គ្រូ​បង្វឹក​គុន​ចម្រុះ​​​​ម្នាក់​​ជា​​អង្គរក្ស​ការពារ​តារា​ល្បីៗ​ពេល​ទស្សនកិច្ច​​មក​ស្រុក​ខ្មែរ

​​​គ្រូ​បង្វឹក​សញ្ជាតិ​ស្កុតឡែន​​ Alan Mccune ដែល​គេ​ស្គាល់​ថា​​ជា​គ្រូ​បង្វឹក​គុន​ចម្រុះ​​របស់​ ខុន ស៊ីចាន់​​ ​​​នោះ​បាន​​ចូល​បម្រើ​ការងារ​ជា​អង្គរក្ស​តាំង​ពី​ឆ្នាំ​ ១៩៩៣​ នៅ​ប្រទេស​ស្កុតឡែន​ និង​ បន្ត​មក​ការពារ​តារា​ល្បីៗ​មួយ​ចំនួន​​ពេល​​មក​ទស្សនកិច្ច​នៅ​កម្ពុជា​មួយ​រយៈ​ចុង​ក្រោយ​នេះ។​

គ្រូ​បង្វឹក​​គុន​ចម្រុះ​នៅ​ក្លិប​ Phnom Penh MMA ​​រូប​នេះ​បញ្ជាក់​​ថា ៖«​ខ្ញុំ​ចាប់​ផ្ដើម​ធ្វើ​ការងារ​ជា​អង្គរក្ស​នៅ​​ឆ្នាំ​ ១៩៩៣ ​នៅ ស្កុតឡែន។ ខ្ញុំ​ការពារ​តារា​ល្បីៗ​មួយ​ចំនួន​ដូច​ជា Rod Stewart, Bono U2, Bob Geldof, George Clooney, Beyonce​ និង​ ​Lisa Marie Presley ​ជា​ដើម។ ខ្ញុំ​បាន​ធ្វើ​ការ​ក្នុង​ខ្សែ​ភាព​មួយ​ចំនួន​ទៀត​ផង។ ​​កាល​នោះ​ខ្ញុំ​បាន​ធ្វើ​ការ​ជា​​សន្តិសុខ​បើក​​ឡាន​​របស់​តារា​ប៊ូលីវូត​​ឥណ្ឌា Shahid Kapoor ​ក្នុង​ខ្សែ​ភាព​យន្ត​ Mausam ​ពេល​ថត​នៅ​ស្កុតឡែន​»។

​គ្រូ​បង្វឹក​វ័យ​ ៥១ ឆ្នាំ​រូប​នេះ​បាន​ផ្លាស់​មក​ធ្វើ​ការ​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​នៅ​ឆ្នាំ​ ២០១៣​ ហើយ​លោកបាន​ធ្វើ​ការ​ការពារ​តារា​ចម្រៀង​​​​ខ្មែរ​ដូច​ជា ម៉ម ឡូរ៉ា និង Nikki Nikki។​ លើស​ពី​នេះ​ទៅ​​ទៀត​ ​ពេល​ តារា​ចម្រៀង​ល្បី​​​ជន​ជាតិ​អង់គ្លេស Jessie J ​មក​ច្រៀង​នៅ​ស្រុក​ខ្មែរ​ ​លោក​ និង​ ក្រុម​​អង្គរក្ស​របស់​លោក​ក៏​​មាន​មុខ​រូប​​លោក​​ជា​អង្គរក្ស​ការពារ​ដិត​ដល់​ដែរ​ដែល​មាន​អ្នក​គាំទ្រ​ទៅទស្សនា​ចំនួន​ ៣ ពាន់​​នាក់​នៅ​កោះពេជ្រ។ ​លោក​​ការពារ​​តារា​ល្បីៗ​មួន​​ទៀត​ជា​អាទិ​ ​​តារា​ភាព​យន្ត​​ថៃ Jirayu Tangsrisuk , អតីត​តារា​បាល់ទាត់​ល្បីៗ​ Ryan Giggs មក​​ទស្សនកិច្ច​​​ក្នុង​នាម​ទូត​សុច្ឆន្ទៈ​​របស់​​​កម្មវិធី​ Tiger Street Football, Ruud van Nistelrooy ​ពេល​​​មក​បង្ហាញ​ពាន​ UEFA Champions League, ​និង តារា​ចម្រៀង​ Charlie Puth។

