ចាន់ រតនា គាំទ្រ​១០០​%​ឱ្យ​​​កូន​ស្រី​ៗ​របស់​ខ្លួន​ចូល​ប្រឡូក​ក្នុងអាជីព​ក្បាច់​គុន​

តារា​ប្រចាំ​ស្ថាប័ន​​ ONE Championship​ និង​ជា​តារា​គុន​ខ្មែរ​ ចាន់ រតនា ​ជា​​​អ្នក​លេង​គុន​ចម្រុះ​​ជួរ​មុខ​បំផុត​របស់​កម្ពុជា តែ​ជោគជ័យ​របស់​គេ​បាន​មក​ពី​ការ​ជ្រោមជ្រែង​យ៉ាង​សំខាន់​ពី​គ្រួសារ​របស់​គេ​ដែល​តែងតែ​​ផ្ដល់​កម្លាំង​ចិត្ត​ឱ្យ​គេ​ខំ​ប្រឹងប្រែង​។

កាល​ពី​ដើម​ខែ​ធ្នូ​ឆ្នាំ​ទៅ​មិញ រតនា បាន​ត្រលប់​ទៅ​ ONE Championship វិញ​​យ៉ាង​ល្បីល្បាញ​ ដោយ​គេ​បាន​ផ្ដួល​កីឡាករ​ឥណ្ឌូណេស៊ី​មិន​ធ្លាប់​ចាញ់សោះ​ Abro Fernandes ​ឱ្យ​​អាជ្ញាកណ្ដាល​បញ្ឈប់​ក្នុង​ទឹកទី​២​នៃ​​ការ​ប្រកួត​ទម្ងន់ Flyweight នៅ​ព្រឹត្តិការណ៍ ONE: DESTINY OF CHAMPIONS ក្នុងទីក្រុង​កួឡាឡាំពួរ​។

រតនា ពេលនេះ​កំពុង​សម្លឹង​មើល​​ឆ្នាំ​២០១៩​ដ៏​មហិមា​មួយ​​ដែល​គេ​អាច​​បញ្ឆេះ​អាជីព​របស់​គេ​ឡើង​វិញ​និង​នាំ​កម្ពុជា​ឈាន​ចូល​យុគ​មាស​ថ្មី​មួយ​នៃ​កីឡា​ប្រយុទ្ធ​។

នៅ​ពី​ក្រោយ​​ជោគជ័យ​របស់រតនា​មិនមែន​មាន​ត្រឹម​តែ​ក្រុម​ការងារ​​​ដ៏​លះបង់​អស់​ពី​កម្លាំង​កាយ​ចិត្ត​មួយ​ក្រុមដែល​មាន​​ដូច​ជាតារា​ក្បាច់​គុន​មីយ៉ាន់ម៉ា Phoe Thaw ​ជា​ដើម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​ដែរ​ភរិយា​របស់​គេ Cindy Coupon និង​កូន​ស្រី​ទាំង​២​នាក់​របស់​ពួក​គេ​។

រតនា បរិយាយ​ថា​៖ «កូន​​ទី​១​របស់​ខ្ញុំ​ឈ្មោះ Lycia​។​ គាត់​មាន​​អាយុ​​១១​ឆ្នាំ​ហើយ​។ កូន​ទី​២​ឈ្មោះ Melody អាយុជិត​​៧​​ឆ្នាំ​ហើយ​»។

ខណៈ រតនា ជា​កីឡាករ​គុន​ខ្មែរ​អាជីព​តាំង​ពី​វ័យ​ជំទង់​មក​ម្ល៉េះ​នោះ កូន​ៗ​របស់​គេ​ក៏​បាន​ស្ថិត​ក្នុង​ពិភព​កីឡា​ប្រយុទ្ធ​មួយនេះ​តាំង​ពី​កើត​មក​ដែរ​។

រតនា ពន្យល់​ថា​៖ «ដោយសារ​តែ​កូន​ៗ​របស់​ខ្ញុំ​កើត​មក​នៅ​ជាមួយ​ក្បាច់​គុន​រាល់​ថ្ងៃ ក្បាច់​គុន​ស្ថិត​ក្នុង​ឈាម​របស់​ពួក​គេ​​ទៅ​ហើយ​។ ទោះ​បី​ពួកគេ​មិន​បាន​ហ្វឹកហាត់​ត្រឹមត្រូវ​ក៏​ដោយ តែ​ពួកគេ​មាន​ទេពកោសល្យ​ខាង​កីឡា​នេះ​។ ដូច្នេះ​នៅ​ពេល​អនាគត វា​ងាយ​ស្រួល​សម្រាប់​ពួក​គេ​ក្នុង​ការ​ជ្រើស​យក​​អាជីព​ក្នុង​កីឡា​នេះ​។ រាល់​ថ្ងៃ​នេះ កូន​ស្រី​ច្បង​ចូល​ចិត្ត​ហាត់​ក្បាច់​គុន​ជាង​កូន​ស្រីពៅ។ Melody ហាត់​តែ​ពេល​គាត់​ចង់​ប៉ុណ្ណោះ​។ គាត់​ចូល​ចិត្ត​ហាត់​និង​លេង​ជាមួយ​ខ្ញុំ តែ​ពេល​ខ្លះ​ខ្ញុំ​អស់​កម្លាំង​ពេក មិនអាច​ហាត់​ឬ​លេង​ជាមួយ​គាត់​បាន​។ តែ​គាត់​មិនដែល​នឿយណាយ​ទេ​»។

