សម្ភារ​ហ្វឹកហាត់​​ភាគ​ច្រើន​នៅ​ក្លិប​ប្រដាល់​ «សិល្បៈ»​ ​​របស់ ចាន់ រតននា ​ចាស់​អស់​៦០​ភាគរយ

​អ្នក​លេង​​គុន​ចម្រុះ​​ ចាន់ ​រតនា ​​​ដែល​គេ​ស្គាល់​ថា​ជា​ម្ចាស់​ក្លិប​ប្រដាល់ «​សិល្បៈ»​​ ​បាន​​បង្ហើប​ឲ្យ​ដឹង​ថា​ ​សម្ភារ​ហ្វឹកហាត់​​នៅ​​នៅ​ក្នុង​ក្លិប​របស់​ខ្លួន​​ចាស់ៗ​​​អស់​ប្រហែល​៦០​ភាគរយ​ទៅ​ហើយ​ ​​ពោល​​នៅ​ថ្មីៗ​ត្រឹម​ ​៤០​ភាគរយ​ប៉ុណ្ណោះ។​ ​​ក្លិប​របស់​ ចាន់ ​រតនា​​ស្ថិត​​​នៅ​ក្បែរ​ សារ​មន្ទីរ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​​​​ ដែល​​ទីតាំង​បច្ចុប្បន្ន​នេះ​​នឹង​ផុត​​កិច្ច​សន្យា​ជួល​​​ត្រឹម​ចុង​​ខែ កញ្ញា​ ​ឆ្នាំ​ ២០១៩​ ខាង​មុខ​នេះ​។ ​​គិត​ត្រឹម​ពេល​នេះ​​រហូត​ដល់​ផុត​កិច្ច​សន្យា​ ​​​កីឡាករ​ និង ​ជា​ជា​គ្រូ​បង្វឹក​វ័យ​ក្មេង​​​ដដែល​​នេះ​ស្នាក់​នៅ​ និង​​បង្ហាត់​កូន​សិស្ស​ បាន​រយៈ​ពេល​ ៣​ ឆ្នាំ​ហើយ។

 


​ ​​

កីឡាករ​វ័យ​​៣៣ ​ឆ្នាំ​​​បាន​បញ្ជាក់​​​​​បែប​នេះ​ថា​ ៖«​​​​​ឧបករណ៍​ ឬ សម្ភារ​ហ្វឹកហាត់​​នេះ​​ខ្ញុំ​​​ទិញ​ខ្លួន​​ឯង​ភាគ​ច្រើន​ ហើយ​​មួយ​​ភាគ​​ទៀត​បាន​មក​ពី​ការ​​ឧបត្ថម្ភ​។ ជាក់​​ស្ដែង​​មិត្តភ័ក្ដិ​នៅ​​មីយ៉ាន់ម៉ា​ Phoe Thaw ​​បាន​សហការ​ជា​មួយ​ក្លិប​ប្រដាល់​​ Fight For Good ​មក​ជួយឧបត្ថម្ភ​​​សម្ភារ​ខ្លះ​​សម្រាប់​ហ្វឹកហាត់​​​កាល​ខែ មីនា។​ ​ប៉ុន្តែ​យើង​មិន​បាន​​ស្នើ​សុំ​គេ​ ប៉ុន្តែ​ គាត់​ថា​​នឹង​ជួយ​បន្ត​ទៀត​តាម​​លទ្ធភាព។ សម្ភារ​​ទាំង​អស់​ដូច​​ជា​​ តាបពី ហ្គង់​ បាវ​សាក់​ ​ស្នង​សម្រាប់​ហាត់​ ស៊ីប​កាន់​​ដៃ​ ​ស៊ីប​សម្រាប់​ទាត់​ បាវ​សាច់​​ជា​ដើម​​នោះ​​កាន់​តែ​ចាស់ៗ​ហើយ។ ​ខ្ញុំ​គិត​ថា​ ៦០%​ ភាគរយ​គឺ​ ចាស់ៗ»។

​អ្នក​លេង​គុន​ចម្រុះ​ប្រចាំ​នៅ​សង្វៀន​ ONE Championship ​​បន្ត​ទៀត​​ថា​​រង្វង់​ទឹក​ប្រាក់​ដែល​​ទិញ​សម្ភារ​ហ្វឹកហាត់​ខាង​លើ​​​នា​ពេល​កន្លង​មក​ រួម​ទាំង​សង្វៀន​​​ទ្រុង​មួយ​ផង​នោះ​មាន​តម្លៃ​​ចន្លោះ​ពី​ ២​ ទៅ​ ៣​ ម៉ឺន​ដុល្លារ​អាមេរិក។​ យ៉ាង​ណា​ក្ដី​ទីតាំង​​ខាង​លើ​​​​​ពិត​ជា​អំណោយ​ផល​ដល់​កូន​សិស្ស​​ខ្មែរ​ និង ​​ជន​បរទេស​ដែល​​​មក​​ហាត់​​ដើម្បី​សុខភាព។​ ​​ បើ​សិន​ប្ដូរ​​ទីតាំង​ គឺ​ ​លំបាក​បន្តិច​​ក្នុង​ការ​រើ​សង្វៀន​ទ្រុង​ដែល​ធំ​ជាង​គេ​ ហើយ​ ប្រឈម​នឹង​ការ​បាត់​បង់​សិស្ស​ជាក់​ជា​មិន​ខាន។​ បច្ចុប្បន្ន​នេះ​ ក្លិប​ ​«សិល្បៈ»​ ទទួល​បាន​សិស្ស​ហ្វឹកហាត់​​ទាំង​ខ្មែរ​ និង​ បរទេស​​ប្រមាណ​ ៦០ នាក់​ សរុប​ទាំង​ ៣ វេន​ពោល​ ព្រឹក​ ​ថ្ងៃ និង​ ល្ងាច។

​​​អ្នក​​លេង​គុន​ខ្មែរ​ យុទ្ធ​​គុន​​ខម​ ​​និង​ គុន​ចម្រុះ​បាន​គូស​បញ្ជាក់​ទៀត ៖«​ខ្ញុំ​មិន​ទាន់​រក​ទីតាំង​​ថ្មី​បាន​ទេ​ ​ខ្ញុំ​ចង់​រក​ទីតាំង​ថ្មី​​​​​ប្រហែល​មិន​ធំ​​ជាង​​នេះ​ ​ហើយ​ចង់​នៅ​​ក្នុង​​ក្រុង​ ព្រោះ​​ជា​ពិសេស​ម្ដុំ​ទទួល​ទំពូង​​​សំបូរ​កូន​សិស្ស​បរទេស។ ​ទីតាំង​ចាស់​នេះ​មាន​ទំហំ​​ប្រហែល​​ទទឹង​ជាង​ ១០ ម៉ែត្រ​ និង​ ​​បណ្ដោយ​ជាង ២០​ ម៉ែត្រ​ ដែល​មើល​ទៅ​ធំ​ទូលាយ​ស្រួល​ដាក់​សម្ភារ​ហ្វឹកហាត់។ ​ហើយ​​បើ​និយាយ​អំពី​សម្ភារ​មួយ​​ចំនួន​ខ្ញុំ​ត្រូវ​ចំណាយ​លុយ​ទិញ​បន្ថែម​ទៀត​​ ព្រោះ​​​កន្លង​មក​ក៏​​យើង​រៀប​ចំ​ និង​ ទិញ​ខ្លួន​​ឯង​ដែរ»។

​​ម្ចាស់​ក្លិប​ «សិល្បៈ» ​បាន​ក្រាញ​ននាល​​ប្រឡូក​ក្នុង​​វិស័យ​​វ័យ​គុន​ខ្មែរ​តាំង​ពី​បាត​ដៃ​ទទេ​រហូត​ដល់​អាច​​ទិញ​សម្ភារ​ផ្គត់ផ្គង់​ការ​ហ្វឹកហាត់​ដល់​ក្លិប។​ ​កូន​ប្រុស​​របស់​លោក​ ចាន់ ប៊ុនធឿន ដែល​​ជា​គ្រូ​បង្វឹក​គុន​ខ្មែរ​ និង​ ​យុទ្ធ​គុន​ខម​​នោះ​​លើក​ឡើង​​ថា​ ​ប្រដាល់​ និង​ គុន​ចម្រុះ​​ដែល​ឡើង​វ៉ៃ​នៅ ONE Championship ​បាន​ជួយ​សម្រួល​​ច្រើន​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​​រួម​ទាំង​យក​ថវិកា​​ពី​ការ​ឡើង​រេញ​មក​ផ្គត់ផ្គង់​គ្រួសារ និង​ ​ទិញ​សម្ភារ​សម្រាប់​កូន​សិស្ស​ហ្វឹកហាត់​ផង។ កីឡាករ​វ័យ​ ​៣៣ ឆ្នាំ​​បាន​រួម​ចំណែក​យ៉ាង​ធំ​ធេង​ក្នុង​ការ​​បណ្ដុះបណ្ដាល​​គុន​ខ្មែរ​​​ដល់​កូន​សិស្ស​​ខ្មែរ​ និង ជន​បរទេស។ ជា​ពិសេស​រូប​គេ​ជា​តារា​លេច​ធ្លោ​នៅ​សង្វៀន​​កម្រិត​ពិភព​លោក​ ONE ដែល​ធ្វើ​ឲ្យ​គេ​នឹក​ភ្នក​ដល់​កម្ពុជា​​ តាម​រយៈ​ការ​បង្ហាញ​ក្បាច់​គុន​របស់​ ចាន់ រតនា និង ការ​ឈ្នះ​ពី​លើក​ជាប់​គ្នា​ថ្មីៗ​នេះ៕

អត្ថបទ៖ ស៊ីធី ​

Leave a Reply