ជា រិទ្ធ ​សន្យា​ធ្វើ​ឲ្យ​ គង់ សំបូរ ​លេច​ធ្លោ​​ឡើង​វិញ​ក្នុង​កម្រិត​អន្តរជាតិ​ ក្រោយ​ឈ្នះ​​​ពាន​នៅ Khmer Fight

គ្រូ​បង្វឹក​​​​ប្រចាំ​ក្លិប​អាណា​ចក្រ​ប្រយុទ្ធ​ ​លោក​ ជា រិទ្ធ​ ​សន្យា​ជួយ​ជ្រោមជ្រែង​​ដល់​ គង់​ សំបូរ ​ឲ្យ​ឈាន​​ដល់​កម្រិត​កំពូល​ឡើង​វិញ​ជា​​ពិសេស​​​ធ្វើ​ឲ្យ​រូប​គេ​លេច​ធ្លោ​ក្នុង​ការ​ប្រកួត​កម្រិត​អន្តរជាតិ​នានា។​ ​ការ​​ថ្លែង​ប្រាប់​​យ៉ាង​ដូច្នេះ​​ បន្ទាប់​ពី​ ​កីឡាករ​វ័យ​ ២៣ ឆ្នាំ​រូប​នេះ​ឈ្នះ​​ពាន​​ក្នុង​កម្មវិធី​ Khmer Fight ​ដែល​រៀប​ចំ​​​ដោយ​ទូរទស្សន៍​​ប៉ុស្តិ៍​លេខ​ ៥​​ ​កាល​ថ្ងៃ​ទី​ ១៤​ ​ខែ​ មេសា​ ​ឆ្នាំ​ ២០១៩​ កន្លង​​នេះ​​នៅ​ខេត្ត​ព្រៃវែង​​​ក្នុង​​ឱកាស​អបអរ​សាទរ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ។

គង់​ សំបូរ​ ឈ្នះ​ពាន​​នៅ​កម្មវិធី​ខ្មែរ​​ Khmer Fight បន្ទាប់​ពី ឈ្នះ​ ពុយ វណ្ណៈ​ដោយ​ពិន្ទុ។​ ​​ការ​វ៉ៃ​ដណ្ដើម​ពាន​នេះ​ ​​​ព្រោះ​កម្មវិធី​តម្រូវ​ឲ្យ​ជើង​ឯក​ប៉ះ​ជើង​ឯក ពោល​ សំបូរ ជា​ជើង​ឯក​​ខ្សែ​​​ក្រវាត់ Tiffy ឆ្នាំ​ ២០១៣ ​​ហើយ​ វណ្ណៈ ជា​ជើង​ឯក​ Tiffy ​ឆ្នាំ​ ២០១៨។​ ក្រៅ​ពី​​​​ទទួល​បាន​​ពាន​ ១ ​​​សំបូរ ​ទទួល​បាន​ប្រាក់​រង្វាន់​ ៤០០ ​ដុល្លារ​​សហរដ្ឋ​អាមេរិក។ ​

គ្រូ​បង្វឹក​វ័យ​ ​៣៧​ ឆ្នាំ​​​រូប​គូស​បញ្ជាក់​ទៀត​ថា​៖«​គង់​ សំបូរ​ ឥឡូវ​មិន​ដូច​មុន​ទេ​ គេ​មាន​​ការ​ហ្វឹកហាត់​ខ្លាំងក្លា​ណាស់ បន្ទាប់​ពី​រូប​គេ​ផ្អាក​ឡើង​សង្វៀន​ជិត ២ ឆ្នាំ។ ​ហើយ​ខ្ញុំ​ក៏​បាន​ជួយ​​រូប​គេ​ទាំង​បច្ចេកទេស និង អាហារ​បំប៉ន​​នានា​ដើម្បី​បង្កើន​ថាមពល។​ ខ្ញុំ​សរសើរ​​បច្ចុប្បន្ន​​ដាក់​ចិត្ត​ដាក់​កាយ​ហ្វឹកហាត់​ណាស់​​ និង មាន​កម្មវិធី​ហាត់​ដ៏​ត្រឹមត្រូវ​ទៀត​ផង​​​មិន​ដើរ​លេង​ផ្ដេសផ្ដាស។»

