ចាន់ រតនា​ ជា​អ្នក​ហាត់​ក្បាច់​គុន​​ ប៉ុន្តែ​​​បែរ​ចូល​ចិត្ត​ភាព​យន្ត​​បែប​វិទ្យាសាស្ត្រ​ទៅ​វិញ

អ្នក​លេង​គុន​ចម្រុះ​​កម្ពុជា​ ចាន់ រតនា​ ដែល​​​វ៉ៃ​​កីឡាករ​​ម្ចាស់​ផ្ទះ​​ Rudy Agustian ​ឲ្យ​​​ចុះ​ចាញ់​នៅ​ទឹក​ទី​២​​កាល​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​​លើ​​សង្វៀន​ ONE: FOR HONOR ​ ​​នា​រដ្ឋធានី​​​ ហ្សាកាតា​​ ​ប្រទេស​ ឥណ្ឌូណេស៊ី ​នោះ​​មិន​​ចាត់​ទុក​ខ្សែ​ភាពយន្ត​​​ប្រើ​ក្បាច់​គុន​ទាត់​ធាក់​ជា​ជម្រើស​​ដំបូង​​នោះ​ឡើយ ​ប៉ុន្តែ​ បែរ​ចូល​ចិត្ត​​ទស្សនា​រឿង​ប្រលោម​​លោក​បែប​វិទ្យា​សាស្ត្រ​ «Jurassic World » ទៅ​វិញ​។

គ្រូ​បង្វឹក​នៅ​ក្លិប​ «សិល្បៈ» រូប​នេះ​​បញ្ជាក់​ថា ៖«​​​រឿង​​ដែល​ខ្ញុំ​តាម​ដាន​ និង ​ចូល​ចិត្ត​បំផុត គឺ​ Jurassic World ​ហើយ​ខ្ញុំ​មើល​ដល់​ភាគ​ចុង​ក្រោយ​​ Jurassic World: Fallen Kingdom ឯណោះ​ពេល​​ចេញ​ជា​ផ្លូវ​ការ​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០១៨។ ឈុត​ដែល​ខ្ញុំ​ពេញ​ចិត្ត​ជាង​គេ​​ គឺ​​ រាល់​​ពេល​ឈុត​ឆាក​ ​ដាយណូស័រ បើក​ការ​វាយ​ប្រហារ​មក​លើ​​មនុស្ស​ ដែល​ធ្វើ​​ឲ្យ​រន្ធត់​ខ្លាំង​ណាស់ ​ព្រឺព្រួច​​ ហើយ​ ​ខ្ញុំ​រឹត​តែ​ចង់​តាម​ដាន»។

ភាព​យន្ត​ Jurassic World ​ចេញ​បាន​ ​៥​ វគ្គ​ហើយ​មក​ដល់​ពេល​នេះ ​វគ្គ​ទី​១​ Jurassic Park ​​ចាប់​បញ្ចាំង​កាល​​ថ្ងៃ​ទី​ ១១ ​ខែ មិថុនា ឆ្នាំ១៩៩៣, វគ្គ​ទី២​ The Lost World: Jurassic Park ​ចាប់​បញ្ចាំង​ ​ថ្ងៃ​ទី ២៣ ​ខែ​ឧសភា ឆ្នាំ ១៩៩៧, វគ្គ​ទី​៣​ Jurassic Park III ​ចាប់​បញ្ចាំង​ ថ្ងៃ​ទី​ ១៨​ ខែ ​កក្កដា​ ឆ្នាំ​ ២០០១,​ ​វគ្គ​ទី​៤ Jurassic World ​ចាប់​បញ្ចាំង​ថ្ងៃ​ទី​ ១២​ ខែ ​មិថុនា ឆ្នាំ​ ២០១៥,​ ​និង វគ្គ​​​​ទី​៥​ ​Jurassic World: Fallen Kingdom ចាប់​បញ្ចាំង​នៅ​ថ្ងៃ​ទី​ ២២ ​មិថុនា ​ឆ្នាំ​ ២០១៨។​ ​​ចំណែក​ វគ្គ​ទី​៦​ ​​ដែល​មាន​ឈ្មោះ​ថា​ Jurassic World 3 ​នឹង​ចាប់​បញ្ចាំង​​នៅ​ថ្ងៃ​​ទី​ ១១​ ខែ​ មិថុនា ឆ្នាំ​ ២០២១ ​ខាង​មុខ។ ​លោក J.A Bayona ​ជា​ផលិត​ករ​ដឹក​នាំ​វគ្គ​​​​ទី​៥​​រឿង​ ​Jurassic World: Fallen Kingdom ​  និង ផលិត​ដោយ​ក្រុម ហ៊ុន ​Universal Pictures ហើយ​ វគ្គ​​បន្ទាប់​ទី​៦ Jurassic World 3 ​ដែល​​គ្រោង​ចេញ​បញ្ចាំង​នៅ​ ២ ​ឆ្នាំ​ខាង​មុខ​​នឹង​​ដឹក​នាំ​ដោយ​ផលិតករ​ Colin Trevorrow។

