កីឡាករ ស៊ឹម ប៊ុនស្រ៊ន់ រៀប​អាពាហ៍ពិពាហ៍​នៅ​កំពង់ចាម

កីឡាករ​គុន​ខ្មែរ​និង​ជា​​អត្តពលិក​​គុន​ចម្រុះ​​ប្រចាំ​ស្ថាប័ន ONE Championship ស៊ឹម ប៊ុនស្រ៊ន់ បាន​ខិតខំ​​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​កសាង​​កេរដំណែល​របស់​គេ​​ក្នុង​នាម​ជា​អ្នក​លេង​គុន​ចម្រុះ​ម្នាក់​។

តែឥឡូវនេះ ប៊ុនស្រ៊ន់ បាន​បំពេញ​គោល​ដៅ​ផ្សេង​មួយទៀត​ក្នុងជីវិត​របស់​គេ​។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤​ខែ​មីនា ជើងឯក Khmer Warrior Challenge ទម្ងន់ Flyweight បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គូ​ស្នេហ៍​របស់​គេនៅខេត្តកំពង់ចាម ដោយ​មាន​ការ​ចូល​រួម​យ៉ាង​កុះករ​ពី​សំណាក់​មិត្តភ័ក្ដិ សាច់ញាតិ និង​មិត្ត​រួម​ក្លិប Cambodian Top Team​។

ប៊ុនស្រ៊ន់ បរិយាយ​ពីអារម្មណ៍របស់ខ្លួន​ថា​៖ «ថ្ងៃនេះខ្ញុំ​សប្បាយ​ចិត្ត​​ដែល​បានចាប់ដៃគូជីវិតជាមួយភរិយារបស់ខ្ញុំ។ គាត់មិនស្អាតខ្លាំងណាស់ណាទេ តែគាត់​គួរ​ឱ្យ​ស្រលាញ់​ណាស់​​»។

ប៊ុនស្រ៊ន់ រៀបរាប់ពីដំណើរដើមទងនៃការស្គាល់គ្នាថា​៖ «ខ្ញុំ​ចាប់​អារម្មណ៍​គាត់​ដំបូង​ពេល​ដឹង​ថា​គាត់​រៀន​​ជំនាញ​ច្បាប់​។ គាត់រៀនច្បាប់ព្រោះគាត់ជាមនុស្សស្មោះត្រង់ គាត់ចង់​ជួយ​ធ្វើ​ឱ្យ​ពិភពលោក​​មានភាព​ប្រសើរ​ឡើង គាត់ចង់កែលម្អច្បាប់គាត់ដឹងថាខ្ញុំជាអ្នកប្រដាល់។ កាលមុន គាត់មិនដែលមានអារម្មណ៍ជាមួយអ្នកប្រដាល់យ៉ាងម៉េចទេ ចូលចិត្តប្រដាល់ទេ គាត់មិនដែលស្រមៃដល់រឿងហ្នឹង(យកប្ដីជាអ្នកប្រដាល់)ទាល់តែសោះ។ គាត់មិនចូលចិត្តមើលប្រដាល់ផងហ្នឹង។ តែជាក់ស្ដែង ទីបំផុតគាត់​បានប្ដីអ្នកប្រដាល់។ ខ្ញុំគិតថាមកពីគុណធម៌របស់ខ្ញុំ គឺទី១ស្គាល់ពីតម្លៃខ្លួនឯង ទី២អ្វីដែលយើងធ្វើគឺបុព្វហេតុដើម្បីអ្នកដទៃ​»។

ទន្ទឹម​នឹង​នេះ ប៊ុនស្រ៊ន់ បាន​សារភាព​ថា​គេ​បាន​ដក​ឃ្លា​ពី​​អាជីព​គុន​ចម្រុះ​ដើម្បី​​ផ្ដោត​លើ​មុខ​របរ​កសិកម្ម​របស់​គេ​ តែ​ថា​គេ​នៅ​តែ​មាន​គម្រោង​ត្រលប់​មក​ប្រកួត​និង​តំណាង​កម្ពុជា​ជា​ថ្មី​នៅ​លើ​ឆាក​ពិភពលោក​របស់ ONE Championship​។

ប៊ុនស្រ៊ន់ បញ្ជាក់​ថា​៖ «ខ្ញុំបានរយាល​ពីប្រដាល់ដោយសារតែមមាញឹកច្រើននឹងរបរកសិកម្ម។ តែបើមានកម្មវិធីផ្ដល់ដំណឹងដល់ខ្ញុំអំពីការប្រកួត នោះខ្ញុំនឹងរយាលពីរបរកសិកម្មវិញដើម្បីផ្ដោតលើការហាត់ប្រដាល់គុនខ្មែរនិង MMA»។

ក្រោយបាត់មុខពីការប្រកួតគុនចម្រុះអាជីពអស់ជាង១ឆ្នាំ មានមតិងឿងឆ្ញល់ថាតើ ប៊ុនស្រ៊ន់បន្តអាជីពនេះទៀតឬទេ? ប៊ុនស្រ៊ន់ អះអាង​ថា​គេនៅតែហ្វឹកហាត់​ ទោះ​បី​គ្មានការ​ប្រកួត​ក៏​ដោយ​។

ប៊ុនស្រ៊ន់បន្ត​ថា​៖ «សព្វថ្ងៃ ខ្ញុំ​នៅ​តែ​ទៅ​ហ្វឹកហាត់​ តែ​និយាយ​ដោយ​ស្មោះ​ត្រង់​ទៅ​ ខ្ញុំ​ហាត់​មិនសូវ​ញឹកញាប់​ដូចមុនទេ​ ដោយសារ​តែ​ខ្ញុំ​រវល់​ជាមួយ​ជំនួញ​កសិកម្ម​របស់​ខ្ញុំ​ពេក​។ ប៉ុន្តែ​បើ​មានគេហៅខ្ញុំទៅប្រកួត ខ្ញុំនឹងទៅ១០០%។ ពេលនោះខ្ញុំ​នឹង​ផ្ដោត​លើ​ការហ្វឹកហាត់​គុន​ខ្មែរ​និង MMA ខ្លាំង​ជាង​នេះ​វិញ»។

ជាចុងក្រោយ ប៊ុនស្រ៊ន់ បញ្ជាក់ថា៖ «ប្រពន្ធគាត់ស្គាល់ពីយើង ស្គាល់ពីតម្លៃយើង អីចឹងអ្វីដែលយើងធ្វើគាត់ទុកចិត្តយើង។ គាត់យល់ពីយើង គាត់លើកទឹកចិត្តយើង»៕

 

អត្ថបទ​៖ Matias Andres

 

Leave a Reply