រិន សា​​រ័ត្ន​ ​ រៀប​រាប់​អំពី​ការ​​តាំង​ចិត្ត​របស់​ខ្លួន​​ក្នុង​អាជីព​ MMA ទៅ​​ថ្ងៃ​អនាគត

មួយ​រយៈ​ចុង​ក្រោយ​​នេះ​ គេ​ឃើញ​ក្បាច់​គុន​ចម្រុះ​ ឬ ហៅ​ថា​​​​ MMA ​មាន​​ភាព​រីកចម្រើន​គួរ​​ឲ្យ​កត់​សម្គាល់​ ជា​ពិសេស​​សហព័ន្ធ​កីឡា​យុទ្ធគុន​ចម្រុះ​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើងជា​ផ្លូវ​ការ​​នា​ចុង​ឆ្នាំ​ ២០១៨​​ កន្លង​ទៅ​នេះ​​ហើយ​ ​​កីឡាករ​បាន​ចេញ​ទៅ​ប្រកួត​​លើ​សង្វៀន​​លំដាប់​ពិភព​លោក ​One Championship ​ជា​បន្ត​បន្ទាប់។ ទន្ទឹម​គ្នា​នេះ​​ក៏​​​ធ្វើ​​ឲ្យ​កីឡាករ​គុន​ចម្រុះ​​ជួរ​នៅ​​កម្ពុជា​ រិន សារ័ត្ន​ បាន​ចេញ​មុខ​​មក​​រៀប​រាប់​អំពី​ការ​តាំង​ចិត្ត​​ទៅ​ថ្ងៃ​​អនាគត​របស់​ខ្លួន​​ក្នុង​​អាជីព​ MMA។​

«​ខ្ញុំ​ស្រលាញ់​ក្បាច់​គុន​​ចម្រុះ​ ​ព្រោះ​ខ្ញុំ​ខំ​ហ្វឹកហាត់​តាំង​ពី​ដើម​​រៀង​មក​ទោះ​មិន​សូវ​​មាន​គេ​ស្គាល់​ និង មិន​ពេញ​និយម​ដូច​​ប្រដាល់​ក៏​ដោយ។​ ​ប៉ុន្តែ​​​ទៅ​ថ្ងៃ​មុខ​ខ្ញុំ​មិន​ទាន់​ច្បាស់​ថា​អាច​​រក្សា​ការ​​ហ្វឹកហាត់​បន្ត​ទៀត​ ឬ យ៉ាង​ណា​ទេ​ ​ព្រោះ​អត់​សូវ​បាន​ឡើង​វ៉ៃ​​ញឹកញាប់​ ហើយ ​ទៅ​​មុខ​ទៀត​ ​​ខ្ញុំ​អាច​នឹង​​មាន​ត្រូវ​ការ​ច្រើន​ មិន​ដូច​ខ្លួន​​មួយ​នោះ​ទេ។» ​នេះ​ជា​ការ​បញ្ជាក់​របស់​ ​រិន សារ័ត្ន អ្នក​លេង​គុន​ចម្រុះ​​ដែល​ហ្វឹកហាត់​នៅ​ក្លិប​ Cambodian Top Team។​

ការ​​​ថ្លែង​បែប​នេះ​ បន្ទាប់​ពី​រៀម​ច្បង​មួយ​ចំនួន​ដែល​ហ្វឹកហាត់​ក្បាច់​ MMA នៅ​កម្ពុជា ​​​​បាន​បោះ​បង់​ជា​​ហូរហែ​​​ដោយ​​បែរ​ទៅ​​ប្រកប​របរ​រក​ស៊ី​វិញ​ ដូច​​ជា​ មាស ម៉ើ ​,សរ សី, និង​ ថៃ រិទ្ធី ​ជា​ដើម​​ ខណៈ​ដែល ​សឹម ប៊ុនស្រន់ ​ក៏​មាន​មុខ​របរ​ផ្ទាល់​ខ្លួន​ដែរ​ ប៉ុន្តែ​​ រូប​គេ​អាច​ឆ្លៀត​​បាន​​មក​​ហ្វឹកហាត់​ខ្លះៗ។

អ្នក​លេង​គុន​ចម្រុះ​ វ័យ​​ ​២៥​ ឆ្នាំ​​​បាន​​គូស​បញ្ជាក់​ថា​ ​បើ​សិន​​​អាជីព​ MMA ​អាច​​​មាន​ចំណូល​គ្រប់គ្រាន់​​ គេ​នឹង​បន្ត​ខំ​ប្រឹង​បន្ថែម​ទៀត​ទោះ​ជា​មាន​គ្រួសារ​ក្ដី។​ ​កីឡាករ​មក​ពី​ខេត្ត​ព្រៃវែង​ ​អាច​នឹង​ចូល​​រោង​ជ័យ​នា​ចុង​ឆ្នាំ​នេះ​ ហើយ​​​នេះ​ជា​ហេតុ​ផល​ដែល​ធ្វើ​ឲ្យ​រូប​គេ​ពិចារណា​ច្រើន​ជុំ​វិញ​អាជីព​​​​ជា​កីឡាករ​គុន​ចម្រុះ​ ព្រោះ​​តម្រូវ​ការ​ជីវភាព​​អាច​​កើន​ឡើង​មិន​ដូច​សព្វ​ថ្ងៃ​​ដែល​នៅ​លីវ​នោះ​ឡើយ។​​

បែប​ណា​ក្ដី​​ អ្នក​លេង​គុន​ចម្រុះ​ដែល​​ចូល​ហ្វឹកហាត់​​​​គុន​ចម្រុះ​តាំង​ពី ​ស៊ីធីអិន ​រៀប​ចំ​ការ​ប្រកួត​ជើង​ឯក​ឆ្នាំ​ ២០១៣ ​មក​នោះ​បាន​រៀប​រាប់​ទៀត​ថា ៖«ពេល​ខ្ញុំ​មាន​ភរិយា​ ខ្ញុំ​​បាន​និយាយ​ជា​មួយ​អនាគត​ភរិយា​រួច​ហើយ​ បើ​សិន​​អាច​រក​កម្រៃ​បាន​​​ដើម្បី​សម្រួល​ ឬ ​ធ្វើ​ឲ្យ​ជីវភាព​ប្រសើរ​ឡើង​ ខ្ញុំ​នៅ​តែ​ហ្វឹកហាត់​ដដែល ឬ ​មួយ​ខ្ញុំ​អាច​​ក្លាយ​ជា​គ្រូ​បង្វឹក​ទៅ​ថ្ងៃ​មុខ​ក៏​ថា​បាន​។ ​ខ្ញុំ​នឹង​ចំណាយ​ពេល​ផ្ទេរ​ចំណេះ​របស់​ខ្ញុំ​​​ក្នុង​នាម​ជា​គ្រូ​បើ​សិន​ខ្ញុំ​វ៉ៃ​លែង​កើត។ ​បើ​មិន​ដូច្នេះ​​ទេ​ ខ្ញុំ​ប្រហែល​ជា​ទៅ​រក​ស៊ី​ហើយ​ ក្នុង​ករណី​ ខ្ញុំ​មាន​កូន​នៅ​ក្នុង​បន្ទុក​ទៀត​នោះ ​ព្រោះ​ត្រូវ​ចំណាយ​ច្រើន។»

​កូន​សិស្ស​របស់​លោក​ ហ៊ុន ច័ន្ទរាជ្យ ​ ដែល​ឡើង​វ៉ៃ​សង្វៀន​គុន​ចម្រុះ​​ចំនួន​ ១០ ដង​ ​បាន​បង្ហើប​​ថា​ មាន​តម្រុយ​ខ្លះៗ​​ហើយ​ គឺ​ ​​ប្រហែល​ជា​ទៅ​ប្រកប​របរ​ចិញ្ចឹម​មាន់​ស្រែ​ ​បើ​មិន​​នៅ​ជាប់​លាប់​នឹង​​អាជីព​ MMA ខណៈ​ដែល ​អនាគត​ប្រពន្ធ​ក៏​មាន​មុខ​របស់​ផ្ទាល់​ខ្លួន​​នៅ​រាជធានី​ភ្នំពេញ។​ កីឡាករ​ដែល​ធ្លាប់​ឡើង​​សង្វៀន​ប្រដាល់​សេរី​បាន​ ៣២ ​ដង​​រូប​នេះ​ ​សង្កត់​ធ្ងន់​ថា​ រូប​គេ​នៅ​តែ​​ស្រលាញ់​ក្បាច់​ MMA ​ហើយ​ ​រំពឹងថា​ ​​មាន​យុវជន​ថ្នាល​ចង់​ហ្វឹកហាត់​កាន់​តែ​ច្រើន​ឡើង​​ និង​ ​មាន​​សង្វៀន​ឡើង​វ៉ៃ​​ឲ្យ​​បាន​ញឹកញាប់​នៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី​ខាង​មុខ។​

​យ៉ាង​ណា​ក្ដី​​ថ្មីៗនេះ​ ​ ​សហព័ន្ធកីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​​ដើម្បី​​ជួយ​ក្លិប​ និង ​សម្រួល​ដល់​កីឡាករ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​តាម​តែ​អាច​ធ្វើ​ទៅ​បាន។​ ​ជា​មួយ​គ្នា​នោះ​ លោក​ កែ ប៊ិនសូរស្មី ​អនុប្រធាន​សហព័ន្ធ​បាន​​បញ្ជាក់​​ថា​ ​សហព័ន្ធ​គ្រង​រៀប​ចំ​ឲ្យ​មាន​ការ​ប្រកួត​​លើ​សង្វៀន​ MMA យ៉ាង​ហោច​ ២ ទៅ​ ៣ ដង​ក្នុង​មួយ​ឆ្នាំ​​ទោះ​មិន​បាន​​​រៀងរាល់​ខែ​ និង​ បន្ត​ទំនាក់ទំនង​ជា​​មួយ​ស្ថាប័ន​អន្តរជាតិ​ដើម្បី​មក​រៀប​ចំ​ការ​ប្រកួត​នៅ​ព្រះរាជាណា​ចក្រក​កម្ពុជា​ជា​ថ្មី​ម្ដង​ទៀត៕ ​

អត្ថបទ៖ ស៊ីធី ​

Leave a Reply