រឿងគួរ​ឱ្យ​ចាប់​អារម្មណ៍​៤​យ៉ាង​ដែល​អ្នក​គួរ​ដឹង​ពី​តារា ONE Championship នៅ ស្រីពៅ

កីឡាការិនី​ក្លិប Cambodian Top Team នៅ ស្រីពៅ កំពុង​រះឡើង​យ៉ាង​ត្រដែត​ក្នុងអាជីព ហើយ​គ្មាន​សញ្ញាណ​នៃ​ការ​ធ្លាក់​ចុះ​ឡើយ​។

កីឡាការិនី​វ័យ​២៤​ឆ្នាំ​រូបនេះ​បាន​បញ្ចប់​ឆ្នាំ​មុន​ក្នុង​ភាព​ជា​ជ័យលាភី Female Fighter of the Year ​របស់ World Lethwei Championship និង​ខ្សែ​ក្រវាត់​គុនខ្មែរ​​​អន្តរជាតិ​។

កាល​ពី​ពាក់​កណ្ដាល​ខែ​កុម្ភៈ​កន្លង​ទៅ ស្រីពៅ បាន​សាង​កេរ្តិ៍ឈ្មោះ​កាន់តែ​​ល្បី​លើ​​ឆាក​អន្តរជាតិ​​នៅ​ពេល​នាង​ចូល​ប្រកួត​គុន​ចម្រុះ​លើក​ដំបូង​ក្នុងអាជីព​​ដោយ​ឡើង​សង្វៀន ONE Championship លើក​ទី​១​ហើយ​​ឈ្នះពិន្ទុ​ដាច់​លើ​តារា​ថៃ​ Rika “Tiny Doll” Ishige នៅ ONE: CLASH OF LEGENDS ក្នុង​ទីក្រុង​បាងកក​។

ឥឡូវនេះ ស្រីពៅ កំពុង​សម្លឹង​ទៅ​កាន់​ការ​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម ដោយ​នាង​នឹង​តំណាង​កម្ពុជា​ក្នុងការ​ប្រកួត​ប្រដាល់​សកល​នៅ​ស៊ីហ្គេម​ឆ្នាំ​២០១៩​ក្នុង​ប្រទេស​ហ្វ៊ីលីពីន​។

ខណៈ ស្រីពៅ កំពុង​ជិត​ក្លាយ​ជា​អ្នកប្រដាល់​ឆ្នើម​បំផុត​ម្នាក់​របស់​កម្ពុជា ខាង​ក្រោម​នេះ​ជា​រឿង​គួរ​ឱ្យ​ចាប់អារម្មណ៍​៤​យ៉ាង​ដែល​អ្នក​គួរ​ដឹង​អំពី​ស្រីពៅ​។

#១ អ្នក​ប្រដាល់​ដែលនាង​ចូល​ចិត្ត​បំផុត​ទាំង​ក្នុង​ប្រទេសនិង​ក្រៅ​ប្រទេស​

ស្រីពៅពូកែ​ខាង​កណ្ដាប់​ដៃ​ហើយ​វា​មិនគួរ​ឱ្យ​ភ្ញាក់​ផ្អើល​ឡើយ​ដែល​អ្នក​ប្រដាល់​​​សំណព្វចិត្ត​របស់​នាង​២​នាក់ ក៏​ពូកែ​ត្រង់​ចំណុច​ដូច​គ្នា​នេះ​ដែរ។

ស្រីពៅ បញ្ជាក់​ថា​៖ «អ្នក​ប្រដាល់​ដែល​ខ្ញុំ​ចូល​ចិត្ត​បំផុត​ម្នាក់​គឺ​កីឡាករ​ដ៏ល្បីល្បាញ Manny Paccquiao។ គាត់ទើប​ត្រលប់​មក​ប្រកួត​ជាថ្មី​មួយ​រយៈ​មុននេះ​ហើយ​ឈ្នះ​ទៀត​។ កណ្ដាប់​ដៃ​របស់​គាត់​គឺ​ធ្ងន់ណាស់​»។

នៅកម្ពុជា​វិញ ស្រីពៅ ចូល​ចិត្ត​​រៀម​ច្បងម្នាក់​នៅ​ក្លិប​តាឡីដំរីមានរិទ្ធ។

ស្រីពៅ បរិយាយថា៖ «បើនិយាយពីរបៀបវ៉ៃនិងភាពរហ័សរហួន ខ្ញុំ​ចូល​ចិត្ត​បង ផល សោភ័ណ្ឌ។ ខ្ញុំ​ស្រលាញ់​របៀប​ប្រើ​ដៃ​ទាំង​២​របស់​គាត់នៅពេល​គាត់​វ៉ៃ​។ គាត់​លឿន​ណាស់​»។

