គ្រូ​បង្វឹក​​ ជា​ រិទ្ធ ​ប្រាប់​​អំពី​ចំណុច​សំខាន់​​ខ្លះៗ​ដើម្បី​ឲ្យ​កីឡាករ​​ប្រដាល់​​​កម្ពុជា​ឆ្ពោះ​ទៅ​កម្រិត​អន្តរជាតិ

លោក​ ជា រិទ្ធ ​ដែល​គេ​ស្គាល់​ថា​ជា​គ្រូ​បង្វឹក​​​​ប្រចាំ​​​ក្លិប​​អាណា​ចក្រ​ប្រយុទ្ធ​នៅ​ខេត្ត​សៀមរាប​​ ​បាន​បង្ហើប​អំពី​ទស្សនៈ​ខ្លះៗ​ ​នាំ​ឲ្យ​កីឡាករ​ប្រដាល់​កម្ពុជា​​អាច​​​ឆ្ពោះ​ទៅ​​រក​កម្រិត​អន្តរជាតិ​ ពោល ​ត្រូវ​​​​ហ្វឹកហាត់​ខ្លាំង​ដើម្បី​យក​ឈ្នះ​កីឡាករ​ក្នុង​ស្រុក​ឲ្យ​អស់​ ​និង​ បង្កើន​កម្លាំង​ស៊ុហ្វ​ឲ្យ​ខ្លាំងក្លា​បំផុត​តាម​តែ​អាច​​ធ្វើ​ទៅ​បាន។ ​​ការ​​បញ្ចេញ​ទស្សនៈ​បែប​នេះ​​ស្រប​ពេល​លោក​ ​កំពុង​បង្វឹក​កីឡាករ​មាន​ឈ្មោះ​បោះ​សំឡេង​​មួយ​​នៅ​​ក្លិប​ខាង​លើ​​​​ដូច​ជា​ គង់ សំបូរ, ឫទ្ធិ សាស្ត្រាវុធ និង​ ​ឆោម​ ប៊ុនឡុង​ ជា​ដើម។​

មន្ត្រី​ចៅ​ក្រម​​​សហព័ន្ធ​​កីឡា​ប្រដាល់​គុន​ខ្មែរ​រូប​នេះ​​​ ​បាន​បញ្ជាក់​ទៀត​ថា​ លោក​​កំពុង​បុក​បង្វឹក​​កម្លាំង​ស៊ុហ្វ​រហូត​ដល់​ ៨០%​ ឯណោះ​ ដល់​កូន​សិស្ស​​របស់​​លោក។​ ​លោក​រំលឹក​ថា​ គង់​ សំបូរ ​មាន​សមត្ថភាព​ប្រឡូក​បាន​ទាំង​ជាតិ ​និង ​អន្តរជាតិ​​ ខណៈ​ដែល​ អ្នក​លេង​គុន​ខ្មែរ​វ័យ​ក្មេង​ត្រឹម​វ័យ​ ១៨ ​ឆ្នាំ​​ សាស្ត្រាវុធ ​​កំពុង​សាង​ប្រជា​ប្រិយភាព​​​បាន​ល្អ​ណាស់​​នា​ពេល​ថ្មីៗ​នេះ​ ក្រោយ​ឈ្នះ​ សូត្រ​ វាសាន , ហុត គឺមហៀង និង​ ឡុង ណងសៅ​ជា​ដើម។

គ្រូ​បង្វឹក​វ័យ​ ​៣៧​ ឆ្នាំ​​ដដែល​នេះ​​គូស​បញ្ជាក់​​​ទៀត​ថា៖«​ខ្ញុំ​តែង​តែ​​លើក​ទឹក​ចិត្ត​កូន​សិស្ស​ ថា​ បើ​ចង់​ខ្លាំង​ទៅ​វ៉ៃ​អន្តរជាតិ​​​យើង​ត្រូវ​​​​ធ្វើ​ឲ្យ​បាន​ល្អ និង ​លេច​ធ្លោ​ក្នុង​ស្រុក​​ដោយ​ឈ្នះ​កីឡាករ​ក្នុង​ស្រុក​ទាំង​អស់​ក្នុង​កម្រិត​គីឡូ​ដូច​គ្នា។​ ​​​ក្រៅ​ពី​បង្វឹក​គុន​ខ្មែរ​ ​ខ្ញុំ​ក៏​បាន​ប្រាប់​កូន​សិស្ស​​អំពី​​របៀប​វ៉ៃ​​ ​នៅ​ K1 ក្បាច់​មួយ​ថៃ​ មួយ​ឡាវ ក្បាច់​គុន​មីយ៉ាន់ម៉ា Lethwei ​ផង​ដែរ​ ដែល​មាន​លក្ខណៈ​ខុស​គ្នា​​មួយ​ចំនួន។ ​ដើម្បី​​ឲ្យ​យើង​ខ្លាំង​ ​យើង​​ក៏​ត្រូវ​សិក្សា​អំពី​ក្បាច់​គេ​ដែរ។»

