ឡៅ ចិត្រា យក​គំរូ​តាម​ ឃីម ឌីម៉ា ដើម្បី​ឈ្នះ​មេដាយ​​មាស​ជូន​ជាតិ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ចុង​ឆ្នាំ​នេះ

អ្នក​​លេង​គុន​ខ្មែរ​​វ័យ​ក្មេង​ ឡៅ ​ចិត្រា ​​បាន​​ដាក់​គោល​ដៅ​ដើរ​តាម​គន្លង​របស់​​ ឃីម ឌីម៉ា ​ឬ​ ឃុន ឌីម៉ា ​​​ដើម្បី​ដណ្ដើម​មេដាយ​មាស​ជូន​ជាតិ​មាតុភូមិ​​ក្នុង​ព្រឹត្តិការណ៍​​​កីឡា​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​ដែល​រៀប​​ចំ​​នៅ​ប្រទេស​ហ្វីលីពីន​ ចុង​ឆ្នាំ​​នេះ។​ ការ​តាំង​​​ចិត្ត​​នេះ​​​បាន​កើត​ឡើង​ ក្រោយ​​​​កីឡាករ ​​នៃ​ក្លិប​ឆត្រ​យោង​ ៩១១ ​ឈ្នះ​ត្រឹម​មេដាយ​សំរឹទ្ធ​​ប៉ុណ្ណោះ​​ និង​​មិន​គួរ​​ចាញ់​កីឡាករ​ម្ចាស់​ផ្ទះ​​​ទេ​​នៅ​ស៊ីហ្គេម ​ឆ្នាំ​ ២០១៧ ​​ដែល​រៀប​ចំ​ឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី ​ខណៈ​ដែល​ ​ឃីម ឌីម៉ា​ ឈ្នះ​មេដាយ​​មាស​ក្នុង​វិញ្ញាសា​ប្រដាល់។​

កីឡាករ​​ដែល​មាន​កំណត់​ត្រា​ប្រកួត​១៤៨ ​លើក​​​គូស​បញ្ជាក់​​បែប​​នេះ​៖«​ខ្ញុំ​​​​កំពុង​តែ​កែ​ប្រែ​កំហុស​​​​​កាល​ស៊ីហ្គេម​ ២០១៧ ​ដើម្បី​ត្រៀម​ស៊ីហ្គេម​ ២០១៩ ​នេះ។ ខ្ញុំ​​ប្រឹង​ឲ្យ​ខ្លាំង​​ជាង​ស៊ីហ្គេម​​​កន្លង​ទៅ។ ​​ខ្ញុំ​ចង់​ឈ្នះ​មេដាយ​មាស​ដូច​ រៀម​ច្បង​ ឃីម ឌីម៉ា។ ​ខ្ញុំ​​សរសើរ​ បង​ ឌីម៉ា ​​គាត់​​មាន​បម្លាស់ទី​ល្អ ​ប្រយុទ្ធ​ល្អ​ ​និង ​​ការពារ​ល្អ​​ទៀត​ផង។ ​នេះ​ជា​ចំណុច​​ខ្ញុំ​ត្រូវ​រៀន​តាម។»

បែប​ណា​ក្ដី ​កីឡាករ​​ប្រដាល់​ត្រកូល​ឡៅ​បាន​បង្ហើប​ពី​ភាព​សោក​ស្ដាយ​កាល​​ឆ្នាំ​ ២០១៧ ​ដែល​បាន​ត្រឹម​មេដាយ​សំរឹទ្ធ​​ថា ​រូប​គេ​​ចូល​ពេទ្យ​មុន​ឡើង​​វ៉ៃ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ប៉ុន្តែ​គ្រា​នោះ​មិន​ដឹង​ថា​មក​ពី​អាកាស​ធាតុ ឬ​ ​ចំណី​អាហារ​ឡើយ។​ ​​​ដោយ​រំលឹក​ទៅ​អតីត​កាល​នេះ ចិត្រា​ នៅ​ចង​ចាំ​ថា​ ​ពិន្ទុ​មិន​ចាញ់​ឈ្នះ​គ្នា​ប៉ុន្មាន​ទេ​ ​ពោល ​ប្រដំប្រសងគ្នា​ប៉ុណ្ណោះ​ជា​មួយ​គូ​ប្រជែង​​កីឡាករ​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី Ain Bin។ ​ហើយ​មើល​​វីដេអូ​ឡើង​វិញ​ ក៏​មិន​គួរ​ចាញ់​ដែរ​ ​ដោយ ចិត្រា​ ​ដើរ​​ចូល​សម្រុក​វ៉ៃ​រហូត​នៅ​​លើ​សង្វៀន។ ​​យ៉ាង​ណា​ក្ដី​ រូប​គេ​បាន​រៀន​សូត្រ​អំពី​ចំណុច​​ខ្សោយ​ទាំង​នេះ​ដើម្បី​ធ្វើ​​ឲ្យ​ប្រសើរ​ឡើង។