 

ការ​ចេះ​ក្បាច់​គុន​ដូច​ជា​ ​ជីជិតស៊ូ​ , Kickboxing, Jeet Kune Do, ​និង​ Philipino Kali​ បាន​ធ្វើ​​ឲ្យ​រូប​​លោក​ក្លាយ​ជា​អង្គរក្ស​មាន​មុខ​មាត់​មួយ​រូប​​ទាំង​នៅ​ស្កុតឡែន និង ​ នៅ​កម្ពុជា។ ​ម្យ៉ាង​ទៀត​ លោក​​ក៏​បាន​បង្ហាត់​​ក្បាច់​គុន​ទាំង​នេះ​តាំង​ពី​ឆ្នាំ​ ១៩៩៦​ មក។

គ្រូ​បង្វឹក​ដែល​មក​រស់​នៅ​កម្ពុជា​រយៈ​ពេល​ ៧ ​ឆ្នាំ​ និង​បង្ហាត់​គុន​ចម្រុះ​ដល់​កូន​សិស្ស​​ជិត​១០០​នាក់​រូប​នេះ​បញ្ជាក់​ថា​ ៖«​ការ​ការពារ​​​តារា​ល្បី ឬ ​អ្នក​មាន​ឈ្មោះ​​​សំឡេង​​ ពិត​ជា​សំខាន់​ណាស់​ ​វា​​មិន​​ធ្ងន់ធ្ងរ​ ប៉ុន្តែ​ត្រូវ​ម៉ឺងម៉ាត់​ ជា​ពិសេស​ត្រូវ​រៀប​ចំ​ឲ្យ​មាន​របៀប​រៀបរយ​ ​ទាំង​​អ្នក​គាំទ្រ​ ឬ ​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន»។

បច្ចុប្បន្ន​នេះ​លោក​មាន​​តំណែង​ជា​​អ្នក​គ្រប់គ្រង​​នៅ​ក្រុម​​​​ហ៊ុន​​ការពារ​សន្តិសុខ​អន្តរជាតិ (ISS) ​ប្រចាំ​នៅ​កម្ពុជា​និង​ បាន​ឆ្លៀត​ពេល​ទៅ​បង្ហាត់​ក្បាច់​គុន​ចម្រុះ​ (MMA) ​ដល់​កីឡាករ​កម្ពុជា​មួយ​ចំនួន​នៅ​ក្លិប​ Phnom Penh MMA។ ​ក្រុម​ហ៊ុន​​របស់​លោក​មាន​​អង្គរក្ស​ការពារ​សុទ្ធ​តែ​បរទេស​ប្រមាណ​ ១០០០​ នាក់​ ពោល​មាន​​ខ្មែរ​-អាមេរិក​ តែ​១ រូប​គត់។ ​​សព្វ​ថ្ងៃ​នេះ​ ISS មាន​​ស្នាក់​ការ​នៅ​​ភ្នំពេញ​​​ ​មាន​សាខា​នៅ​សៀមរាប ​បាត់​ដំបង​ និង ​ក្រចេះ​ ហើយ​គ្រោង​នឹង​ពង្រីក​ទៅ​ខេត្ត​កំពត​នា​ពេល​ឆាប់ៗ​​ខាង​មុខ។ ​​ISS ជា​ក្រុម​ហ៊ុន​​ការពារ​សន្តិសុខ​​អន្តរជាតិ​ដំបូង​នៅ​កម្ពុជា​ដែល​​មាន​បុគ្គលិក​បម្រើ​ការងារ​ ​ស្ថានទូត ​អឺផាតមិន ​និង​ នៅ​​តាម​បណ្ដា​រោងចក្រ​​សហគ្រាស​ជា​ដើម៕ ​​

​​​​​​អត្ថបទ៖ ស៊ីធី ​

Leave a Reply