នៅ​ ​ស្រីពៅ ​មាន​ប្រវត្តិ​ពី​ការងារ​នៅ​រោង​ចក្រ​ក្លាយ​ទៅ​ជា​​​​អ្នក​ប្រដាល់​ជួរ​មុខ​​​នៅ​សង្វៀន​កម្រិត​ពិភព​លោក ​

នៅ​ ស្រីពៅ​ ដែល​គេ​កំពុង​ទទួល​ស្គាល់​ថា​​ជា​ កីឡាការិនី​គុន​ខ្មែរ​​​លំដាប់​ជួរ​មុខ​​នោះ​​​មាន​ប្រវត្តិ​​ពី​​​​ការងារ​​នៅ​រោង​ចក្រ​កាល​ពី​ ៥ ឆ្នាំ​មុន ​​​​មុន​ប្រែ​ក្លាយ​ឈ្មោះ​ឲ្យ​​ល្បី​រន្ទឺ​​​នៅ​ក្នុង​ពិភព​កីឡា​ប្រដាល់​ ហើយ​ មិន​តែ​ប៉ុណ្ណោះ​ទៀត​សោត​ ​ស្រី​ពៅ​ បាន​​បង្ហាញ​មោទនភាព​​ជាតិ ​​ ​មោទនភាព​ខ្លួន​ឯង​ និង​ គ្រួសារ​តាម​រយៈ​​ការ​​ទទួល​ជ័យជម្នះ​លើ​ឆាក​អន្តរជាតិ​ជា​បន្ត​បន្ទាប់​នា​ពេល​ថ្មីៗ​នេះ​ជា​ពិសេស​នៅ​សង្វៀន​កម្រិត​ពិភព​លោក​ One Championship។​

ក្រោយ​ពី​ឈ្នះ​កីឡាការិនី​ម្ចាស់​មីយ៉ាន់ម៉ា​ Shwe Sin Min ចំនួន​ពីរ​លើក​ជាប់​គ្នា​នៅ​ឆ្នាំ​ ២០១៨ ​និង​ ដើម​ឆ្នាំ​ ២០១៩​ នេះ​ ​ស្រី​ពៅ​ ដែល​​ជា​ម្ចាស់​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ទម្ងន់​ ៦៣,៥ ​គីឡូក្រាម​ ​​ត្រូវ​បាន​គេ​​ជ្រើស​រើស​ជា​កីឡាការិនី​ឆ្នើម​ប្រចាំ​សង្វៀន​ World Lethwei Championship។​ ​​ការ​ជ្រើស​រើស​នេះ​ធ្វើ​ឲ្យ​រូប​គេ​ក្លាយ​ជា​កីឡាការិនី​​​ដំបូង​ ដែល​អាច​​គ្រង​តំណែង​​​បុគ្គល​ឆ្នើម​ប្រចាំ​សង្វៀន​នៅ​ក្រៅ​ប្រទេស​និង​កម្រិត​អន្តរជាតិ។​ ​ មុន​មាន​ឈ្មោះ​បោះ​សំឡេង​ ​ដោយ​​សារ​​​តែ​កត្តា​ជីវភាព​ ស្រីពៅ​ ​បាន​ចូល​បម្រើ​ការងារ​នៅ​រោង​ចក្រ​​​​មួយ​កន្លែង​ម្ដុំ​ព្រែក​​ថ្លឹង​ ​បាន​រយៈ​ពេល​ ១ ​ឆ្នាំ​មុន​ពេល​ឈាន​ជើង​ចូល​ហ្វឹកហាត់​ប្រដាល់​ ដែល​​ជា​​​ក្ដី​ស្រលាញ់​ផ្ទាល់​ខ្លួន។​

កីឡាការិនី​​វ័យ​ ២៤​ ឆ្នាំ​ ​​រំលឹក​បែប​នេះ៖«​មុន​ដំបូង​ខ្ញុំ​ចូល​ធ្វើ​​ការ​រោង​ចក្រ​បាន​ប្រហែល​ ១​ ​ឆ្នាំ​បង​​ ​មុន​ពេល​ចូល​ហ្វឹកហាត់​ប្រដាល់។ ខ្ញុំ​ធ្វើ​ការ​ងារ​រោង​ចក្រ​​​អំឡុង​ឆ្នាំ​ ២០១៣​ ហើយ​ ​ចូល​ហាត់​ប្រដាល់​​​ដើម​ឆ្នាំ​ ២០១៤​ ​ជា​មួយ​​បង​ប្រុស​ខ្ញុំ​ នៅ ស៊ីថា ។ ​​​ពេល​ខ្ញុំ​នៅ​ធ្វើ​ការងារ​​​ ​​ខ្ញុំ​​​​សុំ​ និង​ លួង​ម៉ាក់​ខ្ញុំ​ ថា​ចង់​ហាត់​ប្រដាល់​ ​ព្រោះ​ប៉ា​ខ្ញុំ​គាត់​អត់​ឃាត់​ទេ។ ​ទម្រាំ​សុំ​បាន​រហូត​ដល់​គាត់​ថា អូខេ​ ខ្ញុំ​ក៏​ទៅ​ហាត់​ប្រដាល់​តែ​ម្ដង​ ហើយ​ដាក់​ពាក្យ​ឈប់​ពី​រោង​ចក្រ​យ៉ាង​លឿន។»

