តើ​ក្លិប​​ទើប​​បង្កើត​ថ្មី​ «Prodal» ​មាន​សារសំខាន់​កម្រិត​ណា​​​​​ក្នុង​ការ​កសាង​ធនធាន​កីឡាករ​ថ្មីៗ​នៅ​កម្ពុជា? ​

​ក្លិប​​​«Prodal»​​ ត្រូវ​បាន​​​ដាក់​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​​នៅ​ខែ​ កញ្ញា​ ​ឆ្នាំ​ ២០១៨ ​កន្លង​ទៅ។ ​​តើ​​ក្លិប​ថ្មី​នេះ​​មាន​​សម្ភារ​ទំនើប​កម្រិត​ណា​ និង​ ដើរ​តួ​សំខាន់​យ៉ាង​ណា​ខ្លះ​ដើម្បី​បណ្ដុះ​កីឡាករ​ប្រដាល់ ​ឬ គុន​ចម្រុះ​ថ្មីៗ​នៅ​កម្ពុជា? ​សូម​​តាម​ដាន​បទ​សម្ភាសន៍​​សំណួរ​ចម្លើយ​ជា​​មួយ​លោក​ Derek Bidaut ​ដែល​ជា​ស្ថាបនិក​ និង ជា​នាយក​គ្រប់គ្រង​​ក្លិប​ខាង​លើ​នេះ​​ដូច​តទៅ។

Q៖ ​ជម្រាប​សួរ​លោក ​Derek Bidaut ​​​តើ​​​ការ​បង្កើត​ក្លិប​ «Prodal» ​​ត្រូវ​ចំណាយ​អស់​ប៉ុន្មាន​ដែរ​​​ ហើយ​សម្ភារ​​ប្រើប្រាស់​​​ក្នុង​ក្លិប​​ទំនើប​កម្រិត​ណា? ​

Derek Bidaut ៖ បាទ​ជម្រាប​សួរ​​បង! បើ​​​​​និយាយ​អំពី​ខ្ទង់​ចំណាយ​​​លើ​ការ​បើក​ក្លិប​នេះ​​និង​សម្ភារ​​​ប្រហែល​​កន្លះ​លាន​ដុល្លារ​អាមេរិក​​នោះ​ ​​ព្រោះ​យើង​មាន​សម្ភារ​​​ស្ដង់​ដារ​​​​​​​ដែល​ស្ថិត​នៅ​ផ្ទះ​លេខ​ 31B ផ្លូវ​ ​៥៩៨ ខណ្ឌ​​ទួល​គោក​រាជធានី​ភ្នំពេញ។​ ​ទំហំ​​ក្លិប​របស់​​យើង​ធំ​ទូលាយ​ដែល​ស្ថិត​​នៅ​​លើ​ផ្ទៃ​ដី​ ជាង ១៥០០​ ម៉ែត្រ​ក្រឡា។​ ​ក្នុង​​ក្លិប​យើង​មាន​សម្ភារ​ទំនើប​ដូច​ជា​​សង្វៀន​ថ្មី​​សម្រាប់​ហ្វឹកហាត់​១ , បាវ​សាក់​ថ្មីៗ​ចំនួន ១០, ​​ហ្គង់ ស៊ីប​​ដៃ​ ស៊ីប​ជើង កង្ហារ​ពី​ធំ​ខាង​លើ​ល្ហើយ​ស្រួល ​សម្ភារ​Gym​ដុំ​ដែក​ រទេះ​រុញ​ កង់​ឡាន ​មាន​កន្លែង​រត់​ទូលាយ​ ​មាន​​ភោជនីយដ្ឋាន ​ស្ទីម សូណា ​និង​ កន្លែង​ហ្វឹកហាត់​យ៉ូហ្គា​​ជា​ដើម។ ​ ​ ​​

