ONE ​Championship ​ផ្ដល់​​ផល​ល្អ​ច្រើន​ដល់​អ្នក​ហាត់​​​ក្បាច់​គុន​ និង MMA នៅ​កម្ពុជា

មួយ​រយៈ​ចុង​ក្រោយ​នេះ​គេ​ឃើញ​មាន​​កីឡាករ​កម្ពុជា​ជា​ច្រើន​​បាន​ហក់​ចូល​សង្វៀន​​កម្រិត​ពិភព​លោក​​ ONE Championship ​​​​ដូច​​ជា​ ចាន់ រតនា, នៅ ស្រីពៅ, សុខ ធី ហៅ កាកា, គង់ សំបូរ, ស សី, ឡៅ ចិត្រា, មាស ម៉ើ, ថៃ រិទ្ធី, វី ស្រីខួច ​​និង ​ខុន ស៊ីចាន់ ​​ជា​ដើម។​ ​​រឿង​ល្អ​ទាំង​នេះ​​​នាំ​ឲ្យ​មាន​ទស្សនៈ​​កីឡាករ​ ​គ្រូ​បង្វឹក​ និង ថ្នាក់​ដឹក​​នាំ​បាន​លើក​ឡើង​អំពី​ផល​ល្អ​នៅ​កម្ពុជា​ពី​សង្វៀន​ ONE។​

​កីឡាករ​ជើង​ចាស់​ ស​ សី​​​ ​បាន​បញ្ចេញ​ទស្សនៈ​អំពី​សង្វៀន​កម្រិត​អន្តរជាតិ​យ៉ាង​​ដូច្នេះ​ ​សង្វៀន​ ONE ​​​ផ្ដល់​តម្លៃ​ខ្លួន​ល្អ​ប្រសើរ​​ពេល​ចេញ​ទៅ​ប្រកួត​ម្ដងៗ។ ​ ជាក់​ស្ដែង​ សុខ ធី​ បង្ហើប​ថា​​ គេ​ទទួល​បាន​តម្លៃ​ខ្លួន​ដល់​ ​៥ ពាន់​ដុល្លារ​អាមេរិក​ ​ជា​ថ្នូរ​នឹង​ការ​​ឡើង​សង្វៀន​ម្ដង​ៗ ខណៈ​ដែល​ នៅ ស្រីពៅ ហ៊ាន​បង្ហើប​ថា​​​ការ​ឡើង​សង្វៀន​​ដូច​គ្នា​នេះ​​ទទួល​បាន​​ ៤ ​ពាន់​ដុល្លារ​អាមេរិក។​ ​​ចំណែក​ ចាន់ រតនា ​ដែល​ជា​កីឡាករ​ជើង​ចាស់​​​ប្រចាំ​សង្វៀន​​​អន្តរជាតិ​មួយ​អាច​​​​​មាន​​តម្លៃ​ខ្លួន​​​ច្រើន​ជាង​ សុខ ធី និង​ ​ស្រីពៅ។ ​

ស្ថិត​ក្នុង​វ័យ​ ៣៧ ឆ្នាំ​ ​ស សី ​ដែល​​មាន​បទ​ពិសោធន៍​នៅ​សង្វៀន​ខាង​​លើ​នោះ​​បាន​សង្កត់​ធ្ងន់​ថា​៖«​ ​នៅ​​សង្វៀន​ ONE Championship ​យើង​មិន​បាន​​ឡើង​​វ៉ៃ​រាល់​សប្ដាហ៍​ ឬ ​១ ​ខែ​ម្ដង​ទៀង​ទាត់​ទេ​​ ប៉ុន្តែ​​បើ​ឡើង​វ៉ៃ​ម្ដងៗ​ ​ក៏​បាន​តម្លៃ​ខ្លួន​គួរ​សម​អាច​ផ្គត់ផ្គង់​គ្រួសារ​បាន។ ​​នេះ​ជា​រឿង​ល្អ​​ដែល​យើង​ត្រូវ​ប្រឹង​ហាត់។ ​ពេល​យើង​ខ្លាំង​ មិន​ខ្វះ​សង្វៀន​ប្រកួត​ទេ​។ ខ្ញុំ​មាន​តែ​ការ​ផ្ដាំ​ផ្ញើ​ទេ​ឥឡូវ​នេះ ​ព្រោះ​វ័យ​ខ្ញុំ​​ចាស់​ណាស់​ទៅ​ហើយ»។

ជា​មួយ​គ្នា​នោះ​គ្រូ​បង្វឹក​នៅ​​ក្លឹប​ Phnom Penh MMA ​លោក​ Alan Mccune បាន​​និយាយ​អំពី​ផល​ចំណេញ​​ដល់​កីឡាករ​កម្ពុជា​​បែប​នេះ៖«​ខ្ញុំ​បាន​បង្វឹក​​គុន​ចម្រុះ​តាំង​ពី​ឆ្នាំ​ ២០១៣ ​​មក​នៅ​កម្ពុជា​​​ពេល​​កម្មវិធី Khmer Warrior Challenges ​​ហើយ​​ ​សង្វៀន​ ONE ​ធ្វើ​ឲ្យ​​កីឡាករ​កម្ពុជា​កាន់​តែ​រឹង​មាំ។ ​យ៉ាង​ណា​​ក្ដី​​យើង​ត្រូវ​បន្ត​ប្រឹង​ថែម​ទៀត​​ព្រោះ​នៅ​មាន​ការ​ប្រកួត​ច្រើន។ ​យើង​រីក​ចម្រើន​ និង មាន​កីឡាករ​កាន់​តែ​ច្រើន​ តែ​​លទ្ធផល​ទទួល​បាន​នៅ​មាន​កម្រិត។​ ខ្ញុំ​មើល​ឃើញ​ថា​MMA ​ធ្វើ​ឲ្យ​ចាន់​ រតនា រីក​ច្រើន​ខ្លាំង​ ​​ហើយ​គេ​ជា​កីឡាករ​ល្អ​បំផុត​​លើ​ក្បាច់​គុន​ចម្រុះ​នៅ​កម្ពុជា»។

