សំ ថារ័ត្ន ​បង្ហើប​​ខ្សែ​ភាព​យន្ត​ពីរ​ដែល​ខ្លួន​​​​ដក់​ចិត្ត​ស្រលាញ់​បំផុត​ក្នុង​អាជីព​តារា​​សម្ដែង​

​សិស្ស​គុន​ល្បុក្កតោ ​សំ ថារ័ត្ន ​​​​ដែល​ចូល​ក្នុង​​វិស័យ​សម្ដែង​ភាព​យន្ត​ក្នុង​នាម​ជា​តួ​អង្គ​វ៉ៃ​ទាត់​ធាក់​នោះ​​បាន​បង្ហើប​​​អំពី​ខ្សែ​ភាព​យន្ត​​ចំនួន​ពីរ​​ដក់​ជាប់​ចិត្ត​​ស្រលាញ់​បំផុត​ ​​គឺ​ «Jailbreak: ការពារ​ឧក្រិដ្ឋជន» ដឹក​នាំ​ដោយ​​​​លោក Jimmy Henderson និង​ រឿង​ «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ» ដឹក​នាំ​​ដោយ​លោក​ស្រី​ Angelina Jolie ​ជា​​តារា​ Hollywood លំដាប់​ពិភព​លោក​ និង​ ជា​អ្នក​ដឹក​នាំ​រឿង​ផង​​នា​ពេល​បច្ចុប្បន្ន។​ ​ការ​ដែល​លើក​ឡើង​បែប​នេះ​មិន​​មែន​​មាន​ន័យ​ថា​ សំ ថារ័ត្ន ​មិន​ពេញ​ចិត្ត​រឿង​​ផ្សេងៗ​​​​ដែល​ធ្លាប់​ប្រឡូក​ក្នុង​ការ​សម្ដែង​កន្លង​មក​ទេ ប៉ុន្តែ ​ឈុត​ឆាក​ រឿង​ទាំង​ពីរ​ខាង​លើ​​​ធ្វើ​ឲ្យ​តារា​ស្រី​វ៉ៃ​តប់​​រូប​នេះ​​​ដក់​ជាប់​ក្នុង​អារម្មណ៍​ជាង​គេ។ ​​

​​ចាប់​តាំង​ពី​ឈាន​ជើង​ចូល​សម្ដែង​ជា​តួ​​​វ៉ៃ​តប់​​រហូត​​ដល់​ពេល​នេះ​ ​សំ ថារ័ត្ន ​ដែល​​ហ្វឹកហាត់​ក្បាច់​គុន​​ល្បុក្កតោ​ជាង​ ​១០​ឆ្នាំ​មក​​​ហើយ​នោះ​​​ចូល​រួម​សម្ដែង​បាន​​ចំនួន​ ៩ ​រឿង​មក​​ ​រួម​​បញ្ចូល​ទាំង​​​ភាពយន្ត​​ឯកសារ​​ផង។​

ថារ័ត្ន ​​ពេញ​ចិត្ត​រឿង​ «Jailbreak: ការពារ​ឧក្រិដ្ឋជន» ដោយ​លើក​ឡើង​​ដូច្នេះ ៖«​​​រឿង​នេះ​ខ្ញុំ​បាន​បង្ហាញ​សមត្ថភាព​បាន​ល្អ​ ជា​ពិសេស​​​មាន​​​តារា​បរទេស ​ឬ ​​អ្នក​ដឹក​នាំ​រឿង​​គាត់​សរសើរ​ថា​ខ្ញុំ​​​មាន​សមត្ថភាព​ក្នុង​​ការ​សម្ដែង​ ​ហើយ​លើក​ទឹក​ចិត្ត​​ដល់​តួ​ស្រី​​ចេះ​ក្បាច់​គុន​។ ​គេ​មិន​​ត្រឹម​សរសើរ​យើង​ផ្ទាល់​ទេ​ ប៉ុន្តែ​គេ​នឹក​ដល់​ប្រទេស​​​យើង​​ដែល​មាន​ធនធាន​ល្អ និង ​លើក​ទឹក​​ចិត្ត​ដល់​ក្មេង​ស្រីៗ​ដទៃ​​​ទៀត​ឲ្យ​​មាន​ភាព​ក្លាហាន​ដើម្បី​​ហាត់​ក្បាច់​គុន​ក្នុង​គោល​ដៅ​ក្លាយ​ជា​អ្នក​សម្ដែង»។

​តា​រា​សម្ដែង​វ័យ ២៨ ឆ្នាំ​​ដដែល​​នេះ​​រៀប​រាប់​ទៀត​ថា​ តួអង្គ​​ក្នុង​រឿង​​គឺ​ដូច​​នៅ​ក្នុង​ជីវិត​ពិត​ដែរ​ ពោល​​ អ្នកដឹកនាំ និង ​ផលិតករ​​​បាន​​ឲ្យ​​​គេ​សម្ដែង​​​​មាន​ទំនុក​ចិត្ត​​លើ​ខ្លួន​ឯង​​​ និង​ ក្លាហាន​ ​​ហើយ​ តម្រូវ​ឲ្យ​ វាយ​តប់​គ្នា ដោយ​គ្មាន​អ្នក​ជួយ​​ដូច​​​នៅ​ខាង​ក្រៅ​សាច់​រឿង​អីចឹង។ ថារ័ត្ន​​ ជា​តួអង្គ​​ប៉ូលិស​ម្នាក់​​នៅ​ក្នុង​ភាពយន្ត​នោះ​ ​ដែល​នៅ​​ក្នុង​ក្រុម​តែ​មួយ​ជា​មួយ​លោក​ Jean-Paul Ly និង ​លោក​ អ៊ួ តារា។ ​រឿង​​នោះ​ ​ថារ័ត្ន ​នៅ​តែ​នឹក​ភ្នក​​ដែល​បាន​សម្ដែង​ជា​មួយ ​តារា​សម្តែង​សញ្ជាតិ​ខ្មែរ​-បារាំង​ លោក​ Jean-Paul Ly, ​លោក សាវិន ហ្វីលីព, ទ្រង់ ​ស៊ីសុវត្ថិ សិរីវុឌ, ​លោក​ សុខ វិសាល, តា​រា​ប៉ាង​ និង​ តារាសម្តែង​ស្រី Celine Tran ជា​ដើម។

