សិស្សប្អូន​ Aung La N Sang អះអាង​ថា​នឹង​​ផ្ដួល រិន សារ័ត្ន ដោយ​មិន​ប្រើ​ពេល​យូរ

សមាជិក​ថ្មី​របស់ ONE Championship: Tial “The Dragon Leg” Thang នឹង​ឡើង​ប្រកួត​គុន​ចម្រុះ​ជាលើក​ដំបូងនៅ​ស្ថាប័ន​ក្បាច់គុន​​ធំ​បំផុត​មួយ​នេះ​ទល់​នឹង​កីឡាករ​កម្ពុជា រិន សារ័ត្ន នៅ​ថ្ងៃ​សុក្រ​ទី​៨​ខែ​មីនា​ក្នុង​ទីក្រុង​យ៉ាំងហ្គូន ប្រទេស​មីយ៉ាន់ម៉ា​។

ការ​ប្រកួត​ទម្ងន់​ catchweight ៦៨​គីឡូក្រាម​នេះ​នឹង​ធ្វើ​ឡើង​នៅ ONE: REIGN OF VALOR ហើយ​មុន​ការ​ប្រកួត​មក​ដល់ កីឡាករ​វ័យ​២៥​ឆ្នាំ Thang បាន​បង្ហាញ​ពី​​ជំនឿ​ចិត្ត​ដ៏​មុតមាំ​​របស់​គេ​​ថា​នឹង​ផ្ដួល​គូ​​បដិបក្ខ​កម្ពុជា​មក​ពី​ក្លិប Cambodian Top Team ​ដោយ​មិន​ប្រើ​ពេល​យូរ​ឡើយ​។

Thang ជា​សិស្ស​ប្អូន​របស់​ម្ចាស់​ខ្សែ​ក្រវាត់​ពិភពលោក​២​ប្រភេទ​ទម្ងន់​របស់ ONE Championship: “The Burmese Python” Aung La N Sang​ ហើយ​គេ​ជឿជាក់​ថា​បទ​ពិសោធ​របស់​គេ​កាល​នៅ​ជា​កីឡាករ​ស្ម័គ្រចិត្ត​និង​ការ​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្លិប​ដែល​មាន​កម្រិត​ខ្ពស់​ៗ​បាន​​​ផ្ដល់​ការ​ត្រៀមលក្ខណៈ​យ៉ាង​ល្អ​ដល់​គេ​​ដើម្បី​ផ្ដួល សារ័ត្ន​។

Thang និយាយ​ពី សារ័ត្ន ថា​៖ «គាត់​​ពូកែ​គ្រប់​យ៉ាង ប៉ុន្តែ​ការ​ចាប់​កាច់​គឺ​ជា​ចំណុច​ខ្សោយ​ធំ​បំផុត​របស់​គាត់​។ គាត់​មាន​ដៃ​ស្ដាំ​ដ៏​ធ្ងន់ ប៉ុន្តែ​ក្រៅពី​ចំណុច​នេះ ខ្ញុំ​គ្មាន​បារម្ភ​អ្វី​​ឡើយ​»​។

សូម​បញ្ជាក់​ថា សារ័ត្ន កំពុង​ស្ថិត​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដើម្បី​ហាត់​ត្រៀម​​សម្រាប់​​ព្រឹត្តិការណ៍ ONE: REIGN OF VALOR នៅ​យ៉ាងហ្គូន ដែល​នឹង​មាន​ការ​ប្រកួត​គូ​ឯក​រវាង​​ម្ចាស់​ខ្សែ​ក្រវាត់ ONE Welterweight World Champion ជនជាតិ​ស៊ុយអែត Zebaztian Kadestam ការពារ​ខ្សែ​ក្រវាត់​ទល់​នឹង​កីឡាករ​កាហ្សាក់ស្ថាន Georgiy Kichigin ដែល​​​ខ្លាំង​ខាង​​ផ្ដួល​ឱ្យ​គូ​ប្រកួត​សុំ​ចុះចាញ់​។

ទាំង សារ័ត្ន និង​អ្នក​ដឹកនាំ​ក្លិប Yorky Mixed Martial Arts: Nicholas “JJ” Lee ដែល​កំពុង​បង្ហាត់​រូប​គេ ប៉ង​បង្ហាញ​អាវុធ​ថ្មី​ៗ​ដែល​គេ​កំពុង​សម្ងំ​សម្រួច​នៅ​ថៃ ​​ដើម្បី​ចាប់​ឆ្នើម​ឆ្នាំ​២០១៩​ជាមួយ​ជ័យជម្នះ​ថ្មីមួយ​ទៀត​សម្រាប់​កម្ពុជា​។

លោក Lee និយាយ​ថា​​លោក​និង​សារ័ត្ន​មិ​ន​មើល​ស្រាល Thang ឡើយ និង​កំពុង​ខំ​ហាត់​យ៉ាង​ខ្លាំង​ដើម្បី​ត្រៀម​ឱ្យ​បាន​ល្អ​សម្រាប់​ការ​ប្រកួត​ដ៏​តានតឹង​មួយនេះ​។

លោក Lee ពន្យល់ថា​៖ «អ្នកផង​និយាយ​​អំពី Thang ​ថា​ជា​អត្តពលិក​លំដាប់​កំពូល​ម្នាក់ ​ពួក​គេ​និយាយ​មិន​ខុស​ទេ​។ កម្រិត​ MMA នៅ​អាស៊ីអាគ្នេយ៍ កំពុង​រីក​ចម្រើន​ឡើង​ជា​លំដាប់ តែ​ពួក​យើងមិនទាន់​រីក​ចម្រើន​ដូច​នៅ​អាមេរិក​ឬអឺរ៉ុប​នៅឡើយ​ទេ​។ ប៉ុន្តែ​ខ្ញុំ​មាន​ទំនុក​ចិត្ត​លើសារ័ត្ន ពីព្រោះ​​​គាត់​មាន IQ ខ្ពស់​ក្នុង​កីឡា​ប្រយុទ្ធ​នេះ ហើយ​គាត់​យល់​ពី​​អ្វី​ដែល​គាត់​ត្រូវ​ធ្វើ»។

ខណៈ​ការ​ប្រកួត​នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​នឹង​ចូល​មក​ដល់ លោក Lee និង សារ័ត្ន កំពុង​​​ហាត់​បន្ថែម​ក្បាច់​ពិសេស​​ដើម្បី​ដណ្ដើម​យក​ជ័យជម្នះ​​ដ៏​កក្រើក​បំផុត​មួយ​សម្រាប់​កម្ពុជា​។

លោក Lee បញ្ជាក់​ចុង​ក្រោយ​ថា​៖ «ខ្ញុំ​ជឿ​ថា​ពួក​យើង​នឹង​​យក​ជ័យជម្នះ​បាន ទោះ​បី Tial Thang ធំ​ជាង​និង​​មាន​អ្នក​សង្ឃឹម​ទុក​ច្រើន​ជាង​​ក៏​ដោយ​»​៕

 

អត្ថបទ​៖ Matias Andres

 

Leave a Reply