ហ៊ុន ច័ន្ទរាជ រៀបរាប់​​អំពី​ផល​លំបាក​ ​មុន​បង្កើត​សហព័ន្ធ​ ​រួម​ទាំង​ ​​ផល​ចំណេញ​ក្រោយ​​ការ​បង្កើត​សហព័ន្ធ​​កីឡា​យុទ្ធ​គុនចម្រុះ​កម្ពុជា

គ្រូ​បង្វឹក​​ក្បាច់​គុន​ចម្រុះ​ ហ៊ុន ច័ន្ទរាជ ​​បាន​រៀប​រាប់​​​ផល​លំបាក​​ជា​ច្រើន​​មុន​​ការ​បង្កើត​សហព័ន្ធ ​និង​ ​​បង្ហើប​អំពី​ផល​ចំណេញ​​ក្រាស់​ក្រែល​ ក្រោយ​​​​បង្កើត​​បាន​​ក្បាល​​ម៉ាស៊ីន​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​​​កាល​ចុង​ឆ្នាំ​ ​២០១៨ ​កន្លង​ទៅ។​

លោក​ ហ៊ុន ច័ន្ទរាជ្យ​ ​ដែល​មាន​​តួនាទី​ជា​អគ្គ​លេខាធិការ​នៃ​សសព័ន្ធ​ក្មេង​ខ្ចី​មួយ​នេះ​​បាន​​ដៅ​ចំណុច​លំបាក​ខ្លះៗ ​យ៉ាង​ដូច្នេះ​៖«​​ MMA ឬ​ ហៅ​ថា​ក្បាច់​គុន​ចម្រុះ​ហ្នឹង​​ជា​ក្បាច់​គុន​គេ​ទទួល​ស្គាល់​ជា​អន្តរជាតិ​ ពេល​​យើង​មិន​ទាន់​បង្កើត​​ជា​សហព័ន្ធ​ ​​​គេ​មិន​សូវ​ទទួល​ស្គាល់​ដូច​សហព័ន្ធ​ដទៃ​នៅ​កម្ពុជា​ទេ​ ហើយ ​ការ​​ធ្វើ​ការងារ​របស់​យើង​​​ក៏​ជួប​ផល​លំបាក​​ច្រើន​ដែរ​ពាក់ព័ន្ធ​ការ​រត់​ការ​ ឬ ​រត់​ឯកសារ​ផ្លូវ​ការ​នានា។ ​យើង​​អត់​មាន​សហព័ន្ធ​ ​​​​ គឺ​ មិន​ទាន់​ទទួល​ស្គាល់​ដោយ​ក្រសួង​អប់រំ​ យុវជន​ និង​ កីឡា​ ​ហើយ​ យើង​ក៏​អត់​មាន​​កញ្ចប់​ថវិកា​ពី​ក្រសួង​ដែរ។ ​​យើង​​ត្រូវ​ប្រើ​ប្រាស់​លុយ​ខ្លួន​ឯង​​ច្រើន។»

ផ្ទុយ​ទៅ​វិញ​​បន្ទាប់​ពី​រៀប​ចំ​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​ រួច​រាល់ ​គ្រូ​បង្វឹក​​ដែល​ហាត់​ក្បាច់​គុន​តាំង​ពី​​អាយុ​ ៤​ ឆ្នាំ​​នៅ​អាមេរិក​រូប​នេះ​​​លម្អិត​អំពី​ផល​ចំណេញ​​ដូច​ជា​ ​​​មាន​ថ្នាក់​ដឹក​នាម​គ្រប់គ្រង​ច្បាស់​លាស់ ​​​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ​​របស់​សហព័ន្ធ​កីឡា​គុន​ចម្រុះ​អន្តរ​ពិភព​លោក(WMMAF) ​សហព័ន្ធ​​​ជួយ​សម្រួល​កីឡាករ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​ ​​ជួយ​​ជ្រោមជ្រែង​​​​កីឡាករ​របស់​ក្លិប​ជា​សមាជិក​ទៅ​ប្រកួត​​លើ​ឆាក​អន្តរជាតិ ​ផ្សព្វផ្សាយ​ក្បាច់​គុន​ចម្រុះ​របស់​​កម្ពុជា​នៅ​ឆាក​អន្តរជាតិ និង​ ​បង្កើត​ទំនាក់​​ជា​មួយ​ស្ថាប័ន​រៀប​ចំ​ការ​ប្រកួត​​លំដាប់​ពិភព​លោក​ធំៗ ជា​ដើម។​

