ មិន​អី​ទេ ពេល​សម្រាក​​ ខ្ញុំ​អាច​ឡើង​ទៅ​ភ្នំពេញ​សួរ​សុខទុក្ខ​គាត់​​ញឹកញាប់»។

​ការ​ដែល​មក​បង្ហាត់​ក្លិប​នៅ​សៀមរាប​នេះ ​​ត្រូវ​បាន​​​កីឡាករ​ដដែល​​បង្ហើប​ថា​ អត់​មាន​កិច្ច​សន្យា​អ្វី​នោះ​ទេ​ ពោល​ បង្ហាត់​​ស៊ី​ភាគរយ។ ​ពេល​កូន​សិស្ស​​ច្រើន​ក៏​​បាន​កម្រៃ​ច្រើន​​​ទៅ​តាម​ហ្នឹង​ដែរ។ ​មួយ​វិញ​ទៀត​ វា​ជា​រឿង​ងាយ​ស្រួល​ដែរ​ ​ពេល​អត់​កិច្ច​សន្យា​ គឺ ​គេ​អត់​ចង​ជើង។

អ្នក​លេង​ក្បាច់​គុន​ល្បុក្កតោ​ គុន​ខ្មែរ​ និង ​គុន​ចម្រុះ​សង្កត់​ធ្ងន់​ថា៖«​បើ​​បង្ហាត់​នៅ​ភ្នំពេញ​មាន​តែ​កូន​សិស្ស​ខ្មែរ​ និង​ ជួយ​បង្ហាត់​បង​ ធន់ សុភា ​ប៉ុណ្ណោះ។ ​យើង​​អត់​មាន​ទទួល​បាន​លុយ​ទេ ​តែ​យើង​ហាត់​ខ្លួន​​ឯង​ផង​ ​ដើម្បី​ឡើង​រេញ​​វ៉ៃ​ខ្លួន​​ឯង។ ​​ដូច្នេះ​នៅ​សៀមរាប​លក្ខខណ្ឌ​ល្អ​ជាង​ឆ្ងាយ»។

កីឡាករ​​វ័យ​ ២១​ ឆ្នាំ​​បាន​រៀប​រាប់​ថា​​ បើ​​​​​​​រស់​នៅ​ភ្នំពេញ​ ​​គេ​ជួយ​បង្ហាត់​សិស្ស​ជា​មួយ​បង​ថ្លៃ​ ធន់ សុភា នៅ​ក្លិប​ក្រសួង​ការពារ​ជាតិ ​និង ហ្វឹកហាត់​ឡើង​ប្រកួត​ខ្លួន​ឯង។ ​​មួយ​រយៈ​មុន​នេះ​ គេ​ក៏​បាន​ឡើង​ប្រកួត​លើ​សង្វៀន​​​ទូរទស្សន៍​នានា​​ញឹក​ញាប់។​ ​រហូត​ដល់​ពេល​នេះ​ ​​កីឡាករ​សម្បុរ​ស្រអែម​រូប​នេះ​ ចាំ​បាន​កំណត់​ត្រា​ប្រកួត​គុន​ខ្មែរ​ចំនួន ​៣៧​ដង ដោយ​ក្នុង​នោះ​ឈ្នះ ​៣០ ​ដង។

រិទ្ធី ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​​ក្នុង​កម្មវិធី​ Khmer Warriors Challenges ​រដូវ​កាល​ទី៣​ ដែល​រៀប​ចំ​ដោយ​ ស៊ីធីអិននិង MyTV ​ ​និង​​ជា​ម្ចាស់​មេដាយ​មាស​ជើង​ឯក​ល្បុក្កតោ​ឆ្នាំ​ ២០១៥ ​ថ្នាក់​ជាតិ។​ ​​កូន​សិស្ស​លោក​​ ​ហ៊ុន ច័ន្ទរាជ្យ ​ធ្លាប់​ប្រឡូក​លើ​សង្វៀន​ ONE Championship បាន​ចំនួន ២​ លើក។ ​​​​ម្ចាស់​មេដាយ​មាស​ល្បុក្កតោ​រូប​នេះ​​ ឈ្នះ ​Jerome S.Paye ដោយ​វ៉ៃ​ឲ្យ​ចុះ​ចាញ់​​ត្រឹម​ទឹក​ទី២​ ​នា​ខែ​ ​កញ្ញា​ ឆ្នាំ​ ២០១៧ ​មុន​ចាញ់​ឃ្លេ​​កីឡាករ​ចិន​ Zhao Zhi Kang ​​នៅ​ការ​ប្រកួត​លើក​ទី២​ ​​​នា​ខែ វិច្ឆិកា​​ ឆ្នាំ​ ២០១៨​ នៅ​ប្រទេស​ហ្វីលីពីន។ ​ក្រៅ​ពី​សង្វៀន​ ONE គេ​ប្រលូក​​លើ​សង្វៀន​អន្តរជាតិ​ FULL METAL DOJO ជា​ញឹក​ញាប់​នៅប្រទេសថៃ។​ ​បើ​សរុប​មក​ ​​កីឡាករ​​គុន​ខ្មែរ​រូប​នេះ​​ប្រកួត​លើ​សង្វៀន​គុន​ចម្រុះ​បាន​ចំនួន​ ៩ ដង​​​ដោយ​​ឈ្នះ​ ៦ ​លើក​ និង​ ចាញ់​ ៣ ​លើក​តាំង​ពី​ឆ្នាំ​ ២០១៣ មក។​ ​​

ថៃ រិទ្ធិ ​មាន​​​ស្រុកកំណើត​នៅ​ភូមិ​ព្រែក​ថោង ​ឃុំ​ព្រែក​លួង​ ស្រុក​ខ្សាច់​កណ្ដាល​ ខេត្ត​កណ្ដាល។​ ​​នៅ​ឆ្នាំ​ ២០១១​ ​រិទ្ធី ​​​​ហ្វឹកហាត់​កីឡា​ប្រដាល់​ជា​មួយ​ គ្រូ​បង្វឹក​ទេព​ ស៊ីវុត្ថា ​បាន​ប្រហែល​ ២ ឆ្នាំ​​​មុន​ ​ក្លិប​អង្គរ​គុន​ខ្មែរ​ត្រូវ​បិទ​ទ្វារ​ និង​ បន្ត​ ​ទៅ​ហ្វឹកហាត់​ជា​មួយ​លោក​​​គ្រូ​ ប៉ាន់ ស៊ីថៃ។ ​ចាប់​ពី​ឆ្នាំ​ ២០១៣​ ​​គេ​បាន​ចូល​​ហ្វឹកហាត់​គុន​ចម្រុះ​ពេល​ ស៊ីធីអិន ​និង​ MyTV ​ រៀប​ចំ​ការ​ប្រកួត​ជើង​ឯក​គុន​ចម្រុះ​ Khmer Warriors Challenges មុន​ពេល​​ចូល​ហ្វឹកហាត់​ជា​មួយ​​គ្រូ​គុន​ចម្រុះ​ ហ៊ុន ច័ន្ទរាជ្យ​ នៃ​ ក្លិប​ Cambodian Top Team ដល់​​ឆ្នាំ​ ២០១៨៕

អត្ថបទ៖ ស៊ីធី

Leave a Reply