Emmanuel នៅ​តែ​រឹងមាំ​ហើយចង់​សងសឹក​ក្រោយ​ចាញ់ Morris នៅ OWS 4

កីឡាករ​ជនជាតិ​នីហ្សេរីយ៉ា​រស់​នៅ​ភ្នំពេញ Emmanuel “The Biafran Warrior” Onyedikachi មិន​ទទួល​បាន​ជ័យជម្នះឡើយ​ក្នុងការ​ប្រកួត​ ONE Warrior Series ​​របស់​លោក Rich Franklin ក្នុង​ប្រទេស​សិង្ហបុរី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​ខែ​កុម្ភៈ​។

កីឡាករ​មហាកម្លាំង​រូបនេះ​បា​ន​តតាំង​ជាមួយ​កីឡាករ​ Devon Morris មក​ពី​ក្លិប​ថៃ Phuket Top Team ក្នុងការ​ប្រកួត​គុន​ចម្រុះ​​ទម្ងន់ welterweight ដ៏​កក្រើក​ ដែល​ជា​គូ​ឯក​ប្រចាំ​​ព្រឹត្តិការណ៍ OWS 4​។

Emmanuel ​បាន​ចាប់​ផ្ដើម​ការ​ប្រកួត​យ៉ាង​ល្អ​ដោយ​បាន​​ទាត់​ជើង​ក្រោម​​យ៉ាង​ធ្ងន់​ឡើង​ប៉ើង​ Morris ​ក្រោយ​ដំណើរ​ការ​បាន​៣០​វិនាទី​​។ បន្ទាប់​ពី​ “The Biafran Warrior” គ្រប់គ្រង​ស្ថានការណ៍បាន​បន្តិច អ្នក​ទាំង​ពីរ​ផ្ដើម​​ប្ដូរ​អាវុធ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ Morris ពឹង​លើ​កណ្ដាប់​ដៃ​ជា​ចម្បង ខណៈ Emmanuel ​ព្យាយាម​ខាវ​ផង​និង​ទាត់​ក្រោម​ធ្ងន់​ៗ​​ផង​។

នៅ​ទឹក​ទី​២ Emmanuel ​រក្សា​ការ​វាយ​សំដៅ​ចង្ការ​​របស់ Morris តាម​រយៈ​កណ្ដាប់​ដៃ​ឆ្វេង​របស់​គេ និង​បន្ត​ទាត់​លើ​ជើង​របស់​កីឡាករ​អាមេរិក។​ តែកីឡាករ​របស់​ក្លិប Phuket Top Team ​ផ្លាស់​ប្ដូរ​ស្ថានការណ៍​បាន ហើយ​ផ្ដើម​​តបត​វិញ​ច្បាស់​ៗ​និង​ចំ​ៗ​គោលដៅ​។

ក្រោយ​ទឹកទី​២​ដំណើរ​ការ​បាន​២៖៤៥​នាទី Morris ​ខាវ​ចំ Emmanuel ពេញ​មួយ​ដៃ ដែល Emmanuel ​បាន​តវ៉ា​ថា​ជា​ការ​វាយ​ខុស​លក្ខខន្តិកៈ​ចំ​ផ្នែក​ខាង​ក្រោយ​នៃ​ក្បាល​។

អាជ្ញាកណ្ដាល Olivier Coste បាន​ប្រាប់​ឱ្យ​ពួក​គេ​ទាំង​ពីរ​បន្ត​ប្រកួត ហើយ Morris បាន​បោះ​ចេញ​កណ្ដាប់​ដៃ​​ញាប់​ស្មេញ​ដូច​​ព្រិល​ធ្លាក់​ធ្វើ​ឱ្យ Emmanuel ស្រឡាំងកាំង​។

ទី​បំផុត កណ្ដាប់​ដៃ​ស្ដាំ​​មហា​ទម្ងន់​របស់ Morris ​បាន​បណ្ដាល​ឱ្យ “The Biafran Warrior” ដួល​ភីង​លើ​សង្វៀន​ ហើយ​អាជ្ញាកណ្ដាល​សម្រេច​​បញ្ឈប់​ការ​ប្រកួត​នៅ​នាទី​២៖២១​។

ទោះ​បី​ខក​ចិត្ត​នឹង​លទ្ធផល ប៉ុន្តែ Emmanuel នៅ​តែ​មាន​ទឹក​ចិត្ត​រឹងមាំ​និង​សរសើរ​ Morris ដែល​បាន​ជួយ​គេ​ក្នុងការ​ផ្ដល់​ចំណី​ចក្ខុ​រំភើប​ដល់​​ទស្សនិកជន​។