Q៖​ ​​​​តើ​ទីតាំង​ និង​សម្ភារ​ទាំង​នេះ​​តើ​​បាន​ការ​សហការ​ ពី​ខាង​ណា​ខ្លះ? ​ឬ ​​លោក​ជា​អ្នក​បើក​ផ្ទាល់​តែ​ម្ដង?
Derek Bidaut៖​ បា​សូម​អរគុណ!​ ​ការ​បើក​ក្លិប​របស់​​​យើង​នេះ​​គឺ​ ​មាន​ការ​គាំទ្រ​ពី​អ្នក​​ជំនួញ​ម្នាក់​ដែល​គាត់​ស្រលាញ់​កីឡា​ និង ​សុខភាព​ ហើយ​ខ្ញុំ​ជា​​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​ទី​នេះ។ ​សូម​ទោស​ ខ្ញុំ​​មិន​ទាន់​អាច​ប្រាប់​ឈ្មោះ​របស់​គាត់​បាន​ទេ។​ ​

Q៖ តើ​អ្វី​​ជា​គោល​បំណង​អ្វី​សំខាន់​បំផុត​​ក្នុង​ការ​ដំណើរ​ការ​ក្លិប​នេះ​​ឡើង?

Derek Bidaut៖​ ​​ការ​ពិត​ទៅ​​​ ខ្ញុំ​អ្នក​ស្រលាញ់​ក្បាច់​គុន​ និង​ ​សុខ​​ភាព។​ ​មុន​ពេល​​ខ្ញុំ​មក​ស្រុក​ខ្មែរ​ឆ្នាំ​ ២០១០​ ខ្ញុំ​ហ្វឹកហាត់​ កុងហ្វូ​ និង មួយថៃ​ នៅ​ស្រុក​បារាំង​​ព្រោះ​នៅ​ស្រុក​បារាំង​ភាគ​ច្រើន​មិន​សូវ​ស្គាល់​គុន​ខ្មែរ​ទេ។​ ​ប៉ុន្តែ​ពេល​ខ្ញុំ​មក​ស្រុក​ខ្មែរ​ឆ្នាំ​ ២០០៩ ​ម្ដង​រយៈ​១​ខែ​ ​បន្ទាប់​មក​​ ខ្ញុំ​ទៅ​បារាំង​វិញ​ ហើយ​ក៏​ត្រលប់​មក​រស់​នៅ​ស្រុក​ខ្មែរ​តាំង​ពី​ឆ្នាំ​ ២០១០​ មក​តែ​ម្នាក់​ឯង។ ​មក​ទីនេះ​ខ្ញុំ​ស្គាល់​គុន​ខ្មែរ​កាន់​តែ​ច្បាស់​ ខ្ញុំ​ហ្វឹកហាត់​គុន​ខ្មែរ​ជា​មួយ​គ្រូ​មាស សុខគ្រី និង ឈិត សារឹម​ ជា​ដើម។​ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចង់​ដឹង​ខ្លាំង​នោះ​គឺ ល្បុក្កតោ​ ​ដែល​ខ្ញុំ​រៀន​តាំង​ឆ្នាំ​ ២០១០ ​មក​ជា​មួយ​គ្រូ​សាន គឺមស៊ាន ​នៅ​អូរឫស្សី​ មុន​ផ្លាស់​ទីតាំង​ទៅ​ ចាក់​អង្រែ។ ​ហើយ​​​ខ្ញុំ​ក៏​បាន​ទៅ​ហ្វឹកហាត់​ល្បុក្កតោ​ជា​មួយ​លោក​​គ្រូ​តា សាន គឺមស៊ាន​ រយៈ​ពេល​ ៣ ខែ​នៅ​សៀមរាប។ ​កម្រិត​​ល្បុក្កតោ​ខ្ញុំ​ គឺ ​ក្រមា​ខ្មៅ​ដែល​អាច​​​ធ្វើ​ជា​គ្រូ​បាន។ ខ្ញុំ​ស្រលាញ់​ល្បុក្កតោ​ ព្រោះ​ខុស​ពី​គុន​ខ្មែរ​ខ្លះៗ ​ដ្បិត​ជា​ក្បាច់​គុន​​របស់​ខ្មែរ​​តែ​មួយ។ ​សរុប​ទៅ​ខ្ញុំ​ស្រលាញ់​ក្បាច់​គុន ​ហើយ​ចិត្ត​ខ្ញុំ​ចង់​បើក​ក្លិប​បែប​នេះ​តាំង​ពី​ខ្ញុំ​ អាយុ​ ២០ ឆ្នាំ​មក​ម៉្លេះ ​ហើយ​​ឥឡូវ​នេះ​ខ្ញុំ​អាយុ​ ៣១​ ឆ្នាំ​ទើប​សម្រេច​បាន​លទ្ធផល​នេះ។ ​គោល​ដៅ​សំខាន់​គឺ ​ដើម្បី​បណ្ដុះ​បណ្ដាល​កីឡាករ​ជំនាន់​ក្រោយ​នៅ​ស្រុក​ខ្មែរ​ ទោះ​បី​ខ្ញុំ​ជា​ជន​ជាតិ​បារាំង​ ហើយ​ ខ្ញុំ​កំពុង​​រត់​ការ​​ដើម្បី​ចូល​សញ្ជាតិ​ខ្មែរ​ដែរ។ ខ្ញុំ​ស្រលាញ់​ការ​រស់​នៅ​ទីនេះ។​ ​មួយ​វិញ​ទៀត​ ​គឺ ​​ខ្ញុំ​ចង់​រួម​ចំណែក​លើក​តម្កើង​សុខភាព​នៅ​ក្នុង​តំបន់​របស់​បង​ប្អូន​​ដែល​អ្នក​ខ្លះ​គេ​ហាត់​ដើម្បី​រក្សា​រាង​ ឬ ​ធ្វើ​ឲ្យ​សុខភាព​មាំមួន។