​បន្ទាប់​ពី​​ចូល​​ឆ្នាំ​​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​​​រួច​រាល់​ ​កូន​សិស្ស​លោក​ ហង្ស សឿន​​ ​នឹង​ចូល​​ហ្វឹកហាត់​ក្នុង​ក្រុម​កីឡាករ​ប្រដាល់​ជម្រើស​ជាតិ​​ដើម្បី​ត្រៀម​​ព្រឹត្តិការណ៍​​ស៊ីហ្គេម​លើក​ទី៣០ ​ដែល​រៀប​ចំ​នៅ​ហ្វីលីពីន។ជា​មួយ​គ្នា​នេះ​​ ចិត្រា ​ត្រូវ​បាន​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​ប្រដាល់​​​ភីអិនអិន​​​បញ្ចូល​​ឈ្មោះ​​​ប្រកួត​ដណ្ដើម​ខ្សែ​​ក្រវាត់​ ដែល​ចាប់​​ផ្ដើម​នា​ដើម​ខែ ​ឧសភា​ ខាង​មុខ។ ​

ប្អូន​របស់​​ ឡៅ ស៊ីណាត​ និង​ ឡៅ ចន្ទ្រា​ ​បាន​​​សង្កត់​ធ្ងន់​ថា៖«​ការ​ចូល​រួម​ប្រកួត​​ដណ្ដើម​ខ្សែ​ក្រវាត់​នៅ​ស្ថានីយ​ទូរទស្សន៍​ PNN ​​​ចាប់​ផ្ដើម​​ដើម​ខែ​ ​ឧសភា​ ខាង​មុខ​​ ​ប្រៀប​​បី​ដូច​ជា​ការ​ត្រៀម​​ខ្លួន​អីចឹង​ដែរ​ យើង​​ហាត់​ខ្លាំង​ ហើយ​យើង​មាន​ការ​ប្រកួត។ ​កាល​ណា​យើង​ហ្វឹកហាត់​ យើង​ត្រូវ​​​សម​ និង​ ឡើង​ប្រកួត​បែប​នេះ​ល្អ​ណាស់។ ​​​អីចឹង ​ការ​ប្រកួត​ធ្វើ​​ឲ្យ​ ខ្ញុំ​​អត់​គាំង​ដៃ​-ជើង ​និង​ ​រួម​ចំណែក​ពង្រឹង​សមត្ថភាព​នៅ​ស៊ីហ្គេម។»

ជា​មួយ​គ្នា​នោះ​ ក្រោយ​បរាជ័យ​ទល់​នឹង​​ Superlek Kiatmoo9 ​កាល​ពាក់​កណ្ដាល​ខែ​ កុម្ភៈ​ ​​​​នៅ​សង្វៀន​​កម្រិត​ពិភព​លោក​ ​One Championship ​នា​ប្រទេស​ថៃ​ ​ជើង​ឯក​គុន​ខ្មែរ​​​​នៅ​សង្វៀន​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ ​បាន​រៀន​​សូត្រ​ច្រើន​អំពី​បទ​ពិសោធន៍ ​ដ៏​ជូរចត់​​មួយ​នេះ​ពេល​វ៉ៃ​​គូ​បដិបក្ខ​មិន​ត្រូវ​ ​​ជា​ពិសេស​​​ត្រូវ​​បង្កើន​​ភាព​រហ័សរហួន​ និង​​បម្លាស់ទី​របស់​ខ្លួន​​ឲ្យ​បាន​ល្អ​​រួម​ទាំង​ការ​វ៉ៃ​សម្រុក​ ហើយ ​​នឹង​ខំ​ប្រឹង​ទ្វេ​​ដង​ដើម្បី​សម្រេច​គោល​ដៅ​ជា​បន្តបន្ទាប់​ក្នុង​នាម​​កីឡាករ​ប្រដាល់​ជួរ​មុខ​នៅ​កម្ពុជា។​

គួរ​រំលឹក​ថា​ ឃីម ឌីម៉ា ​ បាន​​ដណ្ដើម​មេដាយ​មាស​ជូន​ជាតិ​​មាតុភូមិ​ក្រោយ​ឈ្នះ​ ​កីឡាករ​ថៃ​ Chonlawit កាល​ខែ​ សីហា​ ​ឆ្នាំ​ ២០១៧​ ​​ក្នុង​​​ព្រឹត្តិការណ៍​ស៊ីហ្គេម​រៀប​ចំ​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​ ឡៅ ចិត្រា​​ ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ឈ្នះ​ត្រឹម​មេដាយ​សំរឹទ្ធ បន្ទាប់​ពី​ចាញ់​​កីឡាករ​ម្ចាស់​ផ្ទះ​ ម៉ាឡេស៊ី​ Ain Bin Kamaprudin ដោយ​ពិន្ទុ៕

អត្ថបទ៖ ស៊ីធី

Leave a Reply