គ្រូ​បង្វឹក​គុន​ចម្រុះ​មួយ​រូប​​​ឡើង​​តំណែង​ជា​អ្នក​គ្រប់គ្រង​​​ប្រចាំ​ប្រទេស​​កម្ពុជា​​នៅ​​ក្រុមហ៊ុន​សន្តិសុខ​​អន្តរជាតិ​ តែ​មិន​បំភ្លេច​ការងារ​បង្វឹក​

ពេល​គេ​​និយាយ​អំពី​ក្បាច់​គុន​ចម្រុះ​ ​​​អ្នក​រាល់​គ្នា​តែង​តែ​នឹក​ឃើញ​ដល់​​​គ្រូ​បង្វឹក​សញ្ជាតិ​ស្កុតឡែនAlan Mccune ​ដែល​បាន​បង្ហាត់​កូន​សិស្ស​គុន​ចម្រុះ(MMA) ​​ក្បែរ ​១០០ នាក់​នៅ​ព្រះរាជាណា​ចក្រ​កម្ពុជា​តាំង​ពី​ឆ្នាំ​ ២០១៣ ​មក​ក្នុង​​កម្មវិធី​ Khmer Warrior Challenges ពេល​ ​ទូរទស្សន៍​ ស៊ីធីអិន និង MyTV ​រៀប​ចំ។​ ​​​​

លោក​មក​ធ្វើ​ការ​និង​រស់​នៅ​កម្ពុជា​រយៈ​ពេល​ ៧ ឆ្នាំ​មក​ហើយ។​ ​​បុរស​វ័យ​ ៥១ ឆ្នាំ​​រូប​នេះ​ត្រូវ​បាន​​ដំឡើង​តំណែង​ជា​អ្នក​គ្រប់គ្រង​ប្រចាំ​ទេស​​កម្ពុជា (Country Manager) ​​នៅ​​ក្រុម​ហ៊ុន​សន្តិសុខ​អន្តរជាតិ​​កម្ពុជា(International Security Safeguard) ​ក្នុង​​ឆ្នាំ​ ២០១៦ ​ពី​មុខ​​តំណែង​អ្នក​គ្រប់គ្រង​ប្រតិបត្តិ( Operation Manager)។ ​ទោះ​ជា​ស្ថិត​ក្នុង​ការងារ​មមាញឹក​បែប​​​ណា​ក្ដី​ ​​ក៏​គ្រូ​បង្វឹក​នៅ​​ក្លិប​ Phnom Penh MMA ​មិន​បំភ្លេច​ការងារ​ត្រូវ​បណ្ដុះបណ្ដាល​កីឡាករ​​គុន​ចម្រុះ​​នៅ​កម្ពុជា​ដែរ​ លោក​​បាន​ឆ្លៀតពេល​​ខ្លះ​​ក្នុង​ការ​បង្វឹក។​ ​ជាក់​ស្ដែង​​លោក​បាន​​​បង្វឹក​​ម្ចាស់​​ជើង​ឯក​ Khmer Warrior Challenges​ ខុន ស៊ីចាន់ ​​និង​ ​បាន​​ដឹក​នាំ​​កូន​សិស្ស​​ទៅ​​ប្រកួត​នៅ​សង្វៀន​ ONE Championship ​​កាល​ខែ​ កុម្ភៈ​នៅ​​ប្រទេស​សិង្ហបុរី។ ​​ បន្ទាប់​ពី​បង្ហាត់​ MMA ​នៅ​កម្ពុជា​តាំង​ឆ្នាំ​ ២០១៣​​មក លោក​បាន​​​បង្ហាត់​នៅ​ក្លឹប​ Phnom Penh MMA ​នៅ​ឆ្នាំ​ ២០១៧​ រហូត​ដល់​បច្ចុប្បន្ន។

