តើ​សង្វៀន​ប្រដាល់​ថ្មី​​នៅ​​​ឯក​ភ្នំ​នា​ខេត្ត​បាត់​ដំបង​​​ទទួល​បាន​ការ​គាំទ្រ​ និង​ ​ដើរ​តួ​សំខាន់​យ៉ាង​ណា​ដើម្បី​ជួយ​ជ្រោមជ្រែង​គុន​ខ្មែរ?

សង្វៀន​​ប្រដាល់​ថ្មី​​មួយ​​​លេច​រូប​រាង​ឡើង​នៅ​ខេត្ត​​បាត់​ដំបង​ប្រហែល​​ជា​ ៤​ ខែ​​មក​នេះ។​ សង្វៀន​នោះ​ឈ្មោះ​ថា​​ «សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯកភ្នំ» ​ឬ ​ហៅ​ថា​ « Ek Phnom Kun Khmer Arena»។​ ​ខាង​ក្រោម​នេះ​ជា​បទ​សម្ភាសន៍​​ជា​មួយ​​លោក​ Matias Andrés អ្នក​គ្រប់គ្រង​​ទូទៅ​​នៅ​សង្វៀន​​មួយ​​នេះ​អំពី​​ការ​គាំទ្រ​​ ​បញ្ហា​ប្រឈម​ ​និង​ ​​ការ​រួម​ចំណែក​ក្នុង​វិស័យ​គុន​ខ្មែរ​ដូច​ខាង​ក្រោម។​


ជម្រាប​សួរ​​​លោក​ ​តើ​​គោល​បំណង​អ្វី​សំខាន់​ក្នុង​ការ​បង្កើត​ «សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯកភ្នំ» ​​ នេះ​ឡើង?

Matias Andrés ៖ ​ក្នុង​នាម​ជា​អ្នក​គ្រប់គ្រង​​ទូទៅ​នៅ ​«សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯកភ្នំ» ​ ខ្ញុំ​បាន​​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​​ជា​មួយ​ដៃ​គូ​ Miguel Acosta Meyer ដែល​តែង​តែ​នាំ​កីឡាករ​បរទេស​មក​​ប្រកួត​នៅ​កម្ពុជា។ ​យើង​ចង់​បង្ហាញ​​ឲ្យ​ដឹង​ថា​ «គុន​ខ្មែរ»​ ជា​​ក្បាច់​គុន​អស្ចារ្យ​​​ដែល​អាច​ប្រកួត​​កម្រិត​អន្តរជាតិ។ ​ដូច្នេះ​​ហើយ​ទើប​​ពួក​​យើង​នាំ​​កីឡាករ​បរទេស​មក​ប្រកួត​​នៅ​ទី​នេះ​ជា​ប្រចាំ។

តើ​សង្វៀន​នេះ​​បង្កើត​ឡើង​បាន​រយៈ​ពេល​ប៉ុន្មាន​ហើយ? ​​តើ​មាន​បញ្ហា​ប្រឈម​អ្វី​ខ្លះ​​រហូត​ដល់​ពេល​នេះ

