សហ័ន្ធកីឡា​យុទ្ធគុន​ចម្រុះ​​កម្ពុជា​មាន​គម្រោង​អ្វី​ខ្លះ​​​ក្រោយ​កកើត​ចុង​ឆ្នាំ​ ២០១៨?

សហ័ន្ធកីឡា​យុទ្ធគុន​ចម្រុះ​​​កម្ពុជា ឬ ​ហៅ​ថា ​CMMAF ​​​ត្រូវ​បាន​បង្កើត​​ឡើង​​ជា​ផ្លូវ​ការ​នា​​ខែ​ តុលា​ ឆ្នាំ​ ២០១៨​ ដែល​មាន​ឯកឧត្ដម ​វ៉ាត់ ចំរើន ​អគ្គលេខាធិការ​​គណៈកម្មាធិការ​អូឡាំពិក​កម្ពុជា​ជា​ប្រធាន។​ ​ក្នុង​នោះ​​លោក​ កែ ប៊ិនសូរស្មី ​​​ជា​អនុប្រធាន​ មួយ​​ក្នុង​ចំណោម​ពីរ​រូប។​ ​លោក ​កែ ប៊ិនសូរស្មី ​នឹង​ចូល​ខ្លួន​មក​ឆ្លើយ​សំណួរ​ និង​ បក​ស្រាយ​អំពី​គម្រោង​របស់​ សហ័ន្ធកីឡា​យុទ្ធគុន​ចម្រុះ​​​កម្ពុជា​​​ដូច​ខាង​ក្រោម៖

– ​បន្ទាប់​ពី​បង្កើត​ សហ័ន្ធកីឡា​យុទ្ធគុន​ចម្រុះ​​​កម្ពុជា​ នា​ចុង​ឆ្នាំ​ ២០១៨​ តើ​មាន​សមាជិក​ក្លិប​/សមាគម​ប៉ុន្មាន​ហើយ​​ដែល​បាន​ចុះ​ឈ្មោះ​​ក្រោម​ដំបូង​សហព័ន្ធ?

កែ ប៊ិនសូរស្មី៖ បច្ចុប្បន្ន​​យើង​មាន​ ៥ ​ក្លិប​ដែល​បាន​ចុះ​ឈ្មោះ​ជា​សមាជិក​​ផ្លូវ​ការ​​ដូច​ជា​​ក្លិប​ សិល្បៈ Cambodian Top Team, Prodal , Monster Factory ​និង​ ​ក្លិប​តា​ដំបង​ដែក​​។​ ​នា​ពេល​ខ្លី​ខាង​មុខ​​ យើង​សង្ឃឹម​ថា​​នឹង​មាន​​ក្លិប​ជា​ច្រើន​ទៀត​​បន្ត​ចុះ​ឈ្មោះ និង ធ្វើ​ការ​រួម​​គ្នា​​ដើម្បី​ឲ្យ​​នាំ​​ឲ្យ​កីឡាគុន​ចម្រុះ​នៅ​កម្ពុជា​កាន់​តែ​ប្រសើរ​ឡើង។ ​ហើយ​យើង​ត្រូវ​បង្ហាញ​​ក្បាច់​គុន​នេះ​លើ​ឆាក​​អន្តរជាតិ​តាម​​រយៈ​ទង់​ជាតិ​កម្ពុជា។ ​​យើង​ត្រូវ​​តែ​រួមគ្នា​ធ្វើ​​ក្នុង​បំណង​បង្ហាញ​មោទនភាព​​ទង់​ជាតិ​កម្ពុជា​​​ក្នុង​កម្រិត​ពិភព​លោក។

– ​តើ​លោក​យល់​យ៉ាង​ណា​ចំពោះ​ MMA ដែល​មិន​សូវ​ពេញ​និយម​​ដូច​​កីឡា​ប្រដាល់​​ឡើយ​នៅ​កម្ពុជា?

កែ ប៊ិនសូរស្មី៖ MMA ជា​ប្រភេទ​ក្បាច់​គុន​ថ្មី ឬ ​កីឡា​ថ្មី​នៅ​ស្រុក​ខ្មែរ ប៉ុន្តែ​ក្បាច់​គុន​ចម្រុះ​នេះ​មាន​ទីផ្សារ​ធំ​ណាស់​លំដាប់​ពិភព​លោក​ ​​​ដូច​ដែល​សង្វៀន One Championship បាន​រៀប​​ចំ​ជា​ដើម។ មិន​យូរ​ប៉ុន្មាន​​យើង​នឹង​ធ្វើ​វា​​ឲ្យ​មាន​ប្រជាប្រិយភាព​​ក្រោយ​បង្កើត​សហព័ន្ធ​នេះ។ ​គុន​ខ្មែរ​​មាន​ភាព​ល្បី​ល្បាញ​​ខណៈ​ដែល​ MMA ទើប​មាន​ឈ្មោះ​បោះ​សំឡេង​​មួយ​រយៈ​ចុង​ក្រោយ​នេះ​នៅ​កម្ពុជា។ ​យ៉ាង​ណា​ក្ដី​​វា​កាន់​តែ​មាន​ប្រជាប្រិយភាព​ តាម​រយៈ​ភាព​​ជោគជ័យ​ថ្មីៗ​នេះ ដូច​ជា នៅ ស្រីពៅ និង ចាន់ រតនា ​ទទួល​​ជ័យជម្នះ​ ​នៅ​សង្វៀន One ​Championship ​ជា​ដើម។ ​នេះ​ជា​គំរូ​ដែល​ធ្វើ​​​កីឡា​គុន​ចម្រុះ​ល្បី​នា​ថ្ងៃ​អនាគត​ដ៏​ខ្លី។​ ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា កម្ពុជា​មាន​កីឡាករ​ល្អៗ និង​មាន​ទេព​កោសល្យ​ជា​ច្រើន​នៅ​ក្នុង​​ស្រុក​ ហើយ នឹង​ធ្វើ​​ឲ្យ MMA ខ្មែរ​ល្បី​ទូទាំង​សកល។

តើ​ CMMAF ​មាន​តួនាទី​សំខាន់​អ្វី​ខ្លះ​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ក្លិប​/សមាគម​នៅ​កម្ពុជា?

កែ ប៊ិនសូរស្មី៖ ​សហព័ន្ធ​ជា​គំរូ​មួយ​សម្រាប់​ក្លិប​ MMA ទាំង​អស់​នៅ​កម្ពុជា​ ហើយ​​​នឹង​ បង្កើត​​ឲ្យ​ទំនាក់ទំនង​ទៅ​កាន់​សហព័ន្ធ​ ឬ ក្លិប​នៅ​ក្រៅ​ប្រទេស​ទៀត​ផង។ ​ CMMAF ​នឹង​​ចួល​រួម​អភិវឌ្ឍ​​​ថ្នាល​យុវជន​កីឡាករ​គុន​ចម្រុះ​​ ​និង​ ជួយ​​ក្លិប​នៅ​ក្នុង​ស្រុក​​ឲ្យ​មាន​ការ​គ្រប់គ្រង​ច្បាស់​លាស់​ ​ថែម​ទាំង​បណ្ដុះ​ឲ្យ​​បាន​​ជើង​ខ្លាំង​ជំនាន់​ថ្មី។ ​​យើង​ធ្វើ​ឲ្យ​មាន​​លក្ខខណ្ឌ​ត្រឹមត្រូវ​សម្រាប់​កីឡាករ​របស់​យើង​ ​​ដូច​ជា​ទទួល​ការ​ហ្វឹកហាត់​ត្រឹមត្រូវ ​ទទួល​បាន​ការ​ធានា​រ៉ាប់រង​ និង ជួយ​ឲ្យ​ពួក​គេ​ទៅ​ប្រកួត​​លើ​ឆាក​អន្តរជាតិ​ទៀត​ផង។ យើង​មិន​ចង់​ឲ្យ​​កីឡាករ​របស់​យើង​អន់​​ ឬ ត្រូវ​គេ​មើល​ងាយ​នៅ​​លើ​ឆាក​​​​អន្តរជាតិ​ទេ​​ ប៉ុន្តែ ​យើង​ចង់​​ឲ្យ​ខ្មែរ​ជួប​គូ​ប្រកួត​ខ្លាំង​ក្នុង​លោក​ ​និង​ ទទួល​បាន​ជោគជ័យ។ ​ដូច្នេះ​យើង​ត្រូវ​ផ្ដល់​ឲ្យ​ពួក​គេ​នូវ​លក្ខខណ្ឌ​​​ដើម្បី​ទទួល​បាន​ជោគជ័យ​ទាំង​​អស់​នេះ។

តើ​​​​គម្រោង​លម្អិត​អ្វី​ខ្លះ​សម្រាប់​ CMMAF ត​ទៅ​ថ្ងៃ​​អនាគត?

កែ ប៊ិនសូរស្មី៖ CMMAF មាន​គម្រោង​​​ទាំង​នៅ​ថ្នាក់​ជាតិ​ និង​ អន្តរជាតិ។ ​ក្នុង​កម្រិត​ថ្នាក់​ជាតិ​ យើង​មាន​បំណង​​រៀប​ចំ​ព្រឹត្តិការណ៍​ប្រកួត​គុន​ចម្រុះ​​​​អំឡុង​ឆ្នាំ​នេះ​ដែល​មាន​កីឡាករ​ល្បីៗ​ច្រើន​រូប​ចូល​រួម​ប្រកួត និង​ មាន​កីឡាករ​លំដាប់​អន្តរជាតិ​​ទៀត​ផង។ ​យើង​រំពឹង​ថា ​​ព្រឹត្តិការណ៍​នេះ​នឹង​​​ត្រូវ​រៀប​ចំ​ឡើង​ទៀងទាត់​ ​អាច​ថា​ ២ ​ទៅ​ ៣ ដង​ក្នុង​ ​១ ឆ្នាំ។​ ​ការ​រៀប​ចំ​ព្រឹត្តិការណ៍​នេះ ​​វា​អាច​ជួយ​ពង្រឹង​សមត្ថភាព​កីឡាករ​ និង អាច​រើស​បាន​កីឡាករ​ថ្មីៗ​បន្ថែម​ទៀត។ ​​​ក្នុង​កម្រិត​អន្តរជាតិ​​ គោល​ដៅ​របស់​យើង​គឺ​ ​​​បណ្ដុះបណ្ដាល​​ឲ្យ​មាន​កីឡាករ​កម្ពុជា​​ឆ្នើមៗ​ ដើម្បី​​​ចេញ​ទៅ​វ៉ៃ​ក្នុង​កម្រិត​អន្តរជាតិ ហើយ One Championship ជា​គោល​​ដៅ​ដំបូង​របស់​​យើង។​ ​យើង​​មាន​កីឡាករ​របស់​យើង​ទៅ​វ៉ៃ​នៅ One Championship ​ហូរហែ​ តែ​​យើង​ចង់​ឲ្យ​​ក្រុម​ហ៊ុន​អន្តរជាតិ​នេះ​​ត្រលប់​មក​រៀប​ចំ​នៅ​កម្ពុជា​ម្ដង​ទៀត​ថ្ងៃ​ណា​មួយ​ នៅ​ភ្នំពេញ ឬ សៀមរាប​អង្គរ ដែល​ជា​ព្រឹត្តិការណ៍​ធំ​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា។ ​CMMAF រង់​ចាំ​​​រួម​ចំណែក​ជួយ​គាំទ្រ​ព្រឹត្តិការណ៍​នេះ។

ក្រៅ​ពី​សំណួរ​ខាង​លើ​តើ​លោក​​ កែ ប៊ិនសូរស្មី ​មាន​មតិ​អ្វី​បន្ថែម​ទៀត?

កែ ប៊ិនសូរស្មី៖ ​ខ្ញុំ​បាន​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​ Anvaya ​​រយៈ​ពេល​ ៥ ឆ្នាំ។ ​គោល​ដៅ​របស់​ក្រុម​ហ៊ុន​គឺ ជួយ​អ្នក​រស់​នៅ​ក្រៅ​ប្រទេស​មក​ជួយ​​កម្ពុជា។ ​ហើយ​កីឡាករ​នៅ​ក្រៅ​ប្រទេស​ជា​ទ្រព្យ​មហា​សាល​ដើម្បី​ជួយ​កម្ពុជា។ ​ទោះ​ខ្ញុំ​​​​​មិន​មែន​ជា​ប្រធាន​នៅ​ទី​នោះ​ទៀត​ក៏​ដោយ​ តែ​ខ្ញុំ​នៅ​តែ​​​ឃ្លាំ​មើល​ចំពោះ​កីឡាករ​នៅ​ក្រៅ​ប្រទេស​ដើម្បី​មក​​លេង​ឬ ​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​ដែរ។ ​កន្លង​ទៅ​​​នេះ​​នេះ​យើង​មាន​ ​អ្នក​លេង​​ក្បាច់​គុន​ចម្រុះ​សញ្ជាតិ​ខ្មែរ​-អូស្ត្រាលី Suasday Chau ​និង ​កូន​ខ្មែរ​អាមេរិក​ Sovannahry Em ​ក៏​បាន​បង្ហាញ​ខ្លួន​នៅ One Championship ដែរ។ ​យើង​រំពឹង​ថា​​នឹង​មាន​កីឡាករ​​ប្រកប​ដោយ​ទេពកោសល្យ​ និង ​ល្អៗ​បន្ថែម​ទៀត​ពី​ក្រៅ​ប្រទេស​ដើម្បី​វ៉ៃ​ ឬ ​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​លើ​ឆាក​អន្តរជាតិ។ ​CMMAF ​តែង​តែ​ដើរ​តួ​សំខាន់​ក្នុង​ការ​សម្របសម្រួល​នេះ៕

​អត្ថបទ៖ ស៊ីធី ​

Leave a Reply