នៅ​ ស្រីពៅ​ ​​ប្រាប់​អំពី​ចំណុច​ល្អ​​របស់​គូបដិបក្ខ​ Priscilla ​មុន​ជួប​គ្នា​នៅ​សង្វៀន​ ONE

កីឡាការិនី​ជម្រើស​ជាតិ​កម្ពុជា​ នៅ​ ​ស្រីពៅ ​​ដែល​ទទួល​បាន​ពាន​​ក្នុង​នាម​កីឡាការិនី​ឆ្នើម​​ប្រចាំ​សង្វៀន​ World Lethwei Championship ​​​នៅ​ប្រទេស​មីយ៉ាន់ម៉ា​​នា​ចុង​ឆ្នាំ​ ២០១៨​​នោះ​​ ​​​ត្រូវ​ផ្គូផ្គង​​ឲ្យ​ប៉ះ​កីឡាការិនី​​​មាន​បទ​ពិសោធន៍​ច្រើន​ Priscilla Hertati Lumban Gaol នៅ​សង្វៀន​​ ONE: FOR HONOR ​​​នា​​ថ្ងៃ​ទី​ ៣ ​ខែ​ ឧសភា ​ឆ្នាំ​ ២០១៩​ ​ខាង​មុខ​នៅ​ប្រទេស​ ឥណ្ឌូណេស៊ី។

កីឡាកា​រិនី​ ​វ័យ​ ២៤​ ឆ្នាំ​​ដែល​កំពុង​ទទួល​បាន​​ប្រជាប្រិយភាព​នៅ​​ព្រះរាជាណាចក្រ​កម្ពុជា​​បាន​ថ្លែង​អំពី​​​ចំណុច​សំខាន់​របស់​គូ​ប្រកួត​បែប​នេះ​ ៖«​ខ្ញុំ​បាន​មើល​វីដេអូ​ Priscilla ​ ​ជា​ច្រើន​ប្រកួត​ហើយ​ ហើយ​កម្លាំង​គាត់​ខ្លាំង​ជាង​ដៃ​គូ​ចាស់​របស់​ខ្ញុំ​ Riga ​កាល​នៅ​ថៃ​ផង។ ​ខ្ញុំ​​​នឹង​ប្រើ​ក្បាច់​វ៉ៃ​ប្រយោល​ ទប់​ និង​ ​មិន​ឲ្យ​​​​គាត់​ចូល​ចាប់​ឃ្លេ​​នោះ​ទេ​។ ​ខ្ញុំ​មិន​ហ៊ាន​សង្ឃឹម​ថា​ឈ្នះ​​ទេ​ ព្រោះ​គេ​ខ្លាំង​ដែរ តែ​​ខ្ញុំ​គិត​ថា​ ៥០% ដូច​គ្នា។​»។

​​បើ​​និយាយ​អំពី​ Priscilla Hertati Lumban Gaol វិញ​ ​មាន​​បទ​ពិសោធន៍​​ក្រាស់​រហូត​ដល់​ ៩ ដង​នៅ​សង្វៀន​ ONE Championship ទោះ​​បី​ជា​រូប​គេ​​​​ចាញ់​ពិន្ទុ​​កីឡាការិនី​​ឥណ្ឌា​ Puja Tomar ក្នុង​ការប្រកួត​ចុងក្រោយ​​ដោយ​ពិន្ទុ​​ទាំង​ទឹក​ភ្នែក​ក្ដី។​