Q៖ ចុះ​​​បច្ចុប្បន្ន​ មាន​កូន​សិស្ស​ហាត់​សុខភាព​ និង ហាត់​អាជីព​​ចំនួន​ប៉ុន្មាន​ដែរ? ​​​​ហើយ​មាន​បុគ្គលិក​ក្នុង​បន្ទុក​​ចំនួន​ប៉ុន្មាន​នាក់?

Derek Bidaut៖​ បើ​សរុប​​ឥឡូវ​នេះ​មាន​កូន​សិស្ស​មក​​កាន់​តែ​ច្រើន​ រហូត​ជាង​ ១០០ ​នាក់។ ​​គ្រូ​បង្វឹក​​​ប្រដាល់​​មិន​បញ្ហា​ ប៉ុន្តែ​​ខ្វះ​គ្រូ​បង្វឹក​ផ្នែក​កម្លាំង (Fitness) ខ្ញុំ​ត្រូវ​ការ​ ១ ឬ ​២​ នាក់​​ដែល​កំពុង​ស្វែង​រក។​ ​ខ្ញុំ​អត់​ទាន់​មាន​កូន​សិស្ស​អាជីព​ច្រើន​ទេ ប៉ុន្តែ​ ​​​លោក​គ្រូ​ ឡុង សាលវ័ន្ត​ គាត់​មក​បង្ហាត់​ទីនេះ​​ ហើយ​កូន​សិស្ស​គាត់​ទាំង​អស់​មក​ហាត់​នៅ​ក្លិប​ខ្ញុំ​ដែរ។ ​នេះ​ជា​ការ​រួម​ចំណែក​មួយ​ដើម្បី​ឲ្យ​កីឡាករ​​មាន​សមត្ថភាព​ខ្ពស់​តាម​រយៈ​​ការ​ហ្វឹកហាត់​​ឧបករណ៍​​គ្រប់គ្រាន់។ ​​កូន​សិស្ស​មិន​មែន​អាជីព​​​​បុក​ហាត់​នៅ​វេន​​​ល្ងាច​​ច្រើន​ជាង​វេន​ព្រឹក​ និង​ ​​រសៀល។​ ​​​ក្លិប​របស់​យើង​ទើប​​​តែ​បើក​មិន​ទាន់​ដល់​ ១ ឆ្នាំ​ទេ​ ដូច្នេះ​​ ​មិន​ទាន់​មាន​កូន​សិស្ស​អាជីព​​​នៅ​ឡើយ​ ប៉ុន្តែ​​ខ្ញុំ​សង្ឃឹម​ថា​ទទួល​បាន​នា​ពេល​ឆាប់​ខាង​មុខ។​ ​គោល​បំណង​របស់​យើង​គឺ​ ​ជួល​​គ្រូ​​អាជីព​ និង​ បង្កើត​ឲ្យ​បាន​កូន​សិស្ស​អាជីព​​ដើម្បី​ប្រកួត​​ក្នុង​ស្រុក​ និង អន្តរជាតិ។ ចំណែក​​បុគ្គលិក​នៅ​​ទីនេះ​ គឺ ​មាន​ជាង​ ១០ នាក់​ ​ដូច​ជា​អ្នក​ធ្វើ​​ការ​នៅ​ ភោជនីយដ្ឋាន អ្នក​មើល​ការ​​ខុស​ត្រូវ​សម្ភារ​ ​អ្នក​ទទួល​ភ្ញៀវ និង​​ ​អ្នក​សំអាត​ជា​ដើម។ ​ ​

Q៖​ ​​តើ​រាល់​ថ្ងៃ​ ក្លិប​ «Prodal» មាន​ការ​ផ្សព្វផ្សាយ​យ៉ាង​ណា​​ខ្លះ​ ហើយ​មាន​​​ដៃ​គូ​សហការ​ជា​មួយ​ក្រុម​ហ៊ុន​ណា​ខ្លះ?

Derek Bidaut៖​ ​​សព្វ​ថ្ងៃ​​យើង​​មាន​ដៃ​គូ​សហការ​ក្រុម​ហ៊ុន​លក់​សម្ភារ​កីឡា​ Venum ​ និង​ Under Amour ​ដែល​គេ​លក់​ឲ្យ​យើង​ក្នុង​តម្លៃ​ថោក​​ជាង​តម្លៃ​ធម្មតា​ បើ​សិន​ជា​យើង​ត្រូវ​ការ​ ឬ បញ្ជា​ទិញ។ ​​ហើយ​​យើង​ក៏​បាន​ចុះ​កិច្ច​សន្យា​ឧបត្ថម្ភ​ផ្ដល់​​កន្លែង​ហ្វឹកហាត់​កាយសម្បទា​​រយៈ​ពេល​ ១ ឆ្នាំ​ដល់​ ​ក្លិប​បាល់ទាត់​ភ្នំពេញក្រោន​​ក្នុង​ឆ្នាំ​ ២០១៩​នេះ​ដែរ។​ ​នេះ​ជា​ដៃ​គូ​សហការ​សំខាន់ៗ​របស់​យើង។​ ​​ក្រៅ​ពី​នេះ​យើង​មាន​ ទំព័រ ​ហ្វេសប៊ុក​របស់​​យើង​Prodal Fight & Fitness Studio ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន ឬ សកម្មភាព​ជា​ប្រចាំ​របស់​យើង។​ ​នៅ​ថ្ងៃ​មុខ​​ យើង​​នឹង​បន្ត​​សហការ​ជា​មួយ​ដៃ​គូ​​​ក្នុង​ស្រុក​ជា​បន្តបន្ទាប់៕

​អត្ថបទ៖ ស៊ីធី ​

Leave a Reply