រិន សារ័ត្ន ទៅ​​​សម្រួច​​អាវុធ​​នៅ​​​បាងកក​​​មុន​ការ​​ប្រកួត​​នៅ​​យ៉ាំងហ្គូន​​

សិស្ស​គុន​ក្លិប​ Cambodian Top Team (CTT) រិន សារ័ត្ន មាន​ការ​​​លះបង់​ខ្ពស់​​​​ចំពោះ​​ជំនាញ​របស់​គេ​​និង​​ហ៊ាន​ធ្វើ​ដំណើរ​ឆ្ងាយ​ដើម្បី​សម្រេច​គោលដៅ​របស់​ខ្លួន ទោះ​បីជា​ត្រូវ​ឃ្លាត​​ពី​គ្រួសារ​និង​ប្រទេស​កំណើត​របស់​គេ​ក៏​ដោយ ដើម្បី​​ត្រៀម​ខ្លួន​​មុន​ការ​ប្រកួត​ ONE Championship ​លើក​បន្ទាប់​របស់​គេ​។


កីឡាករ​​ដែល​មាន​មូលដ្ឋាននៅ​ភ្នំពេញ​វ័យ​២៥​ឆ្នាំ​នឹង​ប្រកួត​ទល់​នឹង​សិស្ស​ប្អូន​របស់​ម្ចាស់​ជើងឯក ONE Middleweight & Lightweight Heavyweight World Champion: Aung La N Sang ​គឺ​កីឡាករ​ជំនោរ​ថ្មី Tial “The Dragon Leg” Thang នៅ ONE: REIGN OF VALOR នា​ថ្ងៃ​​សុក្រ​ទី​៨​ខែ​មីនា​។


ការ​ប្រកួត​ទម្ងន់​៦៨​គីឡូក្រាម​នេះ​នឹង​បញ្ជាក់​ឱ្យ​ឃើញ​ថា​តើ Thang មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដើម្បី​តតាំង​ជាមួយ​អ្នក​ប្រយុទ្ធ​ដ៏​មាន​បទ​ពិសោធ​ម្នាក់​ឬ​ទេ​។ សម្រាប់ សារ័ត្ន​វិញ វា​នឹង​ជា​រង្វាស់រង្វាល់​ល្អ​ឥតខ្ចោះ​មួយ​ដើម្បី​បង្ហាញ​ថា​តើ​គេ​រីក​ចម្រើន​សមត្ថភាព​បាន​កម្រិត​ណា​ដែរ​តាំង​ពី​ឡើង​ប្រកួត​លើក​ចុង​ក្រោយ​​បង្អស់​មក​។

តាំង​ពី​ពាក់​កណ្ដាល​ខែ​កុម្ភៈ​មក សារ័ត្ន បាន​ស្ថិត​ក្នុង​ជំរំ​ហ្វឹកហាត់​ពេញ​ៗ​ម៉ោង​នៅ Yorky Mixed Martial Arts ក្នុង​រាជធានី​បាងកក ដឹកនាំ​ដោយ​អតីត​អត្តពលិក​របស់ ONE Championship ដែល​បាន​ក្លាយ​ខ្លួន​ជា​គ្រូ​បង្ហាត់ Nicholas “JJ” Lee​។

Lee ពន្យល់​ថា​៖ «ពួក​យើងបាន​ជួប​​គ្នា​លើក​ដំបូង​​នៅ​ពេល​សារ័ត្ន​ប្រកួត​លើក​ចុង​ក្រោយ​នៅ​បាងកក​។ ខ្ញុំ​​បាន​​ចំណាយ​ពេល​ពីរ​បី​ថ្ងៃ​ធ្វើការ​ជាមួយ​គាត់​មុន​ការ​ប្រកួត រួច​ហើយ​ពួក​យើង​មានទំនាក់ទំនង​អស្ចារ្យ​ជាមួយ​គ្នា​យ៉ាង​ឆាប់​រហ័ស​​»​។

Lee ធ្វើការ​ប្រចាំ​ថ្ងៃ​ជាមួយ​អត្តពលិក​លំដាប់​កំពូល​ៗ​ដូច​ជា​តារា​ ONE Warrior Series: Rockie Bactol និង​មើល​ឃើញ​ សារ័ត្ន ជា​អត្តពលិក​​មាន​លក្ខណៈ​ពិសេស​​ដែល​កំពុង​ឆ្ពោះ​ទៅ​រក​ភាព​អស្ចារ្យ​ក្នុង​​វិស័យ​ក្បាច់​គុន​។

«គាត់​មាន​ទេពកោសល្យ​ធំធេង​​ក្រៃលែង​ គាត់​ដាក់​ខ្លួន​ណាស់ គាត់​ហ៊ាន​លះបង់ និង​ខំ​ប្រឹង​ហ្វឹកហាត់​យ៉ាង​ខ្លាំង​ក្លា​»។

«គាត់​ឆាប់​ចាប់​បាន​មែនទែន​។ លើស​ពីនេះ គាត់​ថែម​ទាំង​មាន​កម្លាំង​ខ្លាំង​និង​​​រឹងមាំ​ណាស់​។ ខ្ញុំ​រក​ពាក្យ​ល្អ​ៗ​មក​បរិយាយ​ពី​គាត់​មិនអស់​ទេ​។ វា​ពិបាក​ពន្យល់ ប៉ុន្តែ​ខ្ញុំ​មើល​ឃើញ​​កត្តា​ដ៏​ពិសេស​ក្នុង​ខ្លួន​គាត់​»។

នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​ឆ្នាំ​២០១៩ អ្នក​ដឹកនាំ​ក្លិប Yorky Mixed Martial Arts ទម្លាយ​ថា​លោក​គ្រោង​វិនិយោគ​ពេលវេលា​បន្ថែម​ទៀត​នៅ​កម្ពុជា បន្ទាប់​ពី​បាន​ចំណាយ​ពេល​ពីរ​ខែ​នៅ​ទីនោះ​។

Lee និយាយ​ថា​លោក​មើល​ឃើញ​សក្ដានុពល​ធំ​ក្នុង​ភាព​រីកចម្រើន​នៃ​គុន​ចម្រុះ​កម្ពុជា​ ជា​អ្វីដែល​កូន​សិស្ស​របស់​លោក​ម្នាក់​ទៀត​បាន​បង្ហាញ​សមត្ថភាព​យ៉ាង​ពិសេស​​ថ្មីៗ​នេះ​។

ទាំង Lee និង សារ័ត្ន បាន​បង្ហាញ​វត្តមាន​នៅ ONE: CLASH OF LEGENDS ​នៅពេល នៅ ស្រីពៅ ផ្ដួល​​តារា​សំណព្វ​ចិត្ត​​របស់​ម្ចាស់​ផ្ទះ Rika Ishige។ ក្នុង​ពេល​អនាគត  “JJ” សង្ឃឹម​ថា​អត្តពលិក​ជនជាតិ​កម្ពុជា​របស់​លោក​នឹង​មិន​​ចាំបាច់​ធ្វើ​ដំណើរ​​ទៅ​ប្រទេស​ថៃ​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ទៀត​ទេ​។

«នៅទីនេះ សារ័ត្ន មាន​​ដៃគូ​ហ្វឹកហាត់​ជា​អត្តពលិក​អាជីព​ពេញ​ម៉ោង​នានា​​ដែល​ប្រកួត​​ក្នុង ONE Championship ដែរ​និង​នៅ​ស្ថាប័ន​ធំ​ៗ​ផ្សេង​ទៀត​​។ នៅ​ភ្នំពេញ វា​ពិបាក​ជាង ព្រោះ MMA កំពុង​រីក​ចម្រើ​ន​បន្តិច​ម្ដង​ៗ ដូច្នេះ​សារ័ត្ន​មិន​អាច​ទទួល​បាន​ដៃគូ​ហ្វឹកហាត់​ដែល​មាន​កម្រិត​ខ្ពស់នៅទីនោះ​ឡើយ​»។

«គុន​ចម្រុះ​កម្ពុជា​កំពុង​រីកចម្រើន ប៉ុន្តែ​វា​មិនទាន់​ទៅ​ដល់​ចំណុច​មួយនោះ​នៅឡើយ​ទេ​»។

ពាក់ព័ន្ធ​នឹង​គូ​ប្រកួត​បន្ទាប់​របស់​សារ័ត្ន​វិញ Lee មាន​អារម្មណ៍​ថា​ សារ័ត្ន មាន​ប្រៀប​ច្រើន​ចំណុច​​ណាស់​។

«មានប្រៀប​ជាង​ទាំង​ចង្វាក់​បេះដូង ភាព​ស្ទាត់​ជំនាញ ល្បឿន និង កែង» Lee បញ្ជាក់​។
«នរណា​ក៏​ដឹង​ដែរ​ថា Tial Thang នឹង​ព្យាយាម​ចាប់​ផ្ដួល​សារ័ត្ន ហើយ​គាត់​​ក៏​បាន​ដឹង​ដែរ​ថា​​ពួក​យើង​បាន​និង​កំពុង​ហាត់​របៀប​ការពារ​ខ្លួន​ពី​ការ​ចាប់​ផ្ដួល​នោះ។ វា​នឹង​​ជា​កា​រ​ប្រកួត​កម្រិត​ខ្ពស់​មួយ​ទៀត​​រវាង​កីឡាករ​ពូកែ​វាយ​ចេញ​ទល់​នឹង​កីឡាករ​ពូកែ​ចាប់​ក្លេ»។

Lee មានទំនុក​ចិត្ត​ក្នុង​ការ​ត្រៀម​លក្ខណៈ​របស់​សារ័ត្ន ​ហើយ​លោក​នឹង​​នៅ​ឱ្យ​ទឹក​សារ័ត្ន​ជាមួយ​អ្នក​ដឹកនាំ​​ក្លិប CTT ហ៊ុន ចាន់រាជ្យ ​នៅ ONE: REIGN OF VALOR នា​ថ្ងៃ​ទី​៨​ខែ​មីនា​​។

Lee ​បញ្ជាក់​ចុង​ក្រោយ​ថា​៖ «ពួកយើង​ជិត​មាន​រឿង​ល្អ​មួយ​ហើយ​»៕

អត្ថបទ៖ Matias Andres

Leave a Reply