​យ៉ាង​​​ណា​ក៏​ដោយ​ ​ក្នុង​​ការ​រួម​ចំណែក​​ត្រៀម​​នៅ​ក្រុម​ជម្រើស​ជាតិ​​មុន​​ព្រឹត្តិការណ៍​ស៊ីហ្គេម​ និង ​ត្រៀម​ប្រកួត​នៅ​ ​សង្វៀន​ ONE ផង​​នោះ​​ ​​ ​កូន​​សិស្ស​របស់​លោក​ ហ៊ុន ច័ន្ទរាជ្យ​ បាន​​ចេញ​​ទៅ​ហ្វឹកហាត់​ជា​មួយ​ក្រុម​កីឡាករ​ប្រដាល់​សកល​​​ជម្រើស​ជាតិ និង​ ប្រកួត​ក្នុង​កម្មវិធី​​ប្រដាល់​សកល​អាស៊ី​ ASIAN ELITE BOXING CHAMPIONSHIP 2019 ​ដែល​រៀប​ចំ​​នៅ​ប្រទេស​ថៃ ​មុន​ ​ត្រលប់​មក​កម្ពុជា​វិញ​នា​ថ្ងៃ​ទី​ ២៧ ​ខែ មេសា។ ​​​បន្ទាប់​ពី​​ត្រលប់​មក​វិញ​ ​​កីឡាការិនី​ដែល​ទើប​ឡើង​សង្វៀន​​ ONE ​បាន​ម្ដង​​រូប​នេះ​​​​​នឹង​​បន្ថែម​ការ​ហ្វឹកហាត់​​ដូច​ជា​ ក្បាច់​គាប​ ឃ្លេ​ និង​ កាច់ ​ក្នុង​គោល​ដៅ​រៀប​ចំ​​ខ្លួន​ឲ្យ​បាន​ល្អ​មុន​ចេញ​ទៅ​ប្រកួត​នា​ដើម​ខែ​ ​ឧសភា នៅ​ឥណ្ឌូណេស៊ី។

ទាក់​ទិន​​នឹង​ជំនួប​នេះ​ដែរ​ គ្រូ​បង្វឹក​ ហ៊ុន ច័ន្ទរាជ្យ​​​នៃ​ក្លឹប​ប្រដាល់​ Cambodian Top Team ​បាន​បញ្ចេញ​ទស្សនៈ​ដែរ​ថា​ គូ​នេះ​​​ជា​ការ​ប្រកួត​ដ៏​ជក់ចិត្ត​ ទោះ​ជា​លទ្ធផល​យ៉ាង​ណា​ក៏​ដោយ។​ Priscilla ​មាន​​កម្លាំង​​​ខ្លាំង​ជា​ពិសេស​​ក្បាច់​បោក​កាច់​ ឃ្លេ​ ប៉ុន្តែ ​ស្រីពៅ​ ក៏​​មាន​របៀប​វ៉ៃ​ឆ្លាត​វៃ​ ដែរ​ ហើយ​ ​ស្រីពៅ ​នឹង​វ៉ៃ​ការពារ​​​បាន​​ល្អ​ ដូច​​​ការ​ប្រកួត​ ទល់​នឹង​ Riga អីចឹង​ដែរ។​

​កីឡាការិនី​ Priscilla Hertati Lumban Gaol ​​​មាន​វ័យ​ ​៣០​ ឆ្នាំ​ ហើយ​គេ​​​​ហាត់​ក្បាច់​​គុន​ដំបូង​ ​គឺ វូស៊ូ ​តាំង​ពី​វ័យ​ ​១៧ ឆ្នាំ​មក​ម៉្លេះ។​ ហើយ​គេ​ធ្លាប់​គេច​សាលា​​រយៈ​ពេល​ ១ សប្ដាហ៍​ដើម្បី​ទៅ​​សំងំ​ហ្វឹកហាត់​​ក្បាច់គុន​ វូស៊ូ ​មុន​​​ឳពុក​ម្ដាយ​ដឹង​រឿង​នេះ។​ ​​​ក្រោយ​មក​ទៀត​គេ​ចិញ្ចឹម​ចិត្ត​ចង់​ក្លាយ​ជា​កីឡាការនី​ផង​​ និង​ ​បន្ត​ការ​សិក្សា​ផង ​បន្ទាប់​ពី​ ឳ​ពុក​ម្ដាយ​​យល់​ព្រម។​​ កូន​សិស្ស​ប្រចាំ​ក្លឹប​ Siam Tigershark ​ជា​ជើង​ឯក​​កីឡា​វូស៊ូ​ ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ និង​ ជា​ម្ចាស់​មេដាយ​​សំរឹទ្ធ​ពិភព​លោក​ក្នុង​ការ​ប្រកួត​ វូស៊ូ​ ទៀត​ផង។​ Priscilla ​ឡើង​ប្រកួត​​លើ​សង្វៀន​​ ONE Championship ​ ​តាំង​ពី​ឆ្នាំ​ ២០១៧ ​មក ​​​ពោល​សរុប​បាន​ចំនួន​ ​៩ ដង​ ​​ក្នុង​​នោះ​​ឈ្នះ​ ៥​ ដង​ និង ចាញ់​ ៤ ដង៕ ​

​អត្ថបទ៖ ស៊ីធី ​

Leave a Reply