តើ​​កម្ពុជា​កំពុង​​ដើរ​ក្រោយ​គេ​ឬ? ហើយ​តើ​​ Kun Khmer ULTRA ជា​ដំណោះស្រាយ​មែនទេ?

ក្នុង​ពេល​២​ឆ្នាំ​ចុង​ក្រោយនេះ ខ្ញុំ​មាន​​​សំណាង​ដែល​អាច​ហៅ​ប្រទេស​កម្ពុជា​ថា​ជា​ផ្ទះ​របស់​ខ្ញុំ​និង​បាន​តាម​ដាន​ស្នៀត​​ក្បាច់​គុន​​ល្អ​ៗ​បំផុត​មួយ​ចំនួន​របស់​ប្រទេស​នេះ​។

ពេលវេលា​ដ៏​មោទនភាព​បំផុត​របស់​ខ្ញុំ​នៅទីនេះ​គឺ​នៅពេល​​អ្ន​ក​ប្រដាល់​របស់​ខ្មែរ​យើង​មាន​ឱកាស​ចេញ​ទៅ​បង្ហាញ​​ទេពកោសល្យ​របស់​ពួក​គេ​នៅក្រៅ​ប្រទេស​ លើ​សង្វៀន​អន្តរជាតិ​ធំ​ៗ​ដូច​ជា ONE Championship និង World Lethwei Championship (WLC) ជា​ដើម​។

ពួក​គេ​មិន​ត្រឹម​តែ​ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សង្វៀន​ក្បាច់​គុន​ក៏​ជា​ទី​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ចែក​រំលែក​សាបព្រោះ​វប្បធម៌​ដ៏​សម្បូរបែប​​និង​ស្មារតី​មុតមាំ​របស់​ខ្មែរ​ទៅ​កាន់​ពិភពលោក​ផង​ដែរ​។

ជា​អកុសល​, លទ្ធផល​មិន​ជា​ទី​គាប់​ចិត្ត​ឡើយ​។ ក្នុង​ចំណោម​ការ​ប្រកួត​១១​ដង​នៅ ONE និង WLC អំឡុង​ឆ្នាំ​២០១៩​នេះ អ្នក​ប្រដាល់​កម្ពុជា​បាន​ចាញ់​ដល់​ទៅ​៨០% ហើយ​ឈ្នះ​តែ​២​លើក​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​នេះ គឺ នៅ ស្រីពៅ នៅ​បាងកក និង ចាន់ រតនា នៅ​ហ្សាកាតា ដែល​អ្នក​ទាំង​ពីរ​ប្រកួត MMA ​ដូច​គ្នា​។

វា​ធ្វើ​​ឱ្យ​អ្នក​​មាន​ចម្ងល់​ថា តើ​អ្វី​ជា​មូលហេតុ​ដែល​កម្ពុជា​មិន​រក​បាន​ជោគជ័យ​ដូច​ប្រទេស​ដទៃ​ដូច​ជាថៃ​ជា​ដើម នៅ​លើ​ឆាក​អន្តរជាតិ? (ថៃឈ្នះ២៦ដង​ក្នុងចំណោម៣៤​ប្រកួត​នៅ ONE Championship ស្មើ​នឹង​៧៦%)។

ខណៈ​កំពុង​បំពេញ​ការងារ​ជា​នាយក​គ្រប់គ្រង​ទូទៅ​​នៅ​សង្វៀន​​គុន​ខ្មែរ​ឯកភ្នំ​ក្នុង​ខេត្ត​បាត់ដំបង ខ្ញុំ​បាន​សួរ​អ្នក​ប្រដាល់​ជា​ច្រើននាក់​​និង​គ្រូ​បង្វឹក​ជា​ច្រើន​រូប​ថា​ហេតុអ្វី​​បានជា​ពួក​គេ​គិត​ថា​គុន​ខ្មែរ​​មិន​ទទួល​បាន​ជោគជ័យ​? ពួក​គេ​បាន​ផ្ដល់​ចម្លើយ​ដូ​ច​ៗ​គ្នា​មួយ​គឺ «លុយ»​។

កង្វះ​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​មានន័យ​ថា​អ្នក​ប្រដាល់​​មាន​ជីវភាព​​លំបាក ហើយ​ត្រូវ​ដក​ឃ្លា​ពី​ការ​ហ្វឹកហាត់​ខ្លះ​ៗ​ដើម្បី​ស្វែង​រក​ចំណូល​បន្ថែម​។ កង្វះ​ថវិកា (និង​ចំណេះ​ដឹង) ក៏​បណ្ដាល​ឱ្យ​ក្លិបប្រដាល់ និង​អ្នក​ប្រកួត​ប្រជែង​របស់​ពួក​គេ​ មិន​ផ្ដល់​សារៈ​សំខាន់​គ្រប់គ្រាន់​ដល់​អាហារូបត្ថម្ភ​ត្រឹមត្រូវ​​និង​ការ​ហ្វឹកហាត់​ជាមួយ​គ្រូ​បង្ហាត់​លំដាប់​កំពូល​ៗ​។