គ្រូ​បង្វឹក​ដែល​មាន​​សញ្ញាប័ត្រ​​អនុបណ្ឌិត​ភាសា​អង់គ្លេស ​​រៀប​រាប់​ទៀត​ថា ​ក្រោយ​​ចាញ់​​ Zhang Chenlong  ​របស់​ចិន​នៅ​សង្វៀន​ One Championship   ​កាល​ខែ​ ​​​កុម្ភៈ​ ​​នៅ​​សិង្ហបុរី​​ ​​កូន​សិស្ស​របស់​ខ្លួន​មាន​កម្រិត​បច្ចេកទេស​កើន​​ទ្វេដង​។​ ម្យ៉ាង​វិញ​ទៀត​ ​សំបូរ ​ជា​កីឡាករ​ប្រដាល់​ឆ្លាត​វៃ​ម្នាក់​ ព្រោះ​គេ​ចេះ​​វ៉ៃ​ការងារ​ ចេះ​វ៉ៃ​ដោះ​ ​ស្ទាបស្ទង់​គូ​ប្រកួត​ និង​ ​រក្សា​មិន​ឲ្យ​មាន​របួស​ផង​ ប៉ុន្តែ​​វ៉ៃ​​​យក​ឈ្នះ​ពិន្ទុ​​វា​ជា​រឿង​ល្អ​បំផុត​ហើយ។​ ​គ្រូ​បង្វឹក​​ដដែល​នេះ​ក៏​រំលឹក​ដល់​ កូន​សិស្ស​ជា​រឿយៗ​ដែរ​ថា ​វា​គ្រាន់​តែ​ជា​កីឡា​ប៉ុណ្ណោះ ​ដូច្នេះ​​មិន​បាច់​ចង់​ឲ្យ​គូ​ប្រកួត​​របួស​​លំបាក​ព្យាបាល​នោះ​ទេ។

​​ចំណែក គង់ សំបូរ វិញ​​ក៏​បាន​ថ្លែង​ដែរ​ថា៖ «​​ខ្ញុំ​ហាត់​ជា​ប្រចាំ​​ក្រោយ​ផ្អាក​មួយ​រយៈ​។ ឲ្យ​តែ​មាន​កម្មវិធី​ប្រកួត​​ ខ្ញុំ​​ខំ​ហាត់ និង​ តម​​ការ​ដើរ​​លេង​ ហើយ​ក៏​ទៅ​ជួប​ប្រពន្ធ​ដែរ។ ខ្ញុំ​ក៏​តម​អាហារ​​​ដែរ​ ​អាហារ​ណា​ត្រូវ​ញុំា​ និង ​អាហារ​ណា​មិន​ត្រូវ​ញុំា​ ដើម្បី​កុំ​ឲ្យ​ប៉ះ​ពាល់​ដល់​កម្លាំង»​​

​​​​​គួរ​រំលឹក​ថា​​ គង់​ សំបូរ​ ជា​អតីត​កីឡាករ​ប្រដាល់​នៅ​ក្លិប​ក្រសួង​​ការពារ​ជាតិ​​ ​មុន​ផ្លាស់​​​ហ្វឹកហាត់​ជា​មួយ​គ្រូ​ ជា រិទ្ធ​ នៃ​ក្លិប​អាណាចក្រ​ប្រយុទ្ធ​​ជាង​ ១​ ​​ឆ្នាំ​មក​នេះ។  គង់​ សំបូរ​ ​ឡើង​​ប្រកួត​​នៅ​សង្វៀន​ One Championship ​បាន​ម្ដង​គត់​​ពេល​ជួប​​កីឡាករ​ចិន​ Zhang Chenlong​ កាល​ចុង​ខែ​ កុម្ភៈ​ ​កន្លង​ទៅ​នៅ​សិង្ហបុរី៕

អត្ថបទ៖ ស៊ីធី   ​

Leave a Reply