រឿងចាប់អារម្មណ៍ចំនួន ៣ លើសង្វៀន ONE: WARRIORS OF LIGHT នៅប្រទេសថៃ

សង្វៀន​ ONE: WARRIORS OF LIGHT ​​នា​​ថ្ងៃ​ទី​​ ១០ ​ខែ​ ឧសភា ​​​ក្រុង​បាងកក​បាន​ទាក់​ភ្នែក​អ្នក​តាម​ដាន​ទូទាំង​ពិភព​លោក​​ក៏​ដូច​​ជា​នៅ​កម្ពុជា​ ហើយ​ក្នុង​នោះ​មាន​រឿង​ ៣ គួរ​​ឲ្យ​​​ចាប់​អារម្មណ៍​បំផុត​​​ដូច​ខាង​ក្រោម។ ​​កំពូល​អ្នក​ប្រយុទ្ធ​ សុខ ធី​ ចាញ់​ Rodtang ​នៅ​ទឹក​ទី២។ ​​កំពូល​កីឡាករ​ថៃ Nong-O Kaiyanghadao នៅ​តែ​​រក្សា​ខ្សែ​ក្រវាត់​ ONE Championship Muay Thai Bantamweight World Champion ខណៈ​ដែល​ Petchdam Petchyindee Academy ​​គ្រង​​ខ្សែ​ក្រវាត់​ ONE Flyweight Kickboxing World Championship។ ​

ជើង​ខ្លាំង​​តំណាង​ឲ្យ​កម្ពុជា​ សុខ​ ធី ហៅ​ កាកា​ ​ចុះ​ចាញ់​ត្រឹម​ទឹក​ទី២​ ​បន្ទាប់​ពី​ Rodtang  ​ទាត់​បំបែក​កង់​​ចុង​ទឹក​ទី១​​និង​បន្ត​ទៅ​ប្រកួត​លែង​កើត​នៅ​​ដើម​ទឹក​ទី២។​ ​កាកា​ មិន​អាច​​បន្ត​ការ​ប្រកួត​ទៀត​បាន​ទេ​​ ក្រោយ​​ពី​ការ​ទាត់​សន្ធាប់​របស់​កីឡាករ​ប្រដាល់​ថៃ​ដែល​មាន​រហស្សនាម​ថា​ «The Iron Man» នៅ​​ដើម​ទឹក​ទី២។

​បន្ទាប់​ពី​ការ​ប្រកួត​ សុខ ធី បាន​ថ្លែង​ថា ៖« Rodtang គេ​​មាន​ប្រៀប​ជាង​ ព្រោះ​គេ​គីឡូ​ធំ​​ហើយ​ទម្លាក់​មក​ចាំ​វ៉ៃ​យើង។​ ​​ប៉ុន្តែ​ខ្ញុំ​​​បាន​វ៉ៃ​ជា​មួយ​ជើង​ខ្លាំង​លំដាប់​ A ​របស់​ប្រទេស​ថៃ គឺ ល្អ​​ណាស់។​ ​ខ្ញុំ​ដឹង​ពី​ចំណុច​ខ្វះ​ខាត​​​ត្រូវ​ហ្វឹកហាត់​បន្ថែម​ឲ្យ​ខ្លាំង​ដូច​គេ។ ​ខ្ញុំ​នឹង​ប្រើ​ពេល​ ២ ទៅ​ ៣ ​ឆ្នាំ​ទៀត​ដើម្បី​ដល់​កម្រិត​នេះ»។

ជា​មួយ​គ្នា​នោះ​ ​គ្រូ​បង្វឹក​ ហ៊ុន ច័ន្ទរាជ្យ ​បាន​បញ្ជាក់​ថា​ Rodtang ​ល្អ​ លឿន​ និង ​រឹង​ខ្លាំង​ ហើយ​គេ​​សឹង​​លំដាប់​លេខ១​​នៅ​ស្រុក​ថៃ ​និង​ ​ជា​លំដាប់​លេខ១​ក្នុង​ពិភព​​លោក​ដែរ​ក្នុង​​ប្រភេទ​គីឡូ​នេះ។ ​លោក​បញ្ជាក់​ថា ​តាម​ពិត​ចុង​ទឹក​ទី១​ គឺ​ឈឺ​ធ្ងន់​ទៅ​ហើយ ប៉ុន្តែ​ទឹក​ចិត្ត​កីឡាករ​នៅ​​ស៊ូ​ទៀត​មិន​ចុះចាញ់​ងាយៗ។