លើស​ពី​ការ​ហ្វឹកហាត់​ទៀងទាត់​​ជា​ប្រចាំ​​ ​គ្រូ​បង្វឹក​​​គុន​ខ្មែរ​ដែល​មាន​​​សញ្ញាប័ត្រ​អនុបណ្ឌិត​​អក្សរសាស្ត្រ​ភាសា​អង់គ្លេស​​រូប​នេះ​​ថា​ ការ​ញុំាអាហារ​​ត្រូវ​​​​តែ​គិតគូរ​​ដែរ​​ ​ព្រោះ​ក្នុង​នាម​ជា​កីឡាករ​ ​មិន​ត្រូវ​ញុំា​ផ្ដេសផ្ដាស​នោះ​ឡើយ​​ដែល​​នាំ​​ឲ្យ​កម្លាំង​ធ្លាក់​ចុះ។​ ​​គ្រូ​បង្វឹក​​​​រូប​នេះ​​​​​រៀបរាប់​ទៀត​ថា​ ​កីឡាករ​ខ្មែរ​មួយ​ចំនួន​មិន​ទាន់​សុំា​ទៅ​​នឹង​ចំណី​អាហារ​នៅ​ក្រៅ​ប្រទេស​ទេ​ ​ព្រោះ​ថា ​នៅ​ស្រុក​ខ្មែរ​វ៉ៃ​ត្រឹម​​ ៣ ទៅ​ ៥ ​ទឹក​មិន​បញ្ហា​សោះ​ ប៉ុន្តែ ​ដល់​ទៅ​វ៉ៃ​​ស្រុក​គេ​ ​គឺ​ស្រុត​កម្លាំង​តែ​ម្ដង។​ ​នេះ​ជា​ចំណុច​ដែល​ត្រូវ​សិក្សា​បន្ថែម​អំពី​​ការ​ញុំា​អាហារ។

សាស្ត្រាចារ្យ​ភាសា​អង់គ្លេស​រូប​នេះ​សង្កត់​ធ្ងន់​​៖«​ ​ជាក់​ស្ដែង​ ​ខ្ញុំ​គិត​ថា​ គង់​ សំបូរ​ ​​ប៉ះ​ Zhang Chenglong ​​នៅ​ស្រុក​ខ្មែរ​​ វា​មិន​អី​ទេ​​ត្រឹម​ ៣ ទឹក​នោះ។ ​ប៉ុន្តែ​ពេល​​​វ៉ៃ​នៅ​ One Championship​ ​នា​ប្រទេស​​សិង្ហបុរី​ បែរ​រាង​យ៉ាប់​កម្លាំង​បន្តិច​ ដែល​នាំ​ឲ្យ​ចាញ់​ពិន្ទុ។ ​នេះ​ជា​ចំណុច​​យើង​ត្រូវ​រៀន​សូត្រ​ ​និង​ ​​​ធ្វើ​ឲ្យ​សុំា​ចំពោះ​ការ​ញុំា​អាហារ​នៅ​ប្រទេស​ដែល​យើង​ត្រូវ​ទៅ​ប្រកួត។»​

​គួរ​រំលឹក​ថា​ មក​ដល់​ពេល​​ លោក ជា រិទ្ធ ​ចូល​បង្វឹក​នៅ​ក្លិប​អាណា​ចក្រ​ប្រយុទ្ធ​​នៃ​​ទឹក​ដី​ខេត្តសៀមរាប​​​បាន​រយៈ​ពេល​ ១ ​ឆ្នាំ​​មក​ហើយ។​ ​ក្រៅ​ពី​​ការ​ងារ​ស្រលាញ់​​​ក្បាច់​គុន​ខ្មែរ ​លោក​​មាន​ការងារ​ក្រៅ​ម៉ោង​​​​មួយ​​ទៀត​គឺ​ បង្រៀន​ភាសា​អង់គ្លេស​នៅ​​តាម​សាកល​វិទ្យាល័យ​មួយ​ចំនួន​នៅ​ទឹក​ដី​ខេត្ត​សៀមរាប​៕

អត្ថបទ៖ ស៊ីធី

Leave a Reply