#២ ក្រៅពីពូកែប្រដាល់ ស្រីពៅក៏ពូកែរាំនិងច្រៀងផងដែរ

ថ្វីបើ ស្រីពៅ កំពុងមានឈ្មោះ​បោះ​សំឡេង​ក្នុង​ពិភព​ក្បាច់​គុន​មែនពិត តែ​នាង​មាន​ទេពកោសល្យ​ផ្សេង​ទៀត​លើស​ពី​ប្រដាល់​។ ដូច វី ស្រីខួច ដែរ គឺស្រីពៅចូលចិត្តច្រៀងនិងរាំ។

ស្រីពៅ ប្រាប់ថា​៖ «មនុស្សភាគច្រើន​គិត​ថា​ខ្ញុំ​មាន​ទេពកោសល្យ​តែ​ខាង​ប្រដាល់​ទេ ប៉ុន្តែ​តាមពិត ខ្ញុំ​ក៏​ពូកែ​រាំ​និង​ច្រៀង​ដែរ​។ ខ្ញុំ​ចូល​ចិត្ត​​ច្រៀង​​បទ​​កំប្លែង​ៗ​ហើយធ្វើ​ឱ្យ​គេ​សើច​»។

#៣ ចូល​ចិត្ត​រឿង​ភាគ​កូរ៉េ​

ពេលថ្ងៃ ស្រីពៅ ចំណាយ​ពេល​សម្រួច​ជំនាញ​ក្បាច់​គុន​របស់​ខ្លួន ប៉ុន្តែ​ពេល​សម្រាក នាង​ចូល​ចិត្ត​មើលរឿង​ភាគ​កូរ៉េ​តាម​ទូរទស្សន៍។

ស្រីពៅ ទម្លាយលាយឡំសំណើចថា​៖ «ខ្ញុំ​ចូល​ចិត្ត​រឿង​ភាគ​កូរ៉េ​ព្រោះ​តួ​ប្រុស​ៗ​សង្ហាៗ​ណាស់​។ ពេល​ខ្ញុំ​ចាប់​ផ្ដើម​មើល​រឿង​កូរ៉េ​ដំបូង ខ្ញុំ​មើល​រឿង​មួយ​ដែល​មានតួឯក​ប្រុស​ឈ្មោះ​ រ៉េន (Jung Ji-hoon)។ រាល់ថ្ងៃ Rain ស្ថិត​ក្នុង​បេះដូងរបស់ខ្ញុំ​ពេញ​ប៊ឹប​តែម្ដង​។ តែស្ដាយមែនទែន គាត់មានប្រពន្ធនិងកូនបាត់»។

​#៤ មានអនុស្សាវរីយ៍​មួយ​ដែល​តែងតែ​ធ្វើ​ឱ្យ​នាង​អស់​សំណើច​

ទោះបី​វ័យ​នៅ​ក្មេង ប៉ុន្តែ ស្រីពៅ មាន​អនុស្សាវរីយ៍​ច្រើន​រាប់មិនអស់​រួច​ទៅហើយ​ក្នុងជីវិត​។ នៅពេល​ត្រូវ​បានសួរ​ថា​អ្វីដែល​ធ្វើ​ឱ្យ​នាង​សើច? ស្រីពៅ នឹក​ដល់​ថ្ងៃ​មួយ​កាល​នាង​នៅ​​ក្មេង​។

«ខ្ញុំ​តែង​តែ​អស់សំណើច​រាល់​ពេល​ខ្ញុំ​នឹក​ដល់​ពួក​ម៉ាក​ចម្កួត​ម្នាក់​។ ពួក​យើង​កំពុង​ឃ្វាលគោ​ជាមួយ​គ្នា វាប្រសប់​ឡប់មែនទែន​។ វា​ចង​គោនៅ​នឹង​ជើង​វា រួច​វ៉ៃ​គោ​ឱ្យ​គោ​រត់។ ពួក​ម៉ាក​ខ្ញុំ​ប្រសប់​ឆ្កួត​ណាស់។ ឱ្យតែជួបគ្នា​ពេលណា ពួក​យើង​ដឹង​តែ​រំឭក​ដល់​ថ្ងៃមួយនោះ​ហើយនាំ​គ្នា​សើច​ឡើង​ហៀរ​ទឹកមាត់»៕

អត្ថបទ៖ Matias Andres

 

Leave a Reply