ខ្ញុំ​មិន​គិត​ថា​លុយ​ជា​ឫសគល់​នៃ​គ្រប់​បញ្ហា​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា​ឡើយ ទោះ​បី​ជា​វា​សំខាន់​ក្នុងការ​ធ្វើ​ឱ្យ​គុន​ខ្មែរ​និង​គុន​ចម្រុះ​នៅទីនេះ​រីកច​ម្រើន​ក៏​ដោយ​។

កត្តា​ស្នូល​មួយ​គឺ​ថា​កម្ពុជា​គ្មាន​​សង្វៀន​ធំ​​ក្នុង​ស្រុក​ណា​មួយ​ដែល​ជា​ការ​ត្រៀម​លក្ខណៈ​សម្រាប់​កីឡាករ​ខ្មែរ​ដើម្បី​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​នោះ​ទេ​។

តួយ៉ាង អ្នក​ប្រដាល់​ក្មេង​ៗ​ដូច​ជា គង់ សំបូរ, នៅ ស្រីពៅ និង ឡៅ ចិត្រា ចូល​រួម​ប្រកួត​លក្ខណៈ​អន្តរជាតិ​នៅ​ក្រៅ​ប្រទេស​ដោយ​គ្មាន​បទ​ពិសោធ​​ប្រកួត​ក្រោម​ច្បាប់​របស់ ONE Championship ឬ WLC សោះ​។

គុន​ខ្មែរ ដែល​ជា​ការ​ប្រកួត​ក្បាច់​គុន​ប្រពៃណី​របស់​ខ្មែរ មាន​រយៈ​ពេល​៥​ទឹក មួយ​ទឹក​មាន​៣​នាទី​ ដោយ​សម្រាក​​រយៈ​ពេល​១​នាទី​កន្លះ ឬ​២​នាទី​នៅ​ចន្លោះ​ទឹក​នីមួយ​ៗ ហើយ​ហ្គង់​ជា​ទូទៅ​មាន​ទំហំ៨អោនស៍​ឬ១០​អោនស៍​។ ការ​ប្រកួត​ច្រើន​តែ​ចាប់​ផ្ដើម​​​ជាមួយ​ចង្វាក់​យឺតៗ​ក្នុង​ទឹក​ទី​១ រួច​ទើប​បង្កើន​ល្បឿន​ញាប់​ៗ​​នៅ​កណ្ដាលទី​ដើម្បី​ទម្លាក់​ដៃ​វិញ​នៅ​ទឹក​ចុង​ក្រោយ​។

ដោយសារ​អ្នក​ប្រដាល់​គុន​ខ្មែរ​មាន​ជំនាញ​ល្អ ខ្ញុំ​គិត​ថា ONE Championship Super Series និង WLC ជា​ទី​ដែល​កម្ពុជា​​នឹង​ទទួល​បាន​ជោគជ័យ​​ភ្លាម​ៗ ប៉ុន្តែ​ដើម្បី​ធ្វើ​បែបនោះ​បាន គុន​ខ្មែរ ត្រូវ​តែ​វិវឌ្ឍ​ខ្លួន​ទៅ​មុខ ដោយ​មិនត្រូវ​​ទុក​ចោល​ក្រោយ​គេ​ឡើយ​។

តាម​រយៈ​​ជំនួយ​ហិរញ្ញវត្ថុ​ពី​ក្រុមហ៊ុន​មួយ​ចំនួន​របស់​កម្ពុជា​ ដែល​យល់​ពី​សារៈ​សំខាន់​នៃ​ការ​ជួយ​គុន​ខ្មែរ​​ឱ្យ​រីក​ចម្រើន​ ពួក​យើង​ចង់​បង្កើត​លីគ​​គុន​ខ្មែរ​ថ្មី​មួយ​ឈ្មោះ​ថា Kun Khmer ULTRA។

  • ប្រើហ្គង់ MMA (ទំហំ៤អោនស៍)
  • វាយ៣ទឹក មួយទឹក៣នាទី
  • សម្រាក១នាទីនៅចន្លោះទឹកនីមួយៗ
  • អាជ្ញាកណ្ដាល​ដែល​​តឿន​ឱ្យ​កីឡាករ​សម្រុក​
  • ការ​ឱ្យ​ពិន្ទុ​ត្រូវ​ដាក់​ចំពោះ​ការ​ប្រកួត​ទាំង​មូល មិនមែន​ដាក់​តាម​ទឹក​មួយ​ទឹក​ៗ​នោះ​ទេ​

