នៅ ស្រីពៅ ចង់ល្បងសមត្ថភាពជាមួយជើងឯកមួយថៃពិភពលោក Stamp Fairtex

កីឡាការិនីជំនាញគុនខ្មែរ នៅ ស្រីពៅ បានបង្ហាញសមត្ថភាពកក្រើកក្នុងការប្រកួតគុនចម្រុះលើកដំបូង ដោយបានផ្ដួលកំពូលតារាថៃ Rika “Tiny Doll” Ishige នៅ ONE: CLASH OF LEGENDS ក្នុងទីក្រុងបាងកក កាលពីថ្ងៃទី១៦ខែកុម្ភៈ។

ពេញ៣ទឹក កីឡាការិនីកម្ពុជាដែលមានកណ្ដាប់ដៃធ្ងន់ បានលប់សមត្ថភាពលើ Rika ក្នុងការប្រកួតដែលច្រើនឈរវាយបែបគុនខ្មែរ និងបិទមិនឱ្យ Rika ចូលចាប់ផ្ដួលបានទាល់តែសោះ។

ពេលនេះ កីឡាការិនីតំណាងក្លិប Cambodian Top Team វ័យ២៤ឆ្នាំ ប៉ងសាកសមត្ថភាពជាមួយតារាឆ្នើមៗរបស់ ONE Championship តួយ៉ាងដូចជា ជើងឯក ONE Super Series Atomweight Kickboxing & Muay Thai World Champion: Stamp Fairtex ក្នុងការប្រកួតបន្ទាប់របស់ខ្លួន។

«តាំងពីខ្ញុំប្រកួតឈ្នះ Rika មក មតិភាគច្រើនចង់ឃើញខ្ញុំប៉ះជាមួយជើងឯក២វិញ្ញាសារបស់ ONE: Stamp Fairtex។ ខ្ញុំគិតថាខ្ញុំចង់ប្រកួតជាមួយគាត់ដែរ ព្រោះគាត់លេងគីឡូដូចខ្ញុំ គឺ៥២.៥»។

ក្នុងនាមជាជើងឯកគុនខ្មែរនិងជាជើងខ្លាំងដែលទទួលបានការគោរពក្នុងសង្វៀន Lethwei ស្រីពៅ មានអារម្មណ៍ថានាងមានទំនុកចិត្តខ្ពស់ជាងមុនក្នុងការប្រកួតបែបឈរដូចគុនខ្មែរ។

ប៉ុន្តែទោះបីនាងព្រមទទួលយកការប្រកួតទល់នឹងជើងឯក២វិញ្ញសារបស់ថៃដោយក្ដីរីករាយក៏ដោយ តែ ស្រីពៅ ដាក់ខ្លួនមែនទែន និងសរសើរជើងឯក ONE Muay Thai World Champion ខ្លាំងណាស់។

ស្រីពៅ និយាយថា៖ “បើប្រៀបធៀបជាមួយគាត់ ខ្ញុំល្អមិនទាន់បានពាក់កណ្ដាលគាត់ផង។ តែប្រសិន ONE ផ្គូរផ្គងឱ្យខ្ញុំប្រកួតជាមួយជើងខ្លាំងណាក៏ខ្ញុំប្រកួតដែរ ខ្ញុំមិនខ្លាចទេ។ ខ្ញុំបានមើលរបៀបដែលគាត់វាយដើម្បីដឹងថាគេខ្លាំងអី យើងត្រូវហាត់ត្រៀមអីខ្លះ ដូចកាលខ្ញុំប្រកួតទល់នឹង Rika អីចឹង។ Stamp អស្ចារ្យណាស់។ គាត់ប្រើដៃទាំង២បានល្អណាស់ ហើយទាត់ខ្លាំងមែនទែន។ គាត់ល្អដូច Superlek អីចឹង”។

ដោយមានមូលដ្ឋានគុនខ្មែររឹងមាំ ស្រីពៅ ក៏មានអាជីពដ៏ជោគជ័យនៅសង្វៀន World Lethwei Championship របស់មីយ៉ាន់ម៉ាផងដែរ ដោយប្រកួតមិនដែលចាញ់និងថែមទាំងឈ្នះពានរង្វាន់ Female Fighter of the Year នៅ WLC ថែមទៀត។

ទោះបីនាងបានបង្ហាញសមត្ថភាពលើកដំបូងដែលមិនអាចបំភ្លេចបាននៅ ONE Championship មែនពិត ប៉ុន្តែស្រីពៅមិនសូវមានបទពិសោធខាងចាប់កាច់ទេ។

ដើម្បីត្រៀមខ្លួនឱ្យបានកាន់តែប្រសើរសម្រាប់ការប្រកួតគុនចម្រុះលើកក្រោយទៀតទល់នឹងគូបដិបក្ខដែលមានជំនាញចាប់កាច់កាន់តែខ្ពស់ជាងមុននោះ ស្រីពៅ កំពុងខិតខំហ្វឹកហាត់ពង្រឹងចំណុចនេះជាប្រចាំ។

ស្រីពៅ បញ្ជាក់ថា៖ «ឥឡូវនេះ រឿងតែមួយគត់ដែលខ្ញុំគិតគឺហាត់ឱ្យខ្លាំងជាងមុនទ្វេដង។ រាល់ថ្ងៃខ្ញុំគិតតែប៉ុណ្ណឹង គឺចង់តែហាត់ ហើយហាត់ឱ្យខ្លួនឯងកាន់តែខ្លាំង។ គ្រូបង្វឹករបស់ខ្ញុំ(ហ៊ុន ចាន់រាជ្យ)បានប្រាប់ខ្ញុំឱ្យហាត់ចាប់កាច់រាល់ថ្ងៃដើម្បីឱ្យរួចរាល់សម្រាប់ពេល ONE Championship ហៅទៅប្រកួតទៀត។ រាល់ថ្ងៃមានអ្នកគាំទ្រខ្ញុំច្រើន ខ្ញុំរំភើបណាស់ ហើយខ្ញុំចង់ធ្វើឱ្យកាន់តែល្អលើសនេះទៀតក្នុងការប្រកួតបន្ទាប់»៕

 

អត្ថបទ៖ Matias Andres

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s