ក្រោយ​ចូល​ហ្វឹកហាត់​ប្រដាល់​​​ដែល​បង្ហាត់​ដោយ​​​​គ្រូ​បង្វឹក​ ញ៉ូវ ម៉ាក ​និង​ លោក ​ម៉ាក សាខន ​​នៅ​ក្លិប​តាឡី​ដំរី​មាន​រិទ្ធិ​ បាន​ត្រឹម​ រយៈ​ពេល​មួយ​ខែ ​​ស្រីពៅ​ ក៏​មាន​ទីផ្សារ​​ឡើង​ប្រកួត​បណ្ដើរៗ​តាំង​ពី​ពេល​នោះ​មក។​ ​កូន​សិស្ស​​លោក​ ញ៉ូវ ម៉ាក ​បាន​បញ្ជាក់​​ថា​ ៖«​​ខ្ញុំ​ចាំ​ការ​​ប្រកួត​ដំបូង​គឺ​ ប៉ះ​ ប្អូន​ វី ស្រីខួច ​ឈ្មោះ​​ វ័ ស្រីល័ក្ខ​ ​នៅ​​សង្វៀន​ប៉ុស្ដិ៍​​បាយ័ន។ ​កាល​នោះ​ខ្ញុំ​ឈ្នះ​ពិន្ទុ​។ ​ខ្ញុំ​ហាត់​បាន​តែ​ ១ ​ខែ​ ប៉ុណ្ណោះ​​​ស្រាប់​តែ​គ្រូ​ដាក់​ឲ្យ​ប្រកួត។​ ពេល​​នោះ​បាន​តម្លៃ​ខ្លួន​ប្រហែល ៣០ ម៉ឺន។»

ជា​បន្ត​បន្ទាប់​ សមត្ថភាព​​ របស់​ នៅ ស្រីពៅ​ បាន​ហក់​​ឡើង​​ជា​ហូរហែ​ ​មិន​ត្រឹម​តែ​ប្រកួត​ទល់​នឹង​កីឡាការិនី​ក្នុង​ស្រុក​ ​ស្រីពៅ​ ក៏​ប៉ះ​កីឡាការិនី​ថៃ​​ក្នុង​គូ​មិត្តភាព​អន្តរជាតិ​ទៀត​ផង​ទាំង​នៅ​កម្ពុជា​ និង នៅ​ប្រទេស​ថៃ។ ​បើ​និយាយ​អំពី​ការ​វ៉ៃ​ក្នុង​​ស្រុក​បច្ចុប្បន្ន​ ស្រីពៅ​ លំបាក​រក​គូ​ប្រកួត​ណាស់​ ​ព្រោះ​សមត្ថភាព​កាន់​តែ​ល្អ​​ឡើង​ ​​ខណៈ​ដែល​​កីឡាការិនី​គុន​ខ្មែរ​មិន​សូវ​មាន​ច្រើន​ផង។​ កំណត់​ត្រា​​គួរ​ឲ្យ​ចង​ចាំ​ចុង​ក្រោយ​នេះ ​ស្រីពៅ ​បាន​យក​ឈ្នះ​កីឡាការិនី​មាន​បទ​ពិសោធន៍​​ច្រើន​​​ថៃ​ Rika Ishige ​​ដោយ​ពិន្ទុ​កាល​ខែមុន ​នៅ​សង្វៀន​ One Championship ​​ដែល​ធ្វើ​ឲ្យ​​មហា​ជន​គាំទ្រ​ប្រដាល់​​កាន់​តែ​ទទួល​​ស្គាល់​អំពី​​សមត្ថភាព​​របស់​កីឡាការិនី​ជម្រើស​ជាតិ​រូប​នេះ។​

​គួរ​​​ដឹង​ដែរ​ថា​ ​ នៅ ស្រីពៅ ​​​បច្ចុប្បន្ន​កំពុង​ហ្វឹកហាត់​ប្រដាល់​សកល​ជម្រើស​ជាតិ​​ជា​ប្រចាំ​ជា​មួយ​លោក​គ្រូ វ៉ែន សុផល ​នៅ​ពហុកីឡដ្ឋាន​ជាតិ​ ​​ពោល ​ពេល​ព្រឹក​ចាប់​ពី​ម៉ោង​ ​៦ កន្លះ​​ ដល់​ ៩​ ព្រឹក​ ​និង​ ពេល​ល្ងាច​ពី​​២ ​​រហូត​ដល់​ម៉ោង​ ៤ ​កន្លះ​រសៀល។ ​ការ​ហ្វឹកហាត់​នេះ​ គឺ​ ត្រៀម​ខ្លួន​ទៅ​ប្រកួត​ស៊ីហ្គេម​ តំណាង​ឲ្យ​កម្ពុជា​​ ដែល​រៀប​ចំ​នៅ​ហ្វីលីពីន​ ចុង​ឆ្នាំ​ ២០១៩​នេះ៕

អត្ថបទ៖ ស៊ីធី

Leave a Reply