Matias Andrés ៖ «សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯកភ្នំ» ​​​ត្រូវ​បាន​​បើក​​​ឲ្យ​ប្រកួត​ជា​ផ្លូវ​ការ​នៅ​ដើម​ខែ​ កុម្ភៈ​ ​ឆ្នាំ​ ២០១៩​នេះ ហើយ​ខ្ញុំ​​បាន​មក​ធ្វើ​ការ​នៅ​ទីនេះ​ខែ ​មីនា។ ​យើង​មាន​បញ្ហា​ប្រឈម​​ជា​ច្រើន​ ​ប៉ុន្តែ​យើង​ត្រូវ​តែ​ធ្វើ​ការ​ឲ្យ​ខ្លាំង​ក្លា​ដើម្បី​ទទួល​បាន​ជោគជ័យ។ ​ខ្ញុំ​​ចង់​​ឲ្យ​គុន​ខ្មែរ​ដើរ​ទៅ​មុខ​លឿន ​​​កាន់​តែ​ខ្លាំង និង ល្បី​ដូច​​មួយថៃ។ ​ដូច្នេះ​ហើយ​ទើប​​​យើង​ត្រូវ​ធ្វើ​​ឲ្យ​មាន​ភាព​ខុស​ប្លែក​គ្នា។ ​ដោយ​សារ​ខ្ញុំ​មាន​បទ​ពិសោធន៍​ជា​ កា​រី​និពន្ធ​នៅ​សង្វៀន​អន្តរជាតិ​ ​ONE Championship និង​ ​តាម​ដាន​​ការ​រៀប​ចំ​​​​ការ​ប្រកួត​គុន​ចម្រុះ​ MMA ​នៅ​​សង្វៀន​ UFC ​​ជា​ច្រើន​ឆ្នាំ​ ​ខ្ញុំ​មាន​​គំនិត​ថា​ ​ក្បាច់​គុន​​កម្ពុជា​​អាច​អភិវឌ្ឍ​ខ្លួន​ទៅ​លឿន​ និង រីក​ច្រើន​​​នៅ​លើ​ឆាក​អន្តរជាតិ។​ ​បញ្ហា​​ប្រឈម​ខ្លាំង​របស់​យើង​ គឺ​ត្រូវ​បម្លែង​ពី​​គំនិត​ទៅ​ជា​​សកម្មភាព។ ​​យើង​មាន​ការ​គាំទ្រ​ពី​​អ្នក​គាំទ្រ​គុន​ខ្មែរ​ ប៉ុន្តែ​ យើង​ក៏​ចង់​បាន​ការ​គាំទ្រ​ពី​ក្រុម​ហ៊ុន​ធំៗ​នៅ​កម្ពុជា​ដែរ​ និង ​ចង់​ឃើញ​គុន​ខ្មែរ​ល្បី​ខ្ទរខ្ទារ​​ទៅ​​កាន់​ពិភព​លោក។ ​​​​ជា​មួយ​គ្នា​នេះ​ ​យើង​ក៏​​ធ្វើ​ការ​​ជិតស្និទ្ធ​ជា​មួយ​ សហព័ន្ធ​កីឡា​​​ប្រដាល់​គុន​ខ្មែរ​ដែរ។

Matias Andrés (ខាង​ស្ដាំ)

រៀង​រាល់​ការ​ប្រកួត​ប្រចាំ​សប្ដាហ៍​ តើ​ទទួល​បាន​ការ​គាំទ្រ​​យ៉ាង​ណា​​ដែរ?

Matias Andrés ៖​ យើង​មាន​អ្នក​គាំទ្រ​ជា​ច្រើន​មក​ទស្សនា​ការ​ប្រកួត​របស់​យើង ​​ហើយ​យើង​ព្យាយាម​ធ្វើ​អ្វី​ដែល​ថ្មី​ដើម្បី​ទទួល​ការ​គាំទ្រ​បន្ថែម​ទៀត​​ និង​ ​​ធ្វើ​ឲ្យ​​កម្មវិធី​របស់​យើង​កាន់​តែ​ទាក់ទាញ។ ​​ម្យ៉ាង​វិញ​ទៀត​ ​ពេល​មាន​វត្តមាន​​ស៊ុបពើ​ស្ដារ​ដូច​ជា​ កែវ រំចង់ និង​ ឃុន ឌីមា​ ​ជា​ដើម​ ​​តែង​តែ​ទទួល​បាន​ការ​គាំទ្រ​ច្រើន ​ប៉ុន្តែ​យើង​ក៏​ព្យាយាម​​បង្ហាញ​វត្តមាន​កីឡាករ​វ័យ​ក្មេង​​​​ល្អៗ​ជំនាន់​ក្រោយ​ ដូច​ជា​ ឈុត សេរីវណ្ណថង ​និង​កីឡាករ​ផ្សេងៗ​ទៀត។ ​នេះ​ជា​រឿង​ល្អ​ណាស់​ដែល​យើង​ផ្ដល់​​ឱកាស​ដល់​​កីឡាករ​មាន​ទេព​កោសល្យ​​ជំនាន់​ក្រោយ​ ដែល​​​មនុស្ស​ភាគ​ច្រើន​មិន​ទាន់​ស្គាល់។

តើ​ចំណូល​ និង​ ចំណាយ​​​​អាច​ប្រាប់​​​បាន​ទេ​ ថា​សមាមាត្រ​​គ្នា​ ឬ យ៉ាង​ណា?