Emmanuel ពេលនេះ​កំពុង​សម្លឹងឆ្ពោះ​​ទៅ​មុខ​​ហើយ​សង្ឃឹម​ថា​​គេ​នឹង​មាន​ឱកាស​ប្រកួត​សងសឹក​ជាមួយ Morris ​ក្នុងការ​ប្រកួត​បន្ទាប់​នៅ​លើ​ឆាក​ពិភពលោក ONE Championship តែ​ម្ដង​។

Emmanuel ​និយាយ​ក្រោយ​ការ​ប្រកួត​ថា​៖ «Morris ​ប្រេះ​ឆ្អឹង​ស្មង​ជើង ហើយ​ប្រហែល​ជា​មិនអាច​ហាត់​ឬ​ប្រកួត​ក្នុង​រយៈ​ពេល​៣​ខែ​។ គាត់​បាន​និយាយ​ថា​គាត់​នឹង​ប្រាប់​ខ្ញុំ​នៅ​ពេល​គាត់​ជាសះស្បើយ​។ ក្ដី​ប្រាថ្នា​របស់​ខ្ញុំ​គឺ​ចង់​វាយ​ជាមួយ Morris នៅ ONE Championship ក្នុងការ​ប្រកួត​​លើក​ក្រោយ​»។

បរាជ័យ​នេះ​បាន​បញ្ចប់​ជ័យជម្នះ​៣​ប្រកួត​ជាប់​ៗ​គ្នា​របស់ Emmanuel និង​ជា​ការ​ចាញ់​លើក​​ទី​១​ក្នុង​ការ​ប្រកួត​​គុន​ចម្រុះ​​អាជីព​របស់​គេ​។

ក្រោយ​ពិនិត្យ​សុខភាព​រួច​រាល់ Emmanuel ​​នឹង​ត្រលប់ចូល​ហ្វឹកហាត់​វិញ​និង​វិល​ចូល​ចង្កោម​អ្នក​លេង​គុន​ចម្រុះ​​ដែល​មានអនាគត​ល្អ​បំផុត​ម្នាក់​របស់​អាស៊ីអាគ្នេយ៍​​ជា​ថ្មី​។

Emmanuel ពន្យល់​ថា​៖ «ខ្ញុំ​នឹង​ទៅ​ជួប​វេជ្ជបណ្ឌិត​ពេល​ខ្ញុំ​ទៅ​ដល់​ភ្នំពេញ​។ ការ​វាយ​​ចំ​ក្បាល​ពី​ក្រោយធ្វើ​ឱ្យ​មាន​ការ​ប៉ះពាល់​មួយ​ចំនួន​ដល់​កណ្ដាស​​​ត្រចៀក​ខាង​ឆ្វេង​របស់​ខ្ញុំ​ ដែល​អាច​បណ្ដាល​ឱ្យ​មាន​បញ្ហា​មួយ​ចំនួន​នៅពេល​អនាគត​»។

ទាំង Emmanuel និង Morris ​បាន​បង្ហាញ​ការ​គោរព​ចំពោះ​គ្នា​ទៅ​វិញ​ទៅមក​នៅ​ក្រោយ​ការ​ប្រកួត ហើយ​កីឡាករ​មហាកម្លាំង​ទាំង​ទ្វេ​ក៏​មាន​ឱកាស​ជជែក​គ្នា​ផង​ដែរ​។

Emmanuel ​បន្ត​ថា​៖ «ខ្ញុំ​មិនអីទេ​ហើយ​ខ្ញុំ​រីករាយ​ណាស់​។ ខ្ញុំ​ស្រលាញ់​​​​ក្រុម​ការងារ ONE Championship និង ONE Warrior Series ​ចំពោះ​វិជ្ជាជីវៈ​របស់​ពួក​គេ​»។

បំណង​ចុង​ក្រោយ​របស់ Emmanuel គឺ​គេ​ចង់​ប៉ះ​​ជាមួយ Morris ម្ដង​ទៀត​នៅ​លើ​ឆាក ONE Championship តែ​ម្ដង​។

Emmanuel ​បញ្ជាក់​ថា​៖ «នោះ​ជា​អ្វី​ដែល​គ្រប់​គ្នា​ចង់​ឃើញ​»៕

អត្ថបទ​៖ Matias Andres

Leave a Reply