ឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​សិង្ហបុរី​សរសើរ​តារា​គុន​ខ្មែរ​​របស់ ONE Championship

មុន​ពេល​ប្រកួតនៅ ONE: CALL TO GREATNESS ថ្ងៃ​សុក្រ​ទី​២២​ខែ​កុម្ភៈ តារា​ក្បាច់​គុន​របស់ ONE Championship គង់ សំបូរ និង ខុន ស៊ីចាន់ ទទួល​បាន​ការ​អញ្ជើញ​​ចូល​ជួប​សម្ដែង​ការ​គួរសម​នៅ​ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា​ប្រចាំ​ប្រទេស​សិង្ហបុរី​។

ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញសមត្ថភាពរបស់​កម្ពុជា​ប្រចាំប្រទេស​សិង្ហបុរី ឯកឧត្ដម ងួន សុខវេង បាន​ទទួល​ស្វាគមន៍អ្នក​ប្រយុទ្ធ​ទាំង​ពីរ​យ៉ាង​កក់​ក្ដៅ​និង​បាន​សរសើរ​កីឡាករ​គុន​ចម្រុះ ខុន ស៊ីចាន់ និង​កីឡាករ​ គង់​ សំបូរ ដែល​ចូល​ប្រកួត​ ONE Super Series ជាលើក​ដំបូង ចំពោះ​ការ​​ជួយ​ផ្សព្វផ្សាយ​ពាក្យ​«គុនខ្មែរ» ទៅ​កាន់​ពិភពលោក​។

ឯកឧត្ដម សុខវេង មាន​ប្រសាសន៍​ថា​៖ «ការ​ខិតខំ​ប្រឹងប្រែង​នឹង​ហុច​ផល​​សម្រេច​​ឱ្យ​។ ការ​បញ្ជូន​កីឡាករ​​​ប្រយុទ្ធ​របស់​កម្ពុជា​​ទៅ​ប្រទេស​មួយ​ឬ​ប្រទេស​ណា​ផ្សេងទៀត​គឺ​ជា​វិធី​ដែល​ពួក​យើង​បង្ហាញ​ពិភពលោក​អំពី​មរតក​ដ៏​អស្ចារ្យ​របស់​ពួក​យើង​និង​ភាព​ខ្លាំង​របស់​ប្រជាជន​កម្ពុជា​តាម​រយៈ​គុន​ខ្មែរ​និង​ល្បុក្កតោ»។

តំណាង​មក​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​របស់​កម្ពុជាក៏​មាន​វត្តមាន​ក្នុង​ជំនួបនោះ​ដែរ ព្រម​ជាមួយ​គ្រូ​បង្ហាត់​របស់ សំបូរ និង ស៊ីចាន់ ផង​គឺ​លោក Kwok Leung Tsang ដែល​ជា​សហស្ថាបនិក​ក្លិប​អាណាចក្រប្រយុទ្ធ​និង​លោក Alan Mccune អ្នកដឹកនាំ​ក្លិប Phnom Penh MMA​។

ឯកឧត្ដម​ឯកអគ្គរាជទូតក៏​​​បាន​សន្យា​ថា​នឹង​ចូល​រួម​ទស្សនា​ផ្ទាល់​​ព្រឹត្តិការណ៍​​​ដែល​​បាន​​ប្រព្រឹត្តិឡើង​នៅ​​​ក្នុង​កីឡដ្ឋាន Singapore Indoor Stadium ពី​មុខ​ទស្សនិកជន​ណែនណាន់តាន់តាប់​​​ដែល​បាន​​​ទិញ​សំបុត្រ​អស់​​គ្មាន​សល់​។

«ខ្ញុំ ក្នុងនាម​ស្ថានទូត​កម្ពុជា​ប្រចាំ​សិង្ហបុរី សូម​ជូនពរ​ ស៊ីចាន់ និង សំបូរ ទទួល​បាន​លទ្ធផល​ល្អ​បំផុត។ យើង​ខ្ញុំ​ក៏​សូម​អរគុណ​ដល់​គ្រូ​បង្វឹក Alan និង ជា រិទ្ធ ចំពោះ​ការ​បំពេញ​ការងារ​​យ៉ាង​​អស្ចារ្យ​»។

ជា​អកុសល ខុន ស៊ីចាន់ និង គង់ សំបូរ មិនអាច​​នាំ​យក​ជ័យជម្នះ​ត្រលប់​ទៅ​មាតុភូមិ​វិញ​ឡើយ ទោះ​បីពួកគេ​បាន​ត្រៀម​លក្ខណៈ​​យ៉ាង​​ផ្ចិតផ្ចង់​ក៏​ដោយ​។

ស៊ីចាន់ បាន​សុំ​ចុះ​ចាញ់​កីឡាករ​ឥណ្ឌូណេស៊ី Rudy “The Golden Boy” Agustian ក្នុង​ទឹក​ទី​១ ក្នុងការ​ប្រកួត​គូ​បើក​ឆាក​ល្ងាច​នោះ ខណៈ សំបូរ បាន​ប្រកួត​ពេញ​៣​ទឹក​ទល់​នឹង​កីឡាករ​ចិន Zhang Chenlong ហើយ​បាន​ចាញ់​ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ​។

ទោះ​បី​បរាជ័យ​ក៏​ដោយ ក្រុម​របស់​ពួក​គេ​បាន​រក្សា​ផ្នត់​គំនិត​វិជ្ជមាន​ដែល​​​ស្រប​នឹង​ប្រសាសន៍​របស់​ឯកឧត្ដម​ សុខវេង មុន​​ព្រឹត្តិការណ៍ ONE: CALL TO GREATNESS​​ ថា​៖ «វាជាឈាម​ពិត​ប្រាកដ​របស់​ប្រជាជន​កម្ពុជា។ ពួក​យើង​ជា​អ្នក​ចម្បាំង​​ដ៏​ពិត​ប្រាកដ​»៕

អត្ថបទ៖ Matias Andres

Leave a Reply