ចាន់ រតនា​ ​ជា​កីឡាករ​​កំពូល​​ម្នាក់​នៅ​កម្ពុជា​​ តើ​ការ​ប្រើ​ប្រាស់​​សម្លៀក​​​បំពាក់​ឬសម្ភារ​កីឡា​ប្រេនៗ​កម្រិត​ណា​ទៅ?

អ្នក​លេង​គុន​ចម្រុះ​​ ចាន់ រតនា​ ​ត្រូវ​បាន​​អ្នក​ជំនាញ​​ និង​ កីឡាករ​​ជា​ច្រើន​​នាក់​ចាត់​ទុក​ជា​កីឡាករ​​​គុន​ចម្រុះ​កំពូល​ម្នាក់​របស់​កម្ពុជា​​តាម​រយៈ​ការ​ផ្ដួល​កីឡាករ​ឥណ្ឌូណេស៊ី​​​ Rudy Agustian ​ឲ្យ​​​ចុះ​ចាញ់​នៅ​ទឹក​ទី​២​​​នា​ពេល​ថ្មីៗ​​នេះ​នៅ​សង្វៀន​ ONE: FOR HONOR ​នា​ប្រទេស​ឥណ្ឌូណេស៊ី? ​​​​គេ​ជា​កីឡាករ​​​ល្បី​ឈ្មោះ​ប្រចាំ​នៅ​សង្វៀន​ ONE ​តំណាង​ឲ្យ​កម្ពុជា​​តាំង​ពី​ឆ្នាំ​ ២០១៤ មក។​ តើ​​ការ​ប្រើ​ប្រាស់​​សម្លៀក​បំពាក់​ប្រចាំ​ថ្ងៃ​ ប្រេនៗ​ កម្រិត​ណា​ទៅ​សម្រាប់​កីឡាករ​កំពូល​ប្រចាំ​ប្រទេស​មួយ​នេះ?

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ការ​ប្រើ​ប្រាស់​សម្លៀក​បំពាក់​ ​ឬ សម្ភារ​កីឡា​ប្រចាំ​​ថ្ងៃ​ ​​កីឡាករ​ និង ជា​គ្រូ​បង្វឹក​វ័យ​ ៣៣ ឆ្នាំ​រូប​នេះ​​​បង្ហើប​ថា៖ «​ខ្ញុំ​អត់​មាន​ប្រកាន់​​ប្រេន​ណា​មួយ​​ក្នុង​​ការ​ស្លៀក​ពាក់​ទេ​បង​ ខ្ញុំ​ស្លៀក​ពាក់​ធម្មតា​ ​ព្រោះ​មិន​មាន​ក្រុម​​ហ៊ុន​ណា​គេ​ឧបត្ថម្ភ​សម្លៀក​​​ស្លៀក​ដល់​ខ្ញុំ​ផ្ដាច់​មុខ​ប្រចាំ​ថ្ងៃ​ផង​ប្រចាំ​ថ្ងៃ​ផង។ ​​ប៉ុន្តែ​ រាល់​ថ្ងៃ​ខ្ញុំ​មាន​​បង​ម្នាក់​​ម្ចាស់​ហាង​​ឈ្មោះ​ ណារិទ្ធ​ លក់​​សម្ភារ​ TrecTeam​ នៅ​ម្ដុំ​ចតុមុខ។​ គាត់​ឧបត្ថម្ភ​ សម្ភារ​​ហ្វឹកហាត់ ដូច​ជា​សម្លៀក​បំពាក់ ​ឧបករណ៍​មួយ​ចំនួន​ និង ​Protein ​ជា​​ប្រចាំ​​​ដល់​រូប​ខ្ញុំ​ ដោយ​ជួយ​​ផ្គត់ផ្គង់​រយៈ​ពេល​ ៣ ឆ្នាំ​មក​ហើយ។​ ខ្ញុំ​​អត់​មាន​ចុះ​កិច្ច​សន្យា​​ជា​​លាយលក្ខណ៍អក្សរ​ទេ​ ប៉ុន្តែ​ពេល​​​ណា​អស់​ ខ្ញុំ​ប្រាប់​គាត់​ផ្ទាល់​មាត់​ គាត់​នឹង​ផ្ដល់​ជូន​ដល់​ខ្ញុំ»។