Matias Andrés ៖ យើង​ទើប​តែ​ចាប់​ផ្ដើម​ ​ ហើយ​យើង​ព្យាយាម​​ឲ្យ​​អ្នក​គាំទ្រ​​បាន​ដឹង​​នូវ​អ្វី​ដែល​យើង​មាន ​និង ​​ធ្វើ​ការងារ​​​​ឲ្យ​ខ្លាំង​ដើម្បី​គុន​ខ្មែរ។ ​យើង​ទទួល​បាន​ការ​គាំទ្រ​​កាន់​តែ​​ច្រើន​ឡើង ​រួម​ទាំង​ទទួល​ការ​ជួយ​ជ្រោមជ្រែង​ពី​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ និង​​ ​ទូរទស្សន៍​​ក្នុង​ស្រុក​ជា​ច្រើន​ផង។​ ​ខ្ញុំ​រំពឹង​ថា​​នឹង​ទទួល​​ភាព​រីក​ចម្រើន​ផ្នែក​ហិរញ្ញវត្ថុ​​នៅ​ថ្ងៃ​អនាគត​ ប៉ុន្តែ​ពេល​​នេះ​យើង​កំពុង​តែ​ចាក់​គ្រឹង​ឲ្យ​រឹង​មាំ​​ចំពោះ​ការងារ​របស់​យើង​សិន។

តើ​ការ​​រំពឹង​ទុក​បែប​ណា​ដើម្បី​​ឲ្យ​កីឡា​ប្រដាល់​រីក​ចម្រើន​នៅ​បាត់​ដំបង? ​តើ​​ផ្ដល់​ផល​ប្រយោជន៍​អ​អ្វី​ខ្លះ​ដល់​អ្នក​​​រស់​នៅ​ក្នុង​មូលដ្ឋាន​នោះ?

Matias Andrés ៖​ ទោះ​យើង​រៀប​ចំ​នៅ​​​ឯក​ភ្នំ ​ប៉ុន្តែ​យើង​មិន​ផ្ដោត​លើ​តំបន់​នេះ​តែ​មួយ​មុខ​ទេ។ ​បាត់​ដំបង​ធ្លាប់​ជា​​ទី​​ក្រុង​ក្បាច់​គុន​មួយ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ហើយ​ ​​យើង​ត្រូវ​តែ​បង្កើត​វា​សា​ជា​ថ្មី។ ​យើង​​កំពុង​​ដើរ​​មើល​​កន្លែង​ហ្វឹកហាត់​ជា​ច្រើន​ដើម្បី​ស្វែង​យល់​​​អំពី​ការ​ប្រឹង​ប្រែង​ និង​ បញ្ហា​ប្រឈម​របស់​ពួក​គេ។ យើង​​ធ្វើ​ការ​ជិត​ស្និទ្ធ​​ទាំង​​ជា​​មួយ​គ្រូ​បង្វឹក និង ​កីឡាករ​ដើម្បី​​​ធ្វើ​​ឲ្យ​លក្ខខណ្ឌ​ល្អ​ប្រសើរ​ឡើង។ ​នៅ​ពេល​ដែល​​មនុស្ស​មាន​​ឥទ្ធិពល​ យល់​អំពី​​ការ​ពិត​​នៃ​​កីឡាករ​គុន​ខ្មែរ​ ​ខ្ញុំ​គិត​ថា​ ​ពួក​គេ​​យល់​ថា​នឹង​អាច​ផ្លាស់​ប្ដូរ​ការ​រស់​នៅ​របស់​កីឡាករ​​ឲ្យ​​កាន់​តែ​ល្អ។ ​​កីឡាករ​ខ្លះ​អត់​មាន​អាហារ​គ្រប់គ្រាន់​ដើម្បី​បរិភោគ ​ឬ ​អត់​មាន​ហ្គង់​ហ្វឹកហាត់​​ទេ ​​​តែ​ពួក​គេ​នៅ​តស៊ូ​។ ​​នេះ​ហើយ​ជា​​ក្ដី​ស្រលាញ់ ​ហើយ​ខ្ញុំ​តែង​តែ​គាំទ្រ​ក្ដី​ស្រលាញ់​នេះ។ ​បើ​សិន​ជា​យើង​អាច​​​ទ្រទ្រង់​ ​កីឡាករ​​គុន​ខ្មែរ​វ័យ​ក្មេង​ ​យើង​នឹង​អាច​​ផ្លាស់​ប្ដូរ​ពិភព​គុន​ខ្មែរ​បាន។ ខ្ញុំ​​ជឿ​ជាក់​លើ​​រឿង​នេះ។

​​តើ​លោក​​មាន​អ្វី​ចង់​បន្ថែម​ទៀត​​ចំពោះ​អ្វី​ដែល​ខ្ញុំ​មិន​បាន​​សាក​សួរ​ខាង​លើ?

