ក្រៅ​ពី​កីឡាប្រដាល់​ តើ​ នៅ​ ​ស្រីពៅ ​​ចូល​​ចិត្ត​កីឡា​អ្វី​ទៅ? ​

បច្ចុប្បន្ន​នេះ​ នៅ​ ស្រីពៅ​ ​បាន​ក្លាយ​ជា​កីឡាការិនី​ប្រដាល់​​គុន​ខ្មែរ​ និង​ គុន​ចម្រុះ​កំពូល​ម្នាក់​នៅ​ក្នុង​ចំណោម​កីឡាករ​នៅ​​កម្ពុជា។​ ​មុន​ឈាន​ជើង​​ចូល​ក្នុង​វិស័យ​កីឡា​ប្រដាល់​​តាំង​ពី​ដើម​ឆ្នាំ​ ២០១៤​ មក​នោះ​ ​ស្រីពៅ ​បង្ហើប​ថា​ កីឡា​ដែល​ខ្លួន​ចូល​ចិត្ត​ក្រៅ​ពី​ប្រដាល់​គឺ ​«កីឡាហែលទឹក»។​

កីឡាការិនី​វ័យ​ ២៤​​ឆ្នាំ​បញ្ជាក់​​​បែប​​នេះ​ ៖«​ខ្ញុំ​ចូល​ចិត្ត​កីឡា​ហែល​ទឹក​តាំង​ពី​តូច​ ​ទោះ​ធំ​ឡើង​មិន​មែន​ក្លាយ​ជា​កីឡាការិនី​ហែល​ទឹក​ក៏​ដោយ។ ​​ប៉ុន្តែ​ ​រៀង​រាល់​ថ្ងៃ​ព្រហស្បតិ៍​​ ​ខាង​គ្រូ​ហាត់​ប្រដាល់​ខ្ញុំ ​​គាត់​ឲ្យ​ទៅ​ហែល​ទឹក​ ឬ ​ទាត់​បាល់។ ​ប៉ុន្តែ​​ឥឡូវ​ខក​ខាន​មួយ​រយៈ​រឿង​ហែល​ទឹក​ព្រោះ​គេ​ជួសជុល​អាង​ទឹក​ថ្មី​នៅ​ពហុកីឡដ្ឋាន​ជាតិ។ ​ខ្ញុំ​ចូល​ចិត្ត​ហែល​ទឹក​តាំង​ពី​តូច​ ​អាយុ​ប្រហែល​ ១០ ឆ្នាំ។​ ​​​ក្បែរ​ផ្ទះ​​ម៉ាក់ប៉ា​ខ្ញុំ​នៅ​​ចំការ​ដូង​​ចិញ្ចឹម​ទា​​នៅ​បឹង​ ហើយ​ ប៉ា​ខ្ញុំ​ប្រាប់​ថា​​ខ្ញុំ​ចេះ​ហែល​ទឹក​នៅ​បឹង​​នោះ​​ដោយ​គ្មាន​អ្នក​បង្ហាត់​ទេ។ ​កាល​នៅ​ក្មេង​ហែល​​ទឹក​សឹង​មួយ​ព្រឹក​ទល់​ល្ងាច​ក៏​មាន»។

​កីឡាការិនី​ដដែល​នេះ​​រៀបរាប់​ទៀត​ថា​ ​កីឡា​ហែល​ទឹក​ធ្វើ​ឲ្យ​សុខ​ភាព​ល្អ​ និង​ រក្សា​រាង​រៅ​បាន​ស្អាត​​ដែល​ខុស​ពី​ប្រដាល់​ដែល​ធ្វើ​ឲ្យ​ឈឺ​សាច់។ ​យ៉ាង​ណា​ក្ដី ​​កីឡា​ទាំង​ពីរ​​នេះ​មាន​ចំណុច​ល្អ​រៀងៗ​ខ្លួន។​ ​ប៉ុន្តែ​​បើ​ហាត់​ប្រដាល់​សាច់​ដុំ​​ឡើង​កង់ៗ​ ស្រប​ពេល​ ហែល​ទឹក​ជួយ​​​ឲ្យ​រាង​កាយ​រឹង​មាំ​​ ​​និង​​ស្អាត​ជាង។ ការ​មិន​បាន​ចាប់​អាជីព​​យក​កីឡា​ហែល​ទឹក​​ ​ដោយ​សារ​មាន​បង​ប្រុស​របស់​ខ្លួន​ឈ្មោះ​ នៅ​ ស៊ីថា​ ​ហ្វឹកហាត់​ប្រដាល់។ ​​ការ​ស្រលាញ់​​ជា​រឿង​មួយ​ផ្នែក​ ​ខណៈ​ មាន​ការ​ជំរុញ​ពី​បង​ប្រុស​ផង​នេះ​ ធ្វើ​ឲ្យ ស្រីពៅ​ ​​មាន​ឈ្មោះ​ក្នុង​វិស័យ​ប្រដាល់​ដល់​​សព្វថ្ងៃ។

