គង់ សំបូរ ត្រលប់​មក​ប្រកួត​គុនខ្មែរ​វិញ​នៅ​សង្វៀន​ទើប​បើក​ថ្មី​ក្នុង​ខេត្ត​សៀមរាប

កីឡាករ​ គង់ សំបូរ របស់​ក្លិបអាណាចក្រ​ប្រយុទ្ធ បាន​ឡើង​ប្រកួត​ក្នុង​ស្ថាប័ន ONE Championship លើក​ដំបូង​នៅ​ ONE: CALL TO GREATNESS ក្នុង​ប្រទេស​សិង្ហបុរី ដោយ​តតាំងជាមួយ​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​របស់​ចិន Zhang Chenglong។

ថ្វី​បើ​ចាញ់​ពិន្ទុ​​មិន​ឯកច្ឆន្ទ​ក្រោយ​ប្រយុទ្ធ​គ្នា​៣​ទឹក សំបូរ បាន​បង្ហាញ​​ភាព​នឹងធឹង​អស្ចារ្យ​​​នៅ​ក្នុងការ​ប្រកួត​ក្រៅ​ប្រទេស​លើក​ទី​១​របស់​គេ​និង​នៅ​ពីមុខ​ទស្សនិកជន​ដ៏​ច្រើន​កុះករ​។

សំបូរ ប្រាប់​ថា​៖ «ខ្ញុំ​​មាន​អារម្មណ៍​ពីរ​ផ្សេង​គ្នា​ពី​ការ​ប្រកួត​របស់​ខ្ញុំ​។ អារម្មណ៍​មួយ​គឺ​ខ្ញុំ​មិន​សូវ​ពេញ​ចិត្ត​ទេ​ព្រោះ​ខ្ញុំ​គិត​ថា​ខ្ញុំ​គួរ​តែ​ធ្វើ​បាន​ប្រសើរ​ជាង​នេះ​ តែ​អារម្មណ៍​មួយ​ទៀត​គឺ​ខ្ញុំ​មានមោទនភាព​ដែរ​។ ខ្ញុំ​គិត​ថា​ខ្ញុំ​មិន​អន់​ពេកទេ​សម្រាប់​ការ​ប្រកួត​ខ្នាត​ធំ​លើក​ដំបូង​របស់​ខ្ញុំ​ក្នុង​ស្ថាប័ន​ក្បាច់​គុន​ដ៏​ធំ​មួយនេះ​»។

សំបូរ បញ្ជាក់​ថា​៖ «បាទ ពិត​មែន​ហើយ! ខ្ញុំ​នឹង​វ៉ៃ​​ជាមួយ​ Ti Punlaet​។ បន្ទាប់​ពី​បាន​​មើល​​កា​រ​ប្រកួត​របស់​ខ្ញុំ​នៅ​សិង្ហបុរី​ឡើង​វិញ ខ្ញុំ​កំពុង​ផ្ដោត​បន្ថែម​លើ​កណ្ដាប់​ដៃ​និង​កែង​។ ជើង​របស់​ខ្ញុំ​​ខ្លាំង​ ប៉ុន្តែ​ដៃ​នៅ​តែ​ជា​ចំណុច​ខ្សោយ​របស់​ខ្ញុំ ហើយ​ខ្ញុំ​កំពុង​កែប្រែ​វា​»។

សំបូរ បន្ត​ថា​៖ «ក្នុងការ​ប្រកួតទី​១​របស់​ខ្ញុំ​នៅ ONE ខ្ញុំ​មិន​បាន​បញ្ចេញ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ឡើយ តែ​វា​ជា​បទ​ពិសោធ​មួយ​ ហើយ​ខ្ញុំ​រៀន​សូត្រ​បាន​ច្រើនពី​ការ​ប្រកួតនោះ​»​។

ខណៈ​មិនទាន់​ដឹង​ថា​ពេល​ណា​នឹង​ទទួល​បាន​ឱកាស​ពី ONE Championship ជា​ថ្មី​នោះ សំបូរ ប៉ង​បន្ត​សម្រួច​ជំនាញ​របស់​គេ​ក្នុង​សង្វៀន​និង​ចង់​មាន​សកម្មភាព​ច្រើន​លើ​សង្វៀន​ក្នុង​ស្រុក​។

សំបូរ លើកឡើង​ថា​៖ «ខ្ញុំ​ចង់​វ៉ៃ​មួយ​ខែ​ពីរ​ដង​សម្រាប់​ខែ​ខាង​មុខ​ៗ​ ទល់​នឹង​កីឡាករ​ខ្មែរ​និង​ថៃ​។ ខ្ញុំ​នឹង​ព្យាយាម​ពង្រឹង​គ្រប់​អាវុធ​របស់​ខ្ញុំ​រួមទាំង​ល្បឿន​ផង​ដែរ​ដើម្បី​បង្ហាញ​ថា​ខ្ញុំ​សម្រប​ខ្លួន​បាន​​បែប​​ណា ហើយ​​៤​ទៅ​៥​ខែទៀត​ខ្ញុំ​ប្រហែល​ស្ថិត​ក្នុង​កម្រិត​មួយ​ដែល ONE Championship ពិចារណាលើ​ខ្ញុំ​​ជា​ថ្មី​​»។

ថ្វី​បើ​ជួប​បរាជ័យ​នៅ ONE Championship ប៉ុន្តែ​​ក្លិប KFG មាន​ឆ្នាំ​ដំបូង​ដ៏​ជោគជ័យ ដោយ​​​ក្លិប​​ដែលមានមូលដ្ឋាននៅ​ខេត្ត​សៀមរាប​មួយនេះ​​ទទួល​បាន​វីរបុរស K1 Ernesto Hoost និង​តារា ONE Championship Andy Souwer ជា​ទូត​សុឆន្ទៈ​របស់ពួក​គេ​។

ជាមួយ​នឹង​ឱកាស​ជាច្រើននៅ​ខាង​មុខ​និង​ការ​បំផុស​ទឹក​ចិត្ត​ពី​ក្លិប​របស់​គេ​ផង​នោះ សំបូរ មាន​ទំនុក​ចិត្ត​ចំពោះ​អនាគត​របស់​គេ​​និង​ការ​ប្រកួត​បន្ទាប់​។

សំបូរ បញ្ជាក់​ថា​៖ «ខ្ញុំ​គិត​ថា​វានឹងមិនមែនជា​ការ​ប្រកួត​ងាយ​ស្រួល​ទេ ព្រោះ Ti មាន​បទ​ពិសោធ​ច្រើន​និងជា​អ្នក​ប្រដាល់​ល្អ​ម្នាក់​។ ខ្ញុំ​បាន​មើល​ការ​ប្រកួត​របស់​គាត់​និង​ដឹង​ថា​ឱកាស​របស់​ខ្ញុំនៅទីណា​ខ្លះ។ ខ្ញុំ​មានអារម្មណ៍​វិជ្ជមាន​​ក្នុងការ​យក​ជ័យជម្នះ​ក្នុងការ​ប្រកួត​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ វា​នឹង​ជា​​ការ​ប្រកួតមួយ​ដ៏​អស្ចារ្យ​និង​ប្រកប​ដោយ​គុណភាព​ដែល​​អ្នក​ទាំង​អស់​គ្នា​មិនគួរ​រំលង»៕

 

អត្ថបទ​៖ Matias Andres

Leave a Reply