រឿង​​ដែល​ ចាន់ រតនា​ ​មិន​អាច​បំភ្លេច​បាន​​ក្នុង​អាជីព​​​ប្រកួត​កីឡា​គុន​​ចម្រុះ​នៅ​​ One Championship

​អ្នក​លេង​ក្បាច់​​គុន​ចម្រុះ​ ចាន់ ​រតនា ​​ដែល​មាន​វ័យ​ ​៣៣ ឆ្នាំ​ ​​បាន​ថ្លែង​ប្រាប់​អំពី​រឿង​​មិន​អាច​បំភ្លេច​បាន​ក្នុង​អាជីព​ប្រកួត​គុន​ចម្រុះ ឬ MMA ​នៅ​សង្វៀន​ One Championship​ គឺរឿងពេល​​អាជ្ញាកណ្ដាល​​​ឲ្យ​គេ​ចាញ់​ សំអាង​ ឌុន ​​ដោយ​​គិត​ថា​គេ​វ៉ៃ​ខុស​បច្ចេកទេស​​ឃាត់​មិន​ទាន់។ គេ​បាន​​យំ ​តូច​ចិត្ត​​​​យូរ​ដែរ​ចំពោះ​លទ្ធផល​ ​ដែល​គេ​ត្រូវ​ឈ្នះ​ខ្សែ​ក្រវាត់​​មាន​​តម្លៃ​​ជិត​ ៥ ពាន់​ដុល្លារ​កាល​ឆ្នាំ​ ២០១៤។

​គ្រូ​បង្វឹក​ក្លិប​ប្រដាល់​សិល្បៈ​ រំលឹក​ទៀត​ថា​ ​កាល​​នោះ​​ស្ថាប័ន​​​កម្រិត​ពិភព​លោក​ One Championship ​មក​រៀប​​​ចំ​ប្រកួត​​លើក​ដំបូង​​នៅ​កម្ពុជា​នៅ​ឆ្នាំ​ ២០១៤​ ដោយ​តម្រូវ​​ឲ្យ​​មាន​ ២ ​គូ​វ៉ៃ​ ហើយ ​​អ្នក​ឈ្នះ​ឡើង​ទៅ​ជួប​អ្នក​ឈ្នះ​ដើម្បី​ដណ្ដើម​ខ្សែ​​ក្រវាត់។ ​ពេល​នោះ ​រតនា​ ​បាន​​​វ៉ៃ​ឲ្យ​ ប្រាក់ ចាន់ស៊ីន​ ​​​លើក​ទង់​ជ័យ​ស​​​នា​ទឹក​ទី១​ នៅ​ប្រកួត​​ដំបូង​ ខណៈ​ដែល​ ឌុន សំអាង​ វាយ​ឲ្យ​ ជិន ហេង ​ចុះ​ចាញ់​ត្រឹម​ទឹក​ទី១ ដូចគ្នា។​ ដូច្នេះ​ ​ចាន់ រតនា​ ​ត្រូវ​ប៉ះ ​ឌុន សំអាង​ ​នៅ​វគ្គ​ដណ្ដើម​ខ្សែ​ក្រវាត់។ ​​ដោយ​សារ​ រតនា​ វ៉ៃ​​ខុស​បច្ចេកទេស​នៅ​​​ទឹក​ទី១​ ​​​ទើប​ធ្វើ​​ឲ្យ​ខ្សែ​ក្រវាត់​លើក​​ដំបូង​នៅ​សង្វៀន​ One Championship ​ធ្លាក់​ទៅ​លើ​ ឌុន សំអាង ​នៅ​ឆ្នាំ​ ២០១៤។​

​អ្នក​ប្រយុទ្ធ​​ក្បាច់​គុន​យុទ្ធ​​ក្រម​ខម​ ​បាន​​​បញ្ជាក់​ទៀត​ថា​៖«​កាល​​ហ្នឹង​​ ខ្ញុំ​គ្មាន​ចេត​នា​​ ​ខ្ញុំ​ដួល​អស់​ជំហរ​​​ក៏​ត្រូវ​ ឌុន ​សំអាង​ ​ហើយ​បន្ទាប់​មក​ទៀត​ សំអាង​ គេ​​លែង​វ៉ៃ​ ហើយ ​អាជ្ញា​កណ្ដាល​​កាត់​ក្ដី​ឲ្យ​ ​សំអាង​ ឈ្នះ​​ខ្ញុំ​​តែ​ម្ដង។ ​ខ្ញុំ​តូច​ចិត្ត​ខ្លាំង​ណាស់​ ​ខ្ញុំ​យំ​លំបាក​ចិត្ត​​ខ្លាំង​ក្រោយ​ពេល​ប្រកួត​ចប់។» យ៉ាង​ណា​ក៏​ដោយ​ ​អ្នក​ទាំង​ពីរ​​ត្រូវ​គណៈកម្មការ​​ផ្គូផ្គង​​​ឲ្យ​ប្រកួត​ជា​ថ្មី​​ក្នុង​នាម​ជា​គូ​សង​សឹក ​នៅ​​ខែ​ ធ្នូ​ ឆ្នាំ​ ២០១៥។​ ទីបំផុត​ ​​ជើង​ខ្លាំង​ ចាន់ ​រតនា​ ​​សង​សឹក​បាន​សម្រេច​ដោយ​ប្រើ​ពេល​​ត្រឹម​ទឹក​ទី១​​​ ​វ៉ៃ​​ឲ្យ​ ​ឌុន សំអាង ​ចុះ​​ចាញ់​​ដោយ​អស់​ចិត្ត។​