Matias Andrés ៖ ​បាទ! យើង​កំពុង​បង្កើត​​​ឲ្យ​មាន​​​កម្មវិធី​ Kun Khmer ULTRA។ ​វា​ជា​រឿង​ខក​ចិត្ត​បន្តិច​ពេល​ឃើញ​កីឡាករ​ខ្មែរ​ទៅ​ប្រកួត​​​លើ​ឆាក​អន្តរជាតិ​​សង្វៀន​ ONE Championship ​និង​

WLC ​ហើយ​​ទទួល​លទ្ធផល​មិន​សូវ​ល្អ។ ​ខ្ញុំ​ដឹង​ថា​​កីឡាករ​កម្ពុជា​មាន​​ទេព​កោសល្យ ​និង​មាន​កម្លាំង​ចិត្ត​ ដូច​​កីឡាករ​ល្បី​ៗ​ក្នុង​លោក​​ដូច​ជា​ Buakaw, Conor McGregor, Angela Lee, Aung La Nsang, និង Manny Pacquiao។ ​ប៉ុន្តែ​ដើម្បី​ក្លាយ​​ខ្លួន​ជា​ស៊ុបពើ​ស្ដារ​លំដាប់​ពិភព​លោក​ ​​អ្នក​ត្រូវ​តែ​ហ្វឹកហាត់​​​ឲ្យ​ដូច​គេ។ ​យើង​ចង់​បង្កើត​​ឲ្យ​មាន​ភាព​ខុស​ប្លែក​នៅ​ទី​នេះ​លើ​​គុន​ខ្មែរ ​ប៉ុន្តែ​យើង​​ក៏​ត្រូវ​ការ​​កិច្ច​សហការ​គ្នា​ដែរ។ ​ដោយ​មាន​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​​ពី​អ្នក​ជំនួញ​ ​និង​ ​ការ​គាំទ្រ​ពី​​ទស្សនិកជន ​​យើង​ចង់​​ឃើញ​​កីឡាករ​​គុន​ខ្មែរ​រីក​លូត​លាស់​ និង​ ​​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​​​លើ​ឆាក​អន្តរជាតិ​តាម​រយៈ​ពួក​គេ។ ​កីឡាករ​ល្អ​​ត្រូវ​តែ​ហាត់​ខ្លាំង​រៀង​រាល់​ថ្ងៃ​ ​មិន​ផឹក​​គ្រឿង​ស្រវឹង​ ឬ ​​មិន​ជក់​បារី​ និង​ យល់​អំពី​តម្លៃ​គុន​ខ្មែរ​​ដែល​ជា​គ្រឹះ​រឹងមាំ​ដើម្បី​បង្ហាញ​​ខ្លួន​នៅ​ក្រៅ​ប្រទេស។ ​​នេះ​​ហើយ​ជា​អ្វី​ដែល​អ្នក​គាំទ្រ​ចង់​​ឃើញ​នៅ​ Kun Khmer ULTRA។ ​Kun Khmer ULTRA ​នឹង​ផ្លាស់​ប្ដូរ​​វិធី​សាស្ត្រ​ខ្លះៗ​។ ​វា​នឹង​បណ្ដុះ​គំនិត​ចេញ​ពី​កីឡាករ​ក្មេងៗ។​ ​បើ​សិន​អ្នក​ជា​​ជើង​ឯក​ Kun Khmer ULTRA ​អ្នក​​បាន​ត្រៀម​រួច​រាល់​ហើយ​សម្រាប់​​ឡើង​ប្រកួត​តំណាង​​ឲ្យ​កម្ពុជា ​លើ​ឆាក​អន្តរជាតិ។ ​​លើស​ពី​នេះ​ទៅ​ទៀត​ ​ខ្ញុំ​​ចង់​​ឲ្យ​មនុស្ស​ទូទៅ​​ដឹង​​ ថា​ យើង​​កំពុង​​ស្វែង​រក​​កីឡាករ​ល្អ​បំផុត​នៅ​​ខេត្ត​បាត់​ដំបង​ និង​ ​ផ្ដល់​​ឱកាស​ដល់​ពួក​ដើម្បី​ក្លាយ​ខ្លួន​ជា​ ស៊ុប​ពើ​ស្ដារ។ ​នេះ​ហើយ​ជា​​ឆ្នាំ​​ដ៏​រំភើប​បំផុត​​សម្រាប់​គុន​ខ្មែរ៕

អត្ថបទ៖ ស៊ីធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s