​នៅ​ ​ស្រីពៅ ​រៀបរាប់​អំពី​ការ​​លំបាក​ពេល​ហាត់​គុន​ខ្មែរ​ គុន​ចម្រុះ និង​ ប្រដាល់​សកល

​នៅ​ ស្រីពៅ ​​ដែល​ទទួល​ស្គាល់​​ថា​ជា​កីឡាករ​ជួរ​មុខ​លំដាប់​ប្រទេស​តាម​រយៈ​​គុន​ខ្មែរ​​នោះ​​​បាន​ចេញ​​មក​​រៀបរាប់​​អំពី​ផល​លំបាក​ពេល​ចូល​ហ្វឹកហាត់​គុន​ខ្មែរ​លើក​ដំបូង ​​ ​បន្ទាប់​មក​ហាត់​គុន​ចម្រុះ​ និង​ ​ហាត់​ប្រដាល់​សកល​​​ត្រៀម​ប្រកួត​ស៊ីហ្គេម​នៅ​ប្រទេស​ហ្វីលីពីន​ចុង​ឆ្នាំ​នេះ។​

​កីឡាការិនិ​គុន​ខ្មែរ​​មក​ពី​ក្លិប​​ប្រដាល់​តាឡី​ដំរី​មានរិទ្ធ​​ ​​បាន​​រៀប​រាប់​ដូច្នេះ​៖«​ ពេល​ខ្ញុំ​ហ្វឹកហាត់​គុន​ខ្មែរ​ដំបូង​ជា​មួយ​លោក​ គ្រូ ញ៉ូវ ម៉ាក និង ​គ្រូ​ម៉ាក សាខន ​ខ្ញុំ​ឈឺ​ពេញ​ខ្លួន​ចំនួន​ ២ ​សប្ដាហ៍។​ ​នេះ​ជា​រឿង​លំបាក​ដំបូង​គេ។ ប៉ុន្តែ​បើ​​យើង​មិន​ខំ​ហាត់​ទៀត​ ឬ ​អត់​តស៊ូ​ ​ប្រហែល​ជា​​ខ្ញុំ​ឈប់​មាន​មុខ​លើ​សង្វៀន​បាត់​ទៅ​ហើយ។ អ្វី​ដែល​​លំបាក​ទៀត​ គឺ​ ហ្វឹកហាត់​ឡាំ​ជង្គង់​​ជា​មួយ​ប្រុសៗ ​ដែល​ឈឺ​សឹង​ទ្រាំ​លែង​បាន ហើយ​ពេល​​មុន​ឡើង​វ៉ៃ​ ​ខ្ញុំ​ត្រូវ​ហាត់​ឡាំ​ជង្គង់​​រហូត។​»

យ៉ាង​ណា​ក្ដី ​កីឡា​ការិនី​វ័យ​ ២៤​ ឆ្នាំ​រូប​នេះ​នៅ​តែ​បន្ត​ក្រាញ​ននាល​ដើម្បី​ហ្វឹកហាត់​គុន​ខ្មែរ​ បន្ទាប់​ពី​សុំ​ម្ដាយ​ទម្រាំ​​​យល់​ព្រម​ឲ្យ​ទៅ​ហាត់​ក្បាច់​គុន​ឈឺ​សាច់​មួយ​នេះ។​ ក្រៅ​ពី​​ហាត់​គុន​ខ្មែរ​ជោកជាំ​​កីឡាការិនី​មាន​ស្រុក​កំណើត​​នៅ​ចំការ​ដូង​រាជធានី​ភ្នំពេញ​​ដដែល​នេះ​ត្អូញត្អែរ​​ថា​​ការ​ហាត់​ក្បាច់​គុន​ចម្រុះ​ ឬ ​MMA រឹត​តែ​លំបាក​ខ្លាំង​ណាស់​ជាង​ហ្វឹកហាត់​គុន​ខ្មែរ​ទៅ​ទៀត​ ពោល​មាន​ក្បាច់​ច្រើន​​ច្របាច់​បញ្ចូល​គ្នា។​ ប៉ុន្តែ​​​នេះ​ជា​រឿង​ចាំ​បាច់​ត្រូវ​តែ​ហ្វឹកហាត់​​ ​​មុន​ចេញ​ទៅ​ប្រកួត​​​លើ​សង្វៀន​កម្រិត​ពិភព​លោក​ One Championship។

​​កូន​សិស្ស​លោក​ញ៉ូវ ម៉ាក​ សង្កត់​ធ្ងន់​យ៉ាង​បែប​​នេះ៖«ពេល​​ខ្ញុំ​ហាត់​ប្រដាល់​សេរី​ គឺ​ប្រើ​ដៃ​ ជើង​ជង្គង់​ ប៉ុន្តែ ​MMA មាន​ក្បាច់​ច្រើន​ណាស់ ដែល​​ធ្វើ​ឲ្យ​ខ្ញុំ​ស្មុគស្មាញ​ និង ​លំបាក​ជាង។ ​​ក្បាច់​ច្របល់​គ្នា​ដូច​ជា​ចំបាប់ យូដូ​ ​ក្លេរ ​បោក ​កាច់​មួល​ ទាត់​ធាក់ ​និយាយ​ទៅ​គ្រប់​ក្បាច់​ លំបាក​មែន​ទែន។ ​មួយ​ទៀត​មុន​ទៅ​វ៉ៃ​ ​ជា​មួយ​ Rika Ishige​ ​កាល​ខែ​ កុម្ភៈ​ ខ្ញុំ​ហាត់​​ដល់​​ស្ទើរ​ក្អួត​ កាល​នោះ​ បង​ រិន សារ័ត្ន​ ក្លេរ​ក​ខ្ញុំ​ឡើង​ចង់​ចេញ​ក្អួត។»​

