ដឹង​​ទេ ថា​ សំ ថារ័ត្ន ​ធ្លាប់​ហ្វឹកហាត់​ក្បាច់​គ្រោះ​ថ្នាក់​ជា​មួយ​ Stunt Double​ ក្នុង​ខ្សែ​ភាពយន្ត​របស់ Angelina Jolie​? ​

មាន​​មិន​ច្រើន​ទេ​​​ដែល​ ​ស្រ្តី​​នៅ​កម្ពុជា​ចូល​ចិត្ត​​ហាត់​ក្បាច់​គុន​នោះ​ ប៉ុន្តែ​ ​សំ ថារ័ត្ន ​ជា​មនុស្ស​ស្រី​ម្នាក់​ដែល​ក្លាហាន​​​ក្នុង​ការ​ចូល​ហ្វឹកហាត់​រៀន​ក្បាច់​គុន​ល្បុក្កតោ​​ជាង​១០​ឆ្នាំ​មក​នេះ។ ​រឿង​​ដែល​គិត​ថា​ពិសេស​​នោះ​ គឺ ​ថារ័ត្ន​ បាន​ចូល​រួម​សម្ដែង​ជា​មួយ​ Stunt Double ​ក្នុង​ខ្សែ​ភាពយន្ត​​​មាន​ចំណង​ជើង​ថា «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ» ​ដឹក​នាំ​សម្ដែង​ដោយ​​លោក​ស្រី​ Angelina Jolie ​ ដែល​ជា​តារា​Hollywood ល្បី​លំដាប់​ពិភព​លោក​ និង ​ជា​អ្នក​ដឹក​នាំ​រឿង។​ នេះ​​ជា​លទ្ធផល​ផ្លែផ្កា​មួយ​ដែល​កើត​ចេញ​ពី​ការ​តស៊ូ​ និង ​ពលី​​ដើម្បី​​ក្បាច់​​គុន។​ ក្រៅ​ពី​​នោះ​​​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​ ​សំ ថារ័ត្ន ​មាន​ឈ្មោះ​បោះ​សំឡេង​លើ​ឆាក​អន្តរជាតិ​ មិន​ថា​​​ធ្លាប់​​វ៉ៃ​​លើ​សង្វៀន​ ONE Championship ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​ទទួល​បាន​ការ​ថត​កុន​​​ជា​ហូរហែ​ ​និង ថត​ភាព​យន្ត​​ឯកសារ​​​ចង​ក្រង​​ល្បុក្កតោ​ទៀត​ផង។ ​​

កីឡាការិនី​​វ័យ​ ២៨ ឆ្នាំ​រូប​នេះ​រៀប​រាប់​​យ៉ាង​ដូច្នេះ៖«​ ​ក្នុង​សាច់​រឿង​ខាង​លើ​ ខ្ញុំ​បាន​ហ្វឹកហាត់​ជា​មួយ​ Stunt Double ​របស់​ Thor and Captain America។ Stunt Double ហ្នឹង​ជា​តួ​ជំនួស​ក្នុង​ពេល​ហក់​លោត​ឬ ​ក្នុង​ឈុត​វ៉ៃ​ ឈុត​គ្រោះ​ថ្នាក់​​លោត​ពី​លើ​អាគារ​ខ្ពស់ៗ​ជា​ដើម។ ខ្ញុំ​បាន​ហ្វឹកហាត់​នៅ​ឆ្នាំ​ ២០១៥»។ ​​

អតីត​កូន​​សិស្ស​លោក​គ្រូ​ សាន​ គឺមស៊ាន​ ​បន្ថែម​ថា​ ​​​សាច់​​ថត​​​ត្រឹម​តែ​ ​១ ​សប្ដាហ៍​ប៉ុណ្ណោះ​​​​នៅ​កម្ពុជា​ ​ប៉ុន្តែ​ ​គេ​បាន​ហ្វឹកហាត់​​​ក្បាច់​ដ៏​គ្រោះ​ថ្នាក់​​នេះ​រហូត​ដល់​ ​​១​ខែ។ ​កីឡាការិនី​គុនល្បុក្កតោ​​រំលឹក​ទៀត​ ថា​ ​ឈុត​របស់​ខ្លួន​​​ចេញ​​ក្នុង​កុន​នោះ​មិន​ដល់​​១ នាទី​​ទេ​ ប៉ុន្តែ​ ​​ថារ័ត្ន​​ បាន​ប្រើ​ក្បាច់​គុន​ល្បុក្កតោ​​ក្នុង​រឿង​ហ្នឹង​ដែរ​ ហើយ​ ​ក៏​ទទួល​បាន​​ការ​ចាប់​អារម្មណ៍​ពី ​លោក​ស្រី Angelina ទៀត​ផង។​