អ្នក​គ្រប់គ្រង​​នៅ​ក្រុម​ហ៊ុន​សន្តិសុខ​អន្តរជាតិ​​ប្រចាំ​នៅ​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា៖«​ក្រុម​ហ៊ុន​​របស់​ខ្ញុំ​ជា​ក្រុម​​​ហ៊ុន​ការពារ​សន្តិសុខ​​ធំ​ និង​ ដំបូង​​​លំដាប់​អន្តរជាតិ​នៅ​​កម្ពុជា​សម្រាប់​បម្រើ​​​សេវា​តាម​​​តម្រូវ​ការ​​អតិថិជន។ ​ឥឡូវ​នេះ​បាន​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស​​​​មាន​សាខា​នៅ​ភ្នំពេញ​ សៀមរាប ​បាត់​ដំបង​ និង ក្រចេះ​​ ក្រោយ​​ពី​​​ក្រុម​ហ៊ុន​ស្លាក​យីហោ​អន្តរជាតិ​មក​​​​កម្ពុជា​ឆ្នាំ ២០១៥។​ ​បច្ចុប្បន្ន​យើង​មាន​​កម្លាំង​សន្តិសុខ​​​ប្រមាណ​ ១០០០ នាក់​ដែល​បម្រើ​ការ​នៅ​ ​ស្ថានទូត ​អឺផាតមិន ​និង​ នៅ​​តាម​បណ្ដា​រោងចក្រ​​សហគ្រាស​ជា​ដើម។ ​កម្លាំង​របស់​យើង​​​មាន​តែ​​មាន​ខ្មែរ​សញ្ជាតិ​អាមេរិក​​​​ម្នាក់​គត់​ ​ក្រៅ​ពី​នោះ​សុទ្ធ​តែ​បរទេស​​ដូច​ជា​​មាន​​សញ្ជាតិ​ស៊ុយអែត អូស្ត្រាលី និង​ កាណាដា​ជា​ដើម»។

គ្រូ​បង្វឹក​​ដែល​​បង្ហាត់​​ក្បាច់ ​ជីជិតស៊ូ​ , Kickboxing, Jeet Kune Do, ​និង​ Philipino Kali ​រូប​នេះ​​គូស​បញ្ជាក់​ទៀត​ថា​ លោក​សប្បាយ​រីករាយ​​ពេល​​ក្រុម​ហ៊ុន​រីកចម្រើន​ទៅ​មុខ​ឥត​ឈប់​ឈរ​​ដោយ​​បាន​ផ្ដល់​​ឲ្យ​បុគ្គលិក​នូវ​​ឱកាស​​រីកចម្រើន​ជា​មួយ​គ្នា​អម​នឹង​ការ​ដំឡើង​តំណែង​ជា​បន្ត​បន្ទាប់​ និង​ ទទួល​បាន​ប្រាក់​ខែ​ខ្ពស់។ ​​លោក​រំពឹង​​ថា ​ក្រុម​ហ៊ុន​របស់​ខ្លួន​នឹង​បន្ត​ដំណើរ​​ក្នុង​ភាព​ជោគជ័យ​ថ្មីៗ​បន្ថែម​ទៀត និង​​ ​ពង្រីក​សាខា​ទៅ​កាន់​​​ខេត្ត​សំខាន់​មួយ​ចំនួន​ទៀត​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា។​ គោល​ដៅ​បន្ទាប់​​ក្រៅ​ពី​រាជធានី​-ខេត្ត​មាន​ស្រាប់​ ​ក្រុម​ហ៊ុន ISS ​​របស់​លោក​នឹង​ពង្រីក​ខ្លួន​ដល់​ខេត្ត​កំពត​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

​នា​ពេល​កន្លង​ ​​ក្រុម​ការងារ​របស់​​លោក​បាន​​​ធ្វើ​​ការ​ការ​ពារ​សន្តិសុខ​ជូន​ដល់​​​ភ្ញៀវ​អន្តរជាតិ​ ឬ ​​តារា​ល្បីៗ​​មក​ទស្សនៈ​កិច្ច​នៅ​កម្ពុជា​ដូច​ជា​ អតីត​តារា​បាល់ទាត់​ប្រចាំ​ក្រុម Manchester United ​ និង​ ​ជា​​គ្រូ​បង្វឹក​ជម្រើស​ជាតិ វេល Ryan Giggs , តារា​ចម្រៀង​ល្បី​ ​Jessie J ​និង​ ភ្ញៀវ​​អន្តរជាតិ​ជា​ច្រើន​ទៀត។ ​

គួរ​ដឹង​ដែរ​ ​ក្រុម​ហ៊ុន​សន្តិសុខ​អន្តរជាតិ​( International Security Safeguard) ប្រចាំ​នៅ​កម្ពុជា​​ស្ថិត​នៅ​អាសយដ្ឋាន​​ផ្ទះ​លេខ​#45, ផ្លូវ​ 596, ​សង្កាត់​បឹងកក់​ II ​ខណ្ឌ​ទួល​គោក​ រាជធានី​ភ្នំពេញ។ ​ស្លាក​​យីហោ​ក្រុម​ហ៊ុន​ ISS ​ចូល​​​​កម្ពុជា​នៅ​ឆ្នាំ​ ២០១៥៕

​​​​​អត្ថបទ៖ ស៊ីធី ​

Leave a Reply