​​យ៉ាង​​ក្ដី​​កីឡាការិនី​ឆ្នើម​ប្រចាំ​សង្វៀន​ World Lethwei Championship ​នា​ប្រទេស​ មីយ៉ាន់ម៉ា​​ ​បាន​​បន្ថែម​ថា​៖«​​កីឡាការិនី​ហែល​ទឹក​ដែល​ខ្ញុំ​ស្គាល់​នា​ពេល​បច្ចុប្បន្ន​នេះ​ គឺ ​ហែម ថុនវិទិនី។​ ​ការ​លេង​កីឡាហែល​ទឹក​​ធ្វើ​​ឲ្យ​រាង​កាយ​របស់​គាត់​​ស្អាត​ សាច់​ណែន។ ​យ៉ាង​ណា​​ យើង​ហាត់​ប្រដាល់​​មិន​អាច​ទៅ​ច្រណែន​ជា​មួយ​អ្នក​ហែល​ទឹក​ទេ​បង…​ព្រោះ​កីឡា​ខុស​គ្នា»។

នា​ពេល​នេះ​​កីឡា​ប្រដាល់​​​បាន​ធ្វើ​ឲ្យ​​ជីវភាព​​របស់​ ស្រីពៅ​ ​បាន​ប្រសើរ​ឡើង​​​បន្ទាប់​ពី​ធ្លាប់​​បម្រើ​ការងារ​នៅ​រោង​ចក្រ​​​​មួយ​កន្លែង​ម្ដុំ​ព្រែក​​ថ្លឹង​ ​​​អំឡុង​ឆ្នាំ​ ២០១៣។ ​​​​ក្ដី​ស្រលាញ់​ក្នុង​វិស័យ​កីឡា​ប្រដាល់​ធ្វើ​ឲ្យ​​​កីឡាការិនី​ជម្រើស​ជាតិ​រូប​នេះ​ដក​​ខ្លួន​​លែង​រួច​ និង ​ខិត​ខំ​ហ្វឹកហាត់​កាន់​តែ​ខ្លាំងក្លា​​ថែម​ទៀត​ជា​ពិសេស​កំពុង​ហ្វឹកហាត់​ត្រៀម​ប្រកួត​ស៊ីហ្គេម​តំណាង​ឲ្យ​កម្ពុជា​​នៅ​ចុង​ឆ្នាំ​ ២០១៩ ​នេះ​​នៅ​ប្រទេស​ហ្វីលីពីន។

គួរ​រំលឹក​ដែរ​ថា​ ​នៅ ស្រីពៅ ​ឈាន​ជើង​ចូល​ហ្វឹកហាត់​ប្រដាល់​ដំបូង​ជា​​​​​​គ្រូ​បង្វឹក​ ញ៉ូវ ម៉ាក ​និង​ លោក ​ម៉ាក សាខន ​​នៅ​ក្លិប​តាឡី​ដំរី​មាន​រិទ្ធិ​។ ពេល​ហាត់​បាន​​ត្រឹម​​ រយៈ​ពេល​មួយ​ខែ ​​ស្រីពៅ​ ក៏​មាន​ទីផ្សារ​​ឡើង​ប្រកួត​បណ្ដើរៗ​តាំង​ពី​ពេល​នោះ​មក។​ ​គេ​ចាំ​បាន​ថា​ ​ការ​ប្រកួត​ដំបូង​​គឺ​តតាំង​ជា​មួយ​ប្អូន​ វី ស្រីខួច ​ឈ្មោះ​​ វ័ ស្រីល័ក្ខ​ ​នៅ​​សង្វៀន​ប៉ុស្ដិ៍​​បាយ័ន ​ហើយ​ ស្រីពៅ​ ជា​អ្នក​ឈ្នះ​ពិន្ទុ ​ដោយ​ទទួល​បាន​តម្លៃ​ខ្លួន​ ៣០​ ម៉ឺន​រៀល។​ កូន​សិស្ស​របស់​​លោក ញ៉ូវ ម៉ាក ​មាន​ទីផ្សារ​ហក់​ឡើង​ជា​ហូរហែ​ជា​ពិសេស​​ឡើង​សង្វៀន​ ONE Championship​ ​ក្រោយ​ហាត់​​គុន​ចម្រុះ​ជា​មួយ​លោក ហ៊ុន ច័ន្ទរាជ្យ។ កំណត់​ត្រា​​គួរ​ឲ្យ​ចង​ចាំ​ចុង​ក្រោយ​នេះ ​ស្រីពៅ ​បាន​យក​ឈ្នះ​កីឡាការិនី​មាន​បទ​ពិសោធន៍​​ច្រើន​​​ថៃ​ Rika Ishige ​មុន​ពេល​ចាញ់​កីឡាការិនី​​ឥណ្ឌូណេស៊ី​ ​Priscilla ​Hertati Lumban Gaol ដោយ​ពិន្ទុ​នា​​ដើម​ខែ​ ឧសភា​ នេះ៕

​​អត្ថបទ៖ ស៊ីធី ​

Leave a Reply