កីឡាការិនី​​​​ដដែល​នេះ​សង្កត់​ធ្ងន់​ថា​ ៖«គាត់ [ Angelina] ចាប់​អារម្មណ៍​​ខ្ញុំ​ខ្លាំង​ ​ពេល​ខ្ញុំ​ដើរ​តួ​ជា​សមមិត្ត​បង​ ដែល​ត្រូវ​បង្រៀន​ក្មេងៗ​​នៅ​ក្នុង​អង្គការ​​ឲ្យ​ចេះ​ប្រយុទ្ធ​ជា​ដើម»។

សាច់រឿង​នៃ​ភាពយន្ត​ «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ» ​ជា​រឿង​​ឆ្លុះ​បញ្ចាំង​ពី​សារ​ពី​ប្រវត្តិ​ដ៏​ជូរចត់​របស់​ជនរងគ្រោះ​​នៃ​របប​មួយ​ ដែល​បាត់បង់​សាច់ញាតិ​ និង ផ្តោត​លើ​ការពិត​នៃ​របប​ប្រល័យពូជសាសន៍​ខ្មែរ​ក្រហម។ ​ ​នៅ​​ក្នុង​សាច់​រឿង​នេះ ​​ជា​​សិល្បៈ និង ​ការ​ច្នៃ​ប្រឌិត​​​មួយ​ ដែល​មនុស្សម្នា​អាច​ជម្នះ​ និង ​ងើប​រើ​ពី​ការ​ឈឺ​ចាប់​ផ្លូវ​ចិត្ត​ ​ពេល​​ពួក​ ​គេ​​បាន​​ពើប​​​ប្រទះ​​ និង​ ពេល​ប្រឈម​មុខ​​​នឹង​រឿងរ៉ាវ​ ដែល​បាន​កើត​ឡើង​សម័យ​ខ្មែរ​ក្រហម។ ​រឿង​នេះ​ត្រូវ​បាន​​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​​ដើម​ឆ្នាំ ២០១៧។

គួរ​រំលឹក​ថា ​សំ ថារ័ត្ន ​ធ្លាប់​វ៉ៃ​​ក្នុង​​ព្រឹត្តិការណ៍​គុន​ចម្រុះ​ចំនួន​ ៦ ​លើក​​ដែល​ក្នុង​នោះ​ ឈ្នះ​ ៤ ​លើក​ និង ចាញ់​ ចំនួន​ ២ ​លើក។​ ​​នៅ​លើ​សង្វៀន​ ONE Championship ​​ត្រូវ​បាន​គេ​ដាក់​​រហស្សនាម​ថា​ «Little Frog»។​ ការ​ដែល​ សំ ថារ័ត្ន ​អាច​​ក្លាយ​ជា​តួអង្គ​ស្រី​ វ៉ៃ​កាប់​ចាក់ ឬ ​តាម​​ចរិត​លក្ខណៈ​នៃ​រឿង​ចង់បាន​នោះ​ ដោយ​សារ​​តែ​​​រូប​គេ​​​មាន​គ្រឹះ​​​​ហាត់​ក្បាច់​គុន​ល្បុក្កតោ​​​ជាង​ ១០ ឆ្នាំ​​មក​ហើយ​ ​ដែល​ក្នុង​នោះ​គ្រូ​ដើម​​​របស់​គេ​តាំង​ពី​ គ្រូ​តា​ សាន គឹមស៊ាន ​និង​ ​លោក ហុក ​ឈាងគីម ជា​ដើម៕

អត្ថបទ៖ ស៊ីធី ​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s