សព្វ​ថ្ងៃនេះ ជើងឯក​គុន​ខ្មែរ​​មិន​មានលក្ខណៈ​រួច​រាល់​សម្រាប់​ការ​ប្រកួត​អន្តរជាតិ​នៅ​ក្រៅ​ប្រទេស​នោះ​ទេ ប៉ុន្តែ​អនាគត​ជើងឯក Kun Khmer ULTRA នឹង​មាន​បទ​ពិសោធ​គ្រប់គ្រាន់​និង​ថ្នឹក​ជាមួយ​ការ​ប្រកួត​ក្រោម​ច្បាប់​សកល ហ្គង់ និង​ល្បឿន​នៃ​ចង្វាក់​ប្រកួត​។

កំពូល​តារា​គុន​ខ្មែរ​ដូច​ជា កែវ រំចង់  បាន​យល់​ព្រម​រួច​ហើយ​ថា​នឹង​ចូល​ប្រកួត​ក្រោម​ច្បាប់​ទាំង​នេះ​។ តារា​ជំនាន់​ថ្មី ឈុត សិរីវ៉ាន់ថង​ ក៏​ឯកភាពចំពោះ​ច្បាប់នេះ​ដែរ​។

ប្រសិនពួក​យើង​ចង់​ផ្សព្វផ្សាយ​គុន​ខ្មែរ និងវប្បធម៌​ដ៏​ផូរផង​សម្បូរបែប​របស់​ខ្មែរ​ទៅ​កាន់​ពិភពលោក ពួក​យើង​ត្រូវ​គិត​ខុសពី​គេ បើ​មិនអីចឹង​ទេ ពួក​យើង​នឹង​ត្រូវ​បាន​គេ​ទុក​ចោល ស្រប​ពេល​ពិភព​​ក្បាច់​គុន​កំពុង​បន្ត​រីក​ចម្រើន​។

ដោយសារ​តែ​ច្បាប់​ប្រកួត​ប្រកប​ដោយ​លក្ខណៈ​សកម្ម​នៃ​ការ​វាយ ខ្ញុំ​គិត​ថា​ Kun Khmer ULTRA មាន​​ឱកាស​ទាក់ទាញ​ចំណាប់​អារម្មណ៍​មិន​ត្រឹម​តែ​ពី​សំណាក់​អ្នក​គាំទ្រ​កម្ពុជា​ប៉ុណ្ណោះ​ទេ តែថែម​ទាំង​ទាក់ទាញ​ការ​គាំទ្រ​ពី​អន្តរជាតិ​ថែម​ទៀត​ផង​។

ខណៈ​មាន​កំណើន​ទស្សនិកជន​កាន់​តែ​ច្រើន​ឡើង​ចូល​ទស្សនា ពួក​យើង​អាច​ចាប់ផ្ដើម​បង់​លុយ​ដល់​អត្តពលិក​របស់​យើង​សម្រាប់​អ្វី​ដែល​ពួកគេ​ស័ក្ដិសម​នឹង​ទទួល​បាន​ ហើយ​ធ្វើ​ឱ្យ​ពួក​គេមាន​លក្ខណៈ​រួច​រាល់​ដើម្បី​តំណាង​ព្រះ​រាជាណាចក្រ​អច្ឆរិយៈ​យ៉ាង​ពិត​ប្រាកដ​។

ប្រសិន​អ្នក​គាំទ្រ​គំនិត​នេះ សូម​ចែក​រំលែក​និង​ជួយ​​ពួក​យើង​​ក្នុងការ​ទាក់ទង​ទៅ​កាន់​ក្រុមហ៊ុន​នានា​ដែល​ចង់​ក្លាយ​ជា​ចំណែក​នៃ​ជំពូក​ថ្មី​នៃ​គុន​ខ្មែរ​របស់​យើង​។

ប្រសិន​បើ​អ្នក​មិន​យល់​ស្រប​ទេ​​ ខ្ញុំ​ចង់​ស្ដាប់​គំនិត​និង​​​មតិយោបល់​របស់​អ្នក​អំពី​ Kun Khmer ULTRA នៅ​ក្នុង​ប្រអប់បញ្ចេញ​មតិ​ខាង​ក្រោម​!​

/ Matias Andres, General Manager of Ek Phnom Kun Khmer Arena

2 thoughts on “តើ​​កម្ពុជា​កំពុង​​ដើរ​ក្រោយ​គេ​ឬ? ហើយ​តើ​​ Kun Khmer ULTRA ជា​ដំណោះស្រាយ​មែនទេ?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s