​នៅ​ ​ស្រីពៅ ​មិន​ខ្លាច​រអា​​​ទោះ​​ប៉ះ​អ្នក​ណា​ក៏​ដោយ​នៅ One Championship

កីឡាការិនី​គុន​ខ្មែរ​ នៅ​ ស្រីពៅ ​ដែល​ចាប់​ផ្ដើម​ហ្វឹកហាត់​​គុន​ខ្មែរ​នៅ​​ក្លិប​ប្រដាល់​តាឡីដំរី​មានរិទ្ធ​តាំង​ពី​ឆ្នាំ​ ២០១៤​ ​បាន​ថ្លែង​ប្រាប់​ថា​៖«​ខ្ញុំ​មិន​ខ្លាច​​គូ​ប្រកួត​ណា​ទាំង​អស់​នៅ​​សង្វៀន​ One Championship ឲ្យ​តែ​ត្រូវ​គីឡូ​ ​ហើយ​ខ្ញុំ​បន់​ឲ្យ​​តែ​គេ​​ចាប់​គូ​ឲ្យ​​វ៉ៃ។​​ ព្រោះ​អី​ នៅ​កម្ពុជា​ ឥឡូវ​នេះ​​ ពិបាក​រក​​កីឡាការិនី​វ៉ៃ​ជា​មួយ​ខ្ញុំ។​ ដូច្នេះ​បើ​សួរ​ខ្ញុំ ​ចង់​ប្រកួត​ទៀត​អត់​ …ខ្ញុំ​​ត្រូវ​តែ​ឆ្លើយ​ថា ​ចង់​​ប្រកួត​​ ហើយ​​ជា​មួយ​អ្នក​ណា​ក៏​បាន។​»​

ការ​​ថ្លែង​អំពី​​ការ​​តាំង​ចិត្ត​បែប​​នេះ​ ​បន្ទាប់​​ពី​ ស្រីពៅ ​​​មិន​ទាន់​ចាញ់​នៅ​​​ឡើយ​ក្នុង​ការ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ចំនួន​ ៣ ​លើក​ ជា​ពិសេស​ជ័យជម្នះ​លើ​​កីឡាការិនី​​​​មាន​បទ​ពិសោធន៍​ច្រើន​ម្ចាស់​ផ្ទះ​ថៃ Rika Ishige​ ​ដោយ​ពិន្ទុ​កាល​ពាក់​កណ្ដាល​ខែ កុម្ភៈ​កន្លង​ទៅ​ក្នុង​កម្មវិធី​ One Championship: Clash of Legends នា​​ទី​ក្រុង​បាងកក។​ ​ទោះ​​ជា​​អន្ទះសា​ចង់​ប្រកួត​ប្រកួត​យ៉ាង​ណា​ក្ដី ប៉ុន្តែ​ ​កីឡាការិនី​​​ដែល​​មាន​វ័យ​ ២៤ ​ឆ្នាំ​​​រូប​នេះ​​​​​​រៀប​ថា​ គេ​ត្រូវ​​ប្រឹងប្រែង​ហ្វឹកហាត់​ប្រដាល់​សាកល​ជា​មួយ​លោក​គ្រូ​ វ៉ែន សុផល​​ នៅ​ពហុកីឡដ្ឋាន​ជាតិ​ ទាំង​ព្រឹក​ និង​ ល្ងាច​ ក្រោយ​ពី​ការ​កោះ​ហៅ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា ​ដើម្បី​ត្រៀម​ចេញ​ទៅ​ប្រកួត​នៅ​ស៊ីហ្គេម​ ចុង​ឆ្នាំ​នេះ​​ ដែល​រៀប​ចំ​នៅ​ប្រទេស​ហ្វីលីពីន។ ​ប្អូន​ស្រី​បង្កើត​​របស់​អតីត​កីឡាករ​ប្រដាល់ នៅ ស៊ីថា ​​បញ្ជាក់​ថា​ ៖​«ខ្ញុំ​​​​រវល់​ហ្វឹកហាត់​ប្រដាល់​សកល​ជាង​​មួយ​ខែ​ហើយ​តាំង​ពី​​ឈ្នះ​កីឡាការិនី​ថៃ។ ខ្ញុំ​ផ្ដោត​លើ​ការ​ហាត់​ប្រដាល់​សកល​​ដើម្បី​ចេញ​វ៉ៃ​តំណាង​ឲ្យ​កម្ពុជា។ ខ្ញុំ​ផ្អាក​ ​ហាត់​ប្រដាល់​សេរី​ សិន។»