ការ​ដែល​ចិត្ត​រឿង​បែប​វិទ្យា​សាស្ត្រ​នេះ ​ត្រូវ​បាន​អ្នក​លេង​យុទ្ធ​គុន​ខម​​​សង្កត់​ធ្ងន់​ថា ៖«​​ខ្ញុំ​ត្រូវ​ការ​អារម្មណ៍​ខុស​ប្លែក​ខ្លះៗ ​ដែល​ធ្វើ​ឲ្យ​​វា​ស្រស់​ស្រាយ​ ​ព្រោះ​ខ្ញុំ​​ជា​អ្នក​ហាត់​ក្បាច់​គុន​ទៅ​ហើយ។ ​ការ​ទស្សនា​បែប​នេះ​ទើប​ធ្វើ​ឲ្យ​ខុស​​គ្នា​ពី​ការ​ហាត់​គុន​។ ពេល​ខ្លះ​​ក៏​ធុញ​ដែរ​ ហាត់​​​ និង​បង្ហាត់​ក្បាច់​គុន​ពេញ​ម៉ោង​ហើយ ​​​និង ​ត្រូវ​មើល​ភាព​យន្ត​ក្បាច់​គុន​ច្រើន​ទៀត​ គឺ ​ដដែល​ៗ​​»។
​​

យ៉ាង​ណា​ក្ដី​ ភាព​យន្ត​​បន្ទាប់​បន្សំ​ដែល​ ​ រតនា ចូល​ចិត្ត​​ទស្សនា​នោះ​គឺ​ ​​ជា​ខ្សែ​​ភាព​យន្ត​ដែល​មាន​តារា​ក្បាច់​គុន​​បែប​កំប្លែង​​ទិនហ្វី ​បុរស​មុខ​មាំ​កុំ​កុំ​ និង​ ​លីលានជា។​ ​រតនា​ ​​បន្ថែម​ថា​ ​គេ​ចូល​ចិត្ត​​តួ​សម្ដែង​ ៣ ​ដួង​​នេះ​តាំង​ពី​​​ខ្លួន​​មាន​​អាយុ​​ប្រហែល​ ១០ ​ឆ្នាំ​មក​ម៉្លេះ។

គួរ​ដឹង​ដែរ​ថា​​កូន​ប្រុស​របស់​​​​លោក​ ចាន់ ប៊ុនធឿន​ ​​ជា​តារា​ប្រចាំ​សង្វៀន​ ONE ​តាំង​ពី​ឆ្នាំ​ ២០១៤ ​មក​ម៉្លេះ។ ​​កីឡាករ​វ័យ​ ៣៣ ឆ្នាំ​រូប​នេះ​ ​​ប្រឡូក​​លើ​រេញ​ ONE បាន​ចំនួន ​៨ ​ដង​ (បើ​គិត​វ៉ៃ​ក្នុង​ស្រុក​​ទៀត​បាន​ ៩​ដង) ​ដែល​ក្នុង​នោះ​​ ឈ្នះ​ចំនួន​ ​៥ ​ដង​ និង ​ចាញ់​ ៣ ដង។ ​ក្នុង​​ការ​​ប្រកួត​​២​លើក​​​ចុង​ក្រោយ​ ​​​កីឡាករ​អាយុ​ ៣៣ ឆ្នាំ​តំណាង​ឲ្យ​កម្ពុជា​ ​​វ៉ៃ​​កីឡាករ​ឥណ្ឌូណេស៊ី​​ឲ្យ​ចុះ​ចាញ់​ទឹក​ទី២​ ដូច​គ្នា​លើ​សង្វៀន​ ONE ពោល​ឈ្នះ​ Rudy Agustian ​​កាល​សប្ដាហ៍​មុន​ និង​ ឈ្នះ​ Abrou Fernandes ​ ​កាល​ខែ ធ្នូ​ ​​​ចុង​​ឆ្នាំ​ ២០១៨។ ​​ ម្ចាស់​ក្លិប​ «សិល្បៈ»​ ​ ឈ្នះ ​Rudy គឺ​ជា​ការ​ចង​ចាំ​​មួយ​ដ៏​ល្អ និង​ ជា​ថ្នូរ​នឹង​ការ​សង​សឹក​ឲ្យ​មិត្ត​រួម​ជាតិ​​ ខុន ស៊ីចាន់​ ​ដែល​​បាន​ចាញ់​​កីឡាករ​ឥណ្ឌូណេស៊ី​ រូប​នេះ​នៅ​សិង្ហបុរី​ កាល​ខែ កុម្ភៈ៕ ​

​​​
អត្ថបទ៖ ស៊ីធី ​

Leave a Reply