ពេញ​អាជីព​របស់​ខ្លួន រតនា បាន​ប្រឡូក​ក្នុងការ​ប្រកួត​គុន​ខ្មែរ​និង​គុន​ចម្រុះ​ដ៏​ពិបាក​ៗ​ជា​ច្រើន​ប្រកួត តែ​មិនដែល​សន្លប់​ឡើយ​។ សូម្បី​ពេល​ជួប​រឿង​លំបាក​ហើយ​គេ​គិត​តែ​ពី​ខំហាត់​​ដល់​កំណត់​ក៏​ដោយ តែ​គ្រួសារ​របស់​គេ​តែងតែ​​គាំទ្រ​គេ​ជា​និច្ច​។

រតនា បញ្ជាក់​ថា​៖ «ខ្ញុំ​គិត​ថា​ពួក​គាត់​បារម្ភ​​ពី​ខ្ញុំ​​នៅ​ពេល​ខ្ញុំ​ប្រកួត ប៉ុន្តែ​វា​មិនអីទេ​។ ប្រពន្ធ​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា​នៅ​ពេល​កូន​ៗ​ឃើញ​ខ្ញុំ​វ៉ៃ​និង​ហូរ​ឈាម ពួក​គេ​ភ័យ​ហើយ​ស្រែក​ថា​[ប៉ាៗ ចូល​ចាប់​គេ​ទៅ! ចូល​ទៅ​ៗៗ!]។ តែ​ឥឡូវ​ពួកគេ​បាន​ឃើញ​ខ្ញុំ​ប្រកួត​ច្រើន​ដងណាស់​​ហើយ ខ្ញុំគិត​ថា​ពួកគេ​លែង​ភ័យ​ទៀត​ហើយ។ ឪពុក​របស់​ពួកគេ​ជា​អត្តពលិក​ម្នាក់ ដូច្នេះ​ពួក​គេ​ត្រូវ​តែ​ស៊ាំ​នឹង​ស្ថានភាពនេះ»។

រតនា បាន​កើត​នៅ​ជំរំ​ជន​ភៀស​ខ្លួន​ក្នុង​ប្រទេសថៃ​អំឡុង​ពេល​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ហើយ​គេ​បាន​កែប្រែ​ជីវិត​តាម​រយៈ​​ក្បាច់​គុន ប៉ុន្តែ​​ទទួល​ស្គាល់​ថា​កូន​ស្រី​ៗ​របស់​គេ​​នឹង​មាន​ជម្រើស​ច្រើន​ជាង​អ្វី​ដែល​គេ​ធ្លាប់​មាន​ពី​ក្មេង​។

រតនា សង្កត់ធ្ងន់​ថា​៖ «ខ្ញុំ​មើល​ឃើញ​ទេពកោសល្យ​របស់​ពួក​គេ ហើយ​ដូច​ខ្ញុំ​បាន​លើក​ឡើង​ពី​ខាង​ដើម​អីចឹង​ថា​ឪពុក​របស់​ពួក​គេ​ជា​អ្នក​ប្រដាល់ ដូច្នេះ​ពួក​គេ​មានឈាម​ប្រដាល់​ក្នុង​ខ្លួន​ពួក​គេ​។ ទោះ​យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​អនាគត ពួកគេ​ចង់​ធ្វើ​អី​ស្រេច​លើ​ពួក​គេ​។ ខ្ញុំ​នឹង​មិន​តម្រូវ​ឱ្យ​ពួក​គេ​​ត្រូវ​តែ​ដើរ​តាម​គន្លង​របស់​ខ្ញុំនោះ​ទេ​។ បើ​ខ្ញុំ​មាន​កូន​ប្រុស​វិញ ខ្ញុំ​ប្រហែល​បញ្ចុះបញ្ចូល​គេជាង​កូន​ស្រី​​បន្តិច​។ តែ​និយាយ​ដោយ​ស្មោះត្រង់​ទៅ ខ្ញុំក៏​ចង់​ឱ្យ​កូន​ស្រី​ធ្វើ​អ្នក​ប្រដាល់​ដែរ​។ បើ​ពួក​គេ​ប្រាប់​ខ្ញុំ​ថា​ពួកគេ​ចង់​វ៉ៃ ខ្ញុំ​នឹង​គាំទ្រ​ពួក​គេ​១០០%»៕

អត្ថបទ​៖ Matias Andres

Leave a Reply