តម្លៃ​សម្ភារ​​ប្រើ​ប្រាស់​ហ្វឹកហាត់​នៅ​​​ក្លិប​ប្រដាល់​ Cambodian Top Team ​​ខ្ទង់​ ២ ម៉ឺន​ដុល្លារ

​​​ក្លិប​ប្រដាល់​ Cambodian Top Team (CTT) ​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​ពី​សំណាក់​មហាជន​ និង​ បណ្ដុះ​បាន​កីឡាករ​​​គុន​ចម្រុះ​ល្អៗ​​ទៅ​ប្រកួត​គុន​ចម្រុះ​នៅ​​​សង្វៀន​កម្រិត​ពិភព​លោក ONE Championship ដូច រិន សារ័ត្ន, សឹម ប៊ុនស្រ៊ន់, ​​ស សី, ថៃ រិទ្ធ, ​និង​ នៅ ស្រីពៅ ជា​ដើម។​ ​​​ក្លិប​​នេះ​​ត្រូវ​បាន​បង្ហើប​ថា​ ​តម្លៃ​សម្ភារ​ទំនើបៗ​ ដែល​​​ប្រើប្រាស់​ក្នុង​​តម្រូវ​ការ​ហ្វឹកហាត់​ប្រចាំ​ថ្ងៃ​​​សម្រាប់​កូន​សិស្ស​អាជីព​ និង​ ​កូន​សិស្ស​ហាត់​សុខភាព​​ ​​មាន​​តម្លៃ​ខ្ទង់​ជិត​ ២ ​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ឯណោះ។​

លោក​ ហ៊ុន ​ច័ន្ទរាជ្យ​ ​គ្រូ​បង្វឹក​ និង ជា​ស្ថាបនិក​​នៃ​ក្លិប CTT ​​បាន​​បង្ហើប​ថា​ ៖«​ក្លិប​របស់​យើង​មាន​សម្ភារ​ ​​សម្រាប់​ហ្វឹកហាត់​ទំនើបៗ​ ដែល​មិន​ចាញ់​​​ក្លិប​ប្រដាល់​មួយ​ចំនួន​នៅ​ប្រទេស​​ក្បែរ​ខាង​ឡើយ​ ហើយ​បើ​គិត​ជា​សាច់​ប្រាក់​សរុប​​ គឺ​តម្លៃ​ប្រហែល​ជិត​ ២ ​ម៉ឺន​ដុល្លារ។ ​យើង​​មាន​រេញ​ប្រដាល់​១​, រេញ​វាយ​ក្នុង​ទ្រុង​​១​ដែល​ក្លិប​ខ្លះ​​អត់​មាន​, ​យើង​មាន​កម្រាល​ពូក​ទន់​ល្អ​ ពេល​កីឡាករ​ឡាំ ឬ ​សម​ ពេល​ដួល​ក៏​អត់​គ្រោះ​ថ្នាក់​ដែរ​ ហើយ​តាបពី​​ក៏​ល្អ​ទៀ»។​​

លើស​ពី​នេះ​ទៅ​ទៀត​ ក្រុម​ហ៊ុន​ BOON Sport ​បាន​ចូល​ខ្លួន​មក​​ឧបត្ថម្ភ​សម្ភារ​មួយ​ចំនួន​​សម្រាប់​កីឡាករ​ហ្វឹកហាត់​​ដូច​ជា​ ស្នង​សម្រាប់​ហាត់​​​ ​​បាវ​សាក់​ ហ្គង់ ​ស៊ីប​ ​កម្រាល​រេញ ​និង​ សម្ភារ​ហាត់​ Gym ​មួយ​ចំនួន​ទៀត។ ​​ជា​មួយ​គ្នា​នោះ​ប្រសិន​បើ​​មាន​កីឡាករ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ ក្រុម​ហ៊ុន BOON Sport ក៏​​ឧបត្ថម្ភ​ជា​សម្លៀក​បំពាក់​ផង​ដែរ​ ហើយ​ បើ​​សិន​​ CTT ចង់​​បាន​ម៉ូដ​ ឬ សម្លៀក​បែប​ណា​ ក្រុម​ហ៊ុន​ជា​ដៃ​គូ​មួយ​នេះ​​តែងតែ​ស្វាគមន៍​ និង​ ផលិត​ជូន​ជា​និច្ច។​ ​កិច្ច​សន្យា​​រវាង​ក្រុម​ហ៊ុន​ BOON Sport និង​ CTT ​មាន​សុពលភាព​​រយៈ​ពេល​ ២ ឆ្នាំ។ ​បច្ចុប្បន្ន​នេះ​​​កិច្ច​សន្យា​​បាន​​រំកិល​​ទៅ​មុខ​បាន​ជាង​ ១ ឆ្នាំ​មក​ហើយ។

