កីឡាករប្រដាល់លំដាប់ជួរមុខនៅកម្ពុជា សុខ ធី ហៅ កាកា នៅតែត្រូវបានផ្គូផ្គងឲ្យប្រកួតនៅក្រៅប្រទេសជាពិសេសប្រកួតលើសង្វៀនកម្រិតពិភពលោក One Championship។ នេះជាការបង្ហើបរបស់លោក ហ៊ុន ច័ន្ទរាជ្យ គ្រូបង្វឹកប្រចាំក្លិប Cambodian Top Team បន្ទាប់ពីកីឡាកររូបនេះប្រាប់ថា ឈប់វ៉ៃនៅសង្វៀនស្រុកខ្មែរក៏ដោយ។ ពាក្យពេចន៍របស់ សុខ ធី លេចឮ បន្ទាប់ពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ពិន័យរូបគេមិនឲ្យឡើងប្រកួតលើសង្វៀនក្នុងស្រុក និង អន្តរជាតិរយៈពេល ៦ ខែកាលចុងខែ ឆ្នាំ ២០១៨។
លោក ហ៊ុន ច័ន្ទរាជ្យ បានគូសបញ្ជាក់ថា ៖«មិនអីទេ សុខ ធី នៅវ៉ៃបានលើឆាកអន្តរជាតិ ហើយគេជាកីឡាករប្រចាំនៅ One Championship ដែរ។ ផុតបម្រាម គឺឡើងវ៉ៃបានហើយ។ ការពិន័យរបស់ សហព័ន្ធកីឡាប្រដាល់គុនខ្មែរមិនខុសទេ ព្រោះបើយើងឈប់វ៉ៃ និង ដកខ្លួនចេញពីការប្រកួតដែលមានចុះកុងត្រា គឺ ខូចកម្មវិធីគេពេលប្រកួតវគ្គជម្រុះនៅសង្វៀន ស៊ីអិនស៊ី។ យ៉ាងណាក្ដីយើងមានទំនាក់ទំនងទៅប្រកួតក្រៅប្រទេសសម្រាប់ សុខ ធី ដដែល។»
លើសពីនេះទៅទៀត អគ្គលេខាធិការសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាដដែលសង្កត់ធ្ងន់ថា សហព័ន្ធមានទំនាក់ទំនងជាហូរហែទៅដៃគូនៅក្រៅប្រទេសសម្រាប់កីឡាករទាំងអស់ទៅប្រកួតមិនមែនតែ កាកា មួយនោះទេហើយកីឡាករល្អៗប្រចាំនៅព្រះរាជាណាចក្រកម្ពុជានឹងទទួលបានឱកាសទៅប្រកួតលំដាប់អន្តរជាតិដូចគ្នា។ កីឡាករវ័យ ២២ ឆ្នាំរូបនេះនៅតែចេញចូលហ្វឹកហាត់នៅក្លិប Cambodian Top Team និងពេលខ្លះទៅហាត់នៅក្លិបប្រទេសថៃ ដើម្បីត្រៀមប្រកួតកម្រិតអន្តរជាតិនានា។
កាកាដែលមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ ជាកីឡាករប្រដាល់ដ៏លេចធ្លោម្នាក់នៅក្នុងស្រុក និងលើឆាកអន្តរជាតិ តាមរយៈការចាប់ទៅវ៉ៃនៅប្រទេសលើសង្វៀនល្បីៗ ដូចជា ប៉ុស្តិ៍ ៧ និង ប៉ុស្តិ៍ លេខ៨ថៃជាដើម។
កាកា ឡើងប្រកួតលើសង្វៀនកម្រិតអន្តរជាតិ One Championship បានចំនួន ២ ដង។ ការប្រកួតលើកទី១ កាកា ចាញ់ជើងខ្លាំងកីឡាករថៃ Leardsila ដោយពិន្ទុ កាលពាក់កណ្ដាលឆ្នាំ ២០១៨។ ក្រោយមកទៀត សង្វៀនដដែលនេះចាប់គូឲ្យមានការប្រកួតសងសឹក ប៉ុន្តែ កាកា នៅតែចាញ់ពិន្ទុ លើកីឡាករថៃដដែល ក្នុងជំនួបសងសឹកកាលចុងឆ្នាំ ២០១៨។ គួររំលឹកថា កាលខែ មេសា ឆ្នាំ ២០១៨ កាកា ជាម្ចាស់ជើងឯកគុនខ្មែរគូបូតាប្រចាំសង្វៀនប៉ុស្តិ៍បាយ័ន បន្ទាប់ពីឈ្នះ ពិន្ទុ ឡុង ជិន៕
អត្ថបទ៖ ស៊ីធី