ចំណែក​​រឿង​បន្ទាប់​បន្សំ​មួយ​​ទៀត​ដែល​​ដក់​ជាប់​ក្នុង​ចិត្ត​​របស់​​ រតនា​ នៅ​​សង្វៀន​លំដាប់​ពិភព​លោក​គឺ ពេល​​អាជ្ញា​​កណ្ដាល​​ប្រកាស​ឲ្យ​ចាញ់​​កីឡាករ​ចិន​ Haobin Ma ​ កាល​ឆ្នាំ​ ២០១៦​ ដែល​រៀប​ចំ​នៅ​​ម៉ាកាវ។ ​

អ្នក​លេង​គុន​ខ្មែរ​​រូប​នេះ​​​​​សង្កត់​ធ្ងន់​​ថា​ ​៖«មិន​គួរ​ណា​ ​Haobin Ma ​ឈ្នះ​​​ខ្ញុំ​ទេ​ ​​ព្រោះ​គេ​​ស៊ី​ខ្ញុំ​បាន​ត្រឹម​ ទឹក​​ទី​១ ​តែ​​​ទឹក​ទី​២ ​មិន​ប៉ុន្មាន​ដែរ​ ​​ហើយ​ទឹក​ទី​៣ ខ្ញុំ​​ដេញ​វ៉ៃ​រហូត​ ​បែរ​ជា​ចាញ់​​ទៅ​វិញ។ ខ្ញុំ​បាន​មើល​វីដេអូ​ឡើង​វិញ​ទៀត​ផង។ ​​បើ​ថ្ងៃ​ក្រោយ​គេ​ដាក់​​ឲ្យ​សង​សឹក​ ខ្ញុំ​​នឹង​​អាច​ឈ្នះ Haobin Ma ជា​មិន​ខាន​ទេ។»​

គិត​ត្រឹម​ពេល​នេះ​​ ចាន់ រតនា ​​​ឡើង​សង្វៀន​ ប្រកួត​គុន​ចម្រុះ ​ឬ MMA ​បាន​ចំនួន​ ​៨ ​ដង​ ​ដោយ​​​ឈ្នះ​ចំនួន​ ៥ ​ និង​ ចាញ់​ចំនួន​ ៣ ដង។ ​រតនា​​​ ​ឡើង​ប្រកួត​​​លើក​ដំបូង​ជា​អន្តរជាតិ​​​​ ​នៅ​សង្វៀន ​One Championship​ តែ​ម្ដង​ពេល​​​រៀប​ចំ​នៅ​​ព្រះរាជា​ណា​ចក្រ​កម្ពុជា​​​កាល​ឆ្នាំ​ ២០១៤​ ពេល​​ អាជ្ញា​​កណ្ដាល​ផ្ដល់​​ ឲ្យ​ ឌុន សំអាង ​ឈ្នះ​​ដែល​គេ​គិត​ថា​ រតនា​ ​ប្រកួត​ខុស​បច្ចេកទេស។​ ចំណែក​​ប្រកួត​ចុង​ក្រោយ​នៅ​សង្វៀន​ដដែល​នេះ​ ​ចាន់ រតនា​ ​ធ្វើ​ឲ្យ​ខ្ពស់​មុខ​មាត់​ និង ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​សាកល​ដោយ​​វ៉ៃ​​​កីឡាករ​គុន​ចម្រុះ​ ABRO Fernandez ​របស់​​​​ឥណ្ឌូណេស៊ី ​​ឲ្យ​ចុះ​ចាញ់​ត្រឹម​ទឹក​ទី២ កាល​ ខែ​ ធ្នូ ឆ្នាំ​ ២០១៨ កន្លង​ទៅ​​នៅ​ប្រទេស​ម៉ាឡេស៊ី៕ ​

អត្ថបទ៖ ស៊ីធី ​

Leave a Reply