​​​​អគ្គលេខាធិការ​CTT ​​ដដែល​ខាង​លើ​​​​បញ្ជាក់​ថា៖«​​យើង​សង្ឃឹម​​ថា​ ក្រុម​ហ៊ុន​ Boon Sport នឹង​បន្ត​កុង​ត្រា​ជា​មួយ​​យើង​បន្ត​ទៀត​ដើម្បី​រួម​ចំណែក​​​ឲ្យ​ក្លិប​របស់​​យើង​មាន​សម្ភារ​ហ្វឹកហាត់​ទំនើបៗ។ ប៉ុន្តែ​បើ​សិន​ផុត​កុង​ត្រា​ ​យើង​នឹង​​​ស្វែង​រក​ក្រុម​ហ៊ុន​ថ្មី។ ​ក្រៅ​ពី​សម្ភារ​ Boon Sport​ គឺ​ យើង​បាន​​ទិញ​ រៀប​ចំ និង ចំណាយ​​លុយ​​ខ្លួន​ឯង​ទាំង​ស្រុង​»។

CTT មាន​កូន​សិស្ស​ហាត់​អាជីព​​ប្រមាណ​ ១០ ​នាក់​ ​​ដែល​ហ្វឹកហាត់​ ​ស្នាក់​នៅ​ ​និង​ ហូប​ចុក​នៅ​​ជា​មួយ​ក្លិប។ ​ប៉ុន្តែ​បើ​សិន​មាន​ការ​ប្រមូល​ផ្ដុំ​ត្រៀម​​ទៅ​ប្រកួត​ច្រើន​កម្មវិធី​ អាច​​មាន​ការ​ហូប​ចុក​និង​ស្នាក់​លើស​អំពី​ចំនួន​នេះ។ ​ការ​ប្រើ​សម្ភារ​ទាន់​សម័យ​ទំនើបៗ​នៅ​ក្នុង​​ក្លឹប​មិន​ត្រឹម​តែ​សម្រាប់​កីឡាករ​អាជីព​ទេ​ ​​ប៉ុន្តែ​​ប្រើ​ប្រាស់​សម្រាប់​​ទទួល​បង្ហាត់​សិស្ស​ដើម្បី​សុខភាព​ផង​ដែរ។

​ក្លិប​ Cambodian Top Team ​ត្រូវ​បាន​​បង្កើត​ឡើង​យ​​ដោយ​លោក ហ៊ុន ច័ន្ទរាជ្យ ​នៅ​ឆ្នាំ​ ២០១៣ នៅ​ម្ដុំ​ទួល​ទំពូង​ ​ហើយ​ប្ដូរ​​មក​ម្ដុំ​ អូរឫស្សី ​វិញ​​​មុន​​​ផ្លាស់​​មក​​ម្ដុំ​ទួល​ទំពូង​​ជា​ថ្មី​​​នៅ​ផ្ទះ​លេខ​ #2s ផ្លូវ​លេខ​ ​៤៦៨​ សង្កាត់​​ទួល​ទំពូង​១ ​ខណ្ឌ​​ ចំការ​មាន​រាជធានី​ភ្នំពេញ​ ដោយ​ទំហំ​ទទឹង​ ១៤ ម៉ែត្រ​ និង ​បណ្ដោយ ៣៥ ម៉ែត្រ​។ ទីតាំង​ថ្មី​នេះ​​​ជា​ទីតាំង​ជួល​​​​​​តម្លៃ​ ២០០០ ​ដុល្លារ​ក្នុង​​មួយ​ខែ​ ដែល​បាន​ចុះ​​កិច្ច​សន្យា​រយៈ​ពេល​ ៥ ឆ្នាំ និង​បាន​​ដាក់​​ឲ្យ​​កូន​សិស្ស​ហ្វឹកហាត់​ផ្លូវ​ការ​អំឡុង​ខែ​ កញ្ញា​ ឆ្នាំ​ ២០១៨ កន្លង​ទៅ។ ​​ការ​ចំណាយ​​​លើស​ពី​ ២០០០ ​​ដុល្លារ​ក្នុង​ ​១ ខែ​ បើ​សិន​ជា​គិត​ថែម​ថ្លៃ​ទឹក​-ភ្លើង ​និង​ ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ​របស់​កីឡាករ។ ​​ក្រៅ​​ពី​​បង្វឹក​ដល់​កីឡាករ​អាជីព​ដើម្បី​ត្រៀម​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ និង កម្មវិធី​នានា​​ ក្លិប​​ក៏​​មាន​ការ​ទទួល​បង្ហាត់​សិស្ស​ដើម្បី​​​សុខភាព​ល្អ​​​ជា​រៀងរាល់​ថ្ងៃ។​ ​​បើ​សិន​ជា​​អ្នក​ស្រលាញ់​កីឡាប្រដាល់​​ចាប់​អារម្មណ៍​ហាត់​​​ដើម្បី​សុខភាព ឬ ​ចង់​ចេះ​ក្បាច់​ប្រដាល់​អាច​ទាក់ទង​បាន​តាម​រយៈ​លេខ​ទូរសព្ទ​​ពីរ​​ខ្មែរ​ ​ភាសា​ខ្មែរ ​012 282 282 ​និង​និយាយ​ជា​ភាសា​អង់គ្លេស​តាម​រយៈ​លេខ​ 089 333 705៕

​​​​អត្ថបទ៖ ស៊ីធី ​

Leave a Reply