គ្រូ​បង្វឹក​វ័យ​ ៣១ ឆ្នាំ ​ដដែល​​នេះ​បាន​ប្ដេជ្ញា​​​លើ​​ការ​ធ្វើ​ការងារ​ ​ទាំង​ការងារ​បង្វឹក​ និង ការងារ​​ពាក់ព័ន្ធ​នានា​ជា​​មួយ​ក្លិប​ក្រោម​បង្គាប់ ​​ដើម្បី​ជំរុញ​ឲ្យ​ ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​​ដើរ​ទៅ​មុខ។ ​​លោក​​​​ពួត​ដៃ​គ្នា​ជា​មួយ​ថ្នាក់​ដឹក​នាំ​សហព័ន្ធ​ ជា​ពិសេស​ មាន​ ឯកឧត្ដម វ៉ាន់ ចំរើន ​ជា​ប្រធាន និង ​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​​​ជា​បង្គោល។ ​លើស​ពី​នេះ​ទៅ​ទៀត​​​​មុន​បង្កើត​សហព័ន្ធ​ ក៏​ឯកឧត្ដម វ៉ាត់ ចំរើន ​បាន​ជួយ​ជ្រោមជ្រែង​ដល់​កីឡា​គុន​ចម្រុះ​យ៉ាង​ច្រើន​ រួម​ទាំង​ការ​​ឧបត្ថម្ភ​ដល់​កីឡាករ​​ផ្ទាល់​ទៀត​ផង។ ហើយ​លោក​ ​​ហ៊ុន ច័ន្ទរាជ្យ​ ក៏​បាន​ធ្វើ​ការ​​​យ៉ាង​ដិត​ដល់​​ជា​មួយ​ឯកឧត្ដម អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​តាំង​ពី​មិន​ទាន់​បង្កើត​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​មក​ម៉្លេះ។ ​​​​​

​ជា​មួយ​គ្នា​នេះ​ដែរ​ គ្រូ​បង្វឹក​ដែល​កើត​នៅ​អាមេរិក​រូប​នេះ​សង្កត់​ធ្ងន់​​ទៀត​ថា ៖«​សហព័ន្ធ​​ត្រូវ​បង្កើត​ឡើង​​នេះ​គឺ ​ដើម្បី​បង្ហាញ​ក្បាច់​គុន​ចម្រុះ​ខ្មែរ​ខ្លាំង​ ហើយ​ចេញ​ទៅ​ប្រកួត​តំណាង​​​ឲ្យ​កម្ពុជា​ ទទួល​បាន​លទ្ធផល​ល្អ។​ ​សូម​យើង​ទាំង​អស់​គ្នា​ធ្វើ​​អ្វីៗ​ ​ដើម្បី​ប្រយោជន៍​​រួម​ ​កុំ​គិត​ថា​អញ​និយម ​​អត់​នេះ​ធ្វើ​មិន​បាន​ ​ទាល់​តែ​មាន​ទើប​ធ្វើ​បាន។ ​យើង​មិន​ត្រូវ​ច្រណែន​ គ្នា​ទេ​ ហើយ​ត្រូវ​រួម​គ្នា​ដោះ​ស្រាយ​ទាំង​អស់​គ្នា​​ទើប​​​ក្បាច់​គុន​របស់​យើង​ដើរ​ទៅ​មុខ។»

គួរ​ដឹង​​ដែរ​ថា​ សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែ​ តុលា ឆ្នាំ​ ២០១៨ ​កន្លង​ទៅ ដែល​មាន​សមាជិក​ប្រតិបត្តិ​ចំនួន ៩ រូប។​ ឯកឧត្ដម វ៉ាត់ ចំរើន​ អគ្គលេខាធិការ​​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ជា​ប្រធាន, លោក ម៉ក់ សំអុល និង​ លោក​ កែ ប៊ិនសូរស្មី ជា​អនុប្រធាន,​ លោក ហ៊ុន ច័ន្ទរាជ្យ​ ជា​អគ្គលេខាធិការ​ , ​កញ្ញា​ ឈិន រីយ៉ា ជា​អគ្គលេខាធិការ​រង, ​លោក អន ​សុវុឌ្ឍីយ៉ា ​ជា​អគ្គ​ហិរញ្ញិក​, ​កញ្ញា សេង សុខសេរី​ ជា​អគ្គ​ហិរញ្ញិក​រង​ និង ​​សមាជិក​២​រូប​ទៀត​គឺ​ លោក​ ធន សកល និង​លោក​គង់ ចាន់ទីណា៕

អត្ថបទ៖ ស៊ីធី

Leave a Reply