ចំណែក​រឿង​ «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ» ​ក៏​ធ្វើ​ឲ្យ​ ថារ័ត្ន​ ​មិន​អាច​បំភ្លេច​បាន​ដែរ ​ដោយ​បាន​ហ្វឹកហាត់​ជា​មួយ ​លោក Bobby Holland Hanton ​ដែល​ជា​តួ​ ​Stunt Double ​ក្នុង​ខ្សែ​ភាពយន្ត​​​CAPTAIN AMERICA ដ៏​ល្បី​ល្បាញ​លំដាប់​ពិភព​លោក។ ​​​​​ ការ​ហ្វឹកហាត់​រហូត​ដល់​ ១ ខែ​ ជា​មួយ​តារា​ Hollywood ​រូប​នេះ​ ប៉ុន្តែ ​ការ​សម្ដែង​ គឺ ​ត្រឹម​ ១ សប្ដាហ៍​ប៉ុណ្ណោះ។​

តារា​សម្ដែង​ដែល​ធ្លាប់​ឡើង​សង្វៀន​គុន​ចម្រុះ​បាន​ ៦ ​លើក​​ ​គូស​បញ្ជាក់​ថា ៖​«ខ្ញុំ​សម្តែង​ជា​តួ​កាច​ម្នាក់​ ​ខ្ញុំ​ដើរ​តួ​ជា​សមមិត្ត​បង​ ​ពេល​​ធ្វើ​ការ​ឱ្យ​ខ្មែរ​ក្រហម​ ​នៅ​ក្នុង​សាច់​រឿង​របស់​លោក​ស្រី Angelina Jolie។ ខ្ញុំ​បង្រៀន​ក្មេងៗ​ឱ្យ​ខ្លាំង​ និង​ចេះ​វាយ​សត្រូវ… ​វា​ជា​ការ​​លំបាក​បន្តិច​ព្រោះ​ធម្មជាតិ​ខ្ញុំ​អត់​កាច​សោះ​។ ប៉ុន្តែ​​ពេល​ខ្ញុំ​សម្តែង​ ខ្ញុំ​ត្រូវ​ធ្វើ​កាច​ និង​ស្រែក​ជេរ​មនុស្ស​រហូត។​​ ខ្ញុំ​រីករាយ​ណាស់​ដែល​បាន​ធ្វើ​ការ​ជា​មួយ​អ្នក​ស្រី​ Angelina Jolie ​ទោះ​រយៈ​ពេល​ខ្លី។ ​ពេល​សម្តែង​ចប់​ គាត់​មើល​ទៅ​ឈុត​ដែល​ខ្ញុំ​បាន​ថត​ ​ គាត់​ [Angelina Jolie] ​បាន​ឱ្យ​មេ​ដៃ ​ហើយ​ប្រាប់​ថា​ ខ្ញុំ​ជា​មនុស្ស​ស្រី​ដ៏​ពូ​កែ​ម្នាក់។​ ខ្ញុំ​មិន​ភ្លេច​ពាក្យ​​សរសើរ​របស់​គាត់​ទេ។ ហើយ​ខ្ញុំ​បាន​ចង​ចាំ​ពាក្យ​ទាំង​នោះ​ជា​និច្ច»។

​រឿង​នេះ​ត្រូវ​បាន​​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​​ដើម​ឆ្នាំ ​២០១៧ ដោយ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​​​លើ​ឆាក​អន្តរជាតិ។​

​គួរ​ដឹង​ដែរ​ថា​ ​សំ ថារ័ត្ន ​​​​ពី​ដើម​ឡើយ​គ្រាន់​​តែ​ស្រលាញ់​ និង​ ហាត់​ក្បាច់​គុន​ល្បុក្កតោ​ដើម្បី​ការពារ​ខ្លួន​​ប៉ុណ្ណោះ​ ​​មិន​មាន​បំណង​​ក្លាយ​ជា​តារា​ភាព​យន្ត​ ​ឬ តារា​សម្ដែង​​នោះ​ទេ។ ​​ប៉ុន្តែ​កីឡាការិនី​​មាន​​​រហស្សនាម​ថា​ «Little Frog» ​ទទួល​​បាន​ការ​ចាប់​អារម្មណ៍​ជា​ហូរហែ​ពី​សំណាក់​ផលិត​ករ​ក្នុង​ស្រុក​និង​អន្តរជាតិ​អំពី​ការ​ចេញ​ក្បាច់​វ៉ៃ​ទាត់​ធា​ក់​របស់​គេ។ ​ ​​កូន​សិស្ស​របស់​លោក​គ្រូ​តា​ សាន គឹមស៊ាន ​និង​ ​លោក​ ហុក ​ឈាងគីម ​​ត្រូវ​បាន​ផលិត​ករ​ជ្រើស​រើស​​​​​​ជា​តួ​សម្ដែង​​ហក់​លោត​ និង ចេញ​ក្បាច់​គុន​ទៅ​តាម​សាច់​រឿង​រហូត​ដល់​​បច្ចុប្បន្ន៕

អត្ថបទ៖ ស៊ីធី ​

Leave a Reply