​កីឡាការិនី​ឆ្នើម​ប្រចាំ​សង្វៀន​ World Lethwei Championship របស់​ប្រទេស​មីយ៉ាន់ម៉ា​​ក្រោយ​ឈ្នះ​ Shwe Sin Min ​កាល​ខែ​កុម្ភៈ​ រូប​នេះ​បាន​យក​​ចិត្ត​ទុក​ដាក់​ហ្វឹកហាត់​ខ្លាំងក្លា​​ដើម្បី​​ដាក់​គោល​​ដៅ​យក​មេដាយ​ជូន​​​កម្ពុជា​​ក្នុង​ការ​បង្ហាញ​ខ្លួន​ស៊ីហ្គេម ​ចុង​ឆ្នាំ​ ២០១៩​ នេះ។

ម្ចាស់​ខ្សែ​ក្រវាត់​គុន​ខ្មែរ​អន្តរជាតិ​ទម្ងន់​ ៦៣,៥ ​គីឡូក្រាម​​​រូប​នេះ​​​សង្កត់​ធ្ងន់​ថា៖«ឥឡូវ​​​ជាប់​ហាត់​ប្រដាល់​​នៅ​ជម្រើស​ជាតិ​អីចឹង​​​ប្រហែល​មិន​ទាន់​អាច​ចេញ​ទៅ​ប្រកួត​ខាង​ក្រៅ​ទេ​ ព្រោះ​ក្រសួង​ប្រមូល​ផ្ដុំ​ជម្រើស​ជាតិ​។ តែ​ពេល​ចប់​ភារកិច្ច​ស៊ីហ្គេម​ ​ខ្ញុំ​ស្វាគមន៍​​ប៉ះ​អ្នក​ណា​ក៏​​បាន។​បើ​យើង​ចាញ់​ ​យើង​ត្រូវ​ប្រឹង​បន្ត​ទៀត។ ​ប៉ុន្តែ​ ចាញ់​ ឬ ​ឈ្នះ​ ខ្ញុំ​​​វ៉ៃ​ច្បាស់​ជា​ល្អ​មើល។»

គួរ​​ដឹង​ដែរ​ថា​ នៅ ស្រីពៅ ​​ដែល​មាន​ដើម​កំណើត​នៅ​ចំការ​ដូង​រាជធានី​ភ្នំពេញ បាន​ចូល​ហ្វឹកហាត់​ប្រដាល់​ តាំង​ពី​ឆ្នាំ​ ២០១៤ ​ជា​មួយ​បង​ប្រុស​បង្កើត​ ឈ្មោះ​ នៅ ​ស៊ីថា។ ​ប៉ុន្តែ​ ឥឡូវ​​បង​ប្រុស​បង្កើត​​បាន​បញ្ចប់​អាជីព​​ហើយ​ដោយ​ទៅ​ប្រកប​របរ​​រក​ស៊ី​វិញ។ ​គ្រូ​បង្វឹក​របស់​ ស្រីពៅ ​ដំបូង​​គឺ​ ​ញ៉ូវ ម៉ាក និង ​លោក​គ្រូ​ ម៉ាក សាខន ​​​នៃ​ក្លិប​តាឡី​ដំរី​មាន​រិទ្ធិ។​ ប៉ុន្តែ​ ​មុន​ពេល​ទៅ​ប្រកួត​ក្នុង​កម្មវិធី​ MMA ឬ ​One Championship កីឡាការិនី​រូប​នេះ​​ទៅ​ហ្វឹកហាត់​ក្បាច់​ក្លេរ ឬ គុន​ចម្រុះ​ជា​មួយ​គ្រូ​បង្វឹក​ ហ៊ុន ច័ន្ទរាជ្យ នៃ​ក្លិប​ Cambodian Top Team៕

​​អត្ថបទ៖ ស៊ីធី ​

Leave a Reply