រីឯ​​អនុប្រធាន​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​ លោក​ កែ ប៊ិនសូរស្មី ​​​​បាន​បង្ហើប​ត្រួសៗ​អំពី​ចំណុច​ល្អ​ដល់​កីឡាករ​​​កម្ពុជា​ថា​ ​តាំង​ពី​ការ​រៀប​ចំ​ព្រឹត្តិការណ៍​​ប្រកួត​ ONE Championship ​លើក​ដំបូង​នៅ​​​ភ្នំពេញ​​កាល​ឆ្នាំ​ ២០១៤​ ​កីឡាករ​កម្ពុជា​មាន​ការ​កើន​ឡើង​ផ្នែក​កម្លាំង និង​ ​បច្ចេកទេស​​គួរ​ឲ្យ​កត់​សម្គាល់​​លើ​ក្បាច់​គុន​​​ចម្រុះ។ ក្នុង​នោះ​កីឡាករ​មួយ​ចំនួន​បាន​ក្រាញ​ននាល​​នឹង​ក្បាច់​ MMA ​ហើយ​ពួក​គេ​ខំ​ប្រឹង​រហូត​​ដល់​​មាន​ឈ្មោះ​បោះ​សំឡេង​ទូទាំង​ប្រទេស​ និង ឆាក​អន្តរជាតិ​ទោះ​មិន​មាន​ការ​ប្រកួត​ញឹក​ញាប់​ក្នុង​ស្រុក។ ​​ជា​មួយ​គ្នា​​​នេះ ​​កីឡាករ​ដែល​មាន​ជំនាញ​​​ខាង​គុន​ខ្មែរ​ គឺ​ឆាប់​ចាប់​​​បាន​ និង​ ហាត់​ក្បាច់​គុន​ MMA ​បាន​យ៉ាង​ល្អ។ ​បើ​​​ប្រកួត​ក្នុង​ស្រុក​ ​ល្បី​​តែ​ក្នុង​ស្រុក​ ប៉ុន្តែ​ បើ​សិន​ជា​​ចូល​ប្រកួត​លើ​សង្វៀន ONE គឺ​ល្បី​​លំដាប់​ពិភព​លោក​ ហើយ​ ​រួម​ចំណែក​ផ្សព្វផ្សាយ​ក្បាច់​​​របស់​ខ្មែរ​ទៀត​ផង។ ​កីឡាករ​ខ្មែរ​ជា​ច្រើន​ល្បីល្បាញ​ទូទាំង​សកល​តាម​​រយៈ​​សង្វៀន​អន្តរជាតិ​មួយ​នេះ។

អនុប្រធាន​សហព័ន្ធ​ដដែល​នេះ​ ​បាន​ប្ដេជ្ញា​ចិត្ត​ជា​មួយ​ថ្នាក់​ដឹក​នាំ​ និង​ ​​ក្លឹប​/សមាគម​​​ក្រោម​ដំបូល​សហព័ន្ធ​​​​ក្នុង​គោល​ដៅ​ជួយ​ឲ្យ​កីឡាករ​​ខ្មែរ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ និង ទទួល​បាន​តម្លៃ​ខ្លួន​ល្អ​ប្រសើរ​​ឡើង​​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

គួរ​ដឹង​ដែរ​ថា​ ONE Championship ដែល​ស្ថាប័ន​​រៀប​ចំ​ព្រឹត្តិការណ៍​ប្រកួត​​កីឡា​​​កម្រិត​ពិភព​លោក​ ​បាន​មក​​រៀប​ចំ​ការ​ប្រកួត​លើក​ដំបូង​នៅ​​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ នា​ឆ្នាំ​ ២០១៤ និង​បន្ត​ដល់​ឆ្នាំ​ ២០១៥​ មុន​នឹង​ផ្អាក​ការ​រៀប​ចំ​ព្រឹត្តិការណ៍​កម្រិត​​អន្តរជាតិ​នេះ​នៅ​​កម្ពុជា។​ ​ថ្មីៗ​ ​សហព័ន្ធ​កីឡា​យុទ្ធ​គុន​​ចម្រុះ​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ ហើយ​ សហព័ន្ធ​​នឹង​ព្យាយាម​​សហការ​បង្កើត​ឲ្យ​​មាន​ការ​ប្រកួត​គុន​ចម្រុះ​​​​លំដាប់​ជាតិ ​និង អន្តរជាតិ​ឡើង​វិញ​តាម​តែ​អាច​​ធ្វើ​ទៅ​បាន៕ ​​

អត្ថបទ៖ ស៊ីធី ​

Leave a Reply