អាថ៌កំបាំង​​របស់​ ចាន់​ រតនា ​ជា​មួយ​ LLFitness ​ដែល​ធ្វើ​ឲ្យ​ក្បាច់​គុន​​របស់​គេ​នៅ​តែ​​​​ខ្លាំង ​​

ក្រុម​ការងារ​ និង​ ក្រុម​គ្រូ​បង្វឹក​​នៅ​ LLFitness ​ជា​​អ្នក​នៅ​ពី​ក្រោយ​ខ្នង​​​សំខាន់​បំផុត​ដែល​ជំរុញ​ឲ្យ​ ​ចាន់ ​រតនា​ ទទួល​បាន​ជោគ​ជ័យ​ជា​បន្ត​បន្ទាប់​នៅ​សង្វៀន​ ONE Championship។ ​ម្ចាស់​ក្លិប «សិល្បៈ» ទទួល​បាន​​ការ​ហ្វឹកហាត់​ផ្នែក​​កម្លាំង និង ​កាយ​សម្បទា​យ៉ាង​​ដិត​ដល់​ពី​សំណាក់​ LLFitness ​ជា​​រៀង​រាល់​ថ្ងៃ​ និង ​មុន​ចេញ​ទៅ​ប្រកួត​​លើ​ឆាក​អន្តរជាតិ។ដ្បិត​ ចាន់​ រតនា​​​ វ័យ​​៣៣ ឆ្នាំ​ប៉ុន្តែ​ ​អាជីព​​​ប្រកួត​លើ​សង្វៀន​ ONE នៅ​តែ​ទទួល​បាន​លទ្ធផល​ល្អ​ជា​បន្ត​បន្ទាប់​​ជា​ពិសេស​​រូប​គេ​ទើប​ឈ្នះ​​កីឡាករ​​គុន​ចម្រុះ​ឥណ្ឌូណេស៊ី​ Rudy Agustian ​នៅ​សង្វៀន​ ONE :FOR HONOR ​កាល​ដើម​ខែ​ ឧសភា​ នេះ​នៅ​ប្រទេស​​ឥណ្ឌូណេស៊ី។​

​​ចាន់ ​រតនា​ ​បង្ហើប​ថា៖« ​គ្រូ​​​បង្វឹក​​ Lorenzo Lanzafame ​និង​ក្រុម​ការងារ​ នៅ​ LLFitness បាន​រួម​ចំណែក​យ៉ាង​ធំ​ធេង​ដល់​ជ័យជម្នះ​របស់​ខ្ញុំ​​រៀងរាល់​ការ​ប្រកួត។​ ខ្ញុំ​បាន​ហ្វឹកហាត់​​ជា​មួយ​ពួក​គាត់​តាំង​ពី​​ខ្ញុំ​​ឈាន​ជើង​ចូល​ប្រកួត​​​ដាក់​ទ្រុង​នៅ​ស្រុក​ខ្មែរ​​ជា​លើក​ទី២​ម៉្លេះ ​ដែល​កាល​នោះ ONE គេ​រៀប​ចំ​នៅ​ស្រុក​​កម្ពុជា។ ​Lorenzo បង្ហាត់​​ផ្នែក​កម្លាំង​ កាយ​សម្បទា​ និង ​កម្លាំង​ស៊ុហ្វ​ដល់​ខ្ញុំ។ ហើយ​ការ​បង្ហាត់​នេះ​គឺ​អត់​គិត​ថ្លៃ​ទេ​​ គាត់​បាន​ជួយ​ខ្ញុំ​ច្រើន​ជា​ពិសេស​​ឲ្យ​ខ្ញុំ​រក្សា​កម្លាំង​​​​បាន​ល្អ​​​​មក​​ដល់​សព្វ​ថ្ងៃ​​ទោះ​វ័យ​កាន់​តែ​ទៅ​មុខ»។

