António Faria ចង់សងសឹក រិទ្ធ ភូលូ ក្រោយចាញ់ពិន្ទុនៅបាត់ដំបង

វិស័យក្បាច់គុនកម្ពុជាកំពុងរីកចម្រើនឡើងៗ ហើយតឹកតាងជាក់ស្ដែងគឺយើងអាចឃើញបានតាមរយៈតួលេខដ៏ច្រើននៃកីឡាករអាជីពដែលធ្វើដំណើរមកប្រកួតនៅក្នុងព្រះរាជាណាចក្រអច្ឆរិយៈ។

កាលពីថ្ងៃសៅរ៍ទី១៦ខែមីនាចុងសប្ដាហ៍មុន ជើងឯក World Lethwei Championship ទម្ងន់ light welterweight ជនជាតិព័រទុយហ្គាល់ António Faria បានបង្ហាញខ្លួនលើកទី២នៅកម្ពុជា ដោយប្រកួតជាមួយកីឡាករគុនខ្មែរវ័យក្មេងដ៏មានទេពកោសល្យ រិទ្ធ ភូលូ។

កីឡាករព័រទុយហ្គាល់វ័យ៣០ឆ្នាំ Faria បានកើនឡើងប្រជាប្រិយភាពជាលំដាប់ ពិសេសកាលពីខែកុម្ភៈកន្លងទៅគេបានឈានដល់កម្រិតថ្មីមួយទៀតនៅពេលគេក្រសោបបានខ្សែក្រវាត់  WLC light welterweight ដោយផ្ដួលម្ចាស់ជើងឯករបស់ម្ចាស់ផ្ទះមីយ៉ាន់ម៉ា Saw Htoo Aung នៅក្នុងព្រឹត្តិការណ៍ WLC7: Mighty Warriors ក្នុងទីក្រុងម៉ាន់ដាឡាយ។

ជំនាញនិងការប្ដេជ្ញាចិត្តរបស់ Faria ដែលជាអ្នកលេងក្បាច់គុនជាយូរមកហើយនោះ បាននាំគេត្រាច់ចរមកកាន់ប្រទេសកម្ពុជា។

Faria និយាយថា៖ “ប្រជាជនកម្ពុជាគឺស្វិតស្វាញនិងមានបេះដូងធំទូលាយ។ គ្រប់គ្នានៅទីនេះពិតជារួសរាយណាស់ ហើយពួកគេស្រលាញ់ការវ៉ៃ។ នៅប្រទេសរបស់ខ្ញុំ នៅពេលអ្នកនិយាយថាអ្នកជាកីឡាករប្រដាល់ ពួកគេមើលមកអ្នកដូចមនុស្សចម្លែក ប៉ុន្ដែនៅទីនេះផ្សេង”។

Faria រំភើបចិត្តដែលបានបង្ហាញសមត្ថភាពទល់នឹងកីឡាករជើងថ្មីកំពុងរះខ្លាំងម្នាក់របស់កម្ពុជា រិទ្ធ ភូលូ ក្នុងការប្រកួតលៀកដំបូងរបស់គេនៅសង្វៀនស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ការប្រយុទ្ធដ៏សកម្មបានចាប់ផ្ដើម ដោយកីឡាករវ័យក្មេងរបស់កម្ពុជាបានវាយឱ្យជើងឯក WLC មានស្នាមបែកក្នុងទឹកទី១ ដែលធ្វើឱ្យFaria ស្រឡាំងកាំង។

ក្រោយការប្រកួត Faria បញ្ជាក់ថា៖ ”ខ្ញុំពិតជាចូលចិត្តការប្រកួតមួយនេះណាស់ វាជាការប្រកួតរបស់អ្នកប្រយុទ្ធដ៏ពិតប្រាកដ”។

Faria បន្តថា៖ “ក្នុងទឹកទី១ ខ្ញុំមិនបានយកចិត្តទុកដាក់១០០%ទេ ហើយគាត់បានវាយខ្ញុំបែក២កន្លែងលើផ្ទៃមុខ ប៉ុន្តែវាគ្មានបញ្ហាសម្រាប់ខ្ញុំទេ”។

Faria បានបង្ហាញជំហររឹងមាំនិងតស៊ូក្នុងការប្រកួតបាន ទោះបីគេឈឺចាប់ខ្លាំងក៏ដោយ។

ភូលូ បានរក្សាការវាយចេញដៃស្ដាំធ្ងន់ៗនិងប្ដូរគ្នាច្រើនលើកក្នុងការប្រកួត៥ទឹក ខណៈ Faria រក្សាការដើរចូលនិងវាយចេញលឿនៗ។

Faria បន្ថែមថា៖ “ទឹកទី៣ ទី៤ និងទី៥ ខ្ញុំគិតថាខ្ញុំឈ្នះ។ ក្នុង៣ទឹកចុងក្រោយនេះ ខ្ញុំខ្លាំងជាងគាត់ ប៉ុន្ដែការប្រកួតគឺអូចឹងឯង។ ជួនកាលអ្នកឈ្នះ ជួនកាលអ្នកចាញ់។ ខ្ញុំគិតថាបើមានការប្រកួតសងសឹកនៅពេលខាងមុខគឺជារឿងល្អ”។

ការប្រកួតដ៏ស្វាហាប់រវាង Faria និង ភូលូ  បានធ្វើឱ្យទស្សនិកជនដែលចូលទស្សនាផ្ទាល់ក្នុងសង្វៀនស្រុកឯកភ្នំហ៊ោកញ្ជ្រៀវយ៉ាងខ្លាំង ហើយអាចនិយាយបានថាទស្សនិកជនពិតជាមានក្ដីសោមនស្សក្នយងការឃើញកីឡាករបរទេសមកប្រកួតជាមួយកីឡាករដ៏មានទេពកោសល្យរបស់កម្ពុជា។

បន្ទាប់ពីប្រកួតគ្នា៥ទឹកដោយគ្មានឈប់ឈរ ចៅក្រមបានផ្ដល់ជ័យជម្នះដោយពិន្ទុដល់ ភូលូ ដែលកាន់តែធ្វើឱ្យ ភូលូ មានស្ថិតិប្រកួតប្រសើរឡើងមួយកម្រិតទៀតជាមួយជ័យជម្នះលើជើងឯក Lethwei នេះ។

ពេលនេះ Faria កំពុងសម្លឹងទៅកាន់ការប្រកួតសងសឹកជាមួយ ភូលូ និងបញ្ចេញសមត្ថភាពនៅពីមុខទស្សនិកជនកម្ពុជាដ៏ច្រើនកុះករជាថ្មីទៀត។

Faria សង្កត់ ធ្ងន់ថា៖ “ខ្ញុំចូលចិត្តប្រកួតនៅកម្ពុជា។ ប្រជាជនកម្ពុជាស្រលាញ់កីឡាមួយនេះណាស់ ហើយនេះគឺជាការជំរុញទឹកចិត្តយ៉ាងខ្លាំងដើម្បីឱ្យកីឡាករប្រកួតឱ្យល្អមើល។ ពេលខ្លះ ចាញ់ឬឈ្នះមិនសំខាន់ដូចការវ៉ៃឱ្យបានល្អនោះទេ។ ប្រហែលមួយខែទៀត ខ្ញុំរួចរាល់សម្រាប់ការប្រកួតសងសឹកហើយ”៕

អត្ថបទ៖ Matias Andres

Leave a Reply