កីឡាករ​​ដែល​ឡើង​ប្រកួត​លើ​សង្វៀន​ ONE Championship ​បាន​ចំនួន​ ៨ ដង​រូប​នេះ​បញ្ជាក់​ទៀត​ថា ​ការ​ឧបត្ថម្ភ​ ប្រូតេអីន​ (Protein) ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ក្នុង​អាជីព​​​ជា​កីឡាករ។​ ​​ប្រេតេអីន​ ជួយ​​​​​រក្សា​កម្លាំង​​ថាម​ពល​ និង ធ្វើ​ឲ្យ​រាងកាយ​រឹង​មាំ​ជា​ដើម។ ក្រៅ​ពី​​នោះ​ ចាន់ រតនា​ ​ក៏​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ MMA ​ផ្សេង​ទៀត​​ដែល​ទទួល​បាន​​សម្លៀក​បំពាក់​​ពេល​ចេញ​ទៅ​ប្រកួត​​​​ម្ដងៗ​ ដោយ​​ រចនា​ និង​ ឧបត្ថម្ភ​ដោយ​លោក ​រេមីហ៊ូ។ ​ជាក់​ស្ដែង​ស្ថិត​ក្នុង​សម្លៀក​បំពាក់​​ខោ-អាវ​ធំ​ក្នុង​សន្និសីទ​កាសែត​មុន​ទៅ​ប្រកួត​នៅ​ប្រទេស​ ឥណ្ឌូណេស៊ី​​កាល​ដើម​ខែ​ ឧសភា ​នេះ​ គឺ​ទទួល​ការ​ឧបត្ថម្ភ​ពី​លោក ​រេមីហ៊ូ។

ម្ចាស់​ក្លិប​ប្រដាល់​ «សិល្បៈ» ​​​ជា​កីឡាករ​កម្ពុជា​មួយ​រូប​​ដែល​ជោគជ័យ​នៅ​សង្វៀន​ ONE Championship ​ក្នុង​ចំណោម​​អ្នក​លេង​គុន​ចម្រុះ​ទាំង​​ឡាយ​​តាំង​ពី​ឆ្នាំ​ ២០១៤​ មក។​ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​កូន​ប្រុស​របស់​លោក​ ចាន់ ប៊ុនធឿន ​ឈ្នះ​ពីរ​លើក​ជាប់​គ្នា​នៅ​សង្វៀន​ពិភព​លោក​ ONE នេះ ដែល​​ទទួល​បាន​​ការគាំទ្រ​​កាត់​​តែ​ខ្លាំង​ឡើង​ទូទាំង​ប្រទេស។​ ​​​កីឡាករ​អាយុ​ ៣៣ ឆ្នាំ​​​ ឈ្នះ​​​កីឡាករ​ឥណ្ឌូណេស៊ី​​ពីររូប​ Abrou Fernandes ​ ​កាល​ខែ ធ្នូ​ ​​​ចុង​​ឆ្នាំ​ ២០១៨ និង​ ឈ្នះ​ ​Rudy Agustian ​កាល​ថ្ងៃ​ទី​ ៣ ខែ ឧសភា ​​​នៅ​​ឥណ្ឌូណេស៊ី។ ​​

ក្រោយ​ទទួល​ជ័យជម្នះ​​នៅ​ឥណ្ឌូណេស៊ី​ អ្នក​លេង​គុន​ចម្រុះ​នៅ​កម្ពុជា​​​​​រូប​នេះ​ប្រា​​ថ្នា​ចង់​ជួប​​កីឡាករ​គុន​ចម្រុះ​ជនជាតិ​ចិន ​Ma Hao Bin ​ដែល​រូប​គេ​ធ្លាប់​ចាញ់​ពិន្ទុ​កាល​​​ឆ្នាំ​ ២០១៦ ទាំង​មិន​អស់​ចិត្ត​ បើ​សិន​អ្នក​រៀប​ចំ​ការ​ប្រកួត​នៅ ONE មិន​ទាន់​រក​គូ​ប្រកួត​ឲ្យ​​បាន។ ​ប៉ុន្តែ​បើ​សិន​​មាន​ការ​ផ្គូផ្គង​​នា​ពេល​ខាង​មុខ ​អ្នក​​លេង​គុន​ខ្មែរ​រូប​នេះ​ថា​មិន​​ខ្លាច​រអា​​​​អ្នក​ណា​ឡើយ​ ពោល​​ឲ្យ​តែ​​ត្រូវ​គីឡូ​ ៦១,៥ ដូច​គ្នា៕

​​​
​​​​​អត្ថបទ៖ ស៊ីធី ​

Leave a Reply