កីឡាករ​​យុទ្ធ​គុន​ខម​,​ គុន​ខ្មែរ​ និង គុន​ចម្រុះ​រូប​នេះ​​គូស​បញ្ជាក់​ទៀត​ថា​ ​​គ្រូ​ និង ក្រុម​ការងារ​ LLFitness មិន​ត្រឹម​តែ​បង្ហាត់​នៅ​ស្រុក​ខ្មែរ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ទៅ​ជួយ​ឲ្យ​ទឹក​​ពេល​​រូប​គេ​​ឡើង​រេញ​ម្ដងៗ​នៅ​ក្រៅ​ប្រទេស។ ​មុន​ពេល​​​ឡើង​រេញ​ក្រុម​ការងារ​ជួយ​សម្រួល​​​សរសៃ​ ​និង​ ​​ប្រើ​​ម៉ាស៊ីន​ម៉ាស្សា​សាច់​ដុំ​​​មុន​ពេល​ឡើង​វៃ​ជា​ដើម។ ជា​ធម្មតា​​​មុន​ពេល​ប្រកួត​គេ​អាច​ប្រើ​ម៉ាស៊ីន​ម៉ាស្សា​​បាន​ដើម្បី​​ឲ្យ​សាច់​ដុំ​ដើរ​ស្រួល​ ហើយ ​ឧបករណ៍​សំខាន់​ទាំង​​នេះ​​សុទ្ធ​ទទួល​បាន​ការ​ឧបត្ថម្ភ​​​ពី​ LLFitness។

តារា​​ប្រចាំ​សង្វៀន​ ONE ​​សង្កត់​ធ្ងន់​ថា​ ៖«​​​ពី​មុន​​ខ្ញុំ​គ្រាន់​តែ​ហ្វឹកហាត់​ជា​មួយ​​គាត់​ជា​ប្រចាំ​ ប៉ុន្តែ​​ឥឡូវ​នេះ​​យើង​សហការ​គ្នា​ធ្វើ​ការ​ងារ​​​​ទាំង​ផ្នែក​កម្លាំង​ និង ​ក្បាច់​គុន​ខ្មែរ​។ ​បើ​គេ​​ចង់​ហាត់​ផ្នែក​កម្លាំង​ ​ធ្វើ​ឲ្យ​រាង​កាយ​មាំ​មួន​គឺ​ត្រូវ​ទៅ​ LLFitness នៅ​​ក្នុង​ SuperFit ។ ប៉ុន្តែ​​បើ​គេ​ចង់​ហាត់​គុន​ខ្មែរ​ ​គឺ​ ខ្ញុំ​អ្នក​បង្ហាត់។​ ​​ខ្ញុំ​និង​Lorenzo បាន​រៀប​ចំ​កម្មវិធី​ហ្វឹកហាត់​​មិន​ជាន់​គ្នា​ទេ។ ​ពួក​យើង​បាន​ធ្វើ​ការ​ជា​មួយ​គ្នា​​បាន​ជាង​ ១ ​ខែ​មក​ហើយ។ ​​នេះ​ជា​​ឱកាស​ល្អ​សម្រាប់​កូន​សិស្ស​នៅ​ LLFitness ​​ដែល​ចង់​​ហាត់​ក្បាច់​គុន​ ​ផ្នែក​កម្លាំង និង​ ​ផ្នែក​កាយសម្បទា»។​

​គិត​ត្រឹម​ពេល​នេះ​ ចាន់ រតនា ​​ឡើង​សង្វៀន​​គុន​ចម្រុះ​បាន​ចំនួន​ ៩ ​ដង​ ​​ក្នុង​នោះ​ឈ្នះ​ ៦ ដង និង ចាញ់​៣​ដង។ ​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​ ​​​អ្នក​លេង​គុន​ចម្រុះ​តំណាង​ឲ្យ​កម្ពុជា​រូប​នេះ​​ឈ្នះ​ពី​រ​លើក​ជាប់​គ្នា​​លើ​កីឡាករ​​ល្អ​របស់​ ​ឥណ្ឌូណេស៊ី ​Abrou Fernandes ​កាល​ខែ ធ្នូ​ ឆ្នាំ ២០១៨ ​មុន​ឈ្នះ​ Rudy Agustian ​នា​ដើម​ខែ​ ឧសភា​​ ​នេះ​​នៅ​សង្វៀន​ ONE:FOR HONOR ​នា​ប្រទេស​ឥណ្ឌូណេស៊ី។​ ​​ក្នុង​​ជ័យជម្នះ​​ពីរ​លើក​​ជាប់​គ្នា​បែប​នេះ​ ​​រូប​គេ​ធ្លាប់​ធ្វើ​បាន​ម្ដង​រួច​​​ហើយ​នៅ​សង្វៀន​ ONE ពោល ឈ្នះ Ramon Gonzales នៅ​ដើម​ឆ្នាំ​​ ​២០១៥ និង ឈ្នះ​ ​មិត្ត​រួម​​ជាតិ​ សំអាង​ ឌុន ​នៅ​ចុង​ឆ្នាំ​ ​២០១៥៕ ​​

​​អត្ថបទ៖ ស៊ីធី ​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s