Nong-O Kaiyanghadao នៅ​តែ​រក្សា​​ខ្សែ​ក្រវាត់​ ONE Championship Muay Thai Bantamweight World Champion ដោយ​ឈ្នះ​ពិន្ទុ​ជា​​​ឯកច្ឆន្ទ​លើ​​កីឡាករ​សញ្ជាតិ​ជប៉ុន​ Hiroaki Suzuki នៅ​សង្វៀន​ ​ONE: WARRIORS OF LIGHT។​ ​ដោយ​ចាប់​ផ្ដើម​ទឹក​ដំបូង​ Nong-O​ បាន​គ្រប់គ្រង​ស្ថាន​ការ​យ៉ាង​ល្អ​​​​ដោយ​​ការ​ទាត់​ចំ​ដើម​​ទ្រូង​ របស់ Hiroaki​ ជា​ច្រើន​ជើង​ ដែល​​ធ្វើ​ឲ្យ​កក្រើក​​រេញ​ Impact Arena នា​ក្រុង​បាងកក។ Hiroaki កាន់​តែ​ដើរ​ចូល​កាន់​តែ​ត្រូវ​រន្ទះ​ជើង​របស់​ Nong-O ដែល​​ជើង​ខ្លាំង​​​ម្ចាស់​ខ្សែ​ក្រវាត់​​៣​​នៅ​សង្វៀន​ Lumpinee ​របស់​ថៃ។ ​នៅ​ទឹក​ទី២ មិន​ខុស​ទឹក​ទី១​ ទេ​ ដោយ​​កីឡាករ​សញ្ជាតិ​ជប៉ុន​វ័យ​ ៣៤ នៅ​តែ​​ដើរ​​​ចូល​វាយ​ដដែល​​ដើម្បី​យក​ពិន្ទុ​វិញ​ ​​ប៉ុន្តែ​នៅ​តែ​រង​​ការ​ទាត់​ពេញ​ទំហឹង​របស់​ Nong-O ​រួម​ទាំង​​កណ្ដាប់​​វ៉ៃ​ការពារ​ទៀត​ផង។​ ​​ពេល​​អ្នក​ក្បាច់​គុន​​ជន​ជាតិ​ជប៉ុន​ ​ដើរ​ចូល​កាន់​​តែ​ច្រើន​ ​កាន់​តែ​​​រង​គ្រោះ​ថ្នាក់​ពី​សំណាក់​​​អ្នក​លេង​មួយ​ថៃ​របស់​ម្ចាស់​ផ្ទះ។​ Nong-O បាន​វ៉ៃ​បក​​​ និង​ទាត់​ឲ្យ​ Hiroaki​ ដួល​ម្ដងម្កាល​ទៀត​ផង។​ ​លទ្ធផល​សម្រេច​ចុង​ក្រោយ​ ​កីឡាករ​ជប៉ុន​​មិន​អាច​ដណ្ដើម​ខ្សែ​ក្រវាត់​ពី​​កីឡាករ​ថៃ​បាន​ឡើយ។​

Petchdam Petchyindee Academy ​បាន​ឆក់​យក​ខ្សែ​ក្រវាត់​ ONE Flyweight Kickboxing World Championship ​ក្រោយ​ឈ្នះ​ ​​កីឡាករ​សញ្ជាតិ​​អាល់ហ្សេរី​ Elias Mahmoudi។ ចូល​ទឹក​ទី១​ Elias ​​បាន​ច្រឡំ​ប្រើ​កែង​​ដាក់​កីឡាករ​ម្ចាស់​ផ្ទះ​ ​ដែល​​ធ្វើ​ឲ្យ​អាជ្ញា​កណ្ដាល​​ពិន័យ​កាត​​លឿង​កាត់​ពិន្ទុ។​ ​បន្ទាប់​មក​​ Elias ខំ​ដើរ​ចូល​វ៉ៃ​ដើម្បី​ស្ដារ​ពិន្ទុ​ ប៉ុន្តែ​ Petchdam ដក​ថយ​​វាយ​បក​​ចូល​មួយៗ​យ៉ាង​ដំណំ​ដែរ។ Elias មិន​ខ្លាច​នឹង​​Petchdam ទេ ដោយ​ដើរ​ចូល​វ៉ៃ​​និង​ប្រើ​​ក្បាច់​​​ រវ៉ែ​ញឹកញាប់​ ប៉ុន្តែ​ Petchdam ​​ទាត់​កាត់​ និង​ប្រើ​កណ្ដាប់​ដៃ​ឆ្វេង​បាន​ល្អ​​នៅ​ទឹក​ទី​ ២, ៣ និង ទឹក​៤។ ​​នៅ​ដើម​ទឹក​ទី​​៥​ Petchdam បាន​ទាត់​​​ជើង​ឆ្វេង​​របស់​ខ្លួន​ចំ​​​ក្បែរ​ប្រដាប់​ការពាររបស់​ Elias។ ​​​ហើយ​ Elias ត្រូវ​សម្រាក​ ៣ នាទី​ដើម្បី​ពិនិត្យ​មើល​​ថា​តើ​អាច​ប្រកួត​បាន​ទៀត​ ឬ យ៉ាង​ណា។​ ​ទីបំផុត​​ចៅ​ក្រម​សម្រេច​​ឲ្យ​ Petchdam Petchyindee Academy ឈ្នះ​ការ​ប្រកួត​លើ​ Elias ​​ពេល​ដៃ​គូ​​ប្រកួត​លែង​កើត។​ Petchdam ឈ្នះ​ខ្សែ​ក្រវាត់​ ONE Flyweight Kickboxing World Championship ដែល​ជា​ការ​​​ដាក់​ឲ្យ​ប្រកួត​​​ដណ្ដើម​​ខ្សែ​ក្រវាត់​ប្រភេទ​​លើក​ដំបូង៕

អត្ថបទ៖ ស៊ីធី

Leave a Reply