​ទោះ​ជា​លំបាក​ប៉ុន្តែ​ ​ប្អូន​ស្រី​បង្កើត​​របស់​អតីត​កីឡាករ​ប្រដាល់ ​នៅ ស៊ីថា ​​នៅ​តែ​តស៊ូ​​ខ្លាំងក្លា​​​តទៅ​ទៀត​ដើម្បី​​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​ប្រចាំ​ប្រទេស​ និង​ ចង់​​ទៅ​ប្រកួត​លើ​សង្វៀន​អន្តរជាតិ​ញឹកញាប់។

នៅ​មិន​ទាន់​អស់​​រឿង​​លំបាក​ កីឡាការិនី​ឆ្នើម​ប្រចាំ​សង្វៀន​ World Lethwei Championship ​របស់​ប្រទេស​មីយ៉ាន់ម៉ា​​ បាន​​បែរ​មក​ហាត់​​ប្រដាល់​សកល​​ជាង​ ១ ​ខែ​មក​នេះ​ដើម្បី​ត្រៀម​ជើង​ព្រួល​ចេញ​ទៅ​ប្រកួត​ស៊ីហ្គេម​ចុង​ឆ្នាំ​ ២០១៩ ​នេះ​នៅ​ប្រទេស​ហ្វីលីពីន។​ ​ ស្រីពៅ​ ដែល​ចូល​ហ្វឹកហាត់​ប្រដាល់​ តាំង​ពី​ឆ្នាំ​ ២០១៤ ​បាន​​​​បញ្ជាក់​​ថា ​ប្រដាល់​សកល​ក៏​មួយ​យ៉ាង​ដែរ ​ដ្បិត​មិន​ប្រើ​ក្លេរ​ បោក​ ឬ​ កាច់​មួយ​ ដូច​ MMA ​ ប៉ុន្តែ​ ប្រដាល់​សកល​តម្រូវ​​​ឲ្យ​​​កញ្ញា​ ​ប្រើ​ដៃ​​វ៉ៃ​ឲ្យ​លឿន​តាម​តែ​អាច​ធ្វើ​ទៅ​ និង ​បម្លាស់ទី​​ឲ្យ​រហ័ស​ទៀត។​

ទោះ​បែប​ជា​យ៉ាង​ ​ស្រីពៅ​ ​​សង្កត់​ធ្ងន់​ថា ៖«ខ្ញុំ​គិត​ថា​ មិន​មាន​បញ្ហា​ចោទ​​ពេល​ប្ដូរ​ពី ​វ៉ៃ​សេរី ​និង ​MMA ​មក​ហាត់​សកល​ ព្រោះ​​ខ្ញុំ​ធ្លាប់​ហាត់​សកល​បាន​ ២ ឆ្នាំ​ដែរ។​ ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា ខ្ញុំ​អាច​ទទួល​លទ្ធផល​ល្អ​នៅ​ស៊ីហ្គេម។»

​គួរ​ដឹង​​ដែរ​​ថា​ នៅ​​ ស្រីពៅ ​ចូល​ហាត់​ប្រដាល់​ដំបូង​​ជា​មួយ​លោក​គ្រូ ​ ​ញ៉ូវ ម៉ាក ​និង ​លោក​គ្រូ​ ម៉ាក សាខន ​​​នៃ​ក្លិប​តាឡី​ដំរី​មាន​រិទ្ធិ។​ បន្ទាប់​​មក ​​ពេល​​មុន​​​ចេញ​ទៅ​ប្រកួត​ក្នុង​កម្មវិធី​ One Championship កីឡាការិនី​រូប​នេះ​​ទៅ​ហ្វឹកហាត់​ក្បាច់​ក្លេរ ឬ គុន​ចម្រុះ​ជា​មួយ​គ្រូ​បង្វឹក​ ហ៊ុន ច័ន្ទរាជ្យ និង ​រៀម​ច្បង​មាន​បទ​ពិសោធន៍​ជា​ច្រើន​​ទៀត​នៃ​ក្លិប​ Cambodian Top Team។ ​បន្ទាប់​ពី​​​ឈ្នះ​ Riga កាល​ខែ កុម្ភៈ​ ​ស្រីពៅ ​ត្រូវ​បាន​ក្រសួង​អប់រំ​យុវជន​ និង កីឡា​កោះ​ហៅ​ឲ្យ​ចូល​​ក្នុង​ក្រុម​ជម្រើស​ជាតិ​ដោយ​ហាត់​ប្រដាល់​សកល​​​បង្វឹក​ដោយ​លោក​ គ្រូ វ៉ែន ​សុផល៕

​​អត្ថបទ៖